លោក ​​ហ៊ុន ​​សែន ​​ប្រកាស​​ថា ​«បដិវត្តន៍​ពណ៌» ​ត្រូវ​បាន​វាយ​ផ្ដួលរំលំ

រូបឯកសារ៖ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចូលរួម​ការ​ប្រារព្ធ​ទិវា​សិទ្ធិកុមារ​នៅទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦។

ដោយ​សំដៅ​ទៅ​លើ​ការ​បង្ក្រាប​ផ្នែក​នយោបាយ​នា​ពេល​ថ្មីៗ ​ដែល​ទទួលបានការ​រិះគន់ ​និង​ថ្កោល​ទោស​ជា​ហូរហែរ​ពី​មជ្ឈដ្ឋាន​ប្រទេស​កាន់លទ្ធិ​ប្រជាធិបតេយ្យ​ជា​ម្ចាស់​ជំនួយ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​របស់​លោក​ បានវាយផ្ដួល​ «បដិវត្តន៍​ពណ៌» បាន​ដោយ​ជោគជ័យ​ ​ក៏​ប៉ុន្តែ​ស្នើ​ឱ្យ​កង​កម្លាំង​មាន​សមត្ថកិច្ច​បន្ត​ ផ្តោត​ការ​យក​ចិត្តទុក្ខ​ដាក់​លើ​ក្រុម​អ្នក​នៅ​ពី​ក្រោយ​ក្រុម​បដិវត្តន៍​ពណ៌។​

​ថ្លែង​នៅ​ក្នុង​ពិធី​មួយ​ដែល​ចូលរួម​ដោយ​មន្ត្រី​ចារកម្ម​យោធា​យ៉ាង​ច្រើន​កុះករ​នៅ​ខណ្ឌ​ព្រែក​ព្នៅ ​ភាគ​ខាង​ជើង​រាជធានីភ្នំពេញ ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ​សែន ​ក្នុង​ឯកសណ្ឋាន​យោធា ជា​នាយ​ឧត្តមសេនីយ៍​ផុត​លេខពាក់ផ្កាយមាសប្រាំ បាននិយាយថា «បដិវត្តន៍​ពណ៌» មាន​ផល​មហន្តរាយ​ជាង​អំពើ​ភេរវកម្ម​ទៅ​ទៀត ​ដែល​រដ្ឋាភិបាល​លោក​ចាំ​បាច់​ត្រូវ​តែ​បង្ក្រាប ​ដែល​លោកទំនងសំដៅដល់ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេល​ថ្មីៗ​នេះ។

លោក​នាយករដ្ឋមន្ត្រី​ខ្មែរ​ដែល​បាន​កាន់​អំណាច​ជាង​៣២​ឆ្នាំ​រូប​នេះថ្លែង​ថា៖

​«កម្ពុជា​ក៏​ត្រូវ​មាន​ការងារ​មួយ​ដែល​ត្រូវ​ធ្វើ​បន្ត​ទៀត​ នោះ​គឺ​ការ​ទប់​ស្កាត់​កុំ​ឱ្យ​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា។​ យើង​វាយ​បំបាក់​ឆ្អឹង​ខ្នង​ កាត់​ក្បាល ​និង​រំលាយ​ដង​ខ្លួន ​...​ នៃ​អង្គការ​បដិវត្តន៍​ពណ៌​នៅ​ក្នុង​ប្រទេស ​រួចស្រេច​ទៅ​ហើយ»។​

​លោក ​ហ៊ុន ​សែន ​បាន​បន្ថែម​ទៀត​ថា៖

​«ក៏​ប៉ុន្តែ ​ការ​ប៉ុន​ប៉ង​របស់​គេ​ចំពោះ​យើង​នៅ​តែ​មាន។​ ដូច្នេះ​ទោះ​ដោយ​តម្លៃ​ណា​ក៏​ដោយ ​មិន​ត្រូវ​ឱ្យ​មាន​បដិវត្តន៍ពណ៌​នៅ​កម្ពុជា​ទេ។ ​នេះ​ប្រហែល​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បដិវត្តន៍​ពណ៌​ដែល​ពួក​គេ​បាន​បរាជ័យ ​នៅ​ក្នុង​ឆ្នាំ២០១៣ ​និង​ដើម​ឆ្នាំ​២០១៤​ និង​ក្រោយ​មក​ទៀត»។

​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន ​សែន ​បាន​ឈ្នះ​ក្ដី​ក្ដាំ​នៅ​តុលាការ​កំពូល ​ដែល​មាន​ចៅក្រម​មួយ​ចំនួន​ជា​សមាជិក​គណបក្សកាន់​អំណាច​ ​ក្នុង​បណ្ដឹង​ស្នើសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​បទ​ចូល​ដៃ​ចូល​ជើង​នឹង​បរទេស​រៀបចំ​គម្រោង​ការផ្លាស់ប្ដូរ​របប​នៅ​ប្រទេស​កម្ពុជា​ ក្រោយ​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​លោក ​កឹម សុខា ​ត្រូវ​បាន​ចាប់ ​និង​ឃុំ​ខ្លួនដោយ​ប្រឈម​បទ​ចោទ​ថា​ បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ ​ចូល​ដៃ​នឹង​សហរដ្ឋ​អាមេរិក។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ការ​ចោទប្រកាន់​របស់​បក្ស​កាន់​អំណាច​និង​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ ហ៊ុន សែន​ ​ត្រូវ​បាន​ច្រានចោល​ ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ​ក៏​ដូច​ជា​គណបក្ស​ជំទាស់​សង្គ្រោះជាតិ។​

នៅ​ថ្ងៃ​អង្គារ​នេះ​ នាយករដ្ឋមន្ត្រី​ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ ​ក៏​បាន​ចង្អុរ​បង្ហាញ​ផង​ដែរ​ ​ទៅ​លើ​ទំហំ​នៃ​វិនាសកម្ម​បណ្ដាល​មក​ពី​«បដិវត្តន៍​ពណ៌»​នៅ​ឯ​ប្រទេស​ស៊ីរី​ និង​ប្រទេស​លីបី ​ក្នុង​តំបន់​មជ្ឈឹមបូព៌ា ​ដោយ​ការ​ងើប​ឡើង​បះបោរ​ប្រឆាំង​នឹង​មេដឹកនាំ​ដឹកនាំ​យូរ​ឆ្នាំ។ ​លោក ​ហ៊ុន​ សែន ​បាន​ផ្ដាំ​ប្រាប់​មន្ត្រី​យោធា​ផង​ដែរ​ថា ​ឱ្យ​បន្ត​ការ​តាមដាន ​និងប្រុង​ប្រយ័ត្ន ​ត្បិតអី​ប្រទេស​គាំទ្រ​«បដិវត្តន៍​ពណ៌»​នឹង​មិន​ទាន់​បញ្ឈប់​សកម្មភាព​នៅ​ឡើយ។

​អ្នកស្រី​ មូរ សុខហួរ​ ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ដំណើរការ​ទាំង​ស្រុង​ពី​ក្រៅ​ប្រទេស ​បាន​ហៅ​ការ​និយាយម្ដង​ហើយ​ម្ដង​ទៀត​របស់​លោក​នាយករដ្ឋមន្ត្រី ​និង​រាជរដ្ឋាភិបាល​កម្ពុជា​អំពី «បដិវត្តន៍​ពណ៌»​ ​ថា​ គ្រាន់​តែ​ជា​ការ​«ស្រមើស្រមៃ»​តែ​ប៉ុណ្ណោះ។

​អ្នកស្រី​ មូរ ​សុខហួរ ​បាន​ប្រាប់ ​VOA ​តាម​ទូរស័ព្ទ​ថា៖

«យើង​មិន​អាច​ចូល​រួមនៅ​ក្នុង​គំនិត​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ​ដែល​គាត់​ស្រមៃឃើ​ញបដិវត្តន៍ពណ៌ទេ។ ការបដិវត្តន៍​ពណ៌ ស្រមៃ​ឃើញ ដើម្បី​បំណង​តែ​មួយ​ទេ គឺ​លុប​បំបាត់​អ្វី​ដែល​ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ​នៅ​ក្នុង​ការបញ្ចេញមតិ​នៅ​ក្នុង​ការ​ជួបជុំ ​និង​នៅ​ក្នុង​ការ​ជ្រើសរើស​មេ​ដឹកនាំ​ដែល​លោក​ចង់​បាន»។

​សហរដ្ឋ​អាមេរិក​សហភាព​អឺរ៉ុប ​និង​អង្គការ​សហ​ប្រជាជាតិ​ សុទ្ធ​តែ​បាន​បញ្ចេញ​ប្រតិកម្ម​រិះគន់​បរិហារសកម្មភាពបង្ក្រាបរបស់​រដ្ឋាភិបាលទីក្រុង​ភ្នំពេញ​ប្រឆាំង​នឹង​ក្រុម​អ្នក​ជំទាស់ ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ឈាន​ចូល​មកដល់។

​ចាប់​តាំង​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​១៦ ​ខែ​វិច្ឆិកា​ កន្លង​មក ​សហរដ្ឋ​អាមេរិក​បាន​ចាត់​វិធានការ​ជា​បន្តបន្ទាប់ ​ឆ្លើយ​តប​នឹង​រដ្ឋាភិបាល​កម្ពុជា ​រួម​មាន​ការ​ឈប់​ផ្ដល់​ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត(គ.ជ.​ប.) និង​ការ​ដាក់​បំរាម​ទិដ្ឋាការ​ដល់​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា ​ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​នយោបាយ​លើក​នេះ។

រូបឯកសារ៖ លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧។

​មន្ត្រី​អ្នក​នាំ​ពាក្យ​ម្នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន ​តាម​រយៈ​សារអេឡិចត្រូនិក​ Telegram ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​មាន​មន្ត្រី​កម្ពុជា​៥១​រូប ​និង​ក្រុម​គ្រួសារ​របស់​ពួក​គេ ​ដែល​ស្ថិត​ក្នុង​ចំណោម​បុគ្គល​ដែល​ត្រូវ​បានហាម​«មិន​ឱ្យ​ជាន់ទឹកដី​អាមេរិក»។​

សហរដ្ឋ​អាមេរិក​បាន​ប្រកែក​ម្ដង​ហើយ​ម្ដង​ទៀត​ថា​ រាល់​ការ​ចោទ​ប្រកាន់​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ថា ​ខ្លួន​ស្ថិត​នៅ​ពី​ក្រោយការ​ធ្វើ «បដិវត្តន៍​ពណ៌» ​នៅ​កម្ពុជា​នោះ ​សុទ្ធ​ជា​រឿង​«មិន​ពិត»។ ​នៅ​ទឹក​ដី​អាមេរិក​ កាល​ពី​ចុង​សប្ដាហ៍​មានការ​ធ្វើបាតុកម្ម​ពី​សំណាក់​សហគមន៍​ខ្មែរ ​ទាមទារ​ឱ្យ​មាន​ការ​ស្ដារ​ឡើង​វិញ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា ​ខណៈដែល​មាន​ការ​ជជែក​ដេញដោល​មួយ​នៅ​គណៈកម្មាធិការកិច្ចការ​បរទេស​នៃ​សភា​អាមេរិក​ ដើម្បី​ពិភាក្សា​អំពីស្ថានការណ៍នយោបាយនៅ​ប្រទេស​កម្ពុជា​ផង​ដែរ​នៅ​ថ្ងៃ​នេះ។

ស្រប​ពេលគ្នា​នេះ​ដែរ ​នៅ​ថ្ងៃ​អង្គារ​នេះ​ សហភាព​អឺរ៉ុប ​បាន​ប្រកាស​ព្យួរ​រាល់​ជំនួយ​របស់​ខ្លួន​មក​កាន់​ ​គ.ជ.ប.សម្រាប់ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ខាង​មុខ ​ដែល​សហភាព​អឺរ៉ុប​ប្រកាស​មិន​ជឿ​ថា​ នឹង​មាន​លក្ខណៈ​ស្រប​ច្បាប់​ ឬ​គួរ​ឱ្យ​ជឿ​ទុកចិត្ត​បាន​នោះ​ទេ ​ក្រោយ​ពី​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ។

​លោក ​មាស នី ​អ្នក​វិភាគ​នយោបាយ ​នៅ​តែ​សម្ដែង​មន្ទិល​ដូច​ការ​ថ្លែង​របស់​លោក​ពី​លើក​មុនៗប្រាប់​អ្នក​សារព័ត៌មានជាតិ និង​អន្តរជាតិ​នានា​អំពី​វត្តមាន​នៃ​ការ​ប៉ុនប៉ង​ប្រើប្រាស់ «បដិវត្តន៍​ពណ៌»​ ដើម្បី​ផ្លាស់ប្ដូរ​របប​នៅ​ប្រទេស​កម្ពុជា។ ប៉ុន្តែ​លោក​បាន​ចង្អុរទៅលើការ​ធ្លាក់​ប្រជាប្រិយភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ និង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ខែមិថុនា ឆ្នាំ​២០១៧ ​កន្លង​ទៅ​ថា​ នាំ​ឱ្យ​មាន​ការ​រឹត​ត្បិត​លើ​ក្រុម​ជំទាស់​ឱ្យ​ណែន​ចង្អៀត​ទៅៗ៖

«សម្រាប់​ខ្ញុំ ​ខ្ញុំ​មើល​ទៅ​ ហាក់​ដូច​ជា ​រដ្ឋាភិបាល​ហ្នឹង​មាន​ការ​ព្រួយ​បារម្ភ ​ទៅ​លើ​ការ​បាត់បង់​ប្រជាប្រិយភាព​ច្រើន​ជាង។​ អ៊ីចឹង​មាន​តែ​យក​ការ​ចោទ​ប្រកាន់​មួយ ​ទាក់ទង​នឹង​បដិវត្តន៍​ពណ៌​ទៅ​ដើម្បី​យក​មក​ប្រើ ​ក្នុងយុទ្ធនាការដើម្បីបង្ក្រាបមិនឱ្យមានលំហ​គ្រប់គ្រាន់​សម្រាប់​នយោបាយ​គណបក្ស​ប្រឆាំង​បន្ត​ទៅ​ទៀត​ អា​នេះ​ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ»។

​អ្នក​វិភាគ​នយោបាយ​រូប​នេះ​បាន​លើក​ឡើង​ថា ​ហានិភ័យ​កំពុង​តែ​បន្ត​មាន​ ​ខណៈ​ដែល​មាន​ការ​ប្រឈម​មុខ​ផ្ទាល់នឹងបណ្ដា​ប្រទេស​បស្ចិមលោក ​ដែល​ចង់​មិន​ចង់​មុខ​ជា​នឹង​ផ្ដល់​ផល​ប៉ះ​ពាល់​តិច​ឬច្រើន ​ដល់​ការ​លូត​លាស់​សេដ្ឋកិច្ច​ ​នយោបាយ និង​សង្គម​របស់​ប្រទេស​កម្ពុជា​ជាក់​ជា​មិន​ខាន៕