លោក ហុង លីម តំណាងរាស្ត្រ ខ្មែរ-អូស្ត្រាលី ប្រចាំរដ្ឋវិកតូរីយ៉ា (Victoria) បានបន្តហៅរបបនយោបាយកម្ពុជានាពេលបច្ចុប្បន្នថា ជា «របបតិរិច្ឆាន» ដោយលោកថា របបនេះប្រើអំពើហិង្សាប្រឆាំងនឹងក្រុមអ្នកមានទស្សនៈផ្ទុយពីរដ្ឋាភិបាល។
កាលពីខែសីហាឆ្នាំ២០១៦លោក ហុង លីម ត្រូវបានរដ្ឋាភិបាលកម្ពុជាបដិសេធមិនស្វាគមន៍លោកឲ្យចូលក្នុងទឹកដីកម្ពុជាបន្ទាប់ពីលោកបានហៅរបបនយោបាយកម្ពុជាសព្វថ្ងៃថា ជារបបតិរិច្ឆាន។
នៅក្នុងការជួបជុំមួយជាមួយមេដឹកនាំសមាគមខ្មែរអូស្រ្តាលីដែលធ្វើឡើងកាលពីរសៀលថ្ងៃសៅរ៍នៅរដ្ឋវិកតូរីយ៉ា លោក ហុង លីម បានថ្លែងថា លោកចង់ឃើញការជជែកដោះស្រាយបញ្ហានយោបាយ ដោយសន្តិវិធី ជាជាងការប្រើប្រាស់សកម្មភាពហិង្សា ដែលប្រទេសកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ មិនអនុវត្តនោះទេ។
លោក ហុង លីម មានប្រសាសន៍នៅក្នុងឃ្លីបវីដេអូ មួយដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុក របស់លោកសម រង្ស៊ី ប្រធានគណបក្សប្រឆាំងនៅថ្ងៃអាទិត្យថា៖
«នយោបាយគឺការជជែក តវ៉ាទាមទារពន្យល់ពីគោលជំហរនយោបាយ ផ្សេងៗគ្នា ហើយបើឲ្យកាលណានិយាយខុសពីអញ អ្ហូហ្ហែងបរិហាកេរ្តិ៍អញ ចាប់ដាក់គុក ទារហ្ហែងមួយលានដុល្លារ ទារហ្ហែង ២០ម៉ឺនដុល្លារ ហើយបើយកមួយលានដុល្លារឲ្យគេមកចាក់រុក បំបែកបំបាក់គេវិញ ឬអាណា ដេកជាមួយណា អត់អីអត់ជាប់គុកទេអាហ្នឹងល្អហើយ ឡើងបុណ្យឡើងស័ក្តិទៀតប្រសិនបើវាយតំណាងរាស្ត្រ អានេះគឺថា វាគិតមើលទៅ បើមិនតិរិច្ឆានទេ គឺថា ហ៊ុននិយមតែម្តង»។
តំណាងរាស្ត្ររូបនេះ បានលើកឡើង ថា ការផ្ទេរអំណាចតាមបែបប្រជាធិបតេយ្យ ត្រូវតែធានាឲ្យបាននៅក្នុងប្រទេសកម្ពុជា។ លោកបន្ថែមថា ការដណ្តើមអំណាច ដោយការប្រើហិង្សា ជាគំនិតចាស់គំរិល ដែលពិភពលោក មិនប្រើប្រាស់ទៀតនោះឡើយ។
កាលពីខែតុលា ឆ្នាំមុន លោក ហុង លីម បានដឹកនាំធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុង Melbourne រដ្ឋ Victoria។ បាតុកម្មនាពេលនោះ ត្រូវបានធ្វើឡើងដោយការមិនសប្បាយចិត្តចំពោះការស្លាប់លោក កែម ឡី កាលពីខែកក្កដា ឆ្នាំ ២០១៦ ដែលរហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជានៅមិនទាន់អាចបង្ហាញការពិតអំពីការបាញ់សម្លាប់អ្នកវិភាគដ៏ល្បីល្បាញរូបនេះដល់មហាជនខ្មែរ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចាត់ទុកថា ការអធិប្បាយរបស់លោក ហុង លីម ជាការប្រមាថជាតិសាសន៍ខ្លួនឯង។ លោកអះអាងថា គណបក្សប្រជាជននឹងមិនបាត់បង់អំណាច នៅក្នុងការបោះឆ្នោតនាពេលខាងមុខនោះទេ។
«គណបក្សប្រជាជនខំធ្វើចង់ងាប់ហើយ រឿងអីមិនសង្ឃឹមថា ឈ្នះ។ ប្រជាជនគេទទួលផល ផលប្រយោជន៍ជាក់ស្តែង ផលប្រយោជន៍ជូនជាតិ វាមានលើគ្រប់វិស័យ ទាំងអស់ដែលមានហើយ ហើយសួរថា តើមានគណបក្សណាដែលមានស្នាដៃអញ្ចឹង ហើយប្រជាជនល្ងង់ណាស់អ្ហី ទៅបោះឆ្នោត ឲ្យអ្នកភូតភរ កុហកតាមខ្យល់អញ្ចឹង អាហ្នឹងម៉េច។ ខ្ញុំថា ប្រជាពលរដ្ឋលោកមាន ឆន្ទៈមោះមុតនៅក្នុងការសម្រេចចិត្ត ម្ល៉ោះហើយ លោកប្រកាន់យក ការគាំទ្រចំពោះគណបក្សណា ដែលធ្វើ មិនប្រកាន់យកគណបក្សអ្នកណាដែលថាទេ»។
លោក សុខ ឥសាន បានបន្តថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តចាត់វិធានការក្តៅ គឺការប្រើប្រាស់កងកម្លាំងមានសមត្ថកិច្ច ដើម្បីបង្ក្រាបលើក្រុមឬ ចលនាណាមួយ ដែលមានចេតនាបង្កអសិ្ថរភាពនៅក្នុងសង្គម ឬក៏ផ្តួចផ្តើមគំនិតធ្វើបដិវត្តន៍ទម្លាក់រដ្ឋាភិបាល។
អ្នកតាមដានស្ថានការណ៍នយោបាយខ្មែរ ព្យាករណ៍ថា គណបក្សកាន់អំណាច អាចនឹងបាត់បង់ការគាំទ្រច្រើនបន្ថែមទៀត ប្រសិនបើគណបក្សនេះ បន្តឲ្យមានសកម្មភាពហិង្សាកើតឡើង ជាមួយនឹងការរឹតដ្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ នៅក្នុងការប្រមូលផ្តុំ និង បញ្ចេញមតិដោយសន្តិវិធី និងអហិង្សា។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម ប្រាប់ VOA ថា គណបក្សប្រជាជនកម្ពុជា បានសាង រឿងរ៉ាវអាក្រក់ៗជាច្រើន កាលពីឆ្នាំ ២០១៦ ដូចជាការធ្វើទុកបុកម្នេញលើក្រុមអ្នកការពារសិទ្ធិមនុស្ស និងការលើកដម្កើងជនដែលបង្កហិង្សាលើតំណាងរាស្ត្ររបស់គណបក្សប្រឆាំង។ លោកបញ្ជាក់បន្តទៀតថា គណបក្សប្រជាជនកម្ពុជា ដែលក្តាប់អំណាចជិត ៤០ឆ្នាំមកនេះ អាចនឹងប្រឈមការបាត់បង់ជំនឿពីម្ចាស់ឆ្នោត ដោយសាររឿងរ៉ាវទាំងអស់នេះ។
«ខ្ញុំមើលទៅ គណបក្សប្រជាជនមិនដឹងថា យ៉ាងម៉េច បានជាក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ គាត់ក៏ហាក់ដូចជា ធ្វើអ្វីទៅវាចេះតែខុស វាចេះតែខុសទំនងស្អី ដែលពលរដ្ឋយល់ដឹងពលរដ្ឋថា មើលទៅវាមិនសមភ្នែករបស់គាត់បាទ»។
លោក ហុង លីម បានលើកឡើងកាលពីពេលកន្លងមកថា ការណ៍ដែលរដ្ឋាភិបាលកម្ពុជាដាក់លោកជាជនមិនត្រូវបានស្វាគមន៍នោះគឺជាទង្វើមិនស្ថិតលើគោលការណ៍ច្បាប់ និងផ្ទុយពីរដ្ឋធម្មនុញ្ញរបស់កម្ពុជា ហើយលោកថា លោកនឹងប្តឹងតវ៉ាចំពោះការសម្រេចនេះ៕