រដ្ឋសភា​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ប្រកាស​គាំទ្រ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​អាមេរិក​ខាង​ជើង​ថ្មី

លោក​ស្រី Nancy Pelosi ប្រធាន​សភា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​កិច្ច​ព្រម​ព្រៀង USMCA នៅ​រដ្ឋ​សភា ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១០ ធ្នូ ២០១៩។

ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​លោកស្រី​ Nancy Pelosi​ ថ្លែង​ថា​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ជាមួយ​រដ្ឋបាល​លោក​ Trump​ លើ​កិច្ច​ព្រម​ព្រៀង​ថ្មី​មួយ​និង​ជា​កិច្ច​ព្រម​ព្រៀង​ដែល​កែ​តម្រូវ​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​អាមេរិក​ខាង​ជើង​ដែល​ឥឡូវ​នេះ​មាន​ឈ្មោះ​ថា​កិច្ច​ព្រម​ព្រៀង​រវាង​សហរដ្ឋ​អាមេរិក​ ម៉ិកស៊ិក​ កាណាដា​ ឬ​ហៅ​កាត់​ថា USMCA។

កិច្ច​ព្រម​ព្រៀង​ដែល​ត្រូវ​បាន​ចរចា​អស់​រយៈ​ពេល​ជាង​ពីរ​ជាង​ឆ្នាំ​នេះ​ក៏​មាន​រួម​បញ្ជូល​ប្រទេស​កាណាដា និង​ម៉ិកស៊ិក​ផងដែរ​ ដែល​កែ​តម្រូវ​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​ជា​កិច្ច​ព្រម​ព្រៀង​ដើម​ ត្រូវ​បាន​គេ​ស្គាល់​ថា​កិច្ច​ព្រម​ព្រៀង ​NAFTA។ ​ការ​ប្រកាស​របស់​អ្នកស្រី​ Pelosi​ នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​តែ​មួយ​ ដែល​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រកាស​បទចោទ​ប្រកាន់​ដក​តំណែង​លោក​ប្រធានាធិបតី Trump។

បន្ទាប់​ពី​ការ​ចរចា​អស់​ជាច្រើន​ខែ​មក​ កាល​ពី​ថ្ងៃអង្គារ​អ្នកស្រី ​Nancy Pelosi​ ប្រធាន​រដ្ឋសភា​បាន​ប្រកាស​អំពី​ការ​អនុម័ត​របស់​គណបក្ស​អ្នក​ស្រី​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយ​គឺ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ ម៉ិកស៊ិក​ និង​កាណាដា។​

អ្នកស្រី Nancy Pelosi​ បាន​បញ្ជាក់​ថា៖ «វា​ជា​ការ​ពិត​មែន។ នេះ​គឺ​ជា​កិច្ចព្រមព្រៀង​មួយ​ល្អ​ជាង​កិច្ចព្រម​ព្រៀង NAFTA។ ប៉ុន្តែ​សម្រាប់​លក្ខខណ្ឌ​ដែល​យើង​បាន​ស្នើ​ដាក់​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ​ គឺ​ពិត​ជា​ល្អ​ជាងអ្វី​ដែល​បាន​ស្នើ​ដោយ​រដ្ឋបាល​លោក Trump‍»។

អ្នកស្រី Pelosi​ បាន​និយាយ​បន្ថែម​ទៀត​ថា​ ជោគជ័យ​នេះ​គឺ​បាន​មក​ពី​កិច្ចខិតខំ​របស់ លោក​ Richard Neal​ ប្រធាន​គណៈ​កម្មាធិការ​ប្រមូល​ពន្ធដារ​និង​ប្រាក់​ចំណូល​នៃ​រដ្ឋ​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ​ Massachusetts។ ​

លោក​ Richard Neal​ ប្រធាន​គណៈ​កម្មាធិការ​ប្រមូល​ពន្ធដារ​និង​ប្រាក់​ចំណូល​នៃ​រដ្ឋ​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​។

លោក​ Richard Neal​ បាន​ថ្លែង​ថា៖ «នេះ​គឺ​ជា​កិច្ច​ព្រម​ព្រៀង​ដែល​ត្រូវ​បាន​កែ​តម្រូវ។ ខ្ញុំ​គិត​ថា​នេះ​គឺ​ជា​កិច្ច​ព្រម​ព្រៀង​គំរូ​មួយ​ទៅ​ថ្ងៃ​អនាគត។ យើង​បញ្ជាក់​ពី​ជំហរ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​របស់​យើង​ជាប់​ជានិច្ច។ យើង​បាន​កែ​លម្អ​វា»។

លោក​ Richard Neal ​និយាយ​សំដៅ​ដល់​ការ​ពង្រឹង​ច្បាប់​ការងារ​ដើម្បី​ការពារ​អ្នក​ធ្វើ​ការ​ ដោយ​បាន​ហៅ​កិច្ច​ព្រម​ព្រៀង​ថ្មី​នេះ​ថា​ ជា​ជោគជ័យ​សម្រាប់​សហជីព​ការងារ​និង​សម្រាប់​មនុស្ស​ផ្សេង​ទៀត។

លោក​ Richard Neal ​បាន​ថ្លែង​បន្ត​ថា៖«បើ​និយាយ​ដល់​លក្ខខណ្ឌ​នៃ​សមាជិក​ក្រុមការងារ​វិញ ​ខ្ញុំ​នឹង​និយាយ​ថា កិច្ចព្រម​ព្រៀង​នេះ​ជួយ​ពង្រឹង​បទដ្ឋាន​ការងារ​ ពង្រឹង​បរិយាកាស​ការងារ​ និង​ជួយ​លើក​កម្ពស់​យន្តការ​ផ្ទៀងផ្ទាត់​សម្រាប់​ពាណិជ្ជកម្ម​ដែល​មិន​បំផ្លាញ​បរិស្ថាន»។

លោក ​Isaac Cohen ​នាយក​ក្រុមហ៊ុន​អភិវឌ្ឍ​អាជីវកម្ម​បាន​និយាយ​ថា​ចំណុច​មួយ​ដែល​គេ​រិះ​គន់លើ​កិច្ច​ព្រម​ព្រៀង NAFTA​ គឺ​ដោយ​សារ​តម្លៃ​ពលកម្ម​ទាប​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក​ ធ្វើ​ឲ្យ​កម្មករ​អាមេរិកាំង​បាត់​បង់​ការងារ។

លោក Isaac Cohen ​នាយក​ក្រុមហ៊ុន ​Inverway LLC​ បាន​និយាយ​ថា៖ «នេះ​គឺ​ជា​ក្តី​កង្វល់​ជាពិសេស​ក្នុង​ចំណោម​ក្រុម​សហជីព​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ពីព្រោះ​ថា​តម្លៃ​ពលកម្ម​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក​ទាប​ជាង​សហរដ្ឋអាមេរិក។ ឥឡូវ​នេះ​តម្រូវ​ការ​នានា​ត្រូវ​បាន​កែ​លម្អ មាន​ន័យ​ថា​ប្រសិន​ទំនិញ​មួយ​ត្រូវ​បាន​តំឡើង​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក​ នោះ​គេ​ត្រូវ​តែ​ប្រើ​គ្រឿង​បន្លាស់​ណា​ដែល​មាន​រួម​បញ្ជូល​រោង​ចក្រ​ដែល​ឲ្យ​ប្រាក់​ឈ្មួល​ដល់​កម្មករ​ជាង​១៦​ដុល្លារ​ក្នុង​មួយម៉ោង»។

សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​លើក​ឡើង​អំពី​ការប្រកាស​កិច្ច​ព្រម​ព្រៀង​នេះ ​នៅ​ចំ​ថ្ងៃ​ដែលគណបក្ស​ប្រជាធិបតេយ្យ​ប្រកាស​អំពី​បទ​ចោទ​ប្រកាន់​ដក​លោក ​Trump​ ចេញ​ពី​តំណែង​ប្រធានាធិបតី​ ដោយ​បាន​រិះគន់​អ្នកស្រី ​Pelosi​ ថា​មិន​បាន​ដោះស្រាយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​តាំង​ពី​ពេល​មុន។

លោក ​Kevin McCarthy​ មេដឹកនាំ​សំឡេង​ភាគតិច​ខាង​គណបក្ស​សាធារណរដ្ឋ​នៅក្នុង​រដ្ឋសភា​បាន​ថ្លែង​ថា៖ «មិន​ដល់​មួយ​ម៉ោង​ផង​បន្ទាប់​ពី​ប្រកាស​បទ​ចោទប្រកាន់​ដក​តំណែង​ប្រធានាធិបតី​ ប្រធាន​រដ្ឋសភា​នៅ​ទីបំផុត​និយាយ​ថា​ អ្នកស្រី​នឹង​ធ្វើ​ការ​លើ​កិច្ច​ព្រម​ព្រៀង USMCA។ ​អ្នកស្រី​បាន​ទុក​ចោល​កិច្ចព្រម​ព្រៀង​នេះ​អស់​ជាង​មួយ​ឆ្នាំ​មក​ហើយ​ ដែល​នេះ​ជា​ទង្វើ​ធ្វើ​ឲ្យ​អាមេរិក​ចុះ​ខ្សោយ​នៅក្នុង​ការចរចា​ជាមួយ​ចិន។ ពាណិជ្ជករ​ទីមួយ​ និង​ពាណិជ្ជករ​ទីពីរ​របស់​យើង​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក​និង​កាណាដា​ត្រូវ​បានរាំង​ស្ទះ​នៅក្នុង​កិច្ចព្រម​ព្រៀង​នេះ»។

តំណាង​ពាណិជ្ជកម្ម​មក​ពី​ប្រទេស​ទាំង​បី​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក​កាល​ពី​ថ្ងៃអង្គារ​ ដើម្បី​ពិភាក្សា​អំពី​កិច្ច​ព្រម​ព្រៀង​ថ្មី​នេះ។ កិច្ច​ព្រម​ព្រៀង​នេះ​នឹង​តម្រូវ​ឲ្យ​មាន​ការអនុម័ត​ពី​សភា​សហរដ្ឋអាមេរិក​ មុន​នឹង​អាច​ដាក់​ឲ្យ​អនុវត្ត​បាន៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា