ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឲ្យប្អូនប្រុសលោកបណ្ឌិត កែម ឡី បង្កើតគណបក្សនយោបាយទៅតាមការស្នើសុំ តែថា ការបង្កើតនោះត្រូវអនុវត្តឲ្យស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ។
នៅព្រឹកថ្ងៃសុក្រនេះ ប្អូនប្រុសរបស់លោក បណ្ឌិត កែម ឡី គឺលោក កែម រិទ្ធិសិត បានដាក់លិខិតទៅក្រសួងមហាផ្ទៃស្នើសុំបង្កើតគណបក្សនយោបាយ ដោយមានដាក់ឈ្មោះ និងរូបថតរបស់លោកបណ្ឌិត កែម ឡី ព្រមទាំងមានភ្ជាប់ស្នាមមេដៃចំនួន៨០។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ VOA នារសៀលថ្ងៃសុក្រនេះថា ក្រសួងបានទទួលលិខិតស្នើសុំរបស់លោក កែម រិទ្ធិសិត និងសម្រេចឲ្យលោកបង្កើតគណបក្សនយោបាយ ប៉ុន្តែលោកថា លោក កែម រិទ្ធិសិត ត្រូវអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីគណបក្សនយោបាយ។
លោកមានប្រសាសន៍ថា៖ «ក្រសួងឆ្លើយត្រឹមប៉ុណ្ណឹង មិនជំទាស់ក្នុងការបង្កើតគណបក្សទេ ប៉ុន្តែសុំឲ្យអនុវត្តឲ្យបានត្រឹមត្រូវតាមមាត្រា១១ថ្មី តាមច្បាប់ស្តីពីគណបក្សនយោបាយ»។
មាត្រា១១ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលបានធ្វើវិសោធនកម្មកាលពីចុងខែកក្កដា ឆ្នាំ២០១៧កន្លងទៅ ចែងថា ឈ្មោះរបស់គណបក្សនយោបាយមិនត្រូវធ្វើឡើងដោយយកឈ្មោះរូបវ័ន្តបុគ្គល ឬរូបភាពរបស់រូបវ័ន្តបុគ្គលមកដាក់ឡើយ។
លោក គុជ លី ស្ថាបនិកមួយរូបក្នុងការបង្កើតគណបក្ស កែម ឡី បដិសេធមិនធ្វើអត្ថាធិប្បាយភ្លាមៗក្រោយការសម្រេចរបស់ក្រសួងមហាផ្ទៃនារសៀលថ្ងៃសុក្រនេះ។ ទោះយ៉ាងណា ក្នុងបទសម្ភាសន៍មួយជាមួយ VOA នៅព្រឹកថ្ងៃសុក្រដដែលនេះ លោក គុជ លី ដែលបានប្រកាសថានឹងធ្វើជាអនុប្រធានទី១គណបក្សបង្កើតថ្មីនេះ បញ្ជាក់ថា លោកនឹងផ្លាស់ប្តូរឈ្មោះគណបក្ស ប្រសិនបើមានការតម្រូវណាមួយពីក្រសួង។ ប៉ុន្តែលោកមិនបានបញ្ជាក់ថា លោកនឹងប្តូរដាក់ឈ្មោះអ្វីនោះទេ។
លោក គុជ លី បញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយ VOA ថា៖ «ខ្ញុំដាក់នេះ ក្រសួងនឹងបដិសេធរបស់ខ្ញុំ ប៉ុន្តែដើម្បីឲ្យក្លាយជាគណបក្សស្របច្បាប់ គណបក្សមានប្រវត្តិសាស្រ្តថា គណបក្ស កែម ឡី យើងបានត្រៀមរួចហើយ។ ខ្ញុំនឹងជម្រាបជូនបងនៅពេលដែលក្រសួងសម្រេចចេញ ស.ជ.ណ របស់ក្រសួង ខ្ញុំនឹងជូនលោកមុនគេ»។
ក្នុងកិច្ចសម្ភាសន៍ជាមួយ VOA នៅព្រឹកថ្ងៃសុក្រនេះដែរ លោក កែម រិទ្ធិសិត ដែលប្រកាសថាជាប្រធានគណបក្ស កែម ឡី បញ្ជាក់ថា ការបង្កើតគណបក្សដាក់ឈ្មោះ និងរូបលោក កែម ឡី គឺដើម្បីបំពេញបំណងរបស់លោក កែម ឡី ពេលនៅរស់។
លោកលើកឡើងថា៖ «ខ្ញុំជាប្អូនប្រុសរបស់លោកបណ្ឌិត កែម ឡី ខ្ញុំបានធ្វើការងារជាមួយគ្នាក្នុងរយៈពេល៥ឆ្នាំ ជាអ្នកសិក្សាស្រាវជ្រាវ ជួនកាលយើងទៅតែ២នាក់ ទៅខេត្តឆ្ងាយៗ ដូចជាខេត្តព្រះវិហារ ពេលយើងទៅធ្វើជាវាគ្មិន លោក កែម ឡី គាត់ទៅធ្វើជាវាគ្មិន ហើយខ្ញុំក៏ជាអ្នកទីប្រឹក្សា ក៏ជាអ្នកកត់ត្រាអី តាមផ្លូវក៏យើងបាននិយាយគ្នាច្រើនពីរឿងថា ប្រសិនជាយើងមានលទ្ធភាពអាចនឹងបង្កើតគណបក្ស ក៏យើងធ្វើ។ ហើយយើងក៏បានត្រៀមបម្រុងឯកសារគ្រប់គ្រាន់ជាមួយគ្នា ប៉ុន្តែដោយសារយើងអត់មានពេលវេលា រហូតដល់ពេលគាត់ស្លាប់ទៅ»។
ជំនួសឲ្យលោក កែម រិទ្ធិសិត ដែលសុំមិនបកស្រាយច្រើនពាក់ព័ន្ធនឹងការបង្កើតគណបក្ស កែម ឡី លោក គុជ លី លើកឡើងថា គណបក្ស កែម ឡី បង្កើតឡើងដើម្បីរក្សា និងការពារកេរ្តិ៍ឈ្មោះ កិត្តិយសរបស់លោកបណ្ឌិត កែម ឡី។ លោកបន្ថែមថា អតីតក្រុមគណៈកម្មការបុណ្យសពលោកបណ្ឌិត កែម ឡី និងភរិយារបស់លោកបណ្ឌិត បានធ្វើឲ្យខូចកិត្តិយសរបស់លោកបណ្ឌិត ក្នុងពេលកន្លងមក។
លោក គុជ លី ក៏បានអំពាវនាវឲ្យអ្នកគាំទ្រលោក កែម ឡី ផ្តិតស្នាមមេដៃដើម្បីឲ្យលោកអាចដឹកនាំគណបក្សថ្មីនេះចូលរួមការបោះឆ្នោតជាតិនាពេលខាងមុខ។
លោកបញ្ជាក់ថា៖ «ដើម្បីសម្រេចបំណងរបស់លោកបណ្ឌិត ទី១សូមបងប្អូន ចូលរួមមេត្តាផ្តិតមេដៃ៤ពាន់នាក់ឲ្យបានលឿន នៅពេលនោះបានបង្ហាញថា បើសិនបងប្អូនបានផ្តិតមេដៃចូលរួមគាំទ្របង្កើតគណបក្ស កែម ឡី នេះ ក្នុងរយៈពេលដែលខ្ញុំដាក់ផែនការទី១ជាផែនការយុទ្ធសាស្រ្តរបស់ខ្ញុំ ក្នុងរយៈពេលខែ៣ ខ្ញុំបានគ្រប់គ្រាន់ មានន័យថាខ្ញុំអរគុណបងប្អូន ទី១បង្ហាញជារូបភាពមួយថា ខ្ញុំនឹងដណ្តើមយកជោគជ័យ ២០១៨ និង២០២៣ ខ្ញុំយកឲ្យបាន»។
ការប្រកាសបង្កើតគណបក្ស កែម ឡី នេះ ធ្វើឡើងដោយមានភាពចម្រូងចម្រាស់រវាងលោក កែម រិទ្ធិសិត និងអ្នកស្រី ប៊ូ រចនា ភរិយារបស់លោកបណ្ឌិត កែម ឡី។
អ្នកស្រី ប៊ូ រចនា ដែលកំពុងរស់នៅប្រទេសអូស្រ្តាលីក្រោយទទួលបានសិទ្ធិជ្រកកោនជាមួយកូនប្រុស៥នាក់ ប្រាប់ VOA កាលពីថ្ងៃអង្គារថា អ្នកស្រីមិនពេញចិត្តនឹងការបង្កើតគណបក្សដោយប្រើប្រាស់ឈ្មោះ និងរូបស្វាមីរបស់អ្នកស្រីនោះទេ។
អ្នកស្រីបញ្ជាក់ថា៖ «បើសិនជាគាត់យកឈ្មោះគាត់ គាត់ដាក់ឈ្មោះគាត់ ឬមួយក៏ឈ្មោះអ្នកណានៅក្នុងគ្រួសារគាត់ ក៏យកទៅ ប៉ុន្តែឈ្មោះ កែម ឡី នេះ គឺគាត់បានស្លាប់ទៅហើយ អញ្ចឹងទោះបីស្លាប់ ក៏គាត់នៅមានគ្រួសារ នៅមានប្រពន្ធដែរ ហេតុអីបានយើងអត់សួរយោបល់ពីប្រពន្ធអីអញ្ចឹង ចេះតែយកឈ្មោះប្តីដែលបានស្លាប់ហើយយកទៅបង្កើតជាគណបក្សអញ្ចឹង ហើយខ្ញុំមិនពេញចិត្តទេ ខ្ញុំអត់សប្បាយចិត្តតែម្តង»។
ក្រោយការប្រកាសបង្កើតគណបក្សដែលមានដាក់ឈ្មោះ និងរូបថតរបស់លោក កែម ឡី គេឃើញមានការរិះគន់ និងបង្ហាញពីការមិនគាំទ្រយ៉ាងច្រើននៅលើបណ្ដាញសង្គម Facebook ពិសេសពីសំណាក់អ្នកគោរពស្រឡាញ់លោក កែម ឡី។
លោក មាស នី អ្នកសិក្សាពីការអភិវឌ្ឍសង្គម និងជាដៃគូការងារមួយរូបរបស់លោកបណ្ឌិត កែម ឡី ប្រាប់ VOA ថា លោកមិនធ្លាប់ឭលោក កែម ឡី និយាយពីបំណងចង់ធ្វើជាអ្នកនយោបាយ ឬចង់បង្កើតគណបក្សនយោបាយនោះទេ។ លោកបន្ថែមថា ការបង្កើតគណបក្សនយោបាយដោយដាក់ឈ្មោះ និងរូបថតរបស់លោក កែម ឡី នឹងអាចធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោកបណ្ឌិត។
លោកមានប្រសាសន៍ថា៖ «ការបង្កើតគណបក្សនយោបាយដោយដាក់ឈ្មោះលោក កែម ឡី នៅពេលនេះ ហាក់ដូចជាមិនសូវជាបានលទ្ធផលអីប៉ុន្មាន ហើយក៏ប្រហែលជាធ្វើឲ្យប៉ះពាល់ដល់កិត្តិនាម ក្នុងនាមជាវិរបុរស ដែលពលរដ្ឋធ្លាប់ឲ្យតម្លៃទៅលើគាត់ ខ្លាចធ្វើឲ្យប៉ះពាល់ដល់តម្លៃ និងកិត្តិយសរបស់គាត់»។
លោកកែម ឡី អ្នកសិក្សាស្រាវជ្រាវ និងជាអ្នកវិភាគសង្គមដែលតែងតែរិះគន់ការដឹកនាំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅស្តាម៉ាត ស្ថានីយប្រេងឥន្ធនៈកាល់តិច បូកគោ ក្នុងរាជធានីភ្នំពេញ។ ក្រោយការបាញ់សម្លាប់ភ្លាមៗ សមត្ថកិច្ចចាប់បានបុរសម្នាក់ដែលអះអាងថា ខ្លួនមានឈ្មោះជួប សំលាប់ ហើយថា ការបាញ់សម្លាប់លោកកែម ឡី គឺដោយសារអ្នកវិភាគដ៏ល្បីល្បាញរូបនេះ ជំពាក់លុយខ្លួនចំនួន៣ពាន់ដុល្លារមិនព្រមសង។ ការណ៍នេះធ្វើឲ្យអ្នកគាំទ្រ និងក្រុមគ្រួសាររបស់លោក កែម ឡី មិនអស់ចិត្ត និងបានលើកឡើងថា ជួប សំលាប់ បានប្រឌិតការជំពាក់បំណុលនេះឡើង៕