ក្រុមមន្ត្រីអាមេរិកបានអំពាវនាវជាថ្មីឱ្យមានដំណោះស្រាយ «ប្រកបដោយក្តីមេត្តា» ដល់ស្ថានការណ៍នៅក្នុងក្រុងហុងកុងដែលនៅទីនោះបាតុកម្មដែលនៅតែមានធ្វើមិនបង្ហាញសញ្ញាថា នឹងចប់ជាបន្ទាន់ទេ។
នៅក្នុងសេចក្តីសម្ភាសន៍មួយជាមួយបណ្តាញទូរទស្សន៍អាមេរិកាំង Fox Business Network កាលពីថ្ងៃពុធ លោករដ្ឋមន្ត្រីការបរទេសស.រ.អា. Mike Pompeo បាននិយាយថា ក្រុមបាតុករនៅហុងកុងបានសុំដល់រដ្ឋាភិបាលចិនឱ្យធ្វើតាមការសន្យារបស់ផងខ្លួនតាមរយៈកិច្ចព្រមព្រៀងរួមគ្នារវាងប្រទេសចិននិងប្រទេសអង់គ្លេសកាលពីឆ្នាំ១៩៨៤និងអ្វីដែលហៅថាក្របខណ្ឌនៃ «ប្រទេសមួយប្រព័ន្ធពីរ» នៅក្រោយប្រទេសចិនចូលត្រួតត្រាជាថ្មីលើហុងកុងពីការគ្រប់គ្រងអាណានិគមរបស់អង់គ្លេសកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧។
លោក Pompeo បាននិយាយថា «ក្រុមបាតុករទាំងនេះសុំដល់ពួកមេដឹកនាំចិនឱ្យគោរពការប្តេជ្ញានេះដែលពួកគេបានធ្វើ។ ពួកមេដឹកនាំចិនបានធ្វើការប្តេជ្ញានេះដល់ពួកអង់គ្លេសនៅក្នុងកិច្ចព្រមព្រៀងដែលបានត្រូវដាក់ជូនអ.ស.ប.។ នេះជាគោលនយោបាយរបស់ស.រ.អា.»។
លោក Pompeo បានថ្លែងបន្ថែមថា «លោកប្រធានាធិបតីក៏បាននិយាយដែរថាលោកចង់ឱ្យប្រាកដប្រជាថាអាជ្ញាធរចិនប្រព្រឹត្តទៅលើក្រុមបុគ្គលនៅហុងកុងដោយសេចក្តីមេត្តាករុណា។ទាំងអស់នេះជាស្នូលនៃគោលនយោបាយអាមេរិកាំងស្តីពីដែនដីហុងកុង»។