នាវាដឹករ៉ែដ៏ធំមួយរបស់កូរ៉េខាងត្បូងដែលមានមនុស្ស២៤នាក់នៅលើនោះបានបាត់នៅមហាសមុទ្រអាត្លង់ទិចខាងត្បូង (South Atlantic) បន្ទាប់ពីនាវានេះបានទាក់ទងជាមួយនឹងអាជ្ញាធរក្នុងចម្ងាយប្រមាណ២៥០០គីឡូម៉ែត្រពីឆ្នេរនៃប្រទេសអ៊ុយរូហ្គាយ។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការ Yonhap របស់រដ្ឋាភិបាលក្រុងសេអ៊ូល បានឲ្យដឹងថា នាវា Stellar Daisy ទម្ងន់ជាង២សែនតោនត្រូវបានគេទាក់ទងចុងក្រោយបំផុតកាលពីថ្ងៃសុក្រ នៅពេលដែលសមាជិកនាវាម្នាក់បានផ្ញើសារមកថា នាវានោះបានទ្រេតយ៉ាងខ្លាំងទៅរកកំពង់ផែនិងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដែលអាចលិចលង់។ នាវានេះបានចាកចេញពីប្រទេសប្រេស៊ីលកាលពីថ្ងៃទី២៦ ខែមីនា។
ទីភ្នាក់ងារសារព័ត៌មាន Yonhap ក្រោយមកបានរាយការណ៍ថា សមាជិក២នាក់ត្រូវបានរកឃើញបណ្តែតទឹកនិងត្រូវបានជួយសង្គ្រោះ។ ប៉ុន្តែទូកសង្គ្រោះនិងក្បូនដទៃទៀតដែលត្រូវបានរកឃើញនៅក្នុងតំបន់នោះគ្មានមនុស្សនោះទេ គឺទទេ។
ក្រសួងការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួនបានស្នើសុំប្រទេសអ៊ុយរូហ្គាយនិងប្រេស៊ីលឲ្យជួយក្នុងប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ និងបាននិយាយថា នាវាពាណិជ្ជកម្មនានាដែលនៅក្បែរកន្លែងនោះបានចូលរួមនៅក្នុងប្រតិបត្តិការស្វែងរកផងដែរ៕