លោក​ ហ៊ុន សែន​ ប្រកាស​មិន​ចរចា​ជាមួយ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែលស្នើសុំចរចា

រូបឯកសារ៖ នាយក​រដ្ឋមន្រ្តីខ្មែរ លោក ហ៊ុន សែន។

លោកហ៊ុន សែន​អះអាងថា​ មាន​មន្ត្រីគណបក្ស​សង្គ្រោះ​ជាតិ​ខ្លះ ​ដែល​ត្រូវ​ដក​សិទ្ធិ​ធ្វើ​នយោបាយ​បាន​សុំ​ចរចា​​ តែ​លោក​បដិសេធ។

នៅថ្ងៃ​ច័ន្ទ​នេះ ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ថ្លែង​ថា ​មន្រ្តី​គណបក្ស​ប្រឆាំង​មួយ​ចំនួនដែល​ត្រូវ​បានតុលាការហាមឃាត់សិទ្ធិធ្វើ​នយោបាយ ​បាន​ផ្ញើសារ​សុំលោក​អនុញ្ញាត​ឲ្យ​ធ្វើ​នយោបាយវិញ ​ប៉ុន្តែ​លោក​ថា​ លោកមិន​ទទួល​យក​ការ​ស្នើ​សុំ​ការ​ចរចា​ណាមួយពី​មន្រ្តី​គណបក្ស​ប្រឆាំង​ដែល​កំពុង​ប្រឈម​នឹង​ផ្លូវ​ច្បាប់ ​និង​អ្នក​ដែល​ត្រូវ​បាន​តុលាការព្យួរ​សិទ្ធិ​ធ្វើ​នយោបាយ​នោះ​ទេ។​

ក្នុង​ពិធី​សម្ពោធ​សមិទ្ធិផល​នានា​ក្នុង​វត្ត​ឈូកវ៉ា ​រាជធានី​ភ្នំពេញ ​នា​ព្រឹក​ថ្ងៃ​ទី៥​ ខែ​មីនា​នេះ​ លោក ​ហ៊ុន សែន ​ថ្លែង​ថា ​កាលពី​ថ្ងៃ​អាទិត្យ​មាន​អ្នក​ផ្ញើ​លិខិត ​និង​ផ្ញើសារ​ទៅ​លោក​ដើម្បី​សុំ​ឲ្យ​មាន​ការ​ចរចានយោបាយ និង​សុំឲ្យ​លោកអនុញ្ញាត​ឲ្យអ្នកដែល​ត្រូវ​បានព្យួរ​សិទ្ធិ​នយោបាយ​មួយ​ចំនួន ​បាន​ចូល​មក​ធ្វើ​នយោបាយ​វិញ។ ​លោក​បន្ត​ថា ​លោក​បាន​ឆ្លើយ​តប​ត្រឡប់​ទៅវិញ​ថា ​កម្ពុជាមិនទាន់​មានច្បាប់ចែងពីការ​ស្នើឲ្យ​លើក​លែង​ការ​ព្យួរ​សិទ្ធិ​នយោបាយ ​ដូច​ករណី​អ្នក​ជាប់​ពន្ធនាគារដែល​អាច​ស្នើ​ឲ្យ​នាយក​រដ្ឋមន្រ្តីស្នើទៅ​ព្រះ​មហា​ក្សត្រ​ឲ្យ​លើក​លែង​ទោសនោះ​ទេ។

លោក​មាន​ប្រសាសន៍​ដោយ​មិន​បញ្ចេញ​ឈ្មោះ​អ្នក​ដែល​ផ្ញើ​សារ​ទៅ​លោក​ថា៖​ «លោក​ពូ​ជា​ទីគោរព ​ក្មួយ​ចង់​ផ្តល់​ព័ត៌មាន​ជូន​លោក​ពូ​ឲ្យ​បាន​ជ្រាប​ មុន​លោក​ពូ​ចាកចេញ​ទៅ​ប្រទេស​អូស្រ្តាលី។ ​ពួក​យើង​ខ្ញុំ​មួយ​ចំនួន​ក្នុង​ចំណោម​១១៨​នាក់​ ចង់​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ សូម​លោក​ពូ​មេត្តា​ជ្រាប ​និង​ពិចារណា​ដោយ​ក្តី​អនុគ្រោះ ​ដោយគោរព​បំផុត"។ ​អាហ្នឹង​ដូច​ទើប​តែ​និយាយ​អញ្ចឹង។​

ហើយ​ក៏​ឆ្លើយ​ត្រឡប់​ទៅ​វិញ​ថា ​តុលាការ​កាត់​សិទ្ធិ​នយោបាយ​ ពុំ​ទាន់​មាន​ច្បាប់​លើកលែង​ឲ្យ​ទេ»។​

លោក​ ហ៊ុន សែន ​បាន​ប្រកាស​ថា ​ក្រៅ​ពី​ការ​មិន​ចរចាជាមួយមន្រ្តី​គណបក្ស​ប្រឆាំង ​ដែលត្រូវ​បាន​តុលាការព្យួរ​សិទ្ធិ​ធ្វើ​នយោបាយ​ទាំង​ជាង​១០០​នាក់​នោះ​ ​ លោក​ក៏​មិន​ទទួល​យក​ការរៀបចំ​ពី​អន្តរជាតិ​ណាមួយ​ដែល​មាន​បំណង​ឲ្យ​លោក​ជួប​លោក ​សម រង្ស៊ី ​និង​ក្រុម​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង ដើម្បី​ជជែកពី​បញ្ហា​នយោបាយ​នៅ​កម្ពុជា​នោះ​ដែរ។ ​លោក​ថា ​ក្រុម​អតីត​មន្ត្រី​គណ​បក្ស​ប្រឆាំង​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ ដោយ​ប៉ុនប៉ង​ផ្តួល​រំលំ​លោក​ពី​អំណាចតាម​រយៈ​ការ​អំពាវនាវ​ឲ្យ​កងទ័ព​ប្រឆាំង​រាជ​រដ្ឋាភិបាល ​និង​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ធ្វើ​បាតុកម្ម​នៅ​គ្រប់​ទីកន្លែង​ជាដើម។​

លោក​បញ្ជាក់​ថា៖​

«ហើយ​ខ្ញុំ​សុំ​ផ្តាំ​ផ្ញើ​ទៅ​មិត្ត​ភក្តិ​បរទេស​ដែល​មាន​ចេតនា​ណា​មួយ​រៀបចំ​ឲ្យ​មាន​ការ​សន្ទនា​ជាមួយ​ក្រុម​គាត់។​ ​ជាតិ​នេះ ​ខ្ញុំ​នឹង​មិន​ធ្វើ​ទេ!​ ​សុំ​កុំ​មក​និយាយ​ជា​មួយ​ខ្ញុំ។​ ហើយ​ខ្ញុំ​ក៏​មិន​ទទួល​នូវ​ការ​សន្ទនា​ជាមួយជន​បរទេស​ណាក៏​ដោយ​ ដែលប៉ុនប៉ង ​មក​ទាក់ទាញ​ខ្ញុំ​ឲ្យ​ចរចាជាមួយ​អាក្រុម​នេះ»។​

ការ​ថ្លែង​របស់​លោកនាយក​រដ្ឋមន្រ្តី​ ​កើត​ឡើង​បន្ទាប់​ពី​លោក ​សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ​បាន​បង្ហោះ​សារ​លើបណ្តាញ​សង្គម​របស់​លោក​កាល​ពី​ថ្ងៃអាទិត្យ​នេះថា ​ លោក​ត្រៀម​ខ្លួន​ក្នុង​ការជួប​សន្ទនា​ជាមួយ​លោក ​ហ៊ុន សែន ​ដើម្បីរក​ដំណោះ​ស្រាយ​ជូន​ប្រទេស​កម្ពុជា។​

លោក សម រង្ស៊ី អតីតប្រធានគណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅកាន់អ្នកគាំទ្រគណបក្សតាមរយៈវីដេអូបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិត ពីប្រទេសអ៊ីតាលី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។ (រូបដកស្រង់ពីវីដេអូ)

លោក ​សម រង្ស៊ី ​សរសេរ​ក្នុងន័យ​ដើម​ថា៖​

«ខ្ញុំ​ត្រៀម​ខ្លួន​ជានិច្ច ​ជួប​សន្ទនា​ជាមួយ​រដ្ឋាភិបាលលោក​ ​ហ៊ុន សែន​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយមួយ​ដោយ​សន្តិវិធី ​ចំពោះ​វិបត្តិ​ដែល​មិន​ដែល​មាន​ដូច​សព្វ​ថ្ងៃ​ តែ​ជា​ដំណោះ​ស្រាយ​មួយ​ដែល​ភាគី​ទាំងពីរ​អាចទទួល​យក​បាន ​ហើយ​ដែល​មាន​ការ​ធានា​ពី​អន្តរជាតិ​ផង​ដែរ»។​

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាល​ពី​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៧កន្លង​ទៅ​ ​តាម​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ​ដែល​បាន​ចោទ​ថា​ ​គណបក្ស​នេះ​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន។​ ចំណែក​អតីត​មន្រ្តី​ ​និង​តំណាង​រាស្រ្ត​គណបក្ស​នេះ​ចំនួន​១១៨​នាក់​ត្រូវ​បាន​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​ម្នាក់ៗ​៥​ឆ្នាំ​ ​ខណៈ​ដែល​លោក កឹម សុខា​ ដែល​ជា​ប្រធាន​គណបក្ស​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​រង​ការ​ចោទ​ពី​បទ​ល្មើស​ដូច​គ្នា។ ​ការណ៍នេះ​ធ្វើ​ឲ្យ​អតីត​មន្រ្តី​ជាន់ខ្ពស់ ​និង​តំណាង​រាស្រ្ត​គណបក្ស​នេះ​ជាង​ពាក់​កណ្តាល​បាន​ភៀស​ខ្លួនទៅបរទេស។

រូបឯកសារ៖ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ​ចូល​រួម​ជា​វាគ្មិន​នៅ​ក្នុង​កម្មវិធី​វិទ្យុ ហេឡូវីអូអេ នៅ​ក្នុង​បន្ទប់​ផ្សាយ​ VOA នៅ​ក្រុង​ភ្នំពេញ។ (លឹម សុធី/VOA)

លោក​ ឡៅ ម៉ុងហៃ ​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ ​ប្រាប់ ​VOA ​ថា ​រដ្ឋាភិបាល​គួរ​តែ​បើក​ឲ្យ​មាន​ការ​ចរចា​ជាមួយ​គណបក្ស​ប្រឆាំង ​ដើម្បី​បង្ហាញ​ពី​ការ​ដោះស្រាយ​បញ្ហា​នយោបាយដែល​កំពុង​ជាប់​គាំង​ដោយ​ខ្មែរ ​និង​ខ្មែរ។ ​លោក​បន្ថែម​ថា​ ប្រសិន​បើគណបក្ស​កាន់​អំណាច ​និង​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ​មាន​ការចរចាគ្នា​ នោះ​ផល​ប្រយោជន៍​សម្រាប់​ជាតិ ​និង​ប្រជា​ពលរដ្ឋ​នឹង​កើត​មាន។​

លោក​មាន​ប្រសាសន៍​ថា៖​

«អាមេរិក​ក៏​ដោយ ​សហគមន៍​អឺរ៉ុប​ក៏​ដោយ ​តាមពិត​ទៅ​គេ​ជួយ​យើង​ទៅ​វិញ​ទេ។​ គេ​មិន​ចង់​ទៅដាក់​ទណ្ឌកម្ម​អី ​ហើយ​អាច​ឈាន​ទៅ​ដល់​ទណ្ឌ​កម្ម​សេដ្ឋកិច្ច​ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​យើង​លំបាក​វេទនា​នោះ​ទេ។ ​ហើយ​គេ​ទាមទារ​ថា ​យើង​ត្រូវ​គោរព​លទ្ធិ​ប្រជា​ធិបតេយ្យ​ សេរី​ពហុ​បក្ស ​នីតិរដ្ឋ​ គោរព​សិទ្ធិ​មនុស្ស​ហ្នឹង​ផល​ប្រយោជន៍​នរណា? ​មិនមែន​ផល​ប្រយោជន៍​គេ​ឯ​ណា?​ ផល​ប្រយោជន៍​ប្រទេស​យើង។​ ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​ ​ព្រោះ​មុនៗ​ដោយ​សារ​វា​អត់​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ ​អត់​មាន​សិទ្ធិ​មនុស្ស ​អត់​មាន​នីតិ​រដ្ឋ​ហ្នឹង​ហើយ​ បាន​កាប់​សម្លាប់​គ្នា»។​

កាលពី​ថ្ងៃអង្គារ​សប្តាហ៍​មុន ​ក្រុម​ប្រឹក្សា​សហភាព​អឺរ៉ុប​ និង​សហ​រដ្ឋ​អាមេរិកបាន​ជំរុញ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ​និង​ផ្ដាច់​ជំនួយ​អភិវឌ្ឍន៍​ជា​ច្រើន​មក​កម្ពុជា ​ដោយ​ពួកគេ​ចោទថា ​ រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​សកម្ម​ភាព​ប្រឆាំង​នឹង​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​មិន​អើពើ​ជុំវិញ​ការ​ទទូច​ឲ្យ​មាន​ការ​ស្ដារ​លទ្ធិ​ប្រជា​ធិបតេយ្យនៅ​កម្ពុជាឡើង​វិញ។​

មន្រ្តី​ជាន់ខ្ពស់រដ្ឋាភិបាល​លើក​ឡើង​ថា​ ការ​កាត់​ជំនួយ​របស់​អន្តរជាតិ​ដោយ​លើក​ហេតុផល​ថា ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ដើរ​ថយ​ក្រោយ​គឺ​ជា​ការ​វាយ​តម្លៃ​ខុស​ពី​ការណ៍​ពិត ​និង​ថា ​រដ្ឋាភិបាល​កម្ពុជា​កំពុង​អនុវត្ត​ច្បាប់​ឲ្យ​ស្រប​តាម​គោល​ការណ៍​លទ្ធិ​ប្រជា​ធិបតេយ្យ៕