ប្រមុខប្រតិបត្តិទីក្រុងហុងកុងអ្នកស្រី Carrie Lam បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន «យល់ គោរព និងគាំទ្រ» វិធានការរបស់រដ្ឋាភិបាលអ្នកស្រីនៅក្នុងការលុបចោលសំណើច្បាប់បត្យាប័ន។ សំណើច្បាប់បត្យាប័ននេះបានបង្កឲ្យមានការតវ៉ាប្រជាធិបតេយ្យអស់រយៈពេល ៣ ខែកន្លងមកនៅក្នុងទីក្រុងហុងកុង។
អ្នកស្រី Lam បានប្រាប់អ្នកកាសែតថា ការផ្ដោតដ៏សំខាន់បំផុតនាពេលឥឡូវនេះគឺលើការបញ្ឈប់នូវអ្វីដែលបានក្លាយជាការតវ៉ាហិង្សាកើនឡើង និងស្ដារឡើងនូវសន្តិភាពសម្រាប់ទីក្រុងហុងកុង។ អ្នកស្រីនិយាយថា អ្នកស្រីសង្ឃឹមថា អ្នកដែលបានចូលរួមនៅក្នុងការធ្វើបាតុកម្មនេះយល់ថា អំពើហិង្សាគឺប៉ះពាល់ដល់ទីក្រុងហុងកុង និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
អ្នកស្រី Lam បានពិភាក្សាអំពីមធ្យោបាយផ្សេងៗ ដែលអ្នកស្រីសង្ឃឹមថានឹងអនុញ្ញាតឲ្យមានការពិភាក្សាអំពីមូលហេតុនៃការកើតឡើងនូវរឿងក្ដៅក្រហាយមិនពេញចិត្តរបស់ប្រជាពលរដ្ឋនៅក្នុងទីក្រុងហុងកុង។ ប៉ុន្តែអ្នកស្រីមិនបានបង្ហាញសញ្ញាយល់ព្រមណាមួយជាមួយនឹងការទាមទារទាំងអស់ដែលក្រុមអ្នកតវ៉ាចង់បាននោះទេ។
ការទាមទារ ៤ ចំណុចផ្សេងទៀតនៅក្នុងចលនាតវ៉ានេះ មានដូចជាការស៊ើបអង្កេតឯករាជ្យលើការបង្ក្រាបដោយឃោរឃៅរបស់ប៉ូលិសលើក្រុមអ្នកតវ៉ា ការដោះលែងអ្នកជាប់ឃុំដោយគ្មានលក្ខខណ្ឌ ការមិនកំណត់ថាការតវ៉ានេះជា «កុបកម្ម» និងការអនុញ្ញាតឲ្យប្រជាពលរដ្ឋហុងកុងជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួន។
ក្រុមអ្នកតវ៉ាបាននិយាយថា វិធានការរបស់អ្នកស្រី Lam នៅក្នុងការដកសំណើច្បាប់បត្យាប័ននេះចេញគឺជាលទ្ធផលតិចតួចប៉ុណ្ណោះ ឬក៏យឺតពេលពេក។ ក្រុមអ្នកតវ៉ាមានគម្រោងធ្វើការតវ៉ាបន្ថែមទៀតនៅថ្ងៃសៅរ៍ខាងមុខនេះ៕