ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​វៀតណាម​ស្វែង​រក​ការ​ពង្រឹង​ទំនាក់​ទំនង​បន្ថែម​ទៀត


រូបឯកសារ៖ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ៊្វុក ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន​នៅទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។
រូបឯកសារ៖ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ៊្វុក ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន​នៅទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។

កិច្ចប្រជុំ​គណៈ​កម្មការ​ចម្រុះ​កម្ពុជា​វៀតណាម​នេះ​​ធ្វើ​​ឡើង​ជាទៀង​ទាត់​ក្នុង​គោល​បំណង​ធ្វើ​បច្ចុប្បន្នភាព​ វឌ្ឍនភាព​កិច្ច​សហ​ប្រតិបត្តិការ​ និង​ការ​រិះរក​វិធី ​និង​មធ្យោបាយ​នានា​ដើម្បី​ពង្រីក​ថែម​ទៀត​នូវ​វិសាល​ភាព ​និង​ប្រសិទ្ធ​ភាព​នៃ​ទំនាក់​ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ។​

ក្រុម​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា​និង​ក្រសួង​ការ​បរទេស​វៀតណាម​បានជួប​ប្រជុំ​នៅ​ក្នុង​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​នេះ​ដើម្បី​ពង្រឹង​កិច្ច​សហការ​ទ្វេភាគី។​ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ កម្ពុជា​វៀតណាម​មាន​កិច្ច​ប្រជុំ​ពីរ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​វៀតណាម ​ដែល​អ្នក​ឃ្លាំ​មើល​យល់​ថា​ ​កម្ពុជា​នៅ​រក្សា​ចំណង​ស្អិត​ល្មួត​ជាមួយ​ប្រទេស​វៀតណាម។

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា​និង​វៀតណាម​ដែល​ទទួល​បន្ទុក​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច ​វប្បធម៌ ​ហើយ​នឹង​ផ្នែកបច្ចេកវិទ្យា​និង​វិទ្យាសាស្ត្របាន​ចាប់​ផ្តើម​កិច្ច​ប្រជុំទ្វេភាគី​នៅ​ថ្ងៃ​អង្គារ​នេះក្នុង​គោល​ដៅ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការនៃ​ប្រទេស​ជិត​ខាង​ទាំង​ពីរ។​

លោក​កេត សោផាន់ ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​មិនបាន​ផ្តល់​ព័ត៌មាន​លម្អិតអំពី​កិច្ច​ប្រជុំ​នេះ​ទេ។ ​ប៉ុន្តែ​លោក​ឆ្លើយ​តបវីអូអេ​តាមបណ្តាញ​ទំនាក់​ទំនង​សង្គម​ថា ​កិច្ច​ប្រជុំ​ពេញ​អង្គ​នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​ ក្រោម​ការ​ដឹក​នាំ​ប្រជុំ​ដោយ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ និងជា​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេសប្រាក់ សុខុន ​និង​សមភាគី​របស់​លោក​គឺ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ផាម ប៊ិញ មិញ​ (Pham Binh Minh)។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ ​ កិច្ចប្រជុំ​គណៈ​កម្មការ​ចម្រុះ​កម្ពុជា​វៀតណាម​នេះធ្វើឡើង​ជាទៀង​ទាត់​ក្នុង​គោល​បំណង​ធ្វើ​បច្ចុប្បន្នភាព​ វឌ្ឍនភាព​កិច្ច​សហ​ប្រតិបត្តិការ​ និង​ការ​រិះរក​វិធី ​និង​មធ្យោបាយ​នានា​ដើម្បី​ពង្រីក​ថែម​ទៀត​នូវ​វិសាល​ភាព ​និង​ប្រសិទ្ធ​ភាព​នៃ​ទំនាក់​ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ។​

ស្រប​ពេល​នឹង​កិច្ច​ប្រជុំ​រវាង​ក្រសួង​ការ​បរទេស​កម្ពុជា-វៀតណាម​ក្នុង​រាជ​ធានី​ភ្នំពេញ​ កម្ពុជា​និង​វៀតណាម​នឹង​មាន​កិច្ច​ប្រជុំ​មួយ​ទៀតនៅ​ខេត្ត ​An Giang ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម​ពី​ថ្ងៃ​ទី​២៧​ដល់​២៨​ខែ​សីហា​ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​«មិត្តភាព»​តាម​ព្រំដែន​ ​ខណៈ​ដែល​កិច្ច​ប្រជុំគណៈ​កម្មការ​កិច្ច​ការ​បរទេស​សភា​ត្រីភាគី​កម្ពុជា ​វៀតណាម ​ឡាវ កាល​ពី​ថ្ងៃ​ទី​១៧​និង​១៨​ខែ​សីហា ​បាន​បញ្ចប់​នៅ​ខេត្ត​ Quang Ninh ​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម។​

ក្នុង​កិច្ច​ប្រជុំ​ត្រីភាគី​នេះ​ ​តំណាង​ប្រទេស​វៀតណាម​បាន​ស្នើ​ឲ្យ​កម្ពុជា​ផ្តល់​សញ្ជាតិ​ជា​ស្វ័យ​ប្រវត្តិ​ដល់​ប្រជា​ពល​រដ្ឋ​វៀតណាម​ដែល​កំពុង​រស់​នៅ​កម្ពុជា។​ ប៉ុន្តែ​កម្ពុជា​បាន​ច្រាន​ចោល​សំណើ​នេះ។​ នេះ​បើ​យោង​តាម​លោក ឈាង វុនតំណាង​រាស្ត្រ​ និង​ជា​ប្រធាន​គណៈ​កម្មការ​កិច្ច​ការ​បរទេស​សភា​ដែល​បាន​ចូល​រួម​កិច្ច​ប្រជុំ​នៃ​ប្រទេស​ទាំង​បី។​

លោក​បណ្ឌិត​មាស នី ​អ្នក​វិភាគ​នយោបាយ​និង​កិច្ច​អភិវឌ្ឍន៍សង្គម​កត់​សម្គាល់​ថា​ ​ប្រទេស​កម្ពុជា​បាន​រក្សា​ចំណង​មិត្តភាព​«ម៉ឺនឆ្នាំ»​ជាមួយ​វៀតណាម ​ទោះជា​ក្នុង​កាលៈ​ទេសៈ​ដែល​កម្ពុជា​កំពុង​ងាក​ទៅ​រក​ប្រទេស​ចិន​ក៏​ដោយ។​

«រដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ក៏​បាន​បន្ត​នូវ​ពាក្យ​អរគុណ​ ដឹង​គុណ​វៀតណាម​ហ្នឹង​ កាន់​តែ​ច្រើន​ឡើងៗ​ហើយ​ នៅ​ពេល​ដែល​ដៃ​ម្ខាង​ងាក​ទៅ​រក​ចិន​ ហើយ​ដៃ​ម្ខាង​ទៀត​ យើង​បាន​សម្តែង​ពី​ការ​ដឹងគុណ​វៀត​ណាម​ហ្នឹង​ណា៎។​ នៅ​ក្នុង​ពេល​ដែល​យើង​ងាក​ទៅ​រក​ចិន​នេះ ​ក៏​ឃើញ​ថា​ វៀតណាម​បាន​ចាប់​ផ្តើម​ជួយ​ឧបត្តម្ភ​ក្នុង​ការ​សាង​សង់​ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម​នៅ​តាម​ខេត្ត​ ស្ទើរ​គ្រប់​ខេត្ត​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។​

បណ្តូរ​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា​និង​វៀតណាម​កាល​ពី​ឆ្នាំ​២០១៨​មាន​ទំហំ​៤,៨​ពាន់​លានដុល្លារ​អាមេរិក។ ​ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​រំពឹង​ថា ​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​នឹង​កើន​ដល់​៥​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​នេះ។​

ប្រទេស​វៀតណាម​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ប្រាំ​ដែល​មាន​ទំហំ​វិនិយោគ​ច្រើន​ជាង​គេ​នៅ​កម្ពុជា។ ​ទឹក​ប្រាក់​វិនិយោគពី​ប្រទេស​វៀត​ណាម​មាន​ទំហំ​ប្រមាណ​៣​ពាន់​លាន​ដុល្លារ។
​ទេសចរ​វៀតណាម​ដែល​បាន​ម​ក​ទស្សនា​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​កន្លង​ទៅ​មាន​ចំនួន​៩០​ម៉ឺន​នាក់។​

កម្ពុជា​និង​វៀតណាមបាន​ចុះ​កិច្ច​ព្រម​ព្រៀង​រួម​ជាច្រើន​ រួម​មាន​កិច្ច​ព្រម​ព្រៀងជំរុញ​ទំនាក់​ទំនង​សេដ្ឋកិច្ច​រហូត​ដល់​ឆ្នាំ​២០៣០ ​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ការ​ដឹក​ជញ្ជូន​រហូត​ដល់​ឆ្នាំ​២០២៥ ​កិច្ច​ព្រមព្រៀង​ស្តី​ពី​វិស័យ​ទេសចរណ៍។​

ប្រទេស​ទាំង​ពីរ​ក៏​មាន​គម្រោង​ចុះ​ហត្ថលេខាលើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​តាម​ព្រំដែន​ឆ្នាំ​២០១៩​ផង​ដែរ៕

XS
SM
MD
LG