ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក និង​អេហ្ស៊ីប​នឹង​សហការ​គ្នា​ឲ្យ​កាន់​តែ​ស្អិត​រមួត​បន្ថែម​ទៀត​ប្រឆាំង​នឹង​ភាព​ជ្រុល​និយម​ឥស្លាម


លោក​ប្រធានាធិបតី​អេហ្ស៊ីប Abdel-Fattah el-Sissi (រូប​កណ្តាល) ចូលរួម​ក្នុង​កិច្ចប្រជុំ​នៃ​សម្ព័ន្ធ​អារ៉ាប់ នៅ​ប្រទេស​ហ្ស៊កដានី កាលពី​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី​អេហ្ស៊ីប Abdel-Fattah el-Sissi (រូប​កណ្តាល) ចូលរួម​ក្នុង​កិច្ចប្រជុំ​នៃ​សម្ព័ន្ធ​អារ៉ាប់ នៅ​ប្រទេស​ហ្ស៊កដានី កាលពី​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧។

សហរដ្ឋ​អាមេរិក និង​ប្រទេស​អេហ្ស៊ីប ត្រូវ​គេ​រំពឹង​ថា​នឹង​ឈាន​ទៅ​ដល់​ការ​បង្កើន​កិច្ច​សហការ​នៅ​ក្នុង​ការ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ឥស្លាម​ជ្រុល​និយម​នៅ​ថ្ងៃ​ច័ន្ទ​ស្អែក នៅ​ពេល​ដែល​ប្រធានាធិបតី​អេហ្ស៊ីប​លោក Abdel Fattah el-Sissi ជួប​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump នៅ​ឯ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក H.A. Hellyer អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់​មកពី​មជ្ឈមណ្ឌល​សិក្សា​តំបន់​មជ្ឈិម​បូព៌ា Rafik Haririនៃ​អង្គការ Atlantic Council បាន​និយាយ​ថា៖ «សហរដ្ឋ​អាមេរិក និង​អេហ្ស៊ីប​មាន​ការ​ស្អប់​ខ្ពើម​យ៉ាង​ខ្លាំង​ចំពោះ​ទស្សនៈ​ឥស្លាម​បែប​នយោបាយ។ ប្រទេស​ទាំង​ពីរ​ចាត់ទុក​បញ្ហា​សន្តិសុខ​ជា​បញ្ហា​អាទិភាព​ចម្បង​បំផុត​នៅ​ក្នុង​វិស័យ​នយោបាយ»។

សេចក្ដី​ប្រកាស​របស់​សេតវិមាន​ដែល​បាន​ចេញ​ផ្សាយ​នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​អេហ្ស៊ីប​មក​កាន់​សហរដ្ឋ​អាមេរិក​លើក​នេះ បាន​បញ្ជាក់​ថា៖ «ក្នុង​ប្រវត្តិសាស្ត្រ ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​អេហ្ស៊ីប គឺ​ផ្ដោត​ជា​ចម្បង​លើ​ផល​ប្រយោជន៍​ផ្នែក​សន្តិសុខ ហើយ​ចំណុច​នេះ​នឹង​នៅតែ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ»។

សេចក្ដី​ប្រកាស​នោះ​បាន​សរសើរ​ដល់​គោល​នយោបាយ​ម៉ឺងម៉ាត់​របស់​មេដឹកនាំ​អេហ្ស៊ីប​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ភេរវករ។ សេចក្ដី​ប្រកាស​នោះ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «លោក Sissi បាន​ចាត់​វិធានការ​យ៉ាង​តឹងតែង​ចំពោះ​បញ្ហា​រសើប​ជា​ច្រើន ចាប់តាំង​ពី​លោក​បាន​ក្លាយជា​ប្រធានាធិបតី​អេហ្ស៊ីប​នៅ​ក្នុង​ឆ្នាំ ២០១៤ មក»។

អ្នក​វិភាគ​នានា ដែល​បាន​បញ្ជាក់​ប្រាប់ VOA បាន​ឯកភាព​ថា ជំនួប​រវាង​មេដឹកនាំ​ទាំង​ពីរ​នឹង​ទទួល​បាន​ជោគជ័យ។ មេដឹកនាំ​ទាំង​ពីរ​ត្រូវ​គេ​រាយការណ៍​ថា មាន​ទំនាក់ទំនង​រលូន​ជាមួយ​គ្នា នៅ​ពេល​ដែល​ពួកគេ​បាន​ជួប​គ្នា​នៅ​ក្រៅ​កិច្ច​ប្រជុំ​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​មុន៕

XS
SM
MD
LG