Hollande៖ទណ្ឌកម្ម​នឹង​ត្រូវ​ដក​ចេញ​ពី​​រុស្ស៊ី​បើសិន​​​​វិបត្តិ​អ៊ុយក្រែន​មាន​ការ​ជឿនលឿន

លោក​ប្រធានាធិបតី​បារាំង​ Francois Hollande​ កំពុង​ទទួល​សំនួរ​ក្នុង​​ពេល​ធ្វើ​បទ​សម្ភាស៍​ជាមួយ​វិទ្យុ​បារាំង​ France Inter​ នៅ​ទី​ក្រុង​ប៉ារីស​ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ២០១៥។

លោក​ប្រធានា​ធិបតី​បារាំង​ Francois Hollande ​មាន​ប្រសាសន៍​ថា ​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ប្រទេស​រុស្ស៊ី​នឹង​ត្រូវ​លប់​ចោល​ ប្រសិនបើ​ការ​ចរចា​ដើម្បី​បញ្ចប់​វិបត្តិ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​មាន​ការ​ជឿនលឿន។

​លោក​ប្រធានា​ធិបតី​ Hollande បាន​ប្រាប់​ស្ថានីយ​វិទ្យុ​បារាំង​ (France Inter)​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ​លោក​នឹង​ចូល​រួម​ការ​ចរចា​អន្តរជាតិស្តី​ពី​វិបត្តិ​ប្រទេស​អ៊ុយក្រែន​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ចុង​ខែ​នេះ ​ប្រសិនបើ «​ការ​ជឿន​លឿន​ថ្មី» ​អាច​ត្រូវ​បាន​ធ្វើ​ឡើងឆ្ពោះ​ទៅ​កាន់​ការ​បញ្ចប់ជម្លោះ​រវាង​រដ្ឋាភិបាល​អ៊ុយក្រែន​និង​ពួក​ទាម​ទារ​បំបែក​រដ្ឋ​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​នោះ។

លោក​ Steffen Seibert ​អ្នក​នាំ​ពាក្យ​របស់​លោកស្រី​អធិការបតី​ Angela Merkel នៃ​ប្រទេស​អាល្លឺម៉ង់ និយាយ​ដោយ​មាន​ការ​ប្រយ័ត​យ៉ាង​ខ្លាំង​ថា​ ​លោកមិន​ប្រាកដ​ទេ​ថា​តើ​នៅ​ពេល​ណា​ជំនួប​បែប​នេះ ​នឹង​កើត​មាន​ឡើង ​ដោយ​លោក ​និយាយ​បន្ថែម​ទៀត​ថា វា​ជា​ការ​សម្យ​ហេតុផល​ ​ប្រសិនបើ​យើង​អាច​ធ្វើ​ឲ្យ​ការ​ចរចា​នោះជឿន​លឿន​ទៅ​មុខ។

​ប្រធានា​ធិបតី​ Petro Poroshenko ​នៃ​ប្រទេស​អ៊ុយក្រែន​បាន​ប្រកាស​កាល​ពី​ខែ​មុន​ថា ​លោក​មាន​ផែន​ការ​ជួប​ជាមួយ​ប្រធានា​ធិបតី​ Vladimir Putin​ នៃ​ប្រទេស​រុស្ស៊ី​ លោកស្រី​អធិការបតី ​Merkel ​និង​ប្រធានា​ធិបតី​ Hollande ​នៅ​ថ្ងៃ​ទី​១៥​ ខែមក​រា នៅ​ក្នុង​រដ្ឋ​ធានី​អាស្តាណា​(Astana) ​នៃ​ប្រទេស​កាហ្សាក់ស្ថាន​ (Kazakhstan)។

​ពួក​អ្នក​ការទូតមក​ពី​ប្រទេស​អ៊ុយក្រែន​ ​រុស្ស៊ី ​បារាំងនិង​អាល្លឺម៉ង់ ​បាន​ជួប​គ្នា​កាល​ពី​ថ្ងៃ​ច័ន្ទនៅ​ក្នុង​ទីក្រុង​ប៊ែឡាំង​(Berlin) ​ដើម្បី​ពិភាក្សា​ការ​ខំ​ប្រឹង​ប្រែង​ដើម្បីបញ្ចប់​ជម្លោះ​ក្នុង​តំបន់​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។

​ប្រធានា​ធិបតី​ Hollande ​បាន​និយាយ​ថា ​លោក​ Putin​ បាន​ប្រាប់​លោក​ថា ​លោក មិន​ចង់​យកតំបន់​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​ធ្វើ​ជា​ឧប​សម្ព័ន្ធ​ទេ។ ​លោក ​និយាយ​បន្ថែម​ទៀត​ថា​ ផ្ទុយ​ទៅ​វិញ​ មេ​ដឹក​នាំ​រុស្ស៊ី​ចង់​រក្សា​ឥទ្ធិពលហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា ​អ៊ុយក្រែន​មិន​ចូល​រួម​ក្នុង​អង្គការ​អូតង់។

សហរដ្ឋ​អាមេរិក​និង​ប្រទេស​សម្ព័ន្ធ​មិត្ត​របស់​ខ្លូន​នៅ​អឺរ៉ុប ​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​រុស្ស៊ី​ចំពោះ​ការ​យក​ឧបទ្វីប​ Crimea ​ធ្វើ​ជាឧបសម្ព័ន្ធ​ហើយ​និង​ការ​គាំទ្រ​ពួក​ទាម​ទារ​បំបែក​រដ្ឋ​ក្នុង​តំបន់​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន។

ជម្លោះ​ក្នុង​តំបន់​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន ​បាន​ផ្តាច់​ជី​វិត​មនុស្សជាង​៤​ពាន់​៧រយ​នាក់​ចាប់​តាំង​ពី​ខែ​មេសាឆ្នាំ​មុន​មក។

​កាល​ពី​ថ្ងៃ​ច័ន្ទ​ដែរ​ ​ប្រធានា​ធិបតី​ Poroshenko ​បាន​ប្រគល់​រថពាសដែក​និង​អាវុធ​ធុន​ធ្ងន់​ រួម​មាន​យន្តហោះ​ចម្បាំង​៤​គ្រឿង​ ទៅ​ឲ្យ​ពួក​កងទ័ពក្នុង​អំឡុង​នៃ​ពិធី​មួយ​នៅ​តំបន់​ភាគ​ពាយព្យ​នៃ​ប្រទេស​អ៊ុយក្រែន។

ការិយាល័យ​ព័ត៌មាន​របស់​លោក​បាន​រាយការណ៍​ថា​ លោក​ Poroshenko ​បាន​សម្តែង​នូវ​សេចក្តី​សង្ឃឹម​ថា ​ឆ្នាំ​២០១៥ ​នឹង​ក្លាយ​ជាឆ្នាំ​ជ័យ​ជម្នះ​និង​សន្តិភាព​សម្រាប់ប្រទេស​អ៊ុយក្រែន៕