ជំនួយ​មនុស្សធម៌​កំពុង​ទៅ​ដល់​តំបន់​ហ្កាហ្សា

រូបឯកសារ៖ ជនជាតិ​ប៉ាឡេស្ទីន​ប្រមូល​ផ្តុំគ្នា​នៅ​ឆ្នេរសមុទ្រ​នៃ​តំបន់​ហ្កាហ្សា​ដោយ​រំពឹង​ទទួល​ជំនួយ​តាម​ផែ​បណ្តែតទឹក​ដែល​សាងសង់​ដោយ​យោធាអាមេរិក នៅភាគកណ្តាល​តំបន់ហ្កាហ្សា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។

ជំនួយ​មនុស្សធម៌​កំពុង​ចាប់ផ្តើម​ចូលទៅ​ដល់​តំបន់​ហ្កាហ្សា តាម​រយៈ​កំពង់​ផែ​បណ្តោះ​អាសន្ន​ដែល​ត្រូវបាន​សាងសង់​ឡើង​ដោយ​សហរដ្ឋ​អាមេរិក។ នេះ​បើយោង​តាមមន្ត្រី​សហរដ្ឋ​អាមេរិក។

លោក Jake Sullivan ទី​ប្រឹក្សា​សន្តិសុខ​ជាតិ បាន​និយាយ​កាលពីថ្ងៃពុធ​នៅ​ឯ​សេតវិមាន​ថា៖ «ជំនួយកំពុង​ទៅ​ដល់។ វា​មិន​ទៅដល់​ក្នុង​អត្រា​ដែល​ពួកយើង​នឹង​ពេញ​ចិត្ត​នោះ​ទេ ព្រោះ​យើងតែង​តែ​ចង់បានការ​បញ្ជូន​ជំនួយ​លឿន​ជាងនេះ»។

ក្រសួង​ការពារជាតិ​សហរដ្ឋ​អាមេរិក​បាន​ប៉ាន់ប្រមាណ​ថា ជំនួយ​ជាង ៨០០ តោន ​អាច​នឹង​ទៅ​ដល់​តំបន់​ហ្កាហ្សា ​នៅ​យប់​ថ្ងៃ​ពុធ។

អនុឧត្តម​នាវី​ឯក​លោក Brad Cooper នៃកង​ទ័ពជើង​ទឹក​សហរដ្ឋ​អាមេរិក ​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​សង្ឃឹមថា​នឹងបញ្ជូន​ជំនួយប្រហែល ៥០០ តោន ជា​រៀង​រាល់​ថ្ងៃ​តាម​កំពង់ផែ​នេះ ឬ​ប្រហែល ៩០ រថ​យន្ត​ ក្នុងមួយថ្ងៃ។ នេះ​បើយោង​តាម​សេចក្តី​រាយការណ៍​របស់​ទូរទស្សន៍ CNN ។

ជំនួយ​នេះ​បាន​ទៅដល់ ចំ​ពេល​ដែល​តំបន់​ហ្កាហ្សា​ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ជិត​ធ្លាក់​ក្នុង​គ្រោះ​ទុរ្ភិក្ស។ មន្ត្រី​ជំនួយ​មនុស្សធម៌​មួយ​ចំនួន​និយាយ​ថា គ្រោះ​ទុរ្ភិក្ស​បាន​កើត​ឡើង​នៅ​កន្លែង​ខ្លះ​រួច​ទៅ​ហើយ។

ទន្ទឹមគ្នា​នោះ​ដែរ រថក្រោះ​របស់​យោធា​អ៊ីស្រាអែល​បានឈាន​ទៅមុខចូល​ទៅ​ក្នុង​ទីក្រុង​ Rafah ភាគ​ខាងត្បូង​តំបន់​ហ្កាហ្សា កាល​ពីយប់​ថ្ងៃពុធ។ នេះបើ​យោងតាម​ទី​ភ្នាក់ងារ​សារព័ត៌មាន Reuters ។

អ៊ីស្រាអែល​និយាយ​ថា ខ្លួន​គ្មានជម្រើស​អ្វី​ក្រៅពីវាយ​ប្រហារ​ទីតាំង​នេះ​នៅ​តំបន់​ហ្កាហ្សា ដែល​ខ្លួនជឿ​ថា​សមាជិក​ក្រុមហាម៉ាស់​កំពុង​លាក់​ខ្លួន បើទោះ​បី​ជា​មាន​ជនជាតិ​ប៉ាឡេស្ទីន​ជា​ច្រើនកំពុងជ្រក​កោន​នៅ​ទីនោះ​ក៏ដោយ។

ស្ទើរ​តែ​ពាក់​កណ្តាល​នៃ​ប្រជាជន​ប៉ាឡេស្ទីន​ជាង ២លាន ៣​សែន​នាក់​នៅ​តំបន់​ហ្កាហ្សា បាន​ស្វែង​រក​ការជ្រក​កោន​នៅទីក្រុង​ Rafah រហូត​មកដល់​ពេល​បច្ចុប្បន្ន​នេះ។ ចាប់​តាំង​ពីអ៊ីស្រាអែល​បានចាប់​ផ្តើម​ប្រតិបត្តិការ​យោធា​របស់ខ្លួនលើ​ទីក្រុង Rafah មក​មនុស្ស​ប្រហែល ៨សែន​នាក់ ​បានភៀស​ខ្លួន​ម្តង​ទៀត។

សង្រ្គាមរវាង​អ៊ីស្រាអែល​និង​ក្រុមហាម៉ាស់​បាន​ចាប់ផ្តើម​កាលពី​ខែតុលា ឆ្នាំ​ ២០២៣ នៅ​ពេល​ដែល​ក្រុម​ហាម៉ាស់​បាន​បើក​ការវាយ​ប្រហារ​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​នៅភាគ​ខាងត្បូង​អ៊ីស្រាអែល​ ដោយ​បាន​សម្លាប់​មនុស្ស​ប្រមាណ ១.២០០នាក់ ហើយ​មនុស្ស​ប្រមាណ​ ២៥០ នាក់ ត្រូវ​បាន​ចាប់​ធ្វើជា​ចំណាប់​ខ្មាំង។ ការឆ្លើយ​តប​របស់​អ៊ីស្រាអែល​ចំពោះ​ការវាយ​ប្រហារ​នោះ​បានសម្លាប់​ជនជាតិ​ប៉ាឡេស្ទីន​ប្រហែល ៣៥.០០០នាក់ នេះ​បើ​យោង​តាម​ក្រសួង​សុខាភិបាល​តំបន់ហ្កាហ្សា​ដែល​គ្រប់គ្រង​ដោយ​ក្រុមហាម៉ាស់៕