លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់កាលពីថ្ងៃពុធឱ្យតាមចាប់ជនដៃដល់ដែលបានវាយប្រហារយ៉ាងឃោរឃៅទៅលើអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងចំនួនពីររូបឱ្យរងរបួសជាទម្ងន់។
ការចេញបញ្ជាលាយឡំនឹងការថ្កោលទោសរបស់លោកនាយករដ្ឋមន្ត្រីដ៏មានអំណាចធ្វើឡើងពីរថ្ងៃ ក្រោយពេលដែលតំណាងរាស្ត្រពីររូបរបស់គណបក្សសង្គ្រោះជាតិគឺលោកគង់ សភា និងលោកញ៉យ ចំរើន ត្រូវបានជនល្មើសមួយក្រុមវាយប្រហារកាលពីដើមសប្តាហ៍នេះ។
នៅក្នុងសារដែលបង្ហោះតាមគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននិងផ្សាយតាមទូរទស្សន៍ក្នុងប្រទេសកម្ពុជា លោកហ៊ុន សែនបានបញ្ជាក់ថា៖
«ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំប្រកាសជាផ្លូវការសូមឱ្យសមត្ថកិច្ចតាមចាប់ខ្លួនជនដៃដល់ដែលប្រព្រឹត្តហិង្សាលើអ្នកតំណាងរាស្ត្រទាំងពីររូប។ យើងមិនអាចយោគយល់និងអត់ឱនឱ្យចំពោះអ្នកប្រព្រឹត្តបើទោះបីជាអ្នកនោះ ជាអ្នកណាក៏ដោយទាំងអ្នកគាំទ្រគណបក្សប្រជាជន គាំទ្ររាជរដ្ឋាភិបាលឬគាំទ្របក្សប្រឆាំងឬអ្នកណាក៏ដោយ ដែលប្រព្រឹត្តនូវអំពើដ៏ថោកទាបនេះគឺត្រូវតែចាប់យកមកផ្តន្ទាទោសឱ្យខាងតែបាន»។
ការវាយប្រហារលើអ្នកតំណាងរាស្ត្រទាំងពីររូបបានប្រព្រឹត្តឡើងតែ នៅចន្លោះពេលជាងមួយម៉ោងក្រោយពីមានបាតុកម្មមួយដែលរៀបចំឡើងដោយក្រុមគាំទ្រគណបក្សប្រជាជនកម្ពុជា ទាមទារឱ្យលោកកឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិចុះចេញពីតំណែងអនុប្រធានសភាជាតិ។ ក្រុមបាតុករនោះរួមមានក្រុមយុវជនដែលធ្លាប់ស្បថស្បែរថាគាំទ្រលោកនាយករដ្ឋមន្ត្រីហ៊ុន សែនរហូតដល់ក្ស័យជីវិត។
តាមរូបភាពវីដេអូដែលបានចែកផ្សាយតាមបណ្តាញសង្គមឱ្យឃើញថាក្រុមជនល្មើសដែលប្រដាប់ដោយវិទ្យុទាក់ទងនិងនៅចង្កេះមានចងក្រមាស្រដៀងនឹងក្រុមបាតុករដែរបានស្ទាក់រថយន្តរបស់អ្នកតំណាងរាស្ត្រទាំងពីរនាក់ ហើយអូសទាញចេញពីរថយន្តមកធ្វើការទាត់ធាក់ ខណៈពេលដែលអ្នកតំណាងរាស្ត្រទាំងពីរនោះចេញពីរដ្ឋសភាជាតិ។
មិនទាន់មានអ្នកណាអះអាងថាតើឧប្បត្តិហេតុទាំងពីរមានជាប់ពាក់ព័ន្ធគ្នាឬយ៉ាងណាទេប៉ុន្តែអ្នកប្រើប្រាស់បណ្តាញសង្គមបានប្រៀបធៀបរូបភាពអ្នកចូលរួមបាតុកម្មនិងវីដេអូវាយប្រហារហើយឃើញថាយ៉ាងហោចណាស់មានអ្នកវាយប្រហារម្នាក់មានវត្តមាននៅកន្លែងបាតុកម្ម។
សូមទស្សនាព្រឹត្តិការណ៍ហិង្សាកាលពីថ្ងៃច័ន្ទ៖
Your browser doesn’t support HTML5
សូម្បីសាលារាជធានីភ្នំពេញក៏បានចេញសេចក្តីថ្លែងការណ៍ផ្ទុយគ្នាក្នុងរយៈពេលពីរថ្ងៃពីគ្នានេះដោយសេចក្តីថ្លែងការណ៍លើកទីមួយនៅថ្ងៃច័ន្ទទី២៦ ខែតុលាចាត់ទុកថាបាតុកម្មនោះ មិនមានការជូនដំណឹងប៉ុន្តែនៅថ្ងៃពុធទី២៨ បែរជាចេញសេចក្តីថ្លែងការណ៍ថ្មីដែលថាបាតុកម្មនោះមានការជូនដំណឹងត្រឹមត្រូវ។
លោកហ៊ុន សែនក៏បានថ្លែងដែរថា ការធ្វើបាតុកម្មនាថ្ងៃច័ន្ទនោះ ទំនងជា«ការជះឥទ្ធិពល»ពីការធ្វើបាតុកម្មប្រឆាំងនឹងរូបលោក ជាបន្តបន្ទាប់ ពេលដែលលោកធ្វើទស្សនកិច្ច នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក និងទីក្រុងប៉ារីសប្រទេសបារាំងក្នុងពេលថ្មីៗនេះ។
«ដូច្នេះព្រឹត្តិការណ៍កើតឡើង បាតុកម្មនៅ ទីក្រុងភ្នំពេញអាចជះឥទ្ធិពលពីចំណែកមួយនៃបាតុកម្មដែលរៀបចំ ជាបន្តបន្ទាប់ដោយបក្សប្រឆាំងនៅ ឯទីក្រុងញ៉ូវយ៉ក និងនៅ ឯប្រទេសបារាំង អាចថាវាជាការជះឥទ្ធិពលឬវាជាការគាប់ជួនព្រោះបក្សប្រឆាំងផ្គើនម្តងហើយម្តងទៀត ដោយគ្មានគិតពី កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជាតិនោះទេ»។
មិនទាន់មានប្រតិកម្មថ្មីទៀតពីគណបក្សសង្គ្រោះជាតិនៅឡើយទេប៉ុន្តែលោកសម រង្ស៊ី ប្រធានគណបក្សបានសរសេរក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនលោកកាលពីថ្ងៃទី២៦ខែតុលាថា៖
«បាតុកម្មដែលជនជាតិខ្មែរយើងរៀបចំធ្វើនៅប្រទេសបារាំង តែងតែជាបាតុកម្មអហិង្សា គោរពច្បាប់ និងគោរពគោលការណ៍ប្រជាធិបតេយ្យជានិច្ច មិនដូចបាតុកម្មពួកអ្នកគាំទ្រលោក ហ៊ុន សែន នៅប្រទេសកម្ពុជា ដែលតែងតែប្រើហិង្សាដើម្បីបំភិតបំភ័យប្រជាពលរដ្ឋ ដូចអ្វីដែលលោក ហ៊ុន សែន ខ្លួនឯងបានបំភិតបំភ័យប្រជាពលរដ្ឋ ក្នុងពេលថ្មីៗនេះ ដោយប្រកាសថា នឹងមានសង្គ្រាមបើគណបក្សប្រឆាំងឈ្នះឆ្នោតហើយមកកាន់អំណាច»។
លោកសម រង្ស៊ីបានចោទថា «ដើម្បីរក្សាអំណាចបានច្រើនឆ្នាំទៅមុខទៀត លោក ហ៊ុន សែន កំពុងប្រើវិធី ស្រដៀងពួកហ្វាស៊ីស្ត នៅប្រទេសអ៊ីតាលី ដែលចូលចិត្តប្រើអំពើហិង្សា ទៅលើអ្នកតំណាងរាស្ត្រនិងអ្នកដទៃទៀត ពីឆ្នាំ១៩២២ដល់ឆ្នាំ១៩៤៥»។
អង្គការសង្គមស៊ីវិលទាំងក្នុង និងក្រៅស្រុក ស្ថានទូតក្នុងប្រទេសកម្ពុជាក៏បានចេញញត្តិថ្កោលទោសជាបន្តបន្ទាប់ ប្រឆាំងនឹងការវាយប្រហារយ៉ាងដំណំលើអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងនាថ្ងៃច័ន្ទនោះដែរ៕