ដែនដីហុងកុងប្រុងប្រៀបសម្រាប់ការធ្វើបាតុកម្មចុងសប្ដាហ៍ប្រឆាំងនឹងរដ្ឋាភិបាលដែលឈានដល់សប្តាហ៍ទី២០ នៅក្រោយភាគីទាំងពីរបានប្រាប់ឱ្យដឹងថា ពួកគេមិនព្រមចុះចាញ់ទេ។
ក្រុមបាតុករបាននិយាយថា ពួកគេមិនដកថយពីការទាមទារទាំងប្រាំរបស់ពួកគេពីរដ្ឋាភិបាលក្រុងហុងកុងទេ ហើយលោកស្រី Carrie Lam ប្រធានប្រតិបត្តិនៃក្រុងនេះបាននិយាយថា លោកស្រីនឹងមិនធ្វើសម្បទានដល់ពួកបាតុករឡើយ។
គោលជំហរតឹងរ៉ឹងរបស់លោកស្រី Lam បានត្រូវបន្ទរកាលពីដើមសប្តាហ៍នេះដោយប្រធានាធិបតីចិន Xi Jinping ដែលលោកបានព្រមានថា ជនទាំងឡាយណាដែលបំផុសបំផុលឱ្យមានឯករាជ្យភាពសម្រាប់ដែនដីហុងកុងពីប្រទេសចិននឹងប្រថុយប្រថានដោយត្រូវ«កម្ទិចរាងកាយនិងបំបាក់ឆ្អឹង»។
ក៏ប៉ុន្តែក្រុមបាតុករនិយាយថា ពួកគេមិនបោះបង់ចោលការទាមទាររបស់ពួកគេទេ។ កាលពីថ្ងៃសុក្រ មនុស្សជាងមួយពាន់នាក់បាននៅពេញមជ្ឈមណ្ឌលហិរញ្ញវត្ថុនៃក្រុងនេះដោយដើរកាត់ធនាគារនិងហាងលក់ទំនិញប្រណីតៗដែលនាំឱ្យមានមនុស្សមានការងឿងឆ្ងល់ឈរមើលនិងបានធ្វើឱ្យគាំងចរាចរណ៍ផងដែរ។
ការទាមទារសំខាន់ៗរបស់ក្រុមបាតុករមានរួមបញ្ចូលការបោះឆ្នោតសាកល, ការស៊ើបអង្កេតអំពីអំពើហិង្សារបស់ពួកប៉ូលិស, ការលើកលែងទោសឱ្យក្រុមបាតុករនិងការដកទាំងស្រុងនិងជាផ្លូវការនូវផ្កាភ្លើងដែលបានបញ្ឆេះភ្លើងកំហឹងដល់ក្រុមប្រឆាំង នោះគឺសេចក្តីព្រាងច្បាប់ដែលត្រូវបានដករួចហើយ នោះគឺច្បាប់ធ្វើបត្យាប័នដែលអាចអនុញ្ញាតឱ្យអាជ្ញាធរប្រទេសចិនដីគោកកាត់ទោសពួកជនត្រូវចាប់ខ្លួនក្នុងដែនដីហុងកុង។
បាតុកម្មសឹងតែជាវត្តមានទៀងទាត់នៅក្នុងក្រុងហុងកុងចាប់តាំងពីខែមិថុនាមកទោះណាជាពួកប៉ូលសបានចាត់ទុកការតវ៉ាទាំងនេះនិងការពាក់ម៉ាស់មុខនៅក្នុងការប្រមូលផ្តុំគ្នាជាសាធារណៈ ថាជាអំពើស្ថិតនៅក្រៅច្បាប់ក៏ដោយ៕