អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights watch នៅថ្ងៃសិទ្ធិមនុស្សអន្តរជាតិនេះ បានទាមទារឲ្យអាជ្ញាធរកម្ពុជាទម្លាក់បទចោទប្រកាន់លើមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ជាបន្ទាន់និងដោយឥតលក្ខខណ្ឌ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានដែលចេញដោយអង្គការ Human Rights watch នៅថ្ងៃអង្គារនេះ។
ការទាមទាររបស់អង្គការនេះ កើតឡើងមួយថ្ងៃក្រោយមក បន្ទាប់ពីសាលាឧទ្ធរណ៍សម្រេចច្រានចោលពាក្យបណ្តឹងរបស់ក្រុមមេធាវីការពារក្តីលោក កឹម សុខា ដែលប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចនាំលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងដែលត្រូវបានរំលាយកាលពីឆ្នាំ២០១៧ យកមកកាត់ទោស។
តុលាការក្រុងភ្នំពេញបានសម្រេចយកថ្ងៃ១៥ ខែមករា ឆ្នាំ២០២០ ដើម្បីកាត់ក្តី លោក កឹម សុខា ក្នុងសំណុំរឿងក្បត់ជាតិដែលបានអូសបន្លាយអស់រយៈពេលជាងពីរឆ្នាំមកនេះ។
ការចោទប្រកាន់ទៅលើលោកកឹម សុខា ត្រូវបានអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកនិងអន្តរជាតិ និងសហគមន៍អន្តរជាតិហៅថាជាការចោទប្រកាន់ដែលមានចរិតនយោបាយ។
លោក Phil Robertson អនុប្រធានប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights watch ត្រូវបានស្រង់សម្តីដើមនៅក្នុងសេចក្តីប្រកាសព័ត៌មាននោះថា៖ «ការចោទប្រកាន់ប្រឆាំងនឹងលោក កឹម សុខា គឺជាលេសដែលគួរឲ្យសង្ស័យមួយដើម្បីវាយប្រហារទៅលើអ្នកនយោបាយប្រឆាំង»។
លោកបានបន្ថែមទៀតថា៖ «លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវតែបង្ហាញសហគមន៍អឺរ៉ុបថា លោកពិតជាត្រៀមខ្លួនដើម្បីបញ្ចប់យុទ្ធនាការនៃការបង្ក្រាបនយោបាយទៅលើក្រុមប្រឆាំង»។
លោក កឹម សុខា ត្រូវបានឃុំខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយតុលាការបានចោទប្រកាន់ថា លោកបានឃុបឃិតជាមួយបរទេសដើម្បីរៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាល។
នៅខែកញ្ញា ឆ្នាំ២០១៨ លោក កឹម សុខា ត្រូវបានអាជ្ញាធរផ្ទេរពីពន្ធនាគារមកដាក់ឲ្យស្ថិតក្នុងការឃុំឃាំងក្នុងផ្ទះជំនួសវិញ ដោយមិនអនុញ្ញាតឲ្យលោកប្រាស្រ័យទាក់ទងជាមួយនឹងអ្នកគាំទ្រ ឬចូលរួមសកម្មភាពនយោបាយអ្វីនោះទេ។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ លោក កឹម សុខា ត្រូវបានអនុញ្ញាតឲ្យរួចផុតពីការឃុំឃាំងក្នុងផ្ទះក្រោមលក្ខខណ្ឌថា លោកមិនអាចចាកចេញពីប្រទេសកម្ពុជា មិនអាចចូលរួមក្នុងសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅរបស់សមត្ថកិច្ច។
ការសម្រេចរបស់តុលាការកម្ពុជាដែលបានអនុញ្ញាតឲ្យលោក កឹម សុខា អាចដើរចេញពីផ្ទះបាន ធ្វើឡើងស្របពេលដែលសហភាពអឺរ៉ុបត្រៀមចេញសេចក្តីរាយការណ៍លើកទីពីរអំពីការវាយតម្លៃលើស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោមឋានៈអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ» ឬ ហៅថា EBA។
រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានពេលបីខែ បន្ទាប់ពីទទួលបានរបាយការណ៍នោះ ដើម្បីឆ្លើយតបនឹងសហគមន៍អឺរ៉ុបក្រោមក្របខណ្ឌឋានៈអនុគ្រោះពន្ធ EBAនេះ រហូតដល់សហគមន៍អឺរ៉ុបចេញសេចក្តីសម្រេចចុងក្រោយថាតើត្រូវដកហូតឋានៈអនុគ្រោះពន្ធនេះឬយ៉ាងណានៅខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ៕