ដើម្បី​បង្ក្រាប​ក្រុម​បាតុករ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ប្រើ​អំពើ​ហិង្សា​ អាជ្ញាធរ​ក្រុង​ហុង​កុង​ហាម​មិន​ឱ្យ​ប្រើ​ម៉ាស់​បិទ​មុខ

ប្រធាន​ប្រតិបត្តិ​ក្រុង​ហុង​កុង លោក​ស្រី Carrie Lam ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ទីក្រុង​ហុងកុង​ កាល​ពី​ថ្ងៃ​ទី​៤ តុលា ២០១៩។

រដ្ឋាភិបាល​ក្រុង​ហុង​កុង​ កាល​ពី​ថ្ងៃ​សុក្រ​ ​បាន​ហាម​ប្រាម​ប្រជារាស្ត្រ​មិន​ឱ្យ​ពាក់​ម៉ាស់​ នៅ​ក្នុង​បាតុកម្ម​សាធារណៈ​ដោយ​យក​មក​ប្រើ​នូវ​ច្បាប់​ស្តី​ពី​អំណាច​គ្រា​មាន​អាសន្ន​ដែល​បាន​ត្រូវ​បង្កើត​ឡើង​ក្នុង​សម័យ​អាណានិគម​អង់គ្លេស។

លោកស្រី ​Carrie Lam ​ប្រធាន​ប្រតិបត្តិ​នៃ​ដែន​ដី​ហុងកុង​បាន​អះ​អាង​ទាមទារ​អំណាច​តាម​រយៈ​បទប្បញ្ញត្តិ​គ្រា​មាន​អាសន្ន​ដែល​បាន​ត្រូវ​ប្រើ​ដើម្បី​បង្ក្រាប​កុបកម្ម​កាល​ពី​ឆ្នាំ​១៩៦៧។​

លោកស្រី​ Lam​ បាន​និយាយ​ថា ​បទប្បញ្ញត្តិ ​ថ្មី​នេះ ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​សៅរ៍​នេះ​ជា​ «ការ​ហាម​ប្រាម​មិន​ឱ្យ​បាំង​មុខ» ហើយ​មាន​គោល​ដៅយក​ពួក​កុបករ​និង​ឬ​ពួកជន​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​ជាទី​ដៅ​នៃ​ការ​បង្ក្រាប។

ច្បាប់​នេះ​ក៏​មាន​ការ​លើក​លែង​ដែរ​សម្រាប់​ពួក​ជន​ដែល​មាន​សេចក្តី​ត្រូវ​ការ​ត្រឹម​ត្រូវ​តាម​ច្បាប់​ដើម្បី​ពាក់​ម៉ាស់។

ដោយ​ប្រកាស​អំពី​វិធានការ​នេះ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ក្រុម​ប្រឹក្សា នីតិបញ្ញត្តិ ​លោកស្រី​ Lam ​បាន​និយាយ​ថា៖ «ជាការ​មាន​សារៈ​សំខាន់​សម្រាប់​យើង​ក្នុង​ការ​បញ្ឈប់​អំពើ​ហិង្សា​និង​ធ្វើ​ឱ្យ​មាន​ភាព​ស្ងប់​ស្ងាត់​ឡើង​វិញ​នៅ​ក្នុង​សង្គម​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន»។

គេមិន​បាន​ដឹងច្បាស់​លាស់​ទេ​ថា​ តើ​រដ្ឋាភិបាល​ហុង​កុង​នឹង​អនុវត្ត​ការ​ហាម​ប្រាម​មិន​ឱ្យ​ពាក់​ម៉ាស់​មុខ​បែប​ណា​នៅ​ក្នុង​ក្រុង​មួយ​មាន​ប្រជារាស្ត្រ​៧​លាន​៤សែន​នាក់​ ដែល​នៅ​ទីនោះ​មនុស្ស​ច្រើន​នាក់​ពាក់​ម៉ាស់​ ដើម្បី​ការពារនឹងខ្យល់​កខ្វក់​ឬ​ការ​ឆ្លង​ជំងឺ​ដូចជា​ជំងឺ​ SARS ​ដែល​បាន​រាត​ត្បាតក្នុង​ក្រុង​នេះ​កាល​ពី​ឆ្នាំ​២០០៣៕