ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ត្រៀម​លក្ខណៈ​ចាត់​វិធានការ​បន្ថែម ខណៈ​ខ្លួន​ព្រមាន​ចិន​មិន​ឱ្យ​ជួយ​រុស្ស៊ី


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken មកដល់​មូលដ្ឋានទ័ពអាមេរិក​នៅទីក្រុង Naples ប្រទេសអ៊ីតាលី កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដើម្បីចូលរួមកិច្ចប្រជុំកំពូល G7 ជាមួយ​បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​នៅ​កោះ Capri នៃ​ប្រទេស​អ៊ីតាលី។ (AP)
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken មកដល់​មូលដ្ឋានទ័ពអាមេរិក​នៅទីក្រុង Naples ប្រទេសអ៊ីតាលី កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដើម្បីចូលរួមកិច្ចប្រជុំកំពូល G7 ជាមួយ​បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​នៅ​កោះ Capri នៃ​ប្រទេស​អ៊ីតាលី។ (AP)

សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ប្រទេស​ចិន​កាលពី​ថ្ងៃ​ពុធ​មិន​ឱ្យ​ជួយ​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​សង្គ្រាម​របស់​រុស្ស៊ី​ប្រឆាំង​នឹង​អ៊ុយក្រែន និង​បាន​បញ្ជាក់​ថា​អាមេរិក «កំពុង​ត្រៀម​ខ្លួន​ចាត់​វិធានការ​បន្ថែម​ប្រសិនបើ​ចាំបាច់» ស្របពេល​បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​នៃ​ក្រុម​ប្រទេស G-7 កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​ដើម្បី​បញ្ជាក់​ជាថ្មី​អំពី​ការ​គាំទ្រ​របស់​ពួកគេ​ចំពោះ​ប្រទេស​អ៊ុយក្រែន។

អ្នកនាំពាក្យ​រង​ក្រសួង​ការបរទេស​អាមេរិក​លោក Vedant Patel បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថា៖ «យើង​ជឿ​ថា ប្រទេស​ចិន​កំពុង​គាំទ្រ​កិច្ច​ប្រឹងប្រែង​ធ្វើ​សង្គ្រាម​របស់​រុស្ស៊ី​តាម​រយៈ​ការ​ជួយ​បង្កើន​ផលិតកម្ម​យុទ្ធោបករណ៍​របស់​រុស្ស៊ី»។

លោក​បាន​បន្ថែម​ថា៖ «ការ​ជួយ​គាំទ្រ​របស់​ចិន​នឹង​ធ្វើ​ឱ្យ​រុស្ស៊ី​មាន​លទ្ធភាន​កាន់តែ​ខ្លាំង​ក្នុង​ការ​ធ្វើ​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយក្រែន ហើយ​វា​ក៏​បង្ក​នូវ​ការ​គំរាមកំហែង​ដ៏​ចម្បង​មួយ​ដល់​សន្តិសុខ​របស់​ទ្វីប​អ៊ឺរ៉ុប​ផងដែរ។ សហរដ្ឋ​អាមេរិកបាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ពាក់ព័ន្ធ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ចិន និង​កំពុង​ត្រៀម​លក្ខណៈ​ដើម្បី​ចាត់​វិធានការ​បន្ថែម​ប្រសិនបើ​ចាំបាច់»។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken កំពុង​ជួប​ប្រជុំ​ជាមួយ​បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​នៃ​ក្រុម​ប្រទេស G-7 និង​តំណាង​មកពី​សហភាព​អឺរ៉ុប​នៅ​ក្នុង​សប្តាហ៍​នេះ​នៅ​កោះ Capri នៃ​ប្រទេស​អ៊ីតាលី។ ប្រធានបទ​នៃ​ការ​ពិភាក្សា​នេះ​មាន​ដូចជា​ការ​គាំទ្រ​លើ​ប្រទេស​អ៊ុយក្រែន វិបត្តិ​នៅ​មជ្ឈិមបូព៌ា អស្ថិរភាព​ក្នុង​ប្រទេស​ហៃទី និង​ភាព​ជា​ដៃគូ​សាកល​ជាដើម។

លោក Blinken នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី ២៣ ខែ​មេសា​ខាងមុខ ដែល​នៅ​ទីនោះ គេ​រំពឹង​ថា​លោក​នឹង​លើកឡើង​ពី​ក្តី​បារម្ភ​របស់​សហរដ្ឋ​អាមេរិក​អំពី​ការ​គាំទ្រ​របស់​ចិន​លើ​មូលដ្ឋាន​ឧស្សាហកម្ម​ផ្នែក​ការពារ​របស់​រុស្ស៊ី៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG