តើ​សហភាព​អឺរ៉ុប​នឹង​គាំទ្រ​អ៊ុយក្រែន​កម្រិត​ណា?

  • Lisa Bryant

ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ថ្លែង​​តាម​អនឡាញ​​នៅ​ក្នុង​អង្គ​ប្រជុំ​ពិសេស​មួយ​អំពី​បញ្ហា​អ៊ុយក្រែន​នៅ​សភា​អឺរ៉ុប​ក្នុង​ក្រុង​ព្រុចសែល​ ប្រទេស​ប៊ែលហ្ស៊ិក កាល​ពី​ថ្ងៃ​ទី​១​ ខែ​មីនា ឆ្នាំ​២០២២។

ការ​ថ្លែង​របស់​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ទៅកាន់​សភា​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​កាលពី​សប្ដាហ៍​មុន បាន​ធ្វើ​ឲ្យ​សមាជិក​សភា​ខ្លះ​ស្រក់​ទឹកភ្នែក។ ពួកគេ​បាន​ក្រោក​ឈរ​ទះ​ដៃ​សរសើរ​មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ នៅ​ពេល​ដែល​លោក​បាន​និយាយ​អំពី​វិធី​ដែល​ពលរដ្ឋ​អ៊ុយក្រែន​ប្រយុទ្ធ​ដើម្បី​សេរីភាព​និង​ជីវិត​របស់​ពួកគេ។

លោក Zelenskyy បាន​ថ្លែង​ដូច្នេះ​ថា៖ «យើង​ក៏​ប្រយុទ្ធ​ផងដែរ​ដើម្បី​ក្លាយជា​សមាជិក​ស្មើភាព​នៃ​[សហភាព] អឺរ៉ុប។ ខ្ញុំ​ជឿ​ថា ថ្ងៃ​នេះ​យើង​កំពុង​បង្ហាញ​ដល់​មនុស្ស​រាល់​គ្នា​ឲ្យ​ឃើញ​ថា​តើ​ពួកយើង​គឺ​ជា​នរណា​និង​កំពុង​ធ្វើ​អ្វី។ សហភាព​អឺរ៉ុប​នឹង​កាន់តែ​ខ្លាំងក្លា​ជាង​មុន​ទៀត ប្រសិនបើ​មាន​អ៊ុយក្រែន​ជា​សមាជិក។ នេះ​គឺជា​ការពិត»។

នេះ​គឺជា​ការ​អង្វរករ​ថ្មី​មួយ​ទៀត​របស់​រដ្ឋាភិបាល​អ៊ុយក្រែន​នៅក្នុង​ការ​ស្នើ​សុំ​ចូល​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប។ កាលពី​ថ្ងៃ​ទី ១ ខែ​មីនា លោក Zelenskyy បាន​ដាក់​ពាក្យ​ជា​ផ្លូវការ​សុំ​ចូល​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប។

អ្នកស្រី Amanda Paul ដែលជា​អ្នក​វិភាគ​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​គោល​នយោបាយ​អឺរ៉ុប (European Policy Center) ដែល​ជា​អង្គការ​ស្រាវជ្រាវ​មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក បាន​និយាយ​ថា៖ «ប្រទេស​អ៊ុយក្រែន​តែងតែ​ចង់​ក្លាយជា​សមាជិក​របស់​សហភាព​អឺរ៉ុប។ តាំងពី​ដំបូង​ម្ល៉េះ បន្ទាប់ពី​ទទួល​បាន​ឯករាជ្យ​មក អ៊ុយក្រែន​បាន​ដើរ​ក្នុង​ទិសដៅ​នេះ។ ប៉ុន្តែ​អ៊ុយក្រែន​តែងតែ​ជួប​ការ​លំបាក»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «ស្ថានភាព​នៅ​ពេល​បច្ចុប្បន្ន​នេះ​គឺជា​ឱកាស​ដ៏​ល្អ​បំផុត​មួយ។ វា​គឺជា​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ ពលរដ្ឋ​អ៊ុយក្រែន​បាន​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា ពួកគេ​មាន​ភាព​ក្លាហាន ហ៊ាន​ងើប​តតាំង​ដើម្បី​សន្តិសុខ​នៅ​ទ្វីប​អឺរ៉ុប។ ដូច្នេះ ខ្ញុំ​គិត​ថា នឹង​មាន​កម្លាំង​ដ៏​ខ្លាំងក្លា​ចេញពី​ក្នុង​សហភាព​អឺរ៉ុប​ផ្ទាល់ ពី​សមាជិក​ជាច្រើន​របស់​សហភាព​អឺរ៉ុប ដើម្បី​ជំរុញ​រឿង​នេះ​ទៅ​មុខ​ឲ្យ​បាន​កាន់តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

អ្នកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​ កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា​ ឆ្នាំ​២០២២។

នៅក្នុង​ការ​ថ្លែង​ទៅកាន់​ទីភ្នាក់ងារ​ព័ត៌មាន Euronews របស់​ប្រទេស​បារាំង អ្នកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​បាន​គាំទ្រ​ទស្សនៈ​របស់​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​មួយ​ចំនួន​របស់​សហភាព​អឺរ៉ុប។

ប៉ុន្តែ ប្រទេស​មួយ​ចំនួន​ដែល​គាំទ្រ​ខ្លាំងក្លា​ដល់​អ៊ុយក្រែន ដែល​ភាគច្រើន​មកពី​តំបន់​អឺរ៉ុប​ខាងកើត​និង​អឺរ៉ុប​កណ្ដាល ចង់​ឲ្យ​បង្កើន​ល្បឿន​នៃ​ដំណើរការ​សុំ​ចូល​ជា​សមាជិក​របស់​ប្រទេស​អ៊ុយក្រែន​នៅក្នុង​សហភាព​អឺរ៉ុប។

បណ្ដា​ប្រទេស​ជា​សមាជិក​ចាស់ៗ​របស់​សហភាព​អឺរ៉ុប​មើល​ទៅ​ហាក់​ដូចជា​មាន​ការ​ស្ទាក់ស្ទើរ​លើ​ការ​ផ្ដល់​ចម្លើយ​ចំពោះ​រឿង​នេះ​ឲ្យ​បាន​លឿន។

រដ្ឋមន្ត្រី​ការបរទេស​បារាំង​លោក Jean Yves Le Drian បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ថា៖ «ជា​ការពិត ពលរដ្ឋ​អ៊ុយក្រែន​គឺជា​ពលរដ្ឋ​អឺរ៉ុប។ ពួកគេ​អះអាង​ដូច្នេះ។ ពួកគេ​ទទួល​បាន​ការ​ពិចារណា​ខ្លាំងក្លា​ពី​យើង»។

ប៉ុន្តែ លោក​បាន​ស្នើ​ថា ការ​សម្រេច​រឿង​សមាជិកភាព​ណា​មួយ​គឺ​មិន​អាច​ធ្វើ​ឡើង​ភ្លាមៗ​បាន​នោះទេ។

ប្រទេស​អ៊ុយក្រែន​មាន​បំណង​ប្រាថ្នា​ចូលជា​សមាជិក​របស់​សហភាព​អឺរ៉ុប​ជា​យូរ​មក​ហើយ។ នៅ​ពេល​ដែល​អតីត​ប្រធានាធិបតី​អ៊ុយក្រែន​លោក Viktor Yanukovych ដែល​ជា​អ្នក​មាន​ទំនោរ​ទៅ​រក​រុស្ស៊ី បាន​បដិសេធ​មិន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ភ្ជាប់​ទំនាក់ទំនង​ដ៏​ធូរ​រលុង​មួយ​ជាមួយ​នឹង​សហភាព​អឺរ៉ុប ប្រជាពលរដ្ឋ​បាន​ងើប​តវ៉ា​ទម្លាក់​លោក​ចេញ​ពី​ដំណែង​នៅ​ឆ្នាំ ២០១៤។ ក្នុង​ពេល​មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​លោក​ត្រូវ​បាន​ទម្លាក់​ពី​ដំណែង រុស្ស៊ី​បាន​ភ្ជាប់​យក​តំបន់ Crimea។

បើ​ទោះបីជា​សហភាព​អឺរ៉ុប​អាច​ពិចារណា​លឿន​ក៏ដោយ ក៏​ការ​ចូល​ជា​សមាជិក​របស់​ប្លុក​នេះ​ត្រូវការ​ពេល​រាប់​ឆ្នាំ​ដែរ។ ការ​ចូល​ជា​សមាជិក​នីមួយៗ​តម្រូវ​ឲ្យ​មាន​ការ​បំពេញ​លក្ខខណ្ឌ​ស្រប​តាម​បទ​បញ្ញត្តិ​ជា​បន្តបន្ទាប់​គ្រប់​ផ្នែក​ទាំងអស់​តាំងពី​ផ្នែក​បរិស្ថាន​រហូត​ដល់​ផ្នែក​នីតិរដ្ឋ​និង​ហិរញ្ញវត្ថុ។

ជាង​នេះ​ទៀត ប្រទេស​មួយ​ចំនួន​ទៀត​បាន​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​នេះ​មុន​ប្រទេស​អ៊ុយក្រែន​ទៅទៀត ដែល​ឥឡូវ​នេះ​នៅ​កំពុង​រង់ចាំ​ការ​សម្រេច​ពី​សហភាព​អឺរ៉ុប​នៅឡើយ។ អ្នក​ខ្លះ​មិន​ប្រាកដ​ទេ​ថា​តើ​អ៊ុយក្រែន​អាច​កាត់​មុខ​ប្រទេស​ដទៃ​ទៀត​ដែល​សុំ​ចូល​ជា​សមាជិក​សភាព​អឺរ៉ុប​នេះ​បាន​ដែរ​ឬ​ក៏​យ៉ាងណា​នោះ។

បន្ថែម​ទៅ​នឹង​ភាព​ស្ទាក់ស្ទើរ​ដែល​អាច​កើត​មាន​ឡើង​នេះ សមាជិក​ថ្មីៗ​មួយ​ចំនួន​របស់​សហភាព​អឺរ៉ុប​ដូចជា​ប្រទេស​ប៉ូឡូញ​និង​ហុងគ្រី​ជាដើម បាន​រំលោភ​លើ​ស្ដង់ដារ​របស់​សហភាព​អឺរ៉ុប​លើ​ផ្នែក​សំខាន់ៗ​មួយ​ចំនួន​ដូចជា​នីតិរដ្ឋ​ជាដើម។

ប៉ុន្តែ អ្នកស្រី Amanda Paul ដែល​ជា​អ្នក​វិភាគ ជឿ​ថា សូម្បីតែ​ប្រសិនបើ​សហភាព​អឺរ៉ុប​ផ្ដល់​ការ​យល់ព្រម​ជាក់ច្បាស់​ជាមុន​សម្រាប់​សមាជិកភាព​របស់​ប្រទេស​អ៊ុយក្រែន​នៅ​ពេល​អនាគត​ក៏ដោយ ក៏​វា​អាច​ជា​ការ​លើក​ទឹកចិត្ត​សម្រាប់​ប្រជាពលរដ្ឋ​អ៊ុយក្រែន​ផងដែរ នៅពេល​ដែល​ការ​ឈ្លានពាន​របស់​រុស្ស៊ី​កំពុង​បន្ត។

អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ «វា​ប្រាកដ​ជា​នឹង​ជួយ​ជំរុញ​ខ្លាំងក្លា​ដល់​ផ្លូវចិត្ត​របស់​ប្រជាពលរដ្ឋ​អ៊ុយក្រែន ហើយ​ចំណុច​នេះ​ក៏​អាច​ជួយ​ដល់​ពួកគេ​នៅ​ក្នុង​សង្គ្រាម [ជាមួយ​នឹង​រុស្ស៊ី] ផងដែរ។ ជា​ការពិត ពួកគេ​ប្រយុទ្ធ​ដើម្បី​ប្រទេស​របស់​ពួកគេ​ជា​អាទិភាព​ចម្បង​បំផុត និង​សម្រាប់​ខ្លួន​ពួកគេ​ផ្ទាល់។ ប៉ុន្តែ [ប្រសិនបើ​សហភាព​អឺរ៉ុប​ផ្ដល់​ការ​ធានា​ជា​មុន​ចំពោះ​សមាជិកភាព​របស់​អ៊ុយក្រែន] វា​នឹង​ក្លាយជា​សញ្ញា​ដ៏​ខ្លាំងក្លា​បំផុត​មួយ​ដែល​ថា សហភាព​អឺរ៉ុប​គាំទ្រ​ពួកគេ ១០១%»។

អ្នកស្រី​បាន​បន្ថែម​ថា ដូច​ទៅ​នឹង​ការ​ផ្ដល់​អាវុធ​និង​យន្តហោះ​ដល់​អ៊ុយក្រែន​កន្លង​មក​ដូច្នេះ​ដែរ [ការ​ធានា​ជា​មុន​របស់​សហភាព​អឺរ៉ុប​នេះ] បង្ហាញ​ថា សហភាព​អឺរ៉ុប​គាំទ្រ​អ៊ុយក្រែន​ជា​សមាជិក​នៅ​ពេល​អនាគត​របស់​ប្លុក​នេះ៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ