ក្រោយពីការសម្រុះសម្រួលគ្នា ភាគីកម្ពុជានិងឡាវបានសម្រេចដកកងទ័ពចេញពីតំបន់មុំបីនៅតាមទល់ដែននៃប្រទេសទាំងពីរនៅថ្ងៃព្រហស្បតិ៍ស្អែក។
ក្រោយពីការចរចានឹងជួបប្រជុំគ្នារវាងភាគីទាំងពីរ ពីថ្នាក់កំពូលនិងថ្នាក់មន្ត្រីផងនោះ ប្រទេសកម្ពុជា និងឡាវ បានព្រមព្រៀងគ្នាថានឹងដកកងទ័ពចេញពីតំបន់មានជម្លោះ គឺតំបន់«មុំបី» ក្នុងខេត្តព្រះវិហារនៅតាមព្រំដែននៃប្រទេសទាំងពីរ។ នេះបើតាមការអះអាងរបស់លោកឧបនាយករដ្ឋមន្ត្រីទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារប្រទេស ដែលបានថ្លែងប្រាប់ VOA តាមទូរស័ព្ទថ្ងៃនេះ។
«អត់អីទេ រឿងហ្នឹងគឺយើងបានជជែកវែកញែកគ្នាទៅ គឺវានិយាយត្រូវរ៉ូវគ្នាអស់ហើយ។ ឥឡូវគឺស្អែកហ្នឹង [ថ្ងៃព្រហស្បតិ៍] គឺចាប់ផ្តើមទាំងសងខាងគឺបញ្ចៀសចេញពីគ្នា បានន័យថា ទៅកន្លែងដើមវិញទាំងយើងក៏មកវិញ ទាំងភាគីឡាវក៏មកវិញដែរនៅចំណុចមួយចំនួន»។
លោកទៀ បាញ់ ថាចំណុចមួយចំនួនទៀតនៅបន្តជជែកគ្នា តែទាហានសងខាងដែលមានគ្នាប្រមាណ ៦០នាក់ម្ខាងនោះ នឹងដកចេញពីតំបន់មានជម្លោះនៅមុំបី ដែលភាគីទាំងពីរមានភាពតានតឹងជាមួយគ្នាប៉ុន្មានថ្ងៃថ្មីៗនេះ ដោយសារតែប្រជាពលរដ្ឋខ្មែរម្នាក់បានចូលទៅធ្វើកសិកម្មនៅកន្លែងដីដែលហាមឃាត់និងតំបន់ប្រទាញប្រទង់មិនទាន់ដោះស្រាយចេញនៅតាមព្រំដែន។
«វាកើតរឿងមកពីប្រជាជនយើងទៅធ្វើស្រែនៅកន្លែងដែលយើងហៅថាមិនទាន់ច្បាស់លាស់នោះ ដល់អីចឹងវាកើតរឿងទៅ គាត់ក៏សម្អាងថាតំបន់ហ្នឹងគឺថាមិនឲ្យមាននរណាមកធ្វើស្អី ហើយម៉េចក៏មកធ្វើស្រែ គាត់ក៏ចូលមកបំផ្លាញដំណាំហ្នឹង»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីចុងសប្តាហ៍ បានជួបចរចាតាមទូរស័ព្ទជាមួយនឹងនាយករដ្ឋមន្ត្រីឡាវ ថងលូន ស៊ីស៊ូលីត កាលពីថ្ងៃទី២៤ សីហា ដើម្បីដោះស្រាយបញ្ហាភាពតានតឹងដែលមានពាក្យចរចាមរ៉ាមពីការចល័តទ័ពនិងការផ្ទុះអាវុធ ហើយនឹងការត្រៀមជម្លៀសប្រជាពលរដ្ឋផងដែរ។ តែលោកនាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់បដិសេធពីរឿងនេះ និងសម្រេចដាក់ពិន័យមន្ត្រីយោធាម្នាក់ដែលបាននិយាយពីកងទ័ពដែលជារឿង«សន្តិសុខជាតិ»ជាសាធារណៈ។
លោកនាយករដ្ឋមន្ត្រីបានអះអាងថា នាយករដ្ឋមន្ត្រីឡាវនឹងបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជាដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជានៅពាក់កណ្តាលខែកញ្ញា។
លោក ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោកបានច្រានចោលការរាយការណ៍ ដែលថាកងទ័ពកម្ពុជា និងឡាវប្រឈមគ្នារហូតមានការត្រៀមជម្លៀសពលរដ្ឋចេញកាលពីសប្តាហ៍មុនផងដែរ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី ប្រាប់ VOA នៅថ្ងៃចន្ទនេះថា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសកម្ពុជានិងឡាវ កំពុងបន្តការចរចាករណីកងទ័ពកម្ពុជា និងឡាវនៅតំបន់មុំបីនៃខេត្តព្រះវិហារ។ លោកបន្តថា កម្ពុជានិងឡាវបានព្រមព្រៀងគ្នាអញ្ជើញអ្នកជំនាញផ្នែកផែនទីពីប្រទេសបារាំងដើម្បីដោះស្រាយករណីនេះ ប៉ុន្តែលោកមិនបញ្ជាក់ថា ភាគីទាំងពីរបានអញ្ជើញអ្នកជំនាញរូបណា និងមិនទាន់ដឹងថានឹងមកពេលណានៅឡើយទេ។
លោក ផៃ ស៊ីផាន បានថ្លែងតាមខ្លឹមសារដើមថា៖
«យើងបានឯកភាពគ្នាអញ្ជើញខាងប្រទេសបារាំង អ្នកជំនាញខាងផែនទីឲ្យលោកចុះមកជួយ។ ដូច្នេះកម្ពុជាក៏ដូចជាឡាវ យើងអត់មានត្រូវការប្រើប្រាស់កម្លាំងដើម្បីដណ្តើមទឹកដីគ្នា ឬការបញ្ជាក់អត្តនោម័តិនៃភាគីណាមួយ»។
លោក ផៃ ស៊ីផាន បន្ថែមថា កម្ពុជាបាននិងកំពុងប្រើប្រាស់ផែនទីដែលគូសដោយបារាំង ប៉ុន្តែតម្កល់នៅប្រទេសវៀតណាម។ យ៉ាងណាក្តី លោកមិនបានដឹងថា តើភាគីឡាវប្រើប្រាស់ផែនទីមួយណានោះទេ។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជាអ្នកវិភាគកិច្ចការតំបន់លើកឡើងថា ករណីតានតឹងរវាងកម្ពុជា-ឡាវ នៅតាមព្រំដែននេះ អាចកើតឡើងដោយសារមានការយល់ច្រឡំរវាងមន្រ្តីថ្នាក់ក្រោម។ លោកបន្តថា ភាគីទាំងពីរគួរតែជជែកគ្នាស្វែងរកដំណោះស្រាយរួមមួយ ជៀសវាងការកើតឡើងនូវករណីដដែលៗ។
«និយាយឲ្យចំទៅគឺគោរពច្បាប់អន្តរជាតិ ហើយយកនូវកិច្ចព្រមព្រៀងដែលភាគីទាំងពីរធ្លាប់ចុះហត្ថលេខាហ្នឹង ជាពិសេសក្រោមអាណានិគមបារាំងហ្នឹង យកអាហ្នឹងជាគោលដើម្បីដោះស្រាយបញ្ហាចម្រូងចម្រាសហ្នឹង។ ហើយបើថាចរចាគ្នាមិនត្រូវ នាំគ្នាទៅតុលាការ ICJ ទៅ ដើម្បីរកដំណោះស្រាយផ្នែកច្បាប់»។
កាលពីខែសីហា ឆ្នាំ២០១៧ កងទ័ពកម្ពុជាក៏បានប្រឈមមុខនឹងកងទ័ពឡាវមួយរយៈពេលខ្លី ទាក់ទងនឹងការទាមទារការកាន់កាប់តំបន់ព្រៃធម្មជាតិលើបន្ទាត់ព្រំដែនប្រទេសទាំងពីរ ក្នុងខេត្តស្ទឹងត្រែង។ នាពេលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បញ្ជាឲ្យមេបញ្ជាការកងទ័ពកម្ពុជាចល័តទ័ពចូលខេត្តស្ទឹងត្រែង ដើម្បីវាយបណ្តេញកងទ័ពឡាវប្រមាណ៣០នាក់ចេញពីទឹកដីកម្ពុជា ដែលបានចូលមកបោះទីតាំងនៅត្រើយម្ខាងនៃទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង។
ភាគីទាំងពីរបានដោះស្រាយបញ្ចប់រឿងរ៉ាវពេលនោះក្រោយពីមានជំនួបរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ៕