លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យប្រទេសអ៊ុយក្រែននិងរុស្ស៊ីពិភាក្សាគ្នាដោយសន្ដិវិធីដើម្បីដោះស្រាយជម្លោះរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារមួយដែលបានបង្ហោះលើទំព័រ Facebook ផ្លូវការរបស់លោក ហ៊ុន សែន កាលពីថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ។
លោក ហ៊ុន សែន បានថ្លែងថា៖ «តាមទស្សនៈផ្ទាល់របស់ខ្ញុំ កងទ័ពរបស់ប្រទេសរុស្ស៉ី ប្រហែលជាមិនអាចផ្តួលរំលំប្រទេសអ៊ុយក្រែន តាមរយៈការប្រើប្រាស់កម្លាំងយោធាបានទេ ចំណែកឯយោធារបស់អ៊ុយក្រែនក៏មិនអាចកម្ទេចកម្លាំងយោធារបស់រុស្ស៉ីបានដែរ ពោលគឺមិនអាចយកសង្រ្គាមបញ្ចប់សង្រ្គាមបាននោះទេ នៅសល់ច្រកចេញតែមួយគត់ គឺការចរចាដោះស្រាយដោយសន្តិវិធី»។
សាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះត្រូវបានបង្ហោះក្នុងពេលស្របាលគ្នានឹងការចេញសេចក្ដីថ្លែងការណ៍មួយពីខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែនដែលថា គណៈប្រតិភូរបស់អ៊ុយក្រែននឹងគណៈប្រតិភូរបស់រុស្ស៊ីនឹងជួបពិភាក្សាគ្នាដោះស្រាយវិបត្តិនេះ «ដោយគ្មានលក្ខខណ្ឌទុកជាមុន នៅឯព្រំដែនរវាងប្រទេសអ៊ុយក្រែននិងបេឡារុស»។
ការប្រយុទ្ធគ្នារវាងអ៊ុយក្រែននិងរុស្ស៊ីបានឈានចូលដល់ថ្ងៃទី ៥ ហើយគិតត្រឹមថ្ងៃចន្ទនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងទៀតថា៖ «ការវាយប្រហារគ្នាយ៉ាងខ្លាំងក្លារវាងអ៊ុយក្រែន និងរុស្ស៉ីរយៈពេលប៉ុន្មានថ្ងៃមកនេះ កម្លាំងយោធារបស់រុស្ស៉ីសម្លាប់យោធារបស់អ៊ុយក្រែនមិនដល់១០០០ នាក់នោះទេ បើទោះបីចូលកាន់កាប់ទីក្រុងមួយចំនួនក៏ដោយ តើត្រូវការរយៈពេលប៉ុន្មានថ្ងៃ និងកងទ័ពច្រើនប៉ុណ្ណាទើបអាចឈ្នះសង្រ្គាម ឬបញ្ចប់សង្រ្គាមនេះ ប្រហែលជាមិនអាចនោះទេ។ បើទោះបីរុស្ស៉ីចូលកាន់កាប់ប្រទេសអ៊ុយក្រែនទាំងមូល និងប្រធានាធិបតីត្រូវបានសម្លាប់ ឬត្រូវចាប់ខ្លួន តើប្រជាជនរបស់គេ (អ៊ុយក្រែន) សុខចិត្តនៅស្ងៀមទេ ប្រជាជនអាចនឹងក្រោកឡើងតស៊ូ ដើម្បីប្រទេសរបស់ពួកគេ»។
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) របស់អង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងរបាយការណ៍មួយស្ដីអំពីស្ថានភាពសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែននេះថា៖ «គិតត្រឹមម៉ោង ៥ ល្ងាច ថ្ងៃទី ២៦ ខែកុម្ភៈ ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានរាយការណ៍ថា ជនស៊ីវិលយ៉ាងហោចណាស់ចំនួន ២៤០ នាក់បានស្លាប់និងរងរបួស ដែលក្នុងនោះអ្នកស្លាប់មានយ៉ាងតិច ៦៤ នាក់ [នៅក្នុងសង្គ្រាមនៅអ៊ុយក្រែននេះ]»។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ដំបូងឡើយ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានបដិសេធសំណើរបស់រុស្ស៊ីដែលចង់ជួបចរចានៅក្នុងប្រទេសបេឡារុស ដោយលោកបានបញ្ជាក់ថា លោកមិនអាចចរចានៅក្នុងប្រទេសបេឡារុសបានទេ ដោយសារតែរុស្ស៊ីបានប្រើប្រទេសនេះជាទឹកដីដើម្បីវាយប្រហារលើអ៊ុយក្រែន៕