លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសគាំទ្រកូនប្រុសច្បងរបស់លោកគឺលោក ហ៊ុន ម៉ាណែត ឲ្យធ្វើជានាយករដ្ឋមន្រ្តីបន្តប៉ុន្តែត្រូវមានការប្រកួតប្រជែងតាមការបោះឆ្នោត។
ក្នុងពិធីសម្ពោធសមិទ្ធផលក្នុងខេត្តព្រះសីហនុជាប់មាត់សមុទ្រ លោក ហ៊ុន សែន ដែលកាន់អំណាចជាង៣៦ឆ្នាំមកហើយបានប្រតិកម្មនឹងការរិះគន់ដែលថាលោក«ពង្រឹងអំណាច»ដូច្នេះលោកប្រកាសតែម្តងថាកូនប្រុសរបស់លោកនឹងជាបេក្ខជននាយករដ្ឋមន្រ្តីមួយរូបបន្ទាប់ពីលោកឈប់ធ្វើជានាយករដ្ឋមន្រ្តីដែលជាតំណែងលោកធ្លាប់ប្រកាសថាធ្វើដោយមិនកំណត់ពេល។
លោកថ្លែងថា៖ «រឿង ហ៊ុន ម៉ាណែត និយាយឲ្យច្បាស់ថ្ងៃនេះតែម្តងហ៊ុន ម៉ាណែតជាបេក្ខជនមួយក្នុងចំណោមបេក្ខជននាយករដ្ឋមន្រ្តីដោយមានការគាំទ្រពីឪពុករបស់ខ្លួន»។
លោកបន្តថា៖ «ប៉ុន្តែ ហ៊ុន ម៉ាណែត ត្រូវរត់ជាមួយកូនពួកអ្នកទាំងអស់ហ្នឹងព្រោះប្រទេសយើងប្រទេសប្រជាធិបតេយ្យ សេរីពហុបក្ស មិនកាន់អំណាចដោយគ្មានការប្រកួតបោះឆ្នោតទេ»។
លោក ហ៊ុន ម៉ាណែត អាយុ៤៤ឆ្នាំដែលបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអាមេរិក West Point មានតំណែងជាអគ្គមេបញ្ជាការរងកងទ័ពនិងជាមេបញ្ជាការកងទ័ពជើងគោក។ លោកត្រូវបានតែងតាំងជាប្រធានចលនាយុវជនថ្នាក់កណ្ដាលរបស់គណបក្សប្រជាជនកម្ពុជាកាលពីខែមិថុនា ឆ្នាំ២០២០។
ខណៈលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាកំពុងអង្គុយពីក្រោយ លោក ហ៊ុន សែន នាព្រឹកថ្ងៃព្រហស្បតិ៍ក៏បានលើកឡើងថា លោកស ខេង មិនអាចធ្វើជានាយករដ្ឋមន្រ្តីទេដោយសារនៅពេលលោកហ៊ុន សែនឈប់ធ្វើនាយករដ្ឋមន្រ្តីក្នុងរយៈពេលយ៉ាងតិច១០ឆ្នាំទៀតលោក ស ខេង មានវ័យចំណាស់រួចទៅហើយ។
លោកបញ្ជាក់ថា៖ «ហើយអ៊ីចឹង[លោក ស] ខេងមកធ្វើនាយករដ្ឋមន្រ្តីអីទៀត!បើគង់តែខេងមកធ្វើនាយករដ្ឋមន្រ្តីខ្ញុំបន្តទៅ វាមិនស្រួលជាង?»
លោក អៀ សុផល អ្នកតាមដាននយោបាយកម្ពុជានិងជាព្រឹទ្ធបុរសរងទទួលបន្ទុកផ្នែកអភិវឌ្ឍន៍នៅសាកលវិទ្យាល័យរដ្ឋ Arizona ប្រាប់វីអូអេតាមសារអ៊ីម៉ែលដោយប្រៀបធៀបករណីដឹកនាំប្រទេសក្រោយពីលោក ហ៊ុន សែនទៅនឹងប្រទេសសិង្ហបុរីដែលលោក Lee Hsieng Loon ធ្វើជានាយករដ្ឋមន្រ្តីបច្ចុប្បន្ននិងជាកូនរបស់ថ្នាក់ដឹកនាំមុន។លោកបន្ថែមថា លោក ហ៊ុន ម៉ាណែតប្រាកដជាមានអ្នកគាំទ្របេក្ខភាពរបស់លោកសម្រាប់នាយករដ្ឋមន្រ្តី ព្រោះលោកជាកូនរបស់លោកហ៊ុន សែន។
លោកបញ្ជាក់ថា៖ «ពួកគេជឿជាក់អំពីការពង្រឹងអំណាចរបស់ពួកគេតាមរយៈការបន្តដឹកនាំដោយត្រកូល ហ៊ុន»។
អ្នកវិភាគនយោបាយលោក សេង សារី ថ្លែងថាការប្រកាសរបស់លោក ហ៊ុន សែន ជារឿងល្អមួយ ព្រោះគណបក្សប្រឆាំងបានដឹងថាតើនរណាជាគូប្រជែងរបស់ខ្លួនក្នុងពេលអនាគតហើយងាយស្រួលក្នុងការត្រៀមបេក្ខជនបន្តវេនរបស់ខ្លួនក្នុងការតស៊ូប្រកួតប្រជែងនយោបាយ។លោកបញ្ជាក់ថា វាត្រូវធានាថាការប្រកួតប្រជែងនោះធ្វើឡើងតាមការបោះឆ្នោតមិនមែនស្នងតំណែងឡើយ៕