ក្នុងថ្ងៃប្រារព្ធខួបលើកទី៧០នៃសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្សកាលពីថ្ងៃចន្ទ តំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជាបង្ហាញក្តីបារម្ភរបស់សហភាពអឺរ៉ុបសារជាថ្មីចំពោះការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជា ក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់កម្ពុជាបញ្ជាក់ថា សេរីភាពនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជាប្រសើរជាងប្រទេសអភិវឌ្ឍន៍មួយចំនួនក្នុងពិភពលោក។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពិធីរំឭកខួបលើកទី៧០នៃសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស កាលពីល្ងាចថ្ងៃចន្ទ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក George Edgar បានលើកឡើងយ៉ាងដូច្នេះ៖
«នៅក្នុងបរិបទស្ថានភាពទូទៅ វាច្បាស់ណាស់ថា សហភាពអឺរ៉ុបមានការព្រួយបារម្ភអំពីស្ថានភាពសិទ្ធិមនុស្ស [នៅកម្ពុជា] ពាក់ព័ន្ធនឹងរឿងរ៉ាវ ដែលបានកើតមានកាលពីឆ្នាំមុនមក ដែលបានប៉ះពាល់ដល់សិទ្ធិនយោបាយនៅកម្ពុជា»។
កាលពីឆ្នាំ២០១៧កន្លងទៅ រដ្ឋាភិបាលកម្ពុជាបានបើកយុទ្ធនាការទ្រង់ទ្រាយធំមួយដើម្បីបង្រាបអង្គការសង្គមស៊ីវិល ក្រុមអ្នករិះគន់រដ្ឋាភិបាល និងសារព័ត៌មានឯករាជ្យ។ ក្នុងឆ្នាំដដែលនោះ តុលាការកំពូលកម្ពុជាបានរំលាយគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងចម្បងមួយនៅកម្ពុជា ដោយមានការចាប់ខ្លួនលោកកឹម សុខា មេដឹកនាំគណបក្សនេះក្រោមបទចោទថាក្បត់ជាតិ។ តុលាការកំពូលកម្ពុជាក៏បានដកហូតសិទ្ធិនយោបាយរបស់អ្នកនយោបាយជាន់ខ្ពស់ពីគណបក្សសង្រ្គោះជាតិចំនួន១១៨នាក់ផងដែរ។ លោកកឹម សុខា ក្រោយមក ត្រូវបានដាក់ឱ្យស្ថិតក្នុងការឃុំឃាំងក្នុងផ្ទះ ក្រោមការឃ្លាំមើលរបស់តុលាការ។
ការបង្ក្រាបរបស់រដ្ឋាភិបាលកម្ពុជាបានរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់បស្ចឹមលោក រួមទាំងការដាក់ទណ្ឌកម្ម និងការព្រមានដកកិច្ចអនុគ្រោះពន្ធ EBA សម្រាប់ទំនិញកម្ពុជាចូលទីផ្សាររបស់សហភាពអឺរ៉ុបផងដែរ។ សហភាពអឺរ៉ុបកាលពីខែតុលា បានប្រកាសទុកពេលឱ្យកម្ពុជា១២ខែដើម្បីសម្រួលស្ថានការណ៍ឡើងវិញ ប្រសិនបើខ្លួនចង់នាំចូលទំនិញទៅទីផ្សាអឺរ៉ុបក្រោមកិច្ចអនុគ្រោះពន្ធ។
ជាកិច្ចឆ្លើយតប រដ្ឋាភិបាលកម្ពុជា នៅដើមខែធ្នូកន្លងទៅ បានប្រកាសពីជំហរ និងវិធានការនានាធ្វើឱ្យស្ថានការណ៍សិទ្ធិមនុស្សក្នុងស្រុកបានប្រសើរឡើងរួមទាំងការបើកលំហសេរីភាពសង្គមស៊ីវិល កិច្ចព្យាយាមធ្វើឱ្យអ្នកនយោបាយ១១៨រូបរបស់បក្សជំទាស់អាចទទួលសិទ្ធិធ្វើនយោបាយឡើងវិញ និងអនុញ្ញាតឱ្យស្ថាប័នព័ត៌មានដែលបិទទ្វារអាចបើកដំណើរការឡើងវិញផងដែរ។
យ៉ាងណាក្តី ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក George Edgar បានកត់សម្គាល់ពីសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលស្តីពីការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងលំហនយោបាយនៅកម្ពុជា ដែលផ្តោតទៅលើការសម្រួលវិធានការច្បាប់សម្រាប់សមាជិកគណបក្សសង្រ្គោះជាតិចំនួន១១៨នាក់ ក៏ដូចជាការបន្ធូរបន្ថយការរឹតបន្តឹងលើសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
លោក Edgar បាននិយាយថា៖
«យើងក៏បានធ្វើការកត់សម្គាល់យ៉ាងប្រយ័ត្នប្រយែងចំពោះសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល ដែលធ្វើឡើង ជាពិសេសចាប់ពីដើមសប្តាហ៍មុននេះ ដែលបង្ហាញពីភាពវិជ្ជមាន។ ប៉ុន្តែយើងសង្ឃឹមថា អ្វីដែលជាសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលនោះនឹងក្លាយជាការអនុវត្តជាក់ស្តែង»។
លោកឯកអគ្គរដ្ឋទូត Edgar បានលើកឡើងថា សហភាពអឺរ៉ុបក៏មិនបានមើលរំលងពីសមទ្ធិផលរបស់រដ្ឋាភិបាលកម្ពុជានៅក្នុងវិស័យផ្សេងៗនៅក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច ដែលបានរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្រីក្រ។ ស្របពេលដូចគ្នានេះដែរ លោក Edgar ក៏សង្ឃឹមថា នឹងមានដំណើរការវិវត្តន៍ទៅមុខបន្ថែមទៀតលើផ្នែកសិទ្ធិមនុស្សនៅកម្ពុជា។
នៅក្នុងពិធីរំឭកខួបលើកទី៧០នៃសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្សនេះផងដែរ លោកកែវ រ៉េមី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា មានស្ថានភាពសិទ្ធិមនុស្សផ្សេងៗគ្នានៅតាមបណ្តាប្រទេសនានានៅលើពិភពលោក ហើយបញ្ហាសិទ្ធិមនុស្សគឺមាននៅគ្រប់ប្រទេសទាំងអស់ មិនមែនតែកម្ពុជានោះទេ។
លោកបានមានប្រសាសន៍ថា៖
«ហើយសូមជម្រាបបងប្អូនជនរួមជាតិខ្មែរយើងឲ្យបានជ្រាបទាក់ទងទៅនឹងបញ្ហាសិទ្ធិមនុស្សនេះ កុំឲ្យមានអារម្មណ៍ថា កម្ពុជា... សូមឲ្យបើកចិត្តទូលាយ ហើយឆែកយើងមើលតាមក្នុងប្រព័ន្ធអ៊ីនធឺណិត យើងឆែកមើលរឿងសិទ្ធិមនុស្សតាមបណ្តាប្រទេសនីមួយៗ។ ខ្ញុំសូមជម្រាបជូនថា នៅប្រទេសណាក៏មានបញ្ហាសិទ្ធិមនុស្សដែរ»។
រដ្ឋាភិបាលកម្ពុជានាថ្ងៃអង្គារនេះក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងពីកិច្ចប្រឹងប្រែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការផ្តល់សិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋកម្ពុជាឡើងវិញពីរបបខ្មែរក្រហម និងបានចាត់ទុកកិច្ចប្រឹងប្រែងនេះជាសមិទ្ធផលប្រវត្តិសាស្រ្តរបស់ប្រទេស។
សេចក្តីថ្លែងការណ៍នេះក៏បានសរសេរនៅក្នុងន័យដើមថា៖
«សិទ្ធិមនុស្សកម្ពុជាគឺធានាដោយច្បាប់ពិតប្រាកដ ដែលរាជរដ្ឋាភិបាលកំពុងធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងច្បាប់ពាក់ព័ន្ធនានាដើម្បីធានា និងការពារសិទ្ធិសេរីភាពជូនប្រជាពលរដ្ឋ ក៏ដូចជាប្រសិទ្ធភាពនៃការអនុវត្តច្បាប់របស់អាជ្ញាធរ និងកិច្ចប្រតិបត្តិរបស់ម្ចាស់អំណាចគឺប្រជាពលរដ្ឋខ្មែរទាំងអស់»។
អ្នកស្រីចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានប្រាប់ VOA ថា អ្នកស្រីសង្កេតឃើញថា សិទ្ធិមនុស្សនៅកម្ពុជាមានការធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែអ្នកស្រីសង្ឃឹមថា រដ្ឋាភិបាលនឹងសហការជាមួយសហគមន៍នានាដើម្បីលើកកម្ពស់សិទ្ធិមនុស្ស។
អ្នកស្រីបាននិយាយថា៖
«ស្ថានភាពសិទ្ធិមនុស្សនៅក្នុងរយៈពេលពីរឆ្នាំនេះ គឺមានសភាពដុនដាបមែនទែន។ ហើយខ្ញុំសង្ឃឹមថា ក្នុងទិវាសិទ្ធិមនុស្ស១០ធ្នូនេះ ហើយក៏ចំពេលដែលយើងប្រារព្ធខួប៧០ឆ្នាំនេះ ជាការក្រើនរំឭកសម្រាប់យើងទាំងអស់គ្នា ជាពិសេសគឺរដ្ឋាភិបាល ដែលគាត់មានកាតព្វកិច្ចផ្តល់ការគោរព ហើយនឹងការការពារសិទ្ធិមនុស្សនេះ ត្រូវពិនិត្យមើលឡើងវិញថា តើខ្លួនបានបំពេញនូវលក្ខខណ្ឌ និងកាតព្វកិច្ចរបស់ខ្លួនកម្រិតណា។ ហើយសម្រាប់យើងជាសហគមន៍ក៏ដូចគ្នាដែរ តើយើងបានស្វែងយល់ និងអនុវត្តសិទ្ធិរបស់យើងពេញលេញដល់កម្រិតណា»។
លើសពីនេះទៀត អ្នកស្រី ចក់ សុភាព ក៏បានលើកឡើងពីការបើកទូលាយ ក៏ដូចជាការដាក់កំហិតនៅក្នុងការប្រមូលផ្តុំរបស់សហគមន៍តាមមូលដ្ឋានផ្សេងៗនាថ្ងៃបុណ្យសិទ្ធិមនុស្ស ដែលការណ៍នេះបានធ្វើឲ្យអ្នកស្រីចោទសួរទៅលើកម្រិតសិទ្ធិសេរីភាពនៅកម្ពុជាផងដែរ។
អ្នកស្រីបាននិយាយថា៖
«ទន្ទឹមនឹងមានការរៀបចំផ្សេងៗ ដែលយើងបានឃើញ យើងឃើញថា មានការរៀបចំ ខ្លះហ្នឹងត្រូវបានទទួលការស្វាគមន៍ មានន័យថា ការបើកចំហឲ្យការរៀបចំ។ ប៉ុន្តែយើងឃើញថា ក្នុងហ្នឹងក៏មានសហគមន៍មួយចំនួននៅតែមានការប្រឈម។ យើងឃើញនៅសហគមន៍ដូចជា នៅព្រះវិហារ ខាងស្វាយរៀងអីហ្នឹង។ ក្នុងឱកាសនៃទិវាសិទ្ធិមនុស្សនេះ ជាសញ្ញាណមួយដែលបង្ហាញថា តើសេរីភាពរបស់យើងហ្នឹងមានកម្រិតណា»។
កាលពីព្រឹកថ្ងៃចន្ទកន្លងទៅនេះ បណ្ដាអង្គការសង្គមស៊ីវិល សហជីព សកម្មជនសិទ្ធិមនុស្ស និងពលរដ្ឋប្រមាណ៤០០នាក់បានជួបជុំគ្នាក្នុងទីលានប្រជាធិបតេយ្យស្ថិតនៅជាយរាជធានីភ្នំពេញ ដើម្បីប្រារព្ធកម្មវិធីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧០។ អ្នកចូលរួមមានការរអ៊ូរទាំពី«ការរឹតត្បិត»មិនឱ្យមានការហែក្បួន និងមានការរក្សាសន្តិសុខយ៉ាងតឹងរ៉ឹងពីសំណាក់អាជ្ញាធរកម្ពុជា។
លោកបណ្ឌិត មាស នី អ្នកវិភាគផ្នែកនយោបាយ និងសង្គម បានសម្តែងមតិស្រដៀងនឹងអ្នកស្រីចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដោយលោកបានកត់សម្គាល់ពីការមិនគោរពតាមសារាចរណ៍ចេញដោយរដ្ឋាភិបាល។
លោកបានធ្វើការប្រដូចការដាក់កំហិតលើការប្រមូលផ្តុំរបស់សហគមន៍មូលដ្ឋានថា៖
«វាជាទិដ្ឋភាពមួយ ដែលអាចធ្វើឲ្យយើងនិយាយបានថា ការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាមកដល់ថ្ងៃនេះ ឬក៏ថ្ងៃម្សិលមិញនេះគឺមិនទាន់បានធ្វើទៅដោយពេញលេញនៅឡើយទេ គឺនៅតែស្ថិតនៅក្នុងការគោរពសិទ្ធិមនុស្ស ឬក៏ប្រជាធិបតេយ្យតាមបែបចងមុងដដែលហ្នឹង»។
លោកបណ្ឌិត មាស នី ក៏បានលើកឡើងពីការសហការគ្នារវាងអាជ្ញាធរ និងសង្គមស៊ីវិលក្នុងបរិបទពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។
លោកបានមានប្រសាសន៍ថា៖
«វាជាការសាកល្បងរបស់រដ្ឋាភិបាល។ ហើយអ្វីដែលខ្ញុំសន្និដ្ឋានឃើញថា រដ្ឋាភិបាលនៅតែមិនទាន់ទុកចិត្តខ្លួនឯងនៅឡើយទេ ក្នុងការបើកចំហឲ្យពលរដ្ឋមានការជួបជុំគ្នា បាទ។ អ៊ីចឹង គេត្រូវការយាមកាម។ អ៊ីចឹងដំណោះស្រាយដែលអាចធ្វើទៅបានដើម្បីឲ្យវាជាការជឿទុកចិត្តគ្នា គឺត្រូវមានការជួបជុំគ្នារវាងមន្រ្តីសង្គមស៊ីវិល ហើយនឹងក្រសួងមហាផ្ទៃឆាប់ៗដែលអាចធ្វើទៅបាន ដើម្បីឆ្លុះបញ្ចាំងនូវការអនុវត្តនូវលំហប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលយើងជួបប្រទះក្នុងពេលថ្មីៗនេះ ហើយធ្វើការរួមគ្នាដើម្បីកែសម្រួល ឬកែតម្រូវទៅទៀត។ អាហ្នឹងបានហើយ»។
យ៉ាងណាក៏ដោយ ប្រធានបទលើការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាក្រោយការបង្ក្រាបដ៏ធ្ងន់ធ្ងរកាលពីឆ្នាំ២០១៧ នៅតែជាបញ្ហាចោទសម្រាប់រដ្ឋាភិបាលកម្ពុជា ខណៈសហភាពអឺរ៉ុបកំពុងពិនិត្យលើដំណើរការ ការដកកម្ពុជាពីកិច្ចអនុគ្រោះពន្ធហៅកាត់ថា EBA ដែលផ្តល់ផលចំណេញដល់កម្ពុជាប្រមាណ៧០០លានដុល្លារក្នុងមួយឆ្នាំៗ៕