លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានបង្កើនការអនុវត្តយុទ្ធសាស្ត្រដាក់មេដឹកនាំនយោបាយជំទាស់ គឺលោក សម រង្ស៊ី ឱ្យស្ថិតនៅឯកោ ដោយសន្យាថា លោកនឹងលើកលែងទោសអ្នកនយោបាយទាំងឡាយណា ដែលសុខចិត្តផ្តាច់ខ្លួនចេញលោក សម រង្ស៊ី។
យុទ្ធសាស្ត្រ ដែលហៅកាត់ជាភាសាអង់គ្លេសថា IF ដែលមានន័យថា ដាក់ឱ្យនៅដាច់ពីគេឯង និងបញ្ចប់មនោគមវិជ្ជានយោបាយជ្រុលនិយមរបស់លោក សម រង្ស៊ី ត្រូវបានលោក ហ៊ុន សែន អះអាងថា ជាយុទ្ធសាស្ត្រថ្មីមួយ ជំនួសឱ្យយុទ្ធសាស្ត្រចាស់ គឺ DIFID ដែលលោក ហ៊ុន សែន ធ្លាប់ប្រើជាមួយក្រុមមេដឹកនាំខ្មែរក្រហម និងគូប្រជែងនយោបាយផ្សេងទៀតកាលពីពេលកន្លងមក។
នៅក្នុងការជួបជុំជាមួយប្រជាពលរដ្ឋក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី ២១ ខែតុលានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា លោកនឹងស្នើសុំព្រះមហាក្សត្រដើម្បីលើកលែងទោសមនុស្សជំនិត និងអ្នកគាំទ្រលោក សម រង្ស៊ី ប្រសិនបើពួកគេសម្រេចចិត្តដើរចេញពីលោក សម រង្ស៊ី ដែលលោកចាត់ទុកថាជាជនក្បត់ជាតិបីជំនាន់។
លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំអាចនឹងពិនិត្យលើកលែងទោសឱ្យអ្នកឯង តែឱ្យបែកចេញពីអាមួយហ្នឹង [លោក សម រង្ស៊ី] ព្រោះខ្ញុំមានអំណាច ដើម្បីចុះហត្ថលេខាស្នើសុំព្រះមហាក្សត្រលើកលែងទោស ក៏ប៉ុន្តែក្នុងលក្ខខណ្ឌដែលអ្នកឯងបំបែកខ្លួនចេញពីអាមួយហ្នឹង ខ្ញុំប្រកាសគោលនយោបាយរបស់ខ្ញុំ»។
លោក ហ៊ុន សែន ក៏បន្តព្រមានខ្លាំងៗទៅកាន់គណបក្សប្រឆាំងក្នុងស្រុកឱ្យមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ជុំវិញការធ្វើទំនាក់ទំនងជាមួយលោក សម រង្ស៊ី ដោយសារលោកបានប្តេជ្ញាបោសសម្អាតចោលឱ្យអស់នូវមនោគមវិជ្ជានយោបាយជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្ថិតក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
លោកថ្លែងទៅកាន់ក្រុមប្រជាពលរដ្ឋ និងមន្ត្រីកម្ពុជាថា៖ «អ៊ីចឹងបានថា អាប្រភេទចង្រៃហ្នឹងថា ត្រូវតែប្តូរផ្តាច់កម្ចាត់ចោលនូវមនោគមវិជ្ជាក្បត់ជាតិបីជំនាន់ ហើយតែម្នាក់ទេ។ ដរាបណាអ្នកឯងមិនព្រមប្រកាសរំសាយចោលនូវនយោបាយ មានឯងអត់អញ ហើយធ្វើការសុំទោសថ្លែងជូនប្រជាពលរដ្ឋថា ចាប់ពីពេលនេះតទៅ ខ្ញុំបញ្ឈប់នូវនយោបាយផ្តួលរំលំរដ្ឋាភិបាល គឺដរាបនោះយើងត្រូវតែកម្ចាត់។ ហើយវិធីកម្ចាត់ គឺវាងាយទេ គឺបានសេចក្តីថា ផ្តាច់ខ្លួនចេញពីអាហ្នឹងមក រាប់ទាំងអ្នកទៅជាមួយមេៗហ្នឹង»។
លោក ហ៊ុន សែន ថ្លែងបន្ថែមថា៖ «ដូចជាកន្លងទៅ កាលដែលសម័យខ្មែរក្រហម គឺក្រុមទាំងឡាយផ្តាច់ខ្លួនចេញពីខ្មែរក្រហម ចេញមកៗៗៗ អាមេ[មេខ្មែរក្រហម]នៅតេងតុងៗៗ ទីបំផុត[មេខ្មែរក្រហម]ទៅស៊ីបាយនៅផ្ទះ ហ៊ុន សែន ឱ្យស៊ីបាយមួយពេលទៅ។ ហើយទៅភ្ជាប់[ខ្លួនជាមួយ លោក សម រង្ស៊ី]ទៀត ភ្ជាប់ទៅនាំគ្នាងាប់នៅក្រៅស្រុកហ្នឹងទៅ។ ហើយអ្នកខាងក្នុង ឬបក្សនយោបាយហ៊ានតែភ្ជាប់ ប្តឹងទៅតុលាការរំលាយចោលតែម្តង!»។
បើតាមលោកហ៊ុន សែន មានភ័ស្តុតាងមួយចំនួនបង្ហាញថា អ្នកក្នុងប្រទេស និងគណបក្សមួយដែលលោកមិនបញ្ចេញឈ្មោះ បានទាក់ទងជាមួយក្រុមរបស់លោក សម រង្ស៊ី ត្រូវបានមនុស្សរបស់លោកយកបានតាមការប្រជុំ Zoom។ ប៉ុន្តែលោកមិនទាន់មានវិធានការបន្ទាន់ណាមួយទេ ដោយរង់ចាំមើលស្ថានការណ៍វិវត្តចុងក្រោយរបស់គណបក្សនោះ។
កាលពីថ្ងៃព្រហស្បតិ៍ លោក ហ៊ុន សែន បានប្រាប់សន្និសីទព័ត៌មាន ក្រោយការចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតសារជាថ្មីថា លោកអាចរួមតុបាយជាមួយមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម លោក ខៀវ សំផន លោក នួន ជា និងលោក អៀង សារី បាន នៅក្នុងគេហដ្ឋានរបស់លោក ក៏ប៉ុន្តែលោក សម រង្ស៊ី នឹងគ្មានឱកាសដូចក្រុមមេដឹកនាំខ្មែរក្រហមនោះទេ។
អតីតសមាជិកគណៈកម្មាធិការនាយករបស់គណបក្សសង្គ្រោះជាតិ លោក ម៉ន ផល្លា ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការសន្យារបស់លោក ហ៊ុន សែន មានចេតនាលួងចិត្តសហគមន៍អន្តរជាតិ និងបំភាន់មតិជាតិ ក្នុងគោលបំណងបំបែកកម្លាំងអ្នកប្រជាធិបតេយ្យតែប៉ុណ្ណោះ។
លោកបន្ថែមថា លោក ហ៊ុន សែន គ្មានឆន្ទៈស្មោះត្រង់ទៅលើអ្នកនយោបាយដែលមាននិន្នាការផ្ទុយនឹងលោកនោះទេ ព្រោះមេដឹកនាំគណបក្សប្រជាជនកម្ពុជារូបនេះ ច្រើនតែប្រើប្រាស់យុទ្ធសាស្ត្របំបែកបំបាក់ តាមរយៈការទិញទឹកចិត្ត និងប្រើប្រាស់ប្រព័ន្ធតុលាការតាមតែអំពើចិត្ត ដើម្បីរារាំងថ្នាក់ដឹកនាំនិងសកម្មជនអតីតគណបក្សសង្គ្រោះជាតិមិនឱ្យចូលប្រកួតប្រជែងការបោះឆ្នោត គិតចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ ២០១៧ មក។
លោក ម៉ន ផល្លា ថ្លែងថា៖ «ដូច្នេះគាត់ជានិច្ចកាលតែងតែប្រើតុលាការដើម្បីដាក់បន្ទុក មកលើពួកយើងខ្ញុំទាំងអស់គ្នា ដែលជាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។ ហើយបន្ទាប់មក គាត់ធ្វើឱ្យតុលាការនេះសម្រេចចិត្តផ្តន្ទាទោសទៅតាមអ្វីដែលគាត់ចង់បាន»។
លោក ម៉ន ផល្លា បានថ្លែងទៀតថា បើលោក ហ៊ុន សែន ចិត្តសឿង លោកត្រូវទម្លាក់រាល់ការចោទប្រកាន់លើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងអស់ ដែលមាននៅតុលាការក្រុងភ្នំពេញ ហើយត្រូវបើកផ្លូវឱ្យថ្នាក់ដឹកនាំគណបក្សប្រឆាំងទាំងអស់វិលចូលប្រទេសកម្ពុជាវិញ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ ២០២៣ ខាងមុខនេះ ដោយមិនចាំបាច់តម្រូវឱ្យនរណាម្នាក់ផ្តាច់ខ្លួនចេញពីលោក សម រង្ស៊ី នោះឡើយ។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ និងជាស្ថាបនិកមួយរូបនៃគណបក្ស «កែទម្រង់កម្ពុជា» យល់ថា អ្នកនយោបាយកម្ពុជា គួរងាកមកចរចាគ្នា ដើម្បីផលប្រយោជន៍កម្ពុជា ជាជាងការចង់ឈ្នះចង់ចាញ់ ឬការផ្តាច់ជីវិតនយោបាយគ្នានោះ។
លោកថ្លែងថា៖ «ការកម្ទេចគ្នាទៅវិញទៅមក វាមិនមានអ្វីចំណេញសម្រាប់ប្រទេសជាតិទេ វាចំណេញតែក្រុម ចំណេញតែអីហ្នឹង ប៉ុន្តែប្រទេសជាតិរងនូវផលប៉ះពាល់ទាំងសេដ្ឋកិច្ចមុខមាត់លើឆាកអន្តរជាតិសុទ្ធតែប៉ះពាល់ហើយ»។
ដោយឡែក អ្នកវិភាគនយោបាយ លោក សេង សារី ថ្លែងថា ឆ្នាំងនយោបាយកម្ពុជាបច្ចុប្បន្ន កំពុងឡើងកម្តៅ ដោយសារតែការវាយប្រហារគ្នាដោយពាក្យសម្តីឌឺដងដាក់គ្នារវាងមេដឹកនាំនយោបាយជំទាស់លោក សម រង្ស៊ី និងមេបក្សកាន់អំណាច ដែលលោកយល់ថាមិនខុសពីកម្តៅនយោបាយរវាងកងកម្លាំងប្រដាប់អាវុធរបស់ភាគីខ្មែរក្រហម រដ្ឋកម្ពុជា ជាមួយនឹងចលនាភាគីតស៊ូតាមព្រំដែន កាលពីអតីតកាលនោះទេ។
លោក សេង សារី បានថ្លែងបន្ថែមថា៖ «ក៏ប៉ុន្តែសំណួរសួរថា តើអ្នកដែលហ៊ានដើរចេញពីចលនាលោក សម រង្ស៊ី ទៅចូលរួមបក្សថ្មី? ទៅចូលរួមជាមួយគណបក្សកាន់អំណាចក្តី ទៅចូលរួមជាមួយសម្ព័ន្ធគណបក្សថ្មីដែលឃើញមានការរៀបចំក្តី ហ្នឹងថាតើពួកគាត់អាចនឹងមានជីវិតបន្តក្នុងឆាកនយោបាយប៉ុណ្ណា? អាហ្នឹងសំណួរដែលសួរទៅអ្នកនយោបាយ ដែលនឹងដើរចេញពីលោក សម រង្ស៊ី។ អ៊ីចឹងហើយលោក សម រង្ស៊ី ជាអ្នកនយោបាយប៉ះរលាយ ប៉ះរលត់ បានន័យថា អ្នកដើរចេញពីចលនា សម រង្ស៊ី តែងតែបាត់ឈ្មោះចេញពីឆាកនយោបាយ អាយុនយោបាយរបស់ខ្លួននឹងខ្លី។ អ៊ីចឹងហើយចំណុចនេះ ខ្ញុំមើលទៅ វាជាការរាំងស្ទះនៃការអនុវត្តយុទ្ធសាស្ត្រ IFដែរ»។
បើតាមលោក សេង សារី យុទ្ធសាស្ត្រ IF ដែល Isolate ឬធ្វើឱ្យឯកោ និង Finish ឬបញ្ចប់ ដែលជាយុទ្ធសាស្ត្រចាស់របស់គណបក្សប្រជាជនកម្ពុជានេះ តែងតែប្រើជាមួយគណបក្សប្រឆាំង ដោយគ្រាន់តែគ្រាន់តែប្តូរឈ្មោះ និងគ្រាន់តែដូររូបរាងបន្តិចបន្តួចតែប៉ុណ្ណោះ។ យុទ្ធសាស្ត្រកន្លងមករួមមាន ៣ B និង ២D គឺ Bully ឬសម្លុតគំរាមកំហែង Buy ឬការព្យាយាមទិញ Bargaining ឬការចរចា និង ២D គឺ Divide ឬការបំបែក និង Destroy ឬការបំផ្លាញ ដែល ២ D គឺជាយុទ្ធសាស្ត្រ IF នេះ។
ចំណែកអ្នកវិភាគនយោបាយមួយរូបទៀតគឺលោក មាស នី យល់ថា អ្នកនយោបាយគួរតែស្វែងរកច្រកថ្មី ដើម្បីអាចទាញយកផលប្រយោជន៍ និងអាចនាំប្រជាធិបតេយ្យមកកម្ពុជា។ លោកបន្ថែមថា ស្ថានភាពនយោបាយនៅពេលនេះ គឺមានផលខាត និងផលចំណេញ ហើយគណបក្សកាន់អំណាច មិនគួរប្រើនយោបាយកម្ទេចដៃគូនោះទេ ព្រោះវាផ្តល់នូវបញ្ហាប្រឈមច្រើនទៀត និងមិនប្រាកដថា ការកម្ទេចនេះទទួលបានជោគជ័យឬយ៉ាងណាទេ តែផ្ទុយទៅវិញ វាអាចជះផលទាំងឡាយត្រឡប់ទៅខ្លួនវិញក៏ថាបាន។
លោក មាស នី បានប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា៖ «នៅពេលការតស៊ូនៅខាងក្រៅមិនអាចទៅរួចទេ លទ្ធភាពនៃការចូលមកខាងក្នុង ហើយធ្វើការតស៊ូរួមគ្នាជាមួយគណបក្សដទៃ ក៏វាជាជម្រើសមួយដែរ អានេះវាមានចំណេញ វាមានខាត។ ប៉ុន្តែបើយើងនិយាយអំពីការរំដោះប្រជាធិបតេយ្យ វាមិនមែនមានច្រកតែមួយ ទាល់តែអ្វីៗ គឺត្រូវចាំឯកឧត្តម សម រង្ស៊ី ទាំងអស់ ក៏វាមិនច្បាស់ថា ប្រជាធិបតេយ្យអាចវិលត្រឡប់មកវិញបានដែរ បើយើងមើលពីភាពតានតឹងនៃមេដឹកនាំទាំងពីរហ្នឹង»។
គួររំលឹកផងដែរថា ក្រោយគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយចោលតាមបណ្តឹងរដ្ឋាភិបាលដែលចោទថា គណបក្សនេះមានបំណងផ្តួលរំលំរដ្ឋាភិបាលដោយមានបរទេសនៅពីក្រោយនោះ លោក សម រង្ស៊ី ថ្នាក់ដឹកនាំ មន្ត្រី និងសកម្មជនអតីតគណបក្សប្រឆាំងនេះមួយចំនួនបានភៀសខ្លួនទៅក្រៅប្រទេសក្នុងនោះមានអូស្ត្រាលី បារាំង សហរដ្ឋអាមេរិក និងកាណាដា ដើម្បីបន្តសកម្មភាពនយោបាយ។ រីឯសកម្មជនក្នុងស្រុកខ្លះត្រូវជាប់ពន្ធនាគារ និងអ្នកខ្លះទៀតរក្សាភាពស្ងៀមស្ងាត់ ដោយមិនហ៊ានធ្វើសកម្មភាពនយោបាយទៀតទេ៕
លោក ហ៊ុន សែន អំពាវនាវឱ្យអ្នកនយោបាយជំទាស់ផ្តាច់ខ្លួនចេញពីលោក សម រង្ស៊ី ជាថ្នូរនឹងការលើកលែងទោស
ភ្នំពេញ —