លោក ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានហៅលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិថា ជា «មេភេរវកម្ម» និងបានព្រមានចាប់បញ្ជូនខ្លួនលោក មកកាត់ទោសនៅកម្ពុជា ប្រសិនបើអតីតប្រធានគណបក្សប្រឆាំងរូបនេះធ្វើដំណើរទៅប្រទេសអាស៊ីណាមួយ។
លោក ហ៊ុន សែន ថ្លែងបែបនេះក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិត និងសម្ពោធអគារទេពកោសល្យវិស្វកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ លោកលើកឡើងថា កម្ពុជា និងបណ្តាប្រទេសផ្សេងៗកំពុងមានទំនាក់ទំនងល្អក្នុងការដោះដូរទំនិញផ្សេងៗ ប៉ុន្តែលោកថា លោក សម រង្ស៊ី តែងអំពាវនាវឲ្យបរទេសដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា និងបញ្ឈប់ការបញ្ជាទិញទំនិញផ្សេងៗ។ លោកបន្ថែមថា ការអំពាវនាវឲ្យដាក់សម្ពាធលើរដ្ឋាភិបាលនឹងអាចធ្លាក់លើលោក សម រង្ស៊ី ខ្លួនឯង និងបានព្រមានលោក សម រង្ស៊ី កុំបង្ហាញខ្លួននៅប្រទេសក្នុងអាស៊ី។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖
«ខ្ញុំសូមផ្តាំកុំមកអាស៊ីឲ្យសោះ សូមកុំមកក្បែរអាស៊ី។ បើអ្នកឯងតាំងខ្លួនជាភេរវករហើយ ខ្ញុំនឹងតាមយកអ្នកឯងទាល់តែបាន។ ឥឡូវនេះគេកំពុងប្រកាសខ្លួនជាមេភេរវករហើយ មិនមែនត្រឹមតែជាអង្គការក្រៅច្បាប់ ជាភេរវករតែម្តង ជាអង្គការភេរវកម្ម សូមអញ្ជើញធ្វើចុះ។ ខ្ញុំថា មិនចង់បញ្ជូនសារហ្នឹងចេញទេ ព្រោះខ្ញុំចង់ឲ្យវាស្ងប់ ឲ្យវាមក។ ប៉ុន្តែបើវាជ្រុលហើយ ថាឲ្យវាតែម្តងទៅ កុំឲ្យវាមក។ ជនភេរវករ យើងអាចតាមចាប់ខ្លួននៅទីកន្លែងនេះ ឬទីកន្លែងនោះ»។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅបរទេសបានទេ រហូតដល់ល្ងាចថ្ងៃព្រហស្បតិ៍នេះ។
នាយឧត្ដមសេនីយ៍ ខៀវ សុភ័គ ប្រាប់ VOA ថា កម្ពុជាមានបត្យាប័នជាមួយបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីដើម្បីចាប់បញ្ជូនអ្នកប្រព្រឹត្តបទល្មើស ឬអ្នកទោសពីប្រទេសទាំងនោះមកកម្ពុជា។ លោកបន្ថែមថា កម្ពុជាក៏នៅតែអាចស្នើឲ្យរដ្ឋាភិបាលនៃប្រទេសតំបន់អាស៊ីណាមួយចាប់បញ្ជូនជនល្មើស ឬអ្នកទោសមក ដោយមិនចាំបាច់មានបត្យាប័ន។
កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ លោក សម រង្ស៊ី បានប្រកាសបង្កើតចលនាសង្គ្រោះជាតិជាផ្លូវការនៅក្រៅប្រទេស។ លោកអះអាងថា ការបង្កើតចលនាសង្គ្រោះជាតិគឺដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ទាមទារឲ្យមានការដោះលែងលោក កឹម សុខា និងទាមទារឲ្យគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយកាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំកន្លងទៅ អាចចូលរួមក្នុងការបោះឆ្នោតឡើងវិញ៕