ស្ថានទូត​អាមេរិក​ផ្តល់​មូលនិធិ​សម្រាប់​អាហារ​ព្រឹក​នៅ​សាលា​ក្រីក្រ

សិស្សានុសិស្ស​នៅ​បឋមសិក្សា​ឥន្ធកុមារ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​ពីរ​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​កំពង់​ធំ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៤។

ព្រលឹម​ស្រាងៗ​មុន​ម៉ោង​៧​ព្រឹក សិស្សានុសិស្ស​នៅ​បឋមសិក្សា​ឥន្ធកុមារ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​ពីរ​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​កំពង់​ធំ បាន​នាំ​គ្នា​ឈរ​តម្រង់​ជួរ​ខាង​មុខ​ថ្នាក់​រៀន​របស់​ខ្លួន​ដើម្បី​ទទួល​របប​អាហារ​ពី​គ្រូ​បន្ទុក​ថ្នាក់​របស់​ពួកគេ។ របប​អាហារ​រួម​មាន​បាយ​លាយ​ជាមួយ​ស៊ុត​ត្រី​ឬ​បន្លែ​បង្ការ​ជា​ដើម​ដែល​ជា​គម្រោង​របស់​អង្គការ​ស្បៀង​អាហារ​ពិភពលោក​តាម​រយៈ​ជំនួយ​របស់​ក្រសួង​កសិកម្ម​សហរដ្ឋ​អាមេរិក។

តាំង​ពី​ឆ្នាំ​២០០១​មក រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ថវិកា​ប្រមាណ​៤៦​លាន​ដុល្លារ​ដល់​គម្រោង​របស់​អង្គការ​សហ​ប្រជាជាតិ​មួយ​នេះ​ដើម្បី​ផ្គត់ផ្គង់​កុមារ​ប្រមាណ​៣លាន​៥​សែន​នាក់​នៅ​សាលារៀន​បឋមសិក្សា​ជាង​៤.០០០​ក្នុង​ខេត្ត​ក្រីក្រ​ចំនួន​១២​ទូទាំង​ប្រទេស​កម្ពុជា។ ថវិកា​ទាំង​នេះ​ត្រូវ​បាន​ចំណាយ​ទៅ​លើ​ថ្លៃ​អង្ករ​ប្រេងឆា សណ្តែក ម្សៅ​ពោត​និង​ការ​ចំណាយ​លើ​ចុងភៅ​និង​គ្រឿង​បរិក្ខារ​ផ្សេងៗ​ទៀត។

ពេល​ទៅ​ទស្សនកិច្ច​នៅ​សាលារៀន​ឥន្ធកុមារ លោក​ ចេហ្វ ដេហ្គល (Jeff Daigle) ភារៈធារី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​បាន​អត្ថាធិប្បាយ​ថា គម្រោង​នេះ​ជា​ការ​តាំង​ចិត្ត​មួយ​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​លើក​កម្ពស់​ការ​អប់រំ​នៅ​កម្ពុជា។ លោក​និយាយ​តាម​រយៈ​អ្នក​បក​ប្រែ​ថា៖

«ជា​ការ​ពិត​ណាស់ កម្ពុជា​គឺ​ជា​ករណី​ពិសេស​មួយ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក។​យើង​បាន​ជំរុញ​ខ្លាំង​ដើម្បី​ប្រមូល​ធនធាន​ទាំង​នេះ។ យើង​សប្បាយ​ចិត្ត​ណាស់​ជាមួយ​មូលនិធិ​ប្រមាណ​២០​លាន​ដុល្លារ​របស់​យើង​សម្រាប់​គម្រោង​នេះ​ហើយ​អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​និង​ក្រសួង​អប់រំ​បាន​ធ្វើ​ការងារ​នេះ​បាន​យ៉ាង​ល្អ​ជាមួយ​សាលារៀន​ជា​ដៃគូ​ដើម្បី​ធានា​និង​ជំរុញ​ការ​ចូលរួម​និង​សមត្ថភាព​របស់​សិស្ស​ទាំង​នោះ»។

សិស្សានុសិស្ស​នៅ​បឋមសិក្សា​ឥន្ធកុមារ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​ពីរ​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​កំពង់​ធំ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៤។


បើ​តាម​លោក ចេហ្វ ដេហ្គល ក្រៅ​ពី​ការ​ផ្តល់​មូលនិធិ​ដល់​គម្រោង​នេះ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ក៏​បាន​ផ្តល់​ថវិកា​ជាង​៧៥​លាន​ដុល្លារ​ផ្សេង​ទៀត​ដល់​កម្ពុជា​ដើម្បី​លើក​កម្ពស់​សុវត្ថិភាព​ស្បៀង​និង​ពង្រឹង​វិស័យ​កសិកម្ម​ក្នុង​ប្រទេស​នេះ។

លោក​ ជីអានភីអឺត្រូ ប័រឌីហ្គណុន (Gianpietro Bordignon) នាយក​ប្រចាំ​កម្ពុជា​នៃ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​បាន​អះអាង​ថា ការ​ជ្រើសរើស​សាលា​រៀន​និង​សហគមន៍​នីមួយៗ​ដើម្បី​អនុវត្ត​គម្រោង​នេះ​គឺ​ផ្អែក​លើ​ការ​សិក្សា​ដ៏​ល្អិត​ល្អន់​ពី​ភាព​ចាំបាច់​ជាក់​ស្តែង។

«ដោយសារ​តែ​ធនធាន​សម្រាប់​ការ​វិនិយោគ​នេះ​នៅ​មាន​កម្រិត យើង​សម្រេច​ជ្រើសរើស​សាលា​រៀន​ដើម្បី​អនុវត្ត​គម្រោង​នេះ​ដោយ​ផ្អែក​លើ​សូចនាករ​នៃ​ភាព​ក្រីក្រ​និង​សូចនាករ​នៃ​ការ​អប់រំ។ ដូច្នេះ​យើង​ដៅ​យក​សហគមន៍​និង​សាលារៀន​ទាំងឡាយ​ណា​ដែល​មាន​មធ្យោបាយ​និង​ធនធាន​តិច​តួច​ដើម្បី​បញ្ជូន​កុមារ​ក្នុង​សហគមន៍​ពួកគេ​ទៅ​សាលារៀន»។

លោក ហង់ ជួនណារុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាយ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​រួម​ចំណែក​របស់​សហរដ្ឋ​អាមេរិក​និង​អង្គការ​ពាក់ព័ន្ធ​ក្នុង​គម្រោង​នេះ។

«ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ដូច​ជា​ក្រសួង​អប់រំ ខ្ញុំ​សូម​សម្តែង​កតញ្ញុតាធម៌​យ៉ាង​ជ្រាល​ជ្រៅ ជូន​ដល់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​និង​អង្គការ​ស្បៀង​អាហារ​ពិភពលោក​ដែល​បាន​រៀបចំ​អនុវត្ត​គម្រោង​ផ្តល់​ស្បៀង​និង​អាហារូបករណ៍​ដល់​សិស្ស​របស់​យើង»។

កំពុង​ស្រស់ស្រូប​អាហារ​ពេល​ព្រឹក​នៅ​ខាង​មុខ​ថ្នាក់​រៀន​របស់​ខ្លួន កុមារា នេន សំណាង សិស្ស​ថ្នាក់​ទី​៦​នៃ​សាលា​បឋមសិក្សា​ឥន្ធកុមារ។ ដូច​កុមារ​ផ្សេង​ទៀត​ដែរ​កុមារ​ដែល​មាន​សម្បុរ​ស្រអែម​រូប​នេះ​បាន​និយាយ​ដោយ​ញញឹម​ថា អាហារ​ដែល​ផ្តល់​ឱ្យ​គេ​ជា​រៀង​រាល់​ព្រឹក​នេះ​ធ្វើ​ឱ្យ​គេ​មាន​កម្លាំង​សម្រាប់​សិក្សា។

«គេ​ឱ្យ​បាយ​ហូប​ជាមួយ​ត្រី​ខ​និង​ត្រកួន។ មាន​កម្លាំង​ពេល​រៀន»។

អាហារ​ពេល​ព្រឹក​នេះ​ដែល​ចម្អឹន​ក្តៅៗ​ដោយ​ចុងភៅ​នៅ​ទី​នោះ។ អង្ករ​និង​ប្រេងឆា​និង​ការ​ជួល​ចុង​ភៅ​ជា​បន្ទុក​របស់​អង្គការ​ស្បៀង​អាហារ​ពិភពលោក។ ចំណែក​ឯ​បន្លែ សាលា​បាន​ដាំ​ដោយ​ខ្លួន​ឯង​និង​ខ្លះ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ស្ម័គ្រ​ចិត្ត​ពី​អាណា​ព្យាបាល​សិស្ស។

ក្នុង​គម្រោង​នេះ​ក៏​មាន​ការ​ផ្ដល់​ប្រាក់​ដល់​គ្រួសារ​កុមារ​ក្រីក្រ​ចំនួន​ពីរ​ម៉ឺន​រៀល​ឬ​អង្ករ​១០​គីឡូក្រាម​ក្នុង​មួយ​ខែ​ផង​ដែរ ដើម​លើក​ទឹក​ចិត្ត​ពួក​គេ​ដែល​បាន​បញ្ជូន​កូន​របស់​ពួកគេ​មក​សាលារៀន។

កុមារ ជឿន សុខរឿន សិស្ស​ក្រីក្រ​ម្នាក់​ដែល​បាន​ទទួល​ជំនួយ​ប្រចាំ​ខែ​នេះ។​

«ខ្ញុំ​យក​លុយ​នេះ​ទៅ​ឱ្យ​ម៉ែ។ គាត់​ទិញ​អង្ករ​ដាំ​បាយ​ហូប។ គាត់​ពេញ​ចិត្ត។ គាត់​ចេះ​តែ​ដេញ​វាយ​ខ្ញុំ​រហូត ឱ្យ​មក​រៀន»។

លោក​ស្រី សែម ណុន នាយិកា​សាលា​បឋម​សិក្សា​ឥន្ធកុមារ​ថ្លែង​ថា បច្ចុប្បន្ន​កុមារ​ក្នុង​សហគមន៍​ក្រីក្រ​មួយ​នេះ​ប្រហែល​៩៨​ភាគរយ​បាន​ចូល​រៀន​នៅ​បឋមសិក្សា​ឥន្ធកុមារ​ដោយសារ​ការ​ចូលរួម​យ៉ាង​សំខាន់​របស់​គម្រោង​នេះ​។

«ខ្ញុំ​យល់​ថា នេះ​ជា​ការ​ល្អ។ ជា​អត្ថប្រយោជន៍​សម្រាប់​កុមារ​ធ្វើ​ឱ្យ​វា​មាន​ការ​លូត​លាស់​និង​ចូលចិត្ត​មក​រៀន។ កាត់​បន្ថយ​ការ​ចំណាយ​របស់​មាតា​បិតា​ហើយ​ក្មេង​វា​បាត់​ឃ្លាន។ ពេល​បាត់​ឃ្លាន វា​មាន​អារម្មណ៍​ចង់​មក​រៀន។ វា​មក​រៀន​បាន​ដិត​ដល់»។

បើ​តាម​អង្គការ​ស្បៀង​អាហារ​ពិភពលោក កង្វះ​អាហារូបត្ថម្ភ​នៅ​តែ​ជា​បញ្ហា​សុខភាព​សាធារណៈ​ដ៏​ប្រឈម​នៅ​កម្ពុជា។ ក្នុង​ចំណោម​កុមារ​អាយុ​ក្រោម​ប្រាំ​ឆ្នាំ​មាន​៤០​ភាគរយ​កើត​ជំងឺ​ក្រិន​កម្ពស់ ២៨​ភាគរយ​មាន​ទម្ងន់​មិន​គ្រប់គ្រាន់ ១០​ ភាគរយ​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​និង​៥៥​ភាគរយ​ទៀត​ខ្វះ​ឈាម​ក្រហម។

អង្គការ​នេះ​បាន​ប៉ាន់​ប្រមាណ​ថា កម្ពុជា​បាន​បាត់បង់​ថវិកា​ចន្លោះ​ពី​២៥០​លាន​ទៅ​៤០០​លាន​ដុល្លារ​ឬ​ក៏​ពី​១,៥​ទៅ​២,៥​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​(GDP)​ក្នុង​មួយ​ឆ្នាំៗ​ទៅ​លើ​កង្វះ​អាហារូបត្ថម្ភ​នេះ៕