នៅក្នុងលិខិតចំហរបស់លោក ឌី ការ៉េត កាលពីថ្ងៃទី៧ ខែ មិថុនា ឆ្នាំ២០១៩ ពីទីក្រុងប៉ារីសផ្ញើជូន លោក លី ស៊ានឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រីសិង្ហបុរី ដែល VOA ទទួលបាននោះបាន បញ្ជាក់ថា៖
«គណៈកម្មាធិការព្រំដែនកម្ពុជាប្រចាំនៅប្រទេសបារាំង ដែលខ្ញុំជាតំណាង សូមបង្ហាញនូវគារវកិច្ចដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការរំឭកពិភពលោក នៅថ្ងៃទី៣១ ខែឧសភា នៅឯសន្និសីទ Shangri-La Dialogue Conference អំពីការឈ្លានពាន ហើយនិងការត្រួតត្រាប្រទេសកម្ពុជា ពីវៀតណាមកាលពីឆ្នាំ១៩៧៩ ដែលប្រទេសជាច្រើនផ្សេងទៀតភ្លេចអំពីរឿងនេះ ឬធ្វើជាភ្លេច»។
លោក ឌី ការ៉េត បានបន្ថែមការអរគុណជាថ្មីផងដែរចំពោះប្រទេសសិង្ហបុរីដែលបានបដិសេធយ៉ាងដាច់អហង្កាចំពោះវៀតណាមក្នុងការបង្កើត «ដែនទឹកប្រវត្តិសាស្ត្រ» ជាមួយកម្ពុជា នៅឯអង្គការសហប្រជាជាតិកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៨៦។
ភ្លាមៗក្រោយពីសេចក្តីថ្លែងការណ៍របស់មេដឹកនាំសិង្ហបុរី ក្រុមមន្ត្រីរដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រតិកម្មទៅនឹងអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីដោយចាត់ទុកថា ជាការបង្ហាញថា កាលនោះសិង្ហបុរី បានគាំទ្ររបបប្រល័យពូជសាសន៍ និងចង់ឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកកម្ពុជាវិញដែរ។
លោកនាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ទៀតថា៖ «ការលើកឡើងនេះ ក៏ជាការប្រមាថដល់ពលិកម្មសាច់ស្រស់ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍នោះ»។
លោកហ៊ុន សែន បានសង្កត់ធ្ងន់ថា ការលើកឡើងរបស់លោក Lee នាពេលនេះក៏បានបង្ហាញប្រជាជនសិង្ហបុរី និងពិភពលោកថា មេដឹកនាំសិង្ហបុរីនាពេលនោះបានរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។
កម្ពុជា និងសិង្ហបុរីបានផ្លាស់ប្តូរកិច្ចសន្ទនា ដើម្បីសម្របសម្រួលពីរឿងអត្ថាធិប្បាយនេះ ទន្ទឹមគ្នាដែលមានការពន្យល់ពីមន្ត្រីសិង្ហបុរី អំពីជំហររបស់ខ្លួនរួចហើយថា គ្មានចេតនាបង្កបញ្ហាជាមួយកម្ពុជា និងវៀតណាមនោះទេ៕