ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​​​ទទូច​ឲ្យ​​​បញ្ចូល​​​មុខ​វិជ្ជា​​​សិក្សា​អំពី​​​សុចរិតភាព​ចាប់​ពី​ថ្នាក់​​​បឋម​​​សិក្សា


សាលា​បឋមសិក្សា​មួយ​នៅ​ខេត្ត​ក្រចេះ។
សាលា​បឋមសិក្សា​មួយ​នៅ​ខេត្ត​ក្រចេះ។
សម្ព័ន្ធ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ក្រុម​បាន​អំពាវ​នាវ​ឲ្យ​ក្រសួង​អប់រំ​ យុវជន និង​កីឡា​ក្នុង​ប្រទេស​កម្ពុជា ពិចារណា​ដាក់​បញ្ចូល​មុខវិជ្ជា​សិក្សា​អំពី​សុចរិត​ភាព​ទៅ​ក្នុង​កម្មវិធី​សិក្សា​អប់រំ​ថ្នាក់ជាតិ ចាប់​ពី​កម្រិត​បឋម​សិក្សា​ឡើង​ទៅ។​

លោក​ហ៊ឹម យន់​គឺ​អ្នក​សម្រប​សម្រួល​លេខាធិការដ្ឋាន​នៃ​សម្ព័ន្ធ​ដើម្បី​សុចរិត​ភាព​និង​គណនេយ្យភាព​សង្គម។ នៅ​ក្រៅ​សិក្ខាសាលា​មួយស្តី​ពី​សុចរិត​ភាព​ដែល​ត្រូវបាន​រៀបចំ​ឡើង​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ លោក​បាន​មាន​ប្រសាសន៍​ថា ការ​ដាក់​បញ្ចូល​មុខ​វិជ្ជា​នេះ​ទៅ​ក្នុង​កម្មវិធីសិក្សា​អប់រំ​ចាប់​ទី​ថ្នាក់​ក្រោម​ទៅ ​នឹងជួយ​បណ្តុះ​គំនិត​ក្មេងៗ​ឲ្យ​ចាប់​ផ្តើ​ម​គិត​ពី​ភាព​ស្អាត​ស្អំ​និង​ភាព​ស្មោះត្រង់​ ​តាំង​ពី​តូចៗ​ទៅ។​

«វា​ជា​ចំណុច​មួយ​សំខាន់​ សម្រាប់​ខ្លួន​គេ​ផង និង​សម្រាប់​គ្រួសារ​ដែល​ជា​ឪពុក​ម្តាយ​ផង។ កាល​ណា​កូន​ដែល​មិនមាន​ភាព​ស្មោះត្រង់​ជាមួយ​ឪពុក​ម្តាយ​ វា​អាច​ធ្វើ​បាប​ឪពុក​ម្តាយ​នៅ​ថ្ងៃ​ណាមួយ ហើយ​អាច​ប៉ះពាល់​ដល់​សង្គម​ទាំង​មូល។ អញ្ចឹង​ចាំបាច់​ត្រូវ​មាន​បញ្ចូល​ទាក់ទង​រឿង​សុចរិត​ភាព​ឬ​ក៏ការ​ទទួល​ខុសត្រូវ​សង្គម​នេះ​តាំង​ពី​បឋម​សិក្សា​មក​ម្ល៉េះ»។​

ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ត្រូវ​បាន​ញាំញី​ដោយ​អំពើ​ពុក​រលួយ​ក្នុង​រយៈ​ពេល​ជាង​ពីរ​ទសវត្សរ៍ចុងក្រោយ​នេះ។ អំពើ​ស៊ី​សំណូក​ សូកប៉ាន់ ការ​ទិញ ​លក់​សញ្ញា​ប័ត្រ និង​ការ​យក​លុយ​ពី​កូន​សិស្ស​តូចៗ​ក្នុង​ថ្នាក់​បឋមសិក្សា​រដ្ឋ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ក្លាយ​ជា​ទង្វើ​ធម្មតា​ទៅ​ហើយ​ ក្នុង​សម័យ​កាល​នៃព្រះរាជាណាចក្រ​កម្ពុជា​ទី​២​នេះ។​

លោក​សេង ឫទ្ធី នាយក​ប្រតិបត្តិ​ នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឍន៍​ជាតិ ​មាន​ប្រសាសន៍ថា ការ​ដាក់​បញ្ចូល​មុខ​វិជ្ជា​អំពី​សុចរិតភាព​ទៅ​ក្នុង​ការ​សិក្សា​តាំង​ពី​ថ្នាក់​កុមារដ្ឋាន​នេះ អាច​នឹង​ជួយ​បញ្ជ្រៀប​ផ្នត់​គំនិត​ស្រឡាញ់ភាព​ស្អាត​ស្អំ​ក្នុង​ចំណោម​កុមារ​តូចៗ​ និង​ធ្វើ​ឲ្យ​ពួក​គេចាប់​ផ្តើមស្អប់​អំពើ​ពុករលួយ​តាំង​ពីក្មេង​ទៅ។​

«ចាប់​ផ្តើម​ពី​កម្រិត​បឋម​សិក្សា​ទៅ ខ្ញុំ​គិត​ថា អាហ្នឹង​វា​សំខាន់ណាស់ ធ្វើ​យ៉ាង​ម៉ិច​បង្កើត​ឲ្យ​មាន​ភាព​ស្អាតស្អំ​ក្នុង​ខួរក្បាល​របស់សិស្ស​ចាប់​ពី​បឋម​សិក្សា​ឡើង​ទៅ»។​

កាល​ពី​ពេល​ថ្មីៗ​នេះ ក្រសួង​អប់រំ​ យុវជន និង​កីឡា រួម​ជា​មួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល​ បាន​សម្រេច​ដាក់​បញ្ចូល​មុខវិជ្ជា​ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ទៅ​ក្នុង​កម្មវិធី​សិក្សាកម្រិត​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ចាប់​ពី​ថ្នាក់​ទី​១០​ដល់​ទី​១២។​

ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​ដាក់​បញ្ចូល​មុខ​វិជ្ជា​នេះ​ចាប់​ពី​ថ្នាក់​ក្រោម​ទៅ​នៅ​ឡើយ​ទេ។​

លោក​សន ជ័យ តំណាង​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​សម័្ពន្ធ​គណនេយ្យភាព​សង្គម អាស៊ី​បូព៌ា ​និង​ប៉ាស៊ីហ្វិក​មាន​ប្រសាសន៍​ថា​ ការ​ដាក់​បញ្ចូល​មុខ​វិជ្ជា​អំពី​សុចរិត​ភាព​នៅ​ក្នុង​កម្មវិធី​សិក្សា​អប់រំ​ចាប់​ពី​ថ្នាក់​បឋម​សិក្សា​ឡើង​ទៅ​និង​ជួយ​ដល់​សិស្សានុសិស្សឲ្យ​ចាប់​ផ្តើម​ឆ្វេង​យល់​អំពីភាព​ស្មោះត្រង់​គុណ​តម្លៃ​នៃភាព​ជា​មនុស្ស​ស្អាត​ស្អំ​ និង​មិន​ប្រឡូក​ក្នុង​អំពើ​ពុករលួយ​តាំង​ពី​តូច​ទៅ។​

«អប់រំ​មនុស្ស​គឺ​គេ​ចាប់​ផ្តើម​ពី​តូច។ អញ្ចឹង​យើង​ចង់​បាន​ឲ្យ​ការ​អប់រំ​ចាប់​ផ្តើម​ពី​ថ្នាក់​បឋម​មក។ មិន​មែន​មាន​ន័យ​ថា ការ​អប់រំ​នៅថ្នាក់​វិទ្យាល័យ​ហ្នឹង​អត់​ប្រយោជន៍​ទេ ប៉ុន្តែ​ជា​ការ​ចាប់​ផ្តើម​ពី​ដើម​ទី​មក ពី​បឋម​សិក្សា​មក។ យើង​ត្រូវ​កុំ​ឲ្យ​សិស្សឃើញ​ការ​សូក​ប៉ាន់​នៅ​កម្រិត​សាលារៀន​របស់​ពួក​គេ»។​

កាល​ពី​ឆ្នាំ​មុន ​អង្គការ​តម្លាភាព​បាន​ចាត់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជាថា​ ជា​ប្រទេស​ដែល​មាន​អំពើ​ពុករលួយ​ច្រើន​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។​

យោង​តាម​របាយ​ការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​កន្លង​មក​ អំពើ​ពុក​រលួយ​នេះ​បាន​ធ្វើ​ឲ្យ​បាត់បង់​ថវិកា​ជាតិ​យ៉ាង​តិច​រាប់​រយ​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ ហើយ​វា​ក៏បាន​ចូលរួម​ចំណែក​បង្ក​ឲ្យ​មានអំពើ​អយុត្តិធម៌​សង្គម​ជា​ច្រើន​ផង​ដែរ។​

លោក​ព្រាប ​កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា មាន​ប្រសាសន៍​ថា ការ​បញ្ជ្រៀប​គោល​គំនិតអំពី​សុចរិត​ភាព​នេះ​ទៅ​ក្នុង​ប្រព័ន្ធ​សិក្សា​អប់រំ​តាំង​ពី​ថ្នាក់​ក្រោម​ទៅ​ នៅ​ពេល​នេះ ​អាច​ជា​ការ​វិនិយោគ​រយៈ​ពេល​វែង​មួយ ប៉ុន្តែ វា​នឹង​ជួយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែងរបស់កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​នា​ពេល​អនាគត។​

«នៅ​ពេល​ដែល​គាត់​ពេញ​វ័យ ចូល​បម្រើ​ការងារ ទោះ​បី​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​ ឯក​ជន ឬ​ក៏​អង្គការ​សង្គម​ស៊ីវិល​ហ្នឹង​គឺ​គាត់​ក្លាយ​ជា​បុគ្គល​ស្អាត​ស្អំ ជា​មន្ត្រី​ស្អាត​ស្អំ ហើយ​នឹង​មិន​ប្រព្រឹត្ត​អំពើ​ពុករលួយ»។​

រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន​និង​កីឡា លោក​បណ្ឌិត​ហង់ ជួនណារ៉ុន​មាន​ប្រសាសន៍​ថា ក្រសួង​របស់​លោក​បាន​និង​កំពុង​ពិចារណា​អំពី​បញ្ហា​នេះ​ហើយ។​

«តាម​ពិត​ យើង​បាន​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​ក្នុង​កម្រិត​មធ្យម​សិក្សា​ហើយ ប៉ុន្តែ​ក្នុង​កម្រិត​បឋម​សិក្សា​ហ្នឹង​គឺ​យើង​អនុវត្ត​តែ​ម្តង។ មាន​ន័យ​ថា តាម​ពិត​ បើ​យើង​បំបាត់​អំពើ​អវិជ្ជមាន​ដែល​កើត​មាន​ឡើងជាមួយ​សិស្ស​ក្នុង​កម្រិត​បឋម​សិក្សា​ហ្នឹង ក៏​វា​ជួយ​អប់រំ​ដែរ។ អញ្ចឹង​ហើយ​បាន​ជា​នៅ​ក្នុង​កម្រិត​បឋម​សិក្សា​ហ្នឹង យើង​អប់រំ​ទាំង​ផ្នែក​ពលរដ្ឋ​វិទ្យា សីលធម៌ ក៏​ដូច​ជា​ផ្នែក​ប្រឆាំង​អំពើ​ពុករលួយ​ដែរ គ្រាន់​តែ​ថា ក្នុង​កម្រិត​មួយ​តិច ហើយ​ដល់​ឡើងខ្ពស់ កាន់តែ​ច្រើន​ឡើងៗ»។​

ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុម​តំណាង​អង្គការ​សង្គម​ស៊ីវិល​បាន​ទទូចដោយ​លើក​ឡើង​ថា​ ការ​អប់រំ​មនុស្ស​ឲ្យ​ស្រឡាញ់ភាព​ស្មោះត្រង់​ និង​ភាព​ស្អាត​ស្អំ​ ហើយ​ស្អប់​អំពើ​ពុក​រលួយ​ចាំ​បាច់​ត្រូវ​ធ្វើ​ពី​តូចៗ​ទៅ​មុន​សិន រួច​សឹមទៅ​អប់រំមនុស្ស​ធំ​ពេញ​វ័យ​ជា​បន្ត​ទៀត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG