ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កុមារី​ក្រីក្រ​មាន​អនាគត​មិន​ប្រាកដប្រជា​ ដោយ​សារ​កង្វះ​ការ​​ទទួល​បាន​ការអប់រំ​កម្រិត​ខ្ពស់


កុមារក្រី​ក្រ​ អង្គុយ​​នៅ​ក្នុង​ថ្នាក់​រៀន​​នៅ​​ក្នុង​ភូមិ​អណ្តែត​ទឹក​មួយ​នៅ​លើ​បឹង​ទន្លេសាប​ក្នុង​ប្រទេស​កម្ពុជា​។
កុមារក្រី​ក្រ​ អង្គុយ​​នៅ​ក្នុង​ថ្នាក់​រៀន​​នៅ​​ក្នុង​ភូមិ​អណ្តែត​ទឹក​មួយ​នៅ​លើ​បឹង​ទន្លេសាប​ក្នុង​ប្រទេស​កម្ពុជា​។
បាត់ដំបង៖ ខណៈ​ដែល​ពិភព​លោក​នាំគ្នា​ប្រារព្ធទិវា​កុមារី​អន្តរជាតិ​នៅ​ថ្ងៃ​ទី​១១​ខែ​តុលា​នេះ ​កុមារី​ក្រី​ក្រ​នៅ​ក្នុង​ភូមិ​អណ្តែត​ទឹក​មួយ​នៅ​លើ​បឹង​ទន្លេសាប​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​អនាគត​មិន​ប្រាកដប្រជា​មួយ​ ដោយសារ​តែ​កង្វះ​ឱកាស​និង​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​ឲ្យ​បាន​វែងឆ្ងាយ។​

ខុស​ពី​កុមារ​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កុមារ​ក្រី​ក្រ​នៅ​ក្នុង​ភូមិ​អណ្តែត​ទឹក​នេះ​ត្រូវ​ចែវ​ទូក​មក​រៀន​នៅ​សាលា​អណ្តែត​ទឹក​របស់​ពួកគេ​នៅ​លើ​បឹង​ទន្លេសាប​នេះ​ ស្ថិត​ក្នុង​ភូមិ​ព្រែក​ទាល់​ ឃុំកោះជីវាំង​ ស្រុក​ឯកភ្នំ ​ខេត្ត​បាត់ដំបង។​

ថ្វី​ត្បិត​តែ​ពួក​គេ​អាច​មាន​ឱកាស​មក​រៀន​នៅ​សាលា​បឋម​សិក្សាព្រែកទាល់​នេះ​ក៏ដោយ ​ក៏​កុមារ​ជា​ច្រើន​នៅ​ទីនេះ​ ជាពិសេស​គឺ​កុមារី​តែម្តង ​និយាយ​ថា ​ពួក​គេ​មិន​រំពឹង​ថា​ បាន​រៀន​ដល់​ថ្នាក់​ខ្ពស់​ទេ ​ដោយ​សារ​តែ​ជីវភាព​គ្រួសារ​ក្រី​ក្រ។​

ទាញ​យក​ពី​តំណភ្ជាប់​ដើម

ឆេង លី ​អាយុ​១១ឆ្នាំ​គឺ​ជា​សិស្ស​ថ្នាក់​ទី​៣​នៅ​សាលា​នេះ។​

«ខ្ញុំ​ចង់​រៀន​ដល់​ថ្នាក់​ទី​១២ ​ប៉ុន្តែ​ម៉ែឪ​ខ្ញុំ​ក្រ។​ ខ្ញុំ​ខ្លាច​ក្រែង​ថា​ ខ្ញុំ​មិន​អាច​រៀន​ដល់​នោះ​ទេ​ ព្រោះ​ខ្ញុំ​ត្រូវ​ជួយ​ម៉ែ​ខ្ញុំ។ ​ម៉ែ​ខ្ញុំ​រាយ​ម៉ង​ជាមួយ​ប្អូន​ និង​បងខ្ញុំ​នៅ​ឯ​ព្រៃ»។​

សិស្ស​ស្រី​នៅ​សាលា​នេះ​មាន​ចំនួន​ជិត​ពាក់​កណ្តាល​នៃ​សិស្ស​សរុប​ជាង​៣៤០​នាក់។
លោកវន ពិសី​គឺ​ជា​នាយក​សាលា​បឋម​សិក្សា​ព្រែក​ទាល់​នេះ។​ លោកមាន​ប្រសាសន៍​ថា ​សិស្ស​ស្រី​ដែល​ទៅ​ទី​នេះ​ភាគ​ច្រើន​ចង់​រៀន ​ហើយ​ចង់​រៀន​ឲ្យ​បាន​ខ្ពស់​ទៀត​ផង។​ ប៉ុន្តែ​ពួក​គេ​ត្រូវ​ទៅ​ជួយ​ធ្វើ​កិច្ច​ការ​ងារ​ឪពុក​ម្តាយ​របស់​ពួក​គេ។​

«មើល​ទៅ​នៅ​ទីនេះ ​កូន​សិស្ស​ចង់​រៀន។ ​ប៉ុន្តែ​នៅពេល​ដែល​ម៉ែ​ឪទៅ​ឆ្ងាយ ​ទៅ​ព្រៃ​ ទៅ​រក​ស៊ី ​គាត់​យក​កូន​ទៅ​ដែរ»។​

មាន​ប្រជា​ពលរដ្ឋ​ជាង​២០០០​គ្រួសារ​ ឬ​ស្មើ​នឹង​ចំនួន​មនុស្ស​ជាង​១​ម៉ឺន​នាក់​រស់​នៅ​ក្នុង​ឃុំ​កោះ​ជីវាំង​នេះ។ ​ក្រៅ​ពី​ប្រកប​របរ​លក់​ដូរ​បន្តិច​បន្តួច​នៅ​លើ​ផ្ទះទឹក​របស់​ខ្លួន​ ប្រជាជន​ភាគ​ច្រើន​នៅ​នេះ​ពឹង​អាស្រ័យ​លើ​ការ​នេសាទ​ត្រី​ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។​

គ្រួសារ​ខ្លះ​និយាយ​ថា ​ទោះ​បី​ជា​ពួក​គេ​ចង់​ឲ្យ​កូន​ស្រី​បាន​រៀន​ខ្ពង់ខ្ពស់​ក៏ដោយ ​ក៏​ពួក​គេ​មិន​អាច​ធ្វើ​បាន​ដែរ ​ដោយសារ​តែ​នៅ​ទីនេះ​មាន​តែសាលា​បឋម​សិក្សា​មួយ​និង​អនុវិទ្យាល័យ​មួយ​តែ​ប៉ុណ្ណោះ។​

លោកម៉ៅ ពេញ​គឺ​ជា​អ្នក​នេសាទ​ម្នាក់​និង​ជា​ឪពុក​នៃ​កូន​៨​នាក់។​

«រាល់​ថ្ងៃ​នេះ ​ប្រសិន​បើ​មាន​អង្គការ​ណា​មក​ជួយ​បន្ថែម​សាលារៀន​ ឲ្យ​មាន​វិទ្យាល័យ​នៅ​ទី​នេះ​ក៏​បាន​ដែរ​ ចង់​ឲ្យ​ក្មេង​ៗ​ហ្នឹង​ងាយ​ស្រួល ​កុំ​ឲ្យ​ពិបាក​គ្នា​ទៅ​រៀន​តាម​ខេត្ត។​ ហើយ​បើ​មាន​មហា​វិទ្យាល័យ​នៅ​ទីនេះ​ទៅ​ គ្នា​បាន​រៀន​គ្រាន់​បើ»។​

អាជ្ញាធរ​មូលដ្ឋាន​នៅ​ទីនេះយល់​ស្រប។

លោកប៊ុន បេង​គឺ​ជា​មេឃុំ​កោះ​ជីវាំង​នេះ។ ​លោក​មាន​ប្រសាសន៍​ថា ​ប្រសិន​បើ​មាន​អង្គការ ​ឬ​រដ្ឋាភិបាល​ជួយ​ជ្រុំ​ជ្រែង​បង្កើត​ឲ្យ​មាន​សាលា​រៀន​ថ្នាក់​ខ្ពស់​ជាង​នេះ​ទៀត ​ នោះ​វា​នឹង​ជួយ​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពលរដ្ឋ​នៅ​ទីនេះ។​

«កាលណា​គាត់​មិន​បាន​បន្ត​ការ​សិក្សា​ឲ្យ​បាន​ជ្រៅជ្រះ​បន្ត​ទៀត​ទេ ​ការ​ធ្វើ​ការ​បម្រើ​ជាតិ ​ឬ​សង្គម​គ្រួសារ​របស់​គាត់​ វា​នៅ​តែ​វិល​វល់​ វា​មិន​វិវត្ត។ ​សព្វ​ថ្ងៃ​ធ្វើ​ការ​អ្វី​មួយ ​គេ​ត្រូវ​ការ​ចំណេះ​ដឹង​ឲ្យ​បាន​ជ្រៅជ្រះ។ ​បើ​យើង​គ្មាន​ចំណេះ​ដឹង​ មិន​បាន​រៀន​សូត្រ​បន្ត​ឲ្យ​បាន​វែង​ឆ្ងាយ​ ក៏​ទៅ​រក​ការងារ​ធ្វើ​មិន​បាន​ធំដុំ​នឹង​គេ​ដែរ»។

លោក​បន្ថែម​ថា ​ដូច្នេះ​រដ្ឋាភិបាល​និង​ដៃគូ​អភិវឌ្ឍន៍​នានា​គួរ​ពិចារណា​ក្នុង​ការ​ផ្តល់​ឱកាស​និង​លទ្ធភាព​ដល់​កុមារ​ ជាពិសេស​គឺ​កុមារី ​ក្នុង​ការ​ទទួល​បាន​ការ​អប់​រំ​កម្រិត​ខ្ពស់ ​ដើម្បី​ជួយ​ជ្រុំ​ជ្រែង​គ្រួសារ​របស់​ពួក​គេ​ឲ្យ​ចេញ​ផុត​ពី​វដ្ត​នៃ​ភាព​ក្រីក្រ​ក្នុង​មូលដ្ឋាន​នេះ​បាន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG