អង្គការសុខភាពពិភពលោក៖ ការជួបជុំក្នុងថ្ងៃឈប់សម្រាកនិងការរាលដាលនៃវីរុសបំប្លែងថ្មីធ្វើឱ្យករណីជំងឺកូវីដ១៩កើនឡើងជុំវិញពិភពលោក

រូបឯកសារ៖ តេស្ត​វិជ្ជមាន​នៃ​​​វីរុស​កូវីដ១៩ ត្រូវបាន​ថត​នៅ​ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។

ប្រធានទី​ភ្នាក់ងារ​សុខភាពអង្គការ​សហប្រជាជាតិ​ បាន​និយាយ​កាលថ្ងៃ​ទី ១០​ ខែ​មករា​ថា ការ​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​ឈប់​សម្រាក​និង​ការ​រីក​រាលដាល​នៃ​វីរុស​បំប្លែង​ខ្លួនដ៏​សំខាន់​បំផុត​ បាន​នាំឱ្យ​មានការ​ឆ្លង​ជំងឺ​កូវីដ​១៩​ កើន​ឡើង​នៅ​ជុំវិញ​ពិភពលោក​ កាល​ពីធ្នូកន្លង​ទៅ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់ទី​ភ្នាក់ងារព័ត៌មាន AP។

លោក​ Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាព​ពិភពលោក WHO ​បាន​និយាយ​ថា​ មាន​សេចក្តី​រាយការណ៍​ថា​ មាន​មនុស្ស​ស្លាប់​ជិត​ ១ម៉ឺន​នាក់ កាល​ពី​ខែ​ធ្នូ​ ខណៈ​ការ​ចូល​សម្រាក​ព្យាបាលក្នុង​មន្ទីរ​ពេទ្យក្នុង​អំឡុង​ខែ​កន្លង​ទៅ​នេះ​ មាន​ការ​កើន​ឡើង​ដល់​ ៤២ភាគរយ នៅ​ក្នុង​ប្រទេស​ជិត ​៥០ ដែល​ភាគ​ច្រើន​ស្ថិត​នៅ​ទ្វីបអឺរ៉ុប​និង​អាមេរិក​ ដែល​បាន​ចែក​រំលែក​ព័ត៌មាននេះ។​

លោក​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ទី​ស្នាក់​ការ​ធំ​របស់អង្គការ​សុខភាព​ពិភពលោក​ WHO ក្នុង​ទី​ក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ថា៖​ «​ទោះ​បីចំនួន​អ្នក​ស្លាប់​ ១ម៉ឺននាក់ ​ក្នុង​មួយ​ខែ​ នៅ​តិច​ខ្លាំង​ជាង​ចំនួន​ដែលធ្លាប់​ឡើង​ដល់​កម្រិត​កំពូល​នៃ​ការ​ឆ្លង​ជំងឺ​រាតត្បាត​នេះ​ក៏​ដោយ​ ​ក៏​ការស្លាប់​ដែល​អាចបញ្ជៀស​បានយ៉ាង​ច្រើនបែប​នេះ​ មិន​អាច​ទទួល​យក​បាន​ឡើយ»។​ ​

លោកបន្ត​ទៀត​ថា​ ករណីនៃ​ជំងឺ​នេះ​ច្បាស់ជា​បាន​កើន​ឡើង​នៅ​កន្លែង​ដទៃ​ទៀត​ ដែល​មិន​ត្រូវ​បាន​រាយការណ៍​ឱ្យ​ដឹង​ ​ហើយ​លោក​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​នានា​ត្រូវ​តាមដាន​ត្រួតពិនិត្យ​ និង​បន្ត​ផ្តល់​ការ​ព្យាបាលនិងផ្តល់​វ៉ាក់សាំង​ការពារ​ផង​ដែរ។​ ​

លោក Tedros និយាយ​ថា​ វីរុស​បំប្លែង​ថ្មី​ JN.1 ឥឡូវ​នេះ​ជា​វីរុសដែល​កំពុង​មាន​សកម្មភាព​ខ្លាំង​នៅ​លើ​ពិភពលោក​។​ នេះ​ជា​ប្រភេទ​វីរុសអូមីក្រុង ដូច្នេះ​វ៉ាក់សាំង​ការពារ​ដែល​មាន​នាពេល​បច្ចុប្បន្ន​ នៅ​តែមាន​ប្រសិទ្ធភាព។​ ​

អ្នក​ស្រី ​Maria Van Kerkhove អ្នកដឹក​នាំ​បច្ចេកទេស​នៃ​អង្គការ​សុខភាព​ពិភពលោក​សម្រាប់​ជំងឺ​កូវីដ១៩​ បាន​លើក​ឡើង​ពីជំងឺ​ផ្លូវ​ដង្ហើម​ដែល​មានការ​កើន​ឡើង​នៅ​ជុំវិញពិភពលោក​ ​ដោយ​មិន​គ្រាន់​តែ​បណ្តាល​មក​ពីជំងឺ​កូវីដ១៩ ​មួយ​មុខ​ប៉ុណ្ណោះទេ​ តែ​ក៏​បណ្តាលមក​ពី​ជំងឺ​ផ្តាសាយ វីរុស​ផ្លូវ​ដង្ហើម និង​ជំងឺ​រលាក​សួត​ជា​ដើម​ផង​ដែរ។ ​អ្នក​ស្រី​បន្ថែម​ទៀត​ថា យើង​រំពឹង​ថា ជំងឺ​ទាំង​នោះ​នឹង​បន្តក្នុង​ខែ​មករា​រហូត​ដល់​ខែ​រដូវ​រងារ​ក្នុង​តំបន់​អឌ្ឍគោលខាង​ជើង។​ ​អ្នក​ស្រី​ក៏​កត់​សម្គាល់ផង​ដែរ​ពី​ការ​កើន​ឡើង​នៃ​ជំងឺកូវីដ​១៩​ ​ក្នុង​តំបន់​អឌ្ឍគោល​ភាគ​ខាងត្បូង​ ដែល​ពេល​នេះជា​រដូវ​ក្តៅ​នៅ​ឡើយ។​

ក្នុង​ពេល​ដែលការ​ក្អក​ កណ្តាស​ គ្រុន​ឬ​ការ​អស់​កម្លាំង​ខ្លាំង​ក្នុង​រដូវ​ត្រជាក់ ជា​រឿង​ធម្មតា​នោះ​ អ្នក​ស្រី Van Kerkhove បាន​និយាយដោយ​សំដៅ​ទៅលើ​ឆ្នាំ​នេះ​ជា​ពិសេស​ថា៖​ «យើង​សង្កេត​ឃើញ​វីរុស​ ឬ​បាក់តេរី​ផ្សេងៗ ដែល​បង្កើត​ឱ្យមាន​ជំងឺ​ជា​ច្រើន​ប្រភេទ​កើត​ឡើង​ព្រមៗ​គ្នា» ។

មន្ត្រីអង្គការ​សុខភាព​ពិភពលោក​បាន​ណែនាំ​ឱ្យមនុស្សម្នា​នាំគ្នា​ទៅ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺតាម​ដែល​អាច​ធ្វើ​បាន ឱ្យពាក់ម៉ាស់​ ​និងធ្វើឱ្យ​ទី​កន្លែងក្នុង​អគារ​ ឬ​បន្ទប់​បិទ​ជិត​មាន​ខ្យល់​ចេញ​ចូលល្អ។

វេជ្ជបណ្ឌិត​ Michael Ryan ប្រធានផ្នែកសង្គ្រោះបន្ទាន់នៃ​អង្គការ​សុខភាព​ពិភពលោកនិយាយ​ថា៖​ «វ៉ាក់សាំងប្រហែល​ជា​មិន​អាច​ជួយ​យើង​មិន​ឱ្យ​ឆ្លងជំងឺ​បាន​ទេ ​តែ​វ៉ាក់សាំងពិត​ជា​អាច​ជួយយើង​បាន​ក្នុង​ការ​កាត់​បន្ថយ​ការ​ឈឺ​ចូល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ ឬ​ធ្វើ​ឱ្យ​យើង​ស្លាប់៕ ​