លោកហ៊ុន សែនថា​កម្ពុជា​ប្រើ​វិបត្តិ​កូវីដ​បើក​«ការដ្ឋាន​កំណែ​ទម្រង់»សេដ្ឋកិច្ច​សង្គម តែ​អ្នក​ឃ្លាំ​មើល​ជំរុញ​ឲ្យ​លើក​កម្ពស់​​​សេរីភាព​នយោបាយ

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្នុង​អំឡុងពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​វិមាន​សន្ដិភាព រាជធានី​ភ្នំពេញ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ​នេះ បាន​ប្រកាស​ថា​រដ្ឋាភិបាល​របស់​លោក​កំពុងប្រែ​ក្លាយ​វិបត្តិ​ជំងឺ​កូវីដ១៩ ទៅ​ជា​ឱកាស​កែទម្រង់​សេដ្ឋកិច្ច និង​សង្គម។ ប៉ុន្តែ​អ្នក​តាម​ដាន​សង្គម​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កែ​លម្អសេរីភាព​នយោបាយនិង​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស។

លោក ហ៊ុន សែន ដែល​កាន់​អំណាច​ប្រមាណ​៣៦​ឆ្នាំ​មក​ហើយ បាន​ថ្លែង​បែបនេះ​ក្នុងពិធី​បើកពិព័រណ៍​ចិន​អាស៊ាន​តាម​ប្រព័ន្ធ​អនឡាញ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ។

លោក ហ៊ុន សែន ថ្លែង​ថា៖ «សម្រាប់​កម្ពុជា ទោះ​បី​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ប្រទេស​ដែល​ធនធាននៅ​មាន​កម្រិត ក៏​ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា ប្ដេជ្ញាប្រែ​ក្លាយ​វិបត្តិ​នៃ​ជំងឺកូវីដ១៩ ទៅជា​ឱកាស​សម្រាប់​ការដ្ឋាន​កំណែ​ទម្រង់​កាន់​តែ​ស៊ី​ជម្រៅ សំដៅ​កសាង​ប្រព័ន្ធ​សេដ្ឋកិច្ច​និង​សង្គម ដែល​កាន់​តែ​រឹងមាំ និង​មាន​ភាព​ធន់​នឹង​វិបត្តិ​នា​ពេល​អនាគត»។

លោក ហ៊ុន​ សែន បាន​ថ្លែង​អំណរគុណដែលទីក្រុង​ប៉េកាំង​បានផ្តល់​ជំនួយជាវ៉ាក់សាំង និង​ជួយ​សម្រួលលក់វ៉ាក់សាំង​ជា​អាទិភាព​សម្រាប់​កម្ពុជា ដើម្បី​ទប់ទល់នឹង​ជំងឺ​កូវីដ១៩ ដែល​រហូត​មក​ដល់​ពេល​នេះ ប្រជាជន​កម្ពុជា​ជាង​១១​លាន​នាក់បាន​ចាក់ថ្នាំបង្ការ​ជំងឺ​នេះ​រួច​ហើយ។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ឱ្យ​ដឹង​ថា តាមរយៈ​ការ​ចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ប្រទេស ទប់ទល់នឹង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ កម្ពុជា​រំពឹង​ថា​អាច​នឹង​សម្រេច​បាន​ភាព​ស៊ាំ​សហគមន៍ និង​បើក​សកម្មភាព​សេដ្ឋកិច្ច​ឡើង​វិញ​«នា​ពេល​ឆាប់ៗ»។​

លោក​បញ្ជាក់​ថា៖ «ដោយ​យល់​ច្បាស់​ពី​កាលានុវត្តភាព​នេះ ជាមួយនឹង​ស្មារតី​បុរេសកម្ម រាជ​រដ្ឋាភិបាល​កម្ពុជា​បានខិត​ខំ​ប្រឹង​ប្រែង​ឥតរាថយ ក្នុង​គោលដៅកែ​សម្រួល​បរិយាកាស​ធុរកិច្ច វិនិយោគ និង​លើក​កម្ពស់ភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា តាម​រយៈ​ការ​ដាក់​ចេញ​និង​អនុវត្ត​វិធានការ​កែទម្រង់​មុតស្រួច​ជាបន្ត​បន្ទាប់»។

ការ​ថ្លែង​ខាងលើ​របស់​នាយករដ្ឋមន្ត្រី​ទាក់​ទិន​នឹង​«ការដ្ឋាន​កំណែ​ទម្រង់»លើផ្នែក​សេដ្ឋកិច្ច​និង​សង្គមនេះ កើត​មាន​ឡើង​ចំ​ពេល​ដែល​លិខិតូប​ករណ៍និ​ងប្រព័ន្ធ​សេវា​សាធារណៈ​មួយចំនួន​ត្រូវ​បាន​គេ​ណែនាំ​ឱ្យ​ដំណើរ​ការ​ប្រើប្រាស់​នាពេល​ថ្មីៗ​នេះ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋសភាដែល​មាន​តែ​តំណាងរាស្រ្ត​មក​ពីគណបក្ស​ប្រជាជន​កម្ពុជាបានអនុម័ត​សេចក្ដី​ព្រាង​ច្បាប់​សំខាន់ៗ​ដោយ​ប្រើ​ពេល​តែ​មួយ​ថ្ងៃ ក្នុង​នោះ​ក៏​មាន​ផងដែរ សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការ​វិនិយោគ ដែល​ត្រូវ​ជំនួស​ច្បាប់​ចាស់​ដែល​ដំណើរ​ការ​ពី​ឆ្នាំ១៩៩៤​មក។

រដ្ឋាភិបាល​ធ្លាប់​បាន​ថ្លែងថា​ច្បាប់​ថ្មីនេះ ផ្ដោត​លើ​ការ​កែលម្អ​បរិយាកាស​សម្រាប់វិនិយោ​គិន និង​«បង្កើត​ក្រប​ខណ្ឌគតិ​យុត្ត​ដែលមានភាព​បើក​ចំហ មាន​តម្លាភាព ​អាច​ប៉ាន់​ប្រមាណទុក​ជា​មុន»​ដែលក្នុង​នោះ​ក៏​រាប់​បញ្ចូល​ផង​ដែរ ការ​កាត់​បន្ថយ​ពេល​វេលាចុះ​បញ្ជី​វិនិយោគ និង​ពាណិជ្ជ​កម្ម។

​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ​ក៏​ទើប​បាន​ដាក់​ចេញ​នា​ដើម​ខែ​កញ្ញា​នេះ នូវ​«ប្រព័ន្ធ​ចុះ​បញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេក​វិទ្យា​ព័ត៌មាន​ដំណាក់​កាលទីពីរ»​ដែល​ជំរុញ​ការ​ផ្ដល់​សេវា​ចុះ​បញ្ជី ស្នើ​សុំ​អាជ្ញា​បណ្ណ​និង​ការ​អនុញ្ញាតអាជីវកម្ម​នា​នា តាម​ច្រក​ចេញ​ចូល​តែ​មួយ​លើ​បណ្ដាញ​អនឡាញ។

សេដ្ឋកិច្ចកម្ពុជារង​នូវ​ការ​ធ្លាក់​ចុះ​ក្នុង​អត្រា​៣,១% ដោយ​សារ​វិបត្តិ​កូវីដ​កាលពីឆ្នាំ២០២០ ហើយត្រូវ​រំពឹង​ថា​នឹង​ឡើង​មកវិ​ញ​ក្នុង​អត្រា២,៤%។ នេះ​បើ​យោង​តាមការវាស់វែង​និង​ព្យាករណ៍​របស់ក្រសួង​ហិរញ្ញវត្ថុ​ដដែល។

រូប​ឯកសារ៖ បុរសម្នាក់ទិញសាច់ជ្រូកឲ្យស្ត្រីម្នាក់ដែលរស់នៅក្នុងតំបន់ក្រហម ដែលកំពុងស្ថិតក្នុងស្ថានភាពបិទខ្ទប់ដោយសារការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២១។

ដោយសារ​តែ​វិបត្តិ​កូវីដ កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ UNDP បាន​ព្យាករ​ថាអាច​មាន​បណ្ដា​ជនកម្ពុជា​ប្រមាណ​១លាន​៣សែន​នាក់​រអិល​ធ្លាក់​ក្រោម​បន្ទាត់ក្រីក្រ​សា​ជាថ្មី ជា​ផលរំខាន​ផ្នែក​សេដ្ឋកិច្ច​បណ្ដាល​មក​ពីវិបត្តិរ៉ាំរ៉ៃនៃ​សុខភាព​សកល​មួយ​នេះ។

ចាប់តាំង​ពីចុង​ខែមិថុនា​ឆ្នាំ២០២០​មកទល់​នឹង​ចុង​ខែសីហា​ឆ្នាំ​២០២១​កន្លង​ទៅ រដ្ឋ​បានអនុវត្ត​ប្រព័ន្ធ​គាំពារ​សង្គម​ដ៏ក្មេងខ្ចី​របស់​ខ្លួន​តាម​រយៈ​ការ​ឧបត្ថម្ភ​សាច់ប្រាក់ដល់​ពលរដ្ឋ​បាន​ប្រមាណ​ជាង​២លាន​៦សែន​នាក់ គិត​ជា​ទឹកប្រាក់ជាង​៤០០​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោង​តាម​ស្ថិតិ​បង្ហាញ​ដោយ​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម។

ស្រប​ពេល​នឹង​ការ​ព្យាយាមរបស់​រដ្ឋាភិបាល​ក្នុង​ការ​បង្ហាញទម្រង់​លូតលាស់​នៃ​កំណែទម្រង់​ផ្នែក​សេដ្ឋកិច្ច​និង​សង្គម​ខាង​លើ អ្នក​តាម​ដាន​នៅ​កម្ពុជា​ក៏បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ផ្ដោ​ត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បើក​ទូលាយ​នៃ​សេរីភាព​នយោបាយ និង​សិទ្ធិ​បញ្ចេញ​មតិ​ដែល​ត្រូវ​បាន​រិះគន់​ថារឹត​ត្បិត​យ៉ាង​ខ្លាំង ក្រោយ​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

បណ្ដា​សង្គមស៊ីវិល​ដែលធ្វើការលើ​ផ្នែក​សិទ្ធិ​មនុស្ស​និង​សហគមន៍​មូលដ្ឋាន​ប្រមាណ​៦០កាលពី​ថ្ងៃទី២៤ ​ខែសីហា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ដោយ​ហៅ​ការ​ចាត់​វិធានការច្បាប់​លើ​អ្នករិះគន់ អ្នកការពារ​សិទ្ធិ​មនុស្ស​និង​បរិស្ថាន និង​តាក់តែង​ច្បាប់​ចម្រូងចម្រាសមួយ​ចំនួនថា​ជា​«និន្នាការរបស់រដ្ឋាភិបាល​ដែលផ្តោត​ទៅ​លើអំណាចរបស់ខ្លួនជា​ជាង​ផល​ប្រយោជន៍​និងសិទ្ធិ​មនុស្ស​របស់ប្រជា​ពល​រដ្ឋ»។

លោក​ សន ជ័យ នាយ​ក​ប្រតិបត្តិនៃ​សម្ព័ន្ធ​គណ​នេយ្យ​ភាព​សង្គ​ម​កម្ពុជា បានលើកឡើងថា​ការ​គោរព​សិទ្ធិ​ពលរដ្ឋនិង​សេរីភាព​នយោបាយ ផ្ដល់​ការ​ជ្រោមជ្រែង​ដល់​កំណែ​ទម្រង់​សេដ្ឋកិច្ច​សង្គម​មួយ​ដែល​យូរ​អង្វែងនិង​ប្រកប​ដោយ​និរន្តរភាព។

លោក​ថ្លែង​ថា៖ «ទិសដៅ​ធំមួយ​គឺការភ្ជាប់​គ្នារវា​ង​លម្ហប្រជាធិប​តេយ្យ​និងការគោរពសិទ្ធិមនុស្ស​ដែលទាំងនោះជាមូលដ្ឋាននៃ​ការទាក់​ទាញ​ការ​វិនិយោគ ជា​ពិសេសអ្នកវិនិយោគ​ដែល​មក​ពី​បណ្ដា​ប្រទេសប្រកាន់​នូវលិទ្ធិប្រជាធិប​តេយ្យ និង​ការគោរព​សិទ្ធិ​មនុស្ស​ពេញ​លេញ»។

នៅលើ​បញ្ហាអំពើ​ពុករ​លួយ​វិញ កម្ពុជាត្រូវ​បានចាត់​ថ្នាក់​ក្នុង​ចំណោម​ប្រទេស​ដែលមាន​អំពើ​ពុករលួយខ្លាំងជាង​គេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ នេះ​បើ​យោង​តាម​សន្ទស្សន៍ដែល​ធ្វើ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ៕