ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា-​ឡាវ​​ព្រមព្រៀង​អញ្ជើញ​អ្នក​ជំនាញ​ផ្នែក​ផែន​ទី​ពី​​បារាំង​មក​ជួយ​រឿង​ជម្លោះ​​ព្រំ​ដែន


រូបឯកសារ៖​ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន (ស្តាំ) ចាប់ដៃជាមួយលោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith នៅក្នុងកិច្ចប្រជុំទ្វេរភាគីមួយរវាងប្រទេសកម្ពុជានិងឡាវ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមិថុនា​ ឆ្នាំ២០១៦។
រូបឯកសារ៖​ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន (ស្តាំ) ចាប់ដៃជាមួយលោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith នៅក្នុងកិច្ចប្រជុំទ្វេរភាគីមួយរវាងប្រទេសកម្ពុជានិងឡាវ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមិថុនា​ ឆ្នាំ២០១៦។

បន្ទាប់​ពី​មានការច្រានចោល​ការ​​រាយការណ៍​កាលពី​សប្តាហ៍​មុន​ដែល​ថា កងទ័ព​កម្ពុជា​និង​កងទ័ព​នៃ​ប្រទេស​ឡាវ​​កំពុង​ស្ថិត​ក្នុង​ភាព​ប្រឈម​មុខ​ដាក់​គ្នា​នៅ​តំបន់​មុំ​បី​នៃ​ព្រំដែន​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ចន្ទ​នេះ កម្ពុជា​និង​ឡាវ​ព្រមព្រៀង​អញ្ជើញ​អ្នក​ជំនាញ​ផ្នែក​ផែន​ទី​ពី​ប្រទេស​បារាំង​មក​ពិនិត្យ​ព្រំ​ដែន។

កម្ពុជា និង​ឡាវ ​បាន​ព្រមព្រៀង​អញ្ជើញ​អ្នក​ជំនាញ​ផ្នែក​ផែន​ទី​ពី​ប្រទេស​បារាំង​មក​ពិនិត្យ​ព្រំ​ដែន​បន្ទាប់​ពីភាគី​ឡាវ​ដាក់​ទ័ព​ចូល​តំបន់​មុំ​បី​នៃ​ខេត្ត​ព្រះ​វិហារ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី ប្រាប់ VOA នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​ប្រទេសកម្ពុជា​និង​ឡាវ កំពុង​បន្ត​ការ​ចរចា​ករណី​កងទ័ព​កម្ពុជា និង​ឡាវ​នៅ​តំបន់​មុំ​បី​នៃ​ខេត្ត​ព្រះ​វិហារ។ លោក​បន្ត​ថា កម្ពុជា​និង​ឡាវ​បាន​ព្រមព្រៀង​គ្នាអញ្ជើញ​អ្នក​ជំនាញ​ផ្នែក​ផែន​ទី​ពី​ប្រទេស​បារាំង​ដើម្បី​ដោះ​ស្រាយ​ករណី​នេះ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ថា ភាគី​ទាំង​ពីរ​បាន​អញ្ជើញ​អ្នក​ជំនាញ​រូបណា និង​មិន​ទាន់​ដឹង​ថា​នឹង​មក​ពេល​ណា​នៅ​ឡើយ​ទេ។

លោក ផៃ ស៊ីផាន បាន​ថ្លែង​ថា៖

«យើង​បាន​ឯកភាព​គ្នា​អំពី​អញ្ជើញ​ខាង​ប្រទេស​បារាំង អ្នក​ជំនាញ​ខាង​ផែន​ទី​ឲ្យ​លោក​ចុះ​មក​ជួយ។​ ដូច្នេះ​កម្ពុជា ក៏​ដូច​ជា​ឡាវ យើង​អត់​មាន​ត្រូវ​ការ​ប្រើប្រាស់​កម្លាំង​ដើម្បី​ដណ្តើម​ទឹកដី​គ្នា ឬ​ការបញ្ជាក់​អត្តនោម័តិ​នៃ​ភាគី​ណាមួយ»។

រូបឯកសារ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាល ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA Khmer)
រូបឯកសារ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាល ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA Khmer)

លោក ផៃ ស៊ីផាន បន្ថែម​ថា កម្ពុជា​បាន​និង​កំពុង​ប្រើប្រាស់​ផែនទី​ដែល​គូស​ដោយ​បារាំង ប៉ុន្តែ​តម្កល់​នៅ​ប្រទេស​វៀតណាម។ យ៉ាង​ណា​ក្តី​ លោក​មិន​បាន​ដឹង​ថា តើ​ភាគី​ឡាវ​ប្រើប្រាស់​ផែនទី​មួយ​ណា​នោះ​ទេ។

VOA មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​ឡាវ​ប្រចាំ​កម្ពុជា​បាន​ទេ។

បើ​តាម​ការ​ផ្សាយ​របស់​អង្គភាព​ព័ត៌មាន​ហ្រ្វេសញូវ (Fresh News) ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​កាល​ពី​ថ្ងៃ​សៅរ៍ ​បាន​បញ្ជាក់ថា ​នៅ​ព្រឹក​ថ្ងៃទី២៤ ខែសីហា ឆ្នាំ​២០១៩​នេះ លោក​នាយក​រដ្ឋមន្រ្តី​ខ្មែរបាន​ទូរស័ព្ទ​ចរចា​ដោយ​ផ្ទាល់​ជាមួយ​នាយក​រដ្ឋមន្ដ្រី​ឡាវ លោក ថងលូន ស៊ីស៊ូលីត ដើម្បី​ឲ្យ​កង​ទ័ព​ប្រទេស​ទាំង​ពីរ ដក​ចេញ​ពីព្រំដែន​ដែល​ស្ថិត​នៅ​តំបន់​មុំបី​នោះ។

ក្នុង​អត្ថបទព័ត៌មាន​ដែល​ហ្វ្រេសញូវ​អះអាង​ថា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់​ទៅ​នាយក​ប្រតិបត្តិ​របស់​ហ្វ្រេសញូវ​ដដែល​នោះ បញ្ជាក់​តាម​ន័យ​ដើម​ថា៖

«នៅ​ព្រឹកមិញ​វេលា​ម៉ោង​៩ ខ្ញុំ​បាន​ជួប​ផ្ទាល់​ទូរស័ព្ទ​ជាមួយ​នាយក​រដ្ឋមន្រ្តី​ឯកឧត្តម ថងលូន ស៊ីស៊ូលីត ដោយ​មាន​ការចរចា​ល្អ និយាយ​ជាមួយ​គ្នា​ដោយ​រីករាយ ហើយ​សម្រេច​ឲ្យ​កងទ័ព​នៃ​ប្រទេស​ទាំង​២​ដក​ចេញ​ពី​តំបន់​មុំ​បី ដែល​មិន​ទាន់​ដោះស្រាយ​ចប់ និង​បន្ត​ជួប​ចរចា​គ្នា​ទៀត ហើយ​រហូត​មក​ដល់​ពេល​នេះ មិនមាន​ភាព​តានតឹង​នោះ​ទេ»។

ការ​បញ្ជាក់​របស់​លោក ផៃ ស៊ីផាន ​និង​ការ​ផ្សាយ​របស់​អង្គភាព​ព័ត៌មាន​ហ្វ្រេសញូវ ធ្វើ​ឡើង​បន្ទាប់​ពី​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​រាយការណ៍​កាលពី​សប្តាហ៍​មុន​ថា កងទ័ព​កម្ពុជា​និង​កងទ័ព​នៃ​ប្រទេស​ឡាវកំពុង​ស្ថិត​ក្នុង​ភាព​ប្រឈម​មុខ​ដាក់​គ្នា​នៅ​តំបន់​មុំ​បី​នៃ​ព្រំដែន​ខេត្ត​ព្រះវិហារ។

VOA បាន​ព្យាយាម​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ និង​អ្នក​នាំ​ពាក្យ​ លោក ឈុំ សុជាត តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ចន្ទ​នេះ មិន​ទាន់​មាន​ការ​ឆ្លើយតប​នៅ​ឡើយ។

ចំណែក​លោក ម៉ៅ ផល្លា អ្នកនាំពាក្យ​កង​ទ័ព​ជើង​គោក​ដែល​បាន​ច្រាន​ចោល​ការ​រាយការណ៍​ដែល​ថា​កង​ទ័ព​កម្ពុជា និង​ឡាវ​ ប្រឈម​គ្នា​រហូតមាន​ការ​ត្រៀម​ជម្លៀស​ពលរដ្ឋ​ចេញកាល​ពី​សប្តាហ៍​មុន​បាន​ប្រាប់ VOA នៅ​ថ្ងៃ​ចន្ទ​នេះថា លោក​មិន​ទាន់​ទទួលបាន​ព័ត៌មាន​ជាក់លាក់​ជុំវិញ​ការចរចា​របស់​ភាគី​ទាំង​ពីរ​នៅ​ឡើយ។

លោក​បណ្ឌិត ឈាង វណ្ណារិទ្ធ​ នាយក​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី​ និង​ជា​អ្នកវិភាគ​កិច្ចការ​តំបន់​លើក​ឡើង​ថា ករណី​តាន​តឹង​រវាង​កម្ពុជា-ឡាវ នៅ​តាម​ព្រំ​ដែន​នេះ អាច​កើត​ឡើង​ដោយ​សារ​មានការ​យល់​ច្រឡំ​រវាង​មន្រ្តី​ថ្នាក់​ក្រោម។ លោក​បន្ត​ថា ភាគី​ទាំង​ពីរ​គួរ​តែជជែក​គ្នា​ស្វែង​រក​ដំណោះ​ស្រាយ​រួម​មួយ ជៀសវាង​ការ​កើត​ឡើង​នូវ​ករណី​ដដែលៗ។

«និយាយ​ឲ្យ​ចំ​ទៅ​គឺ​គោរព​ច្បាប់​អន្តរជាតិ ហើយ​យក​នូវ​កិច្ច​ព្រម​ព្រៀង​ដែល​ភាគី​ទាំង​ពីរ​ធ្លាប់​ចុះ​ហត្ថលេខា​ហ្នឹង ជាពិសេស​ក្រោម​អាណានិគម​បារាំង​ហ្នឹង យក​អាហ្នឹង​ជា​គោល​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ចម្រូង​ចម្រាស​ហ្នឹង។ ហើយ​បើ​ថាចរចា​គ្នា​មិន​ត្រូវ​ នាំ​គ្នា​ទៅ​តុលាការ ICJ ទៅ ដើម្បី​រក​ដំណោះ​ស្រាយ​ផ្នែក​ច្បាប់»។​

កាល​ពី​ខែ​ សីហា ឆ្នាំ​ ២០១៧​ ​កង​ទ័ព​កម្ពុជា​ក៏​បាន​ប្រឈម​មុខ​នឹង​កង​ទ័ព​ឡាវ​មួយ​រយៈ​ពេល​ខ្លី​ ​ទាក់​ទង​នឹង​ការ​ទាម​ទារ​ការ​កាន់​កាប់​តំបន់​ព្រៃ​ធម្មជាតិ​លើ​បន្ទាត់​ព្រំដែន​ប្រទេស​ទាំង​ពីរ​ ក្នុង​ខេត្ត​ស្ទឹង​ត្រែង។ នា​ពេល​នោះ លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ បាន​ដាក់​បញ្ជា​តាម​ក្បាល​មេក្រូ​ជា​សាធារណៈ​ឲ្យ​មេទ័ព​កម្ពុជា​ចល័ត​ទ័ព​ចូល​ខេត្ត​ស្ទឹងត្រែង​ ដើម្បី​វាយ​បណ្តេញ​កង​ទ័ព​ឡាវ​ប្រមាណ​៣០​នាក់​ចេញ​ពី​ទឹកដី​កម្ពុជា ដែល​បាន​ចូល​មក​បោះ​ទីតាំង​នៅ​ត្រើយ​ម្ខាង​នៃ​ទន្លេ​សេកុង​ ​ក្នុង​ខេត្ត​ស្ទឹងត្រែង។

នៅ​ថ្ងៃ​បន្ទាប់​ ​លោក ហ៊ុន សែន បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ ​ភ្លាមៗ​ទៅ​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី​ឡាវ​ ​នៅ​ទីក្រុង​វៀងចន្ទន៍។ ​ក្នុង​ជំនួប​នោះ​ ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​សម្រេច​ដក​ទ័ព​ចេញ​ពី​តំបន់​ចម្រូង​ចម្រាស​ក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ជា​ព្រំ​ដែន​នៃ​ប្រទេស​ទាំង​ពីរ​ ​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ ​ដែល​លោក​ ​ហ៊ុន សែន​ ​បាន​ចាត់​ទុក​ការ​ដកទ័ព​នេះ​ថា​ ​ជា​ជោគ​ជ័យ​ដ៏​ធំ​មួយ។

​ការ​បញ្ជូន​ទ័ព​ទៅ​ព្រំដែន ដើម្បី​ត្រៀម​ប្រយុទ្ធ​នឹង​កងទ័ព​ឡាវ​ដែល​ចូល​ទឹក​ដី​ខ្មែរ​នា​ពេល​នោះ ត្រូវ​បាន​អ្នក​នយោបាយ​មួយ​រូប គឺ​លោក សួន សេរីរដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែររិះគន់​ថា​ ធ្វើ​ឡើង​ដើម្បី​តែ​ផល​ប្រយោជន៍​បក្ខពួក និង​ក្រុម​គ្រួសារ​របស់​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ។​ ក្រោយ​មក​អ្នក​នយោបាយ​រូប​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​នា​ពេល​នោះ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំ​ដែន​កម្ពុជា-ឡាវ​នេះ​ដែរ កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ គឺ​លោក ហ៊ុន សែន និង​លោក ថងលូន ស៊ីស៊ូលីត បាន​គ្រោង​ស្នើ​ឱ្យ​បារាំង​បញ្ជូន​ផែនទី​បន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ ​អ្នក​បច្ចេកទេស​ ​និង​ឯកសារ​ពាក់ព័ន្ធ​នានា​ ​ដើម្បី​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​ និង​ពន្លឿន​ការ​បោះ​បង្គោល​ព្រំដែន​នៃ​ប្រទេស​កម្ពុជា-ឡាវ។ ប៉ុន្តែ​ពីរ​ឆ្នាំ​ក្រោយ ពោល​គឺនៅ​ខែ​សីហា ​ឆ្នាំ​២០១៩​នេះ​ ករណី​ព្រំដែន​ប្រទេស​ទាំង​ពីរ​នៅ​តែ​កើត​ឡើង​ជា​ថ្មី៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG