លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងត្រូវចាប់ផ្ដើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅប្រទេសវៀតណាមនៅថ្ងៃសុក្រស្អែកនេះ ដើម្បីចុះហត្ថលេខាទទួលស្គាល់ការបោះបង្គោលព្រំដែនដែលមានការជំទាស់ដ៏ប្រទាញប្រទង់នាពេលកន្លងមក។
ប្រទេសកម្ពុជានិងវៀតណាមមានព្រំដែនរួមជាមួយគ្នាប្រវែង១២៤៥គីឡូម៉ែត្រ។ ប្រទេសទាំងពីរបានប្រើពេលអស់ជិត៥០ឆ្នាំក្នុងការចរចានិងចុះកិច្ចព្រមព្រៀងនានាដើម្បីស្វែងរកដំណោះស្រាយលើជម្លោះព្រំដែន ដែលបានក្លាយជាចំណុចក្ដៅគគុក ក្នុងចំណោទនយោបាយក្នុងប្រទេសកម្ពុជា។
នៅខែធ្នូឆ្នាំ២០១៨ ប្រទេសកម្ពុជានិងវៀតណាម បានបោះបង្គោលព្រំដែនបានចំនួន៣១៥ ក្នុងចំណោមបង្គោលព្រំដែនដែលត្រូវបោះសរុបចំនួន៣៧១ ។ ពោលគឺភាគីទាំងពីរនឹងត្រូវបន្តការចរចានិងបោះបង្គោលព្រំដែនដែលនៅសេសសល់ចំនួន៥៦បង្គោលទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងពិធីចែកសញ្ញាប័ត្រមួយក្នុងរាជធានីភ្នំពេញកាលពីថ្ងៃពុធថាការបោះបង្គោលព្រំដែនបានចំនួន៨៤ភាគរយហើយ ហើយដំណើរទស្សនកិច្ចផ្លូវការរបស់លោកនៅថ្ងៃស្អែកនេះ គឺដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីផ្ដល់សុពលភាពនៃការបោះបង្គោលកំណត់ខណ្ឌសីមានេះ។
«ដែលខ្ញុំទៅប្រទេសវៀតណាមនេះនឹងចុះហត្ថលេខាទទួលយកសមិទ្ធិផល៨៤ភាគរយ»។
បើយោងតាមលោកនាយករដ្ឋមន្ត្រីខ្មែរ ផែនទីកំណត់ព្រំដែនក្រោយពីបោះបង្គោលរួច បានបោះពុម្ពរួចហើយនៅប្រទេសដាណឺម៉ាក។ ហើយផែនទីទាំងនោះត្រូវបានដឹកជញ្ជូនមកសម្រាប់ប្រទេសទាំងពីររួចហើយដែរ។
ការបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជានិងវៀតណាមបានក្លាយជាសំណុំរឿងដ៏រសើបនិងដ៏ចម្រូងចម្រាស់រវាងសកម្មជនព្រំដែន រួមជាមួយគណបក្សប្រឆាំង ទល់ជាមួយរដ្ឋាភិបាល។
អ្នកតវ៉ាអំពីបញ្ហាព្រំដែនមួយចំនួនត្រូវបានចាប់ខ្លួន។ រីឯលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋទាក់ទងនឹងការដកបង្គោលកំណត់ព្រំដែនជាមួយប្រទេសវៀតណាម។
លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានប្រាប់ VOA ថា សមិទ្ធផលនៃការបោះបង្គោលខណ្ឌសីមាកម្ពុជា-វៀតណាម នេះមានភាពចម្រូងចម្រាសច្រើន និងបានធ្វើឲ្យប៉ះពាល់ដល់ដែនអធិបតេយ្យភាពរបស់កម្ពុជា។
«ចំពោះខ្ញុំ ខ្ញុំយល់ថា ការបោះបង្គោលព្រំដែនដែលបាន៨៤ភាគរយរវាងកម្ពុជា និងវៀតណាមកន្លងទៅថ្មីៗនេះ យើងឃើញមានភាពចម្រូងចម្រាសច្រើន ភាពមិនប្រក្រតីច្រើន។ ហើយបង្គោលភាគច្រើនបានចូលមកអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាយើង»។
លោក រ៉ុង ឈុន ក៏បានស្នើឲ្យលោកនាយករដ្ឋមន្ត្រីពិនិត្យឡើងវិញ ដោយសារតែបញ្ហាព្រំដែននេះជាបញ្ហាស្មុគស្មាញ ហើយប្រជាពលរដ្ឋភាគច្រើននៅមានមន្ទិលសង្ស័យនៅឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានអះអាងថាការបោះបង្គោលព្រំដែនថ្មីជាមួយប្រទេសវៀតណាមមិនត្រឹមតែធ្វើឲ្យកម្ពុជាមិនបាត់បង់ដីចំណែកណាមួយប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជានឹងចំណេញដីខ្លះបន្ថែមទៀត។
ប្រទេសកម្ពុជាមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាងរបស់ខ្លួនគឺវៀតណាម និងលាវ។ លោក ហ៊ុន សែន បញ្ជាក់ថាការដោះស្រាយបញ្ហាដែលនៅសេសសល់ជាមួយប្រទេសទាំងពីរនឹងត្រូវស្នើឲ្យមានការផ្ទេរផែនទីពីប្រទេសបារាំង។ បារាំងដែលធ្លាប់ធ្វើជាអាណាព្យាបាលកម្ពុជាអស់រយៈពេល៩០ឆ្នាំ និងបានគូសផែនទីមួយចំនួនទាក់ទងនឹងប្រទេសឥណ្ឌូចិនទាំងបីគឺកម្ពុជា-វៀតណាម លាវ។
«ដោយមានការស្នើសុំទៅប្រធានាធិបតីបារាំង។ទាំងកម្ពុជាជាមួយវៀតណាមក៏ស្នើទៅបារាំងដើម្បីផ្ទេរផែនទី។ ជាមួយលាវក៏ស្នើសុំទៅបារាំងដើម្បីផ្ទេរផែនទីក៏ដូចជាផ្ដល់ឯកសារផ្សេងៗទាក់ទងនឹងព្រំដែន»។
យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តជាតិកម្ពុជា លោក ហ៊ុន សែន នឹងត្រូវបញ្ចប់ទស្សនកិច្ចនៅប្រទេសវៀតណាមនៅថ្ងៃសៅរ៍ទី៥ខែតុលា។ ក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រីកម្ពុជា នឹងត្រូវជួបពិភាក្សាជាមួយសមភាគីវៀតណាម លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី កិច្ចការតំបន់ និងអន្តរជាតិ ដែលជាបញ្ហាកង្វល់រួម។ បន្ថែមពីនោះនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នឹងថ្លែងសុន្ទរកថាបើកសន្និសីទស្ដីពីការជំរុញវិនិយោគនិងពាណិជ្ជកម្ម កម្ពុជា-វៀតណាម ផងដែរ៕