រដ្ឋសភា​អាមេរិក​អនុម័ត​កញ្ចប់​ជំនួយ ៩៥ ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយក្រែន អ៊ីស្រាអែល និង​តៃវ៉ាន់

ក្រុមសកម្មជន​គាំទ្រ​អ៊ុយក្រែន​ប្រមូលផ្តុំនៅខាងក្រៅវិមានសភា​ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។ (AP)

ក្រោយ​ជាប់គាំង​ជា​ច្រើន​ខែ​មក រដ្ឋសភា​អាមេរិក​កាលពី​ថ្ងៃ​សៅរ៍​បាន​អនុម័ត​កញ្ចប់​ជំនួយ​ចំនួន ៩៥ ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយក្រែន អ៊ីស្រាអែល ជន​ស៊ីវិល​នៅក្នុង​តំបន់​ជម្លោះ និង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​រួម​មាន​ទាំង​តៃវ៉ាន់​ផងដែរ។

កាលពី​ថ្ងៃ​សៅរ៍ ដោយ​មាន​ការ​គាំទ្រ​ពី​គណបក្ស​ទាំងពីរ រដ្ឋសភា​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​សំណើ​ច្បាប់​ជំនួយ​បរទេស​ចំនួន ៤ ដែល​បញ្ចូល​គ្នា​ក្នុង​កញ្ចប់​ថវិកា​តែ​មួយ​ក្នុង​ទឹក​ប្រាក់ ៩៥ ពាន់​លាន​ដុល្លារ។

សេចក្តី​ព្រាងច្បាប់​នេះ​រួម​មាន​ថវិកា​ចំនួន ៦១ ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយក្រែន​ក្នុង​ការ​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី ថវិកា​ចំនួន ២៦ ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ីស្រាអែល​និង​ជំនួយ​មនុស្សធម៌​សម្រាប់​ជនស៊ីវិល​នៅ​ក្នុង​តំបន់​ជម្លោះ​នានា​រួម​ទាំង​តំបន់​ហ្កាហ្សា (Gaza) ផងដែរ និង​ថវិកា​ចំនួន ៨ ពាន់​លាន​ដុល្លារ​សម្រាប់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

ប្រធាន​រដ្ឋសភា​អាមេរិក​លោក Mike Johnson តំណាង​រដ្ឋ Louisiana ខាង​គណបក្ស​សាធារណរដ្ឋ​គឺជា​អ្នក​ចាត់ចែង​សេចក្តី​ព្រាងច្បាប់​នេះ​ដោយ​បញ្ចូល​ទៅ​ក្នុង​កញ្ចប់​ថវិកា​តែមួយ បន្ទាប់ពី​សេចក្តី​ព្រាងច្បាប់​នីមួយៗ​ត្រូវបាន​សម្រេច​ព្រមព្រៀង ដើម្បី​បង្ការ​កុំឱ្យ​មាន​ការ​ប្រឆាំង​លើ​ផ្នែក​ណាមួយ​នៃ​សេចក្តី​ព្រាង​ច្បាប់នេះ​ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​សេចក្តី​ព្រាងច្បាប់​ទាំងមូល។

ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សៅរ៍​ថា៖ «ថ្ងៃ​នេះ សមាជិក​ទាំង​ពីរ​បក្ស​ក្នុង​រដ្ឋសភា​បាន​បោះឆ្នោត​ដើម្បី​ប្រយោជន៍​សន្តិសុខ​ជាតិ​របស់​យើង និង​ដើម្បី​បញ្ចូន​សារ​យ៉ាង​ជាក់ច្បាស់​មួយ​អំពី​អំណាច​នៃ​ភាព​ជា​អ្នកដឹកនាំ​របស់​សហរដ្ឋ​អាមេរិក​នៅលើ​ឆាក​អន្តរជាតិ។ ក្នុង​ស្ថានភាព​ឡើងចុះ​ដ៏​សំខាន់​នេះ ពួកគេ​បាន​រួមគ្នា​ឆ្លើយតប​នឹង​សំណើ​ប្រវត្តិសាស្ត្រ ដោយ​អនុម័ត​លើ​សេចក្តី​ព្រាងច្បាប់​សន្តិសុខ​ជាតិ​ដែល​ត្រូវការ​ជា​បន្ទាន់ ដែល​យើង​បាន​ព្យាយាម​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ​ដើម្បី​ធ្វើ​យ៉ាងណា​សម្រេច​ឱ្យ​បាន​នូវ​សំណើ​ច្បាប់​នេះ»។

លោក Biden បាន​កត់សម្គាល់​ថា៖ «ខ្ញុំ​ជំរុញ​ឱ្យ​ព្រឹទ្ធសភា​បញ្ជូន​កញ្ចប់​ថវិកា​នេះ​មកកាន់​ខុទ្ទកាល័យ​របស់​ខ្ញុំ​ឱ្យ​បាន​ឆាប់​ដើម្បី​អាច​ឱ្យ​ខ្ញុំ​ចុះ​ហត្ថលេខា​ឱ្យ​ក្លាយជា​ច្បាប់ ដើម្បី​អាច​ឱ្យ​យើង​បញ្ជូន​យុទ្ធោបករណ៍​នានា​ទៅកាន់​ប្រទេស​អ៊ុយក្រែន​ឱ្យ​បាន​ឆាប់​ដើម្បី​បំពេញ​តាម​តម្រូវការ​នៅ​សមរភូមិ​ជា​បន្ទាន់​របស់​ពួកគេ»។

ព្រឹទ្ធសភា​ដែល​សមាជិក​ភាគច្រើន​មកពី​គណបក្ស​ប្រជាធិបតេយ្យ​នឹង​ធ្វើការ​បោះឆ្នោត​លើ​សេចក្តី​ព្រាងច្បាប់​នេះ​នៅ​ដើម​សប្តាហ៍​នេះ ហើយ​បន្ទាប់មក​នឹង​បញ្ជូន​សេចក្តី​ព្រាងច្បាប់​នេះ​ទៅកាន់​ខុទ្ទាកាល័យ​របស់​លោក​ប្រធានាធិបតី Biden ដើម្បី​ចុះ​ហត្ថលេខា​ឱ្យ​ក្លាយជា​ច្បាប់។

សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ New York លោក Chuck Schumer ដែល​ជា​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​នៃ​ព្រឹទ្ធសភា​ដែល​ជា​គណបក្ស​សំឡេង​ភាគច្រើន បាន​បញ្ជាក់​កាលពី​ថ្ងៃសៅរ៍​ថា ព្រឹទ្ធសភា​នឹង «បង្ហើយ​កិច្ចការ​នេះ​ដោយ​បោះឆ្នោត​លើ​សេចក្តី​ព្រាងច្បាប់​នេះ​មុនគេ​នៅ​រសៀល​ថ្ងៃ​អង្គារ»។

លោក​បាន​បន្ថែម​ថា៖ «ជូន​ចំពោះ​សម្ព័ន្ធមិត្ត​របស់​យើង​នៅ​អ៊ុយក្រែន អូតង់ (NATO) និង​អ៊ីស្រាអែល និង​ជនស៊ីវិល​នៅ​ទូទាំង​ពិភពលោក​ដែល​កំពុង​ត្រូវការ​ជំនួយ អាមេរិក​ធានា​ថា​នឹង​ផ្តល់​ជំនួយ​នេះ​ជាថ្មី​ម្តងទៀត»៕

អ្នកស្រី Kateryna Lisunova នៃ VOA រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ទីភ្នាក់ងារ​សារព័ត៌មាន AP និង​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ប្រែ​សម្រួល​ដោយ​អ្នកនាង ស្រេង លក្ខិណា