ជារៀងរាល់ឆ្នាំ ពេលមានភ្លៀងធ្លាក់ខ្លាំង កំណាត់ផ្លូវតូចធំជាច្រើនក្នុងរាជធានីភ្នំពេញ តែងតែលិចលង់ដោយសារជំនន់ទឹកភ្លៀង ខណៈដែលកន្លែងខ្លះទៀត ទឹកភ្លៀងលាយឡំនឹងទឹកស្អុយ បានហូរចូលផ្ទះប្រជាពលរដ្ឋ ដែលបង្កជាក្តីកង្វល់និងបញ្ហានានា។
កំពុងអង្គុយនៅមុខផ្ទះ ដែលមានលក់ចាប់ហួយតូចមួយក្នុងសង្កាត់បឹងទំពុន ២ ខណ្ឌមានជ័យ កាលពីថ្ងៃទី ១២ ខែកក្កដា អ្នកស្រី ចាន់ សូវឿន លើកឡើងថា រាល់ពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ដងផ្លូវខាងមុខផ្ទះជួលរបស់អ្នកស្រី តែងលិចជ្រៅ រហូតមិនអាចធ្វើដំណើរបាន។
ចំណែកផ្ទះអ្នកស្រីដែលរាបផ្ទាល់ដី ក៏លិចចូលជិតកន្លះម៉ែត្រ ហើយធ្វើឲ្យអ្នកស្រី សូវឿន ដែលមានកូនតូចៗ ២ នាក់រូបនេះ ត្រូវបង្ខំចិត្តជញ្ជូនកូនទៅស្នាក់នៅផ្ទះរបស់សាច់ញាតិមួយរយៈ ដោយសារបារម្ភពីសុវត្ថិភាព ដែលបណ្តាលមកពីរចន្តអគ្គិសនីនិងសត្វអសិរពិសជាដើម។
«ពេលលិចរហូត ខ្លាចវារមាស់វាអី។ ណាមួយខ្លាចពស់ ខ្លាចអីដែរចឹង វាតាមទឹក។ ហើយទឹកជ្រៅ មិនមែនទឹករាក់ឯណា។ ហើយបើដូចបងមានកូនតូចរាល់ថ្ងៃបងខ្លាចដែរតើ ខ្លាចសត្វខ្លាចអីចឹងហា៎។ យើងចេះតែការពារទៅ»។
ស្រ្តីវ័យ ៤១ ឆ្នាំរូបនេះ បានរៀបរាប់បន្ថែមថា អ្នកស្រីរស់នៅផ្ទះជួលនោះប្រមាណជាបួនឆ្នាំមកហើយ ប៉ុន្តែទឹកលិចតំបន់នោះមានសភាពធ្ងន់ធ្ងរខ្លាំង ក្នុងរយៈពេលជាងមួយឆ្នាំ ទៅពីរឆ្នាំនេះប៉ុណ្ណោះ។
«ពីមុនខ្ញុំនៅហ្នឹងអត់សូវលិចខ្លាំងទេ ប៉ុន្តែមួយវឹក [មួយរយៈ] ហ្នឹង ប្រហែលជាប្រមាណដូចជាមួយឆ្នាំ ពីរឆ្នាំហ្នឹង ខ្ញុំឃើញទឹកលិចខ្លាំងតែម្តង។ សូម្បីតែខ្ញុំអ្នកលក់ដូរហ្នឹង ខ្ញុំហត់ដែរតើ ពេលភ្លៀងដូចពិបាករឿងទឹកលិច ពិបាករស់នៅតែម្តង»។
ភ្នំពេញក្រោមដំណំទឹកភ្លៀង
ជំនន់ទឹកភ្លៀងបណ្តាលឲ្យលិចផ្លូវ និងលិចចូលផ្ទះប្រជាពលរដ្ឋនេះ មិនត្រឹមតែបង្កផលរំខានដល់ការរស់នៅខ្លាំងនោះទេ វាថែមទាំងបំផ្លាញយានយន្ត បង្កផលប៉ះពាល់ដល់សុខភាព និងធ្វើឲ្យទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋរងការខូចខាតជាច្រើនផងដែរ។
អ្នកស្រី ចាន់ សូវឿន បានលើកឡើងថា រាល់ពេលមានភ្លៀងលិចផ្លូវ និងលិចចូលផ្ទះ កូនតូចៗរបស់អ្នកស្រីមិនបានទៅរៀន សម្ភារៈក្នុងផ្ទះមួយចំនួនត្រូវខូចខាត ចំណែកម៉ូតូពេលខ្លះខូចដោយសារចូលទឹក ហើយបណ្តាលឲ្យខាតពេលវេលាយ៉ាងច្រើន ក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។
ចំណែកលោក យុត សង្ហារ ពលរដ្ឋដែលរស់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក៏បានឆ្លងកាត់បទពិសោធន៍ស្រដៀងគ្នានឹងអ្នកស្រី សូវឿន ដែរ។
«ពេលដែលយើងលិចទឹកទៅ វាធ្វើឱ្យខាតពេលវេលាយើង ខាតទាំងថ្លៃជួសជុលម៉ូតូអីផ្សេងៗ។ ពាក់ព័ន្ធមួយទៀត ដោយសារតែយើងមកពីខេត្ត យើងធ្វើការ យើងត្រូវចំណាយលុយលើការធ្វើម៉ូតូញឹកញាប់ ដោយសារតែឥលូវវារដូវវស្សាដែរ ដល់ពេលតិចៗងាកខូចៗអ៊ីចឹង វាប៉ះពាល់ច្រើនមែនទែន»។
បុគ្គលិកក្រុមហ៊ុនឯកជនដែលមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំងរូបនេះ បានចង្អុលបង្ហាញកត្តាពីរ ដែលលោកយល់ថា បណ្តាលឲ្យមានការជន់លិចផ្លូវនៅរាជធានីភ្នំពេញកាន់តែធ្ងន់ធ្ងរទៅ រាល់ពេលមានភ្លៀងធ្លាក់នេះ។ កត្តាមួយនោះ គឺការចាក់លុបបឹងធម្មជាតិ និងការរៀបចំប្រព័ន្ធលូក្នុងក្រុងមិនទាន់បានត្រឹមត្រូវនិងមានប្រសិទ្ធភាព។
លោក យុត សង្ហារ ថ្លែងថា៖ «នៅតាមខេត្តដែលមើលទៅ វាមានប្រព័ន្ធទឹកអីធំៗ ដូចជាអត់មានបញ្ហាអីផង រឿងភ្លៀងប៉ុណ្ណឹង។ រហូតដល់ភ្លៀងរាល់ថ្ងៃដល់ទៅមួយអាទិត្យអីជាប់គ្នា បានវាលិច តែនេះភ្លៀងគ្រាន់តែបីបួនម៉ោង លិចអស់បាត់ទៅហើយ»។
រាល់ពេលមានភ្លៀងមួយមេធំ គេឃើញកំណាត់ផ្លូវទាំងតូចទាំងធំមួយចំនួនក្នុងរាជធានីភ្នំពេញ ត្រូវជន់លិច ដែលកន្លែងខ្លះលិចត្រឹមជង្គង់ កន្លែងខ្លះលិចត្រឹមភ្លៅ។
អ្នកបើកបរម៉ូតូ និងម៉ូតូកង់បីមួយចំនួន ចុះបណ្តើរដោយសារម៉ាស៊ីនចូលទឹករលត់។ រថយន្តខ្លះ ត្រូវចតចោលលើផ្លូវ ខ្លះចតចោលលើចិញ្ចើមផ្លូវ។ ចំណែកប្រជាពលរដ្ឋមួយចំនួន ក៏ត្រូវរើសម្ភារៈក្នុងផ្ទះឱ្យខ្ពស់ជាងទឹក ខ្លះក៏អង្គុយបាចទឹកចេញពីក្នុងផ្ទះជាដើម។
ទិដ្ឋភាពទាំងនេះកើតឡើងជារៀងរាល់ឆ្នាំ ហើយស្ថានភាពទឹកភ្លៀងជន់លិចក្រុងនេះ ក៏ហាក់កើតឡើងកាន់តែញឹកញាប់ និងធ្ងន់ធ្ងរ ពីមួយឆ្នាំទៅមួយឆ្នាំ។
ចាក់ដីលុបបឹងធម្មជាតិ
បញ្ហាទឹកភ្លៀងជន់លិចផ្លូវនិងផ្ទះសម្បែងក្នុងរាជធានីភ្នំពេញ ដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ តែងត្រូវបានរដ្ឋាភិបាល ជាពិសេសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងជារឿយៗថា បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង និងប្រព័ន្ធលូបង្ហូរទឹកមិនគ្រប់គ្រាន់។ ក៏ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិលយល់ថា ការចាក់ដីលុបបឹងធម្មជាតិជាច្រើននៅជុំវិញរាជធានីភ្នំពេញ គឺជាមូលហេតុដ៏ចម្បងមួយ។
លោក ស៊ាង មួយឡៃ ប្រធានកម្មវិធីសិទ្ធិរស់នៅក្នុងទីក្រុងនៃអង្គការសមាគមធាងត្នោត លើកឡើងថា ការចាក់លុបបឹងសំខាន់ៗ គឺជាមូលហេតុចម្បងដែលបណ្តាលឱ្យរាជធានីភ្នំពេញ តែងរងការជន់លិចដោយសារជំនន់ទឹកភ្លៀង។
លោកបញ្ជាក់ថា មានអំណះអំណាងជាច្រើនដែលឆ្លើយតបនឹងការលើកឡើងរបស់រដ្ឋាភិបាលដែលថា ការលិចរាជធានីភ្នំពេញដោយសារជំនន់ទឹកភ្លៀង គឺបណ្តាលមកពីភ្លៀង និងបណ្តាលមកពីសំរាម ប៉ុន្តែលោកថា អំណះអំណាង ទាំងនោះ គឺមិនសមហេតុផលនិងគ្រប់ជ្រុងជ្រោយនោះទេ។
«ពេលខ្លះ ភ្លៀងធ្លាក់ខ្លាំង មិនមែនជាបញ្ហាទេ។ បញ្ហាគឺតើយើងដោះស្រាយពាក់ព័ន្ធជាមួយទឹកភ្លៀងខ្លាំងហ្នឹងដោយវិធីណា តើច្រកណានៅពេលដែលភ្លៀងធ្លាក់ខ្លាំង ដែលទឹកអាចហូរបាន។ អាហ្នឹងជាបញ្ហា និងជាដំណោះស្រាយ។ អ៊ីចឹងបើសិនជាភ្លៀងធ្លាក់ខ្លាំង យើងមានប្រព័ន្ធបឹងក្នុងការឱ្យទឹកភ្លៀងធ្លាក់ខ្លាំង ធ្លាក់ចូលក្នុងអាងរំដោះទឹកហ្នឹង។ អាហ្នឹងទោះបីភ្លៀងធ្លាក់ខ្លាំងប៉ុណ្ណា ក៏វាមិនមែនជាបញ្ហាដែរ»។
លោកលើកឡើងទៀតថា៖ «ពាក់ព័ន្ធនឹងការដាក់បន្ទុកលើបញ្ហាសំរាមអីហ្នឹង អាហ្នឹងវាអាចមួយជ្រុងដែរ។ ប៉ុន្តែយើងសួរសំណួរថា បើសិនជាសម្អាតសំរាមហើយ តើអាចធានាបាននូវទឹកមិនជន់លិចទីក្រុងទេ? អ្វីដែលខ្ញុំមើល និងសង្កេតឃើញជាក់ស្តែង ទោះបីជាសម្អាតសំរាមហើយក៏ដោយ ទោះបីជាប្រព័ន្ធលូតំបន់ខ្លះអត់មានសំរាមកកស្ទះក៏ដោយ ក៏នៅតែមានទឹកជន់លិចដូចតែគ្នាហ្នឹង។ អីចឹង ខ្ញុំគិតថា អាហ្នឹងវាមិនមែនជាបញ្ហាចម្បងសំខាន់ទេ វានៅតែសំខាន់ទៅលើប្រព័ន្ធ ឬក៏អាងរងទឹកភ្លៀង ពោលគឺបឹងនៃផ្នែកមួយរំដោះទឹកហ្នឹងហើយ»។
លោក ស៊ាង មួយឡៃ បញ្ជាក់ថា បច្ចុប្បន្ន ផ្ទៃបឹងមួយចំនួនដូចជាបឹងទំពុន និងបឹងតាមោកជាដើម កំពុងបន្តត្រូវបានចាក់លុប ហើយប្រសិនបើការចាក់លុបនោះត្រូវបានបំពេញទៅតាមទំហំដែលរដ្ឋាភិបាលកាត់ទៅឱ្យក្រុមហ៊ុនអភិវឌ្ឍឯកជន ដើម្បីសាងសង់អគារផ្សេងៗ នោះភ្នំពេញនឹងប្រឈមនឹងការលិចខ្លាំងជាងពេលបច្ចុប្បន្ននេះទៅទៀត។
នៅរាជធានីភ្នំពេញ បឹងធម្មជាតិចំនួន ១៦ ក្នុងចំណោមបឹងធម្មជាតិចំនួន ២៦ គឺស្មើនឹង ៦០ភាគរយនៃផ្ទៃដីបឹងទាំងអស់ ត្រូវបានគេលុបទាំងស្រុង ហើយបឹងចំនួន១០ទៀត កំពុងត្រូវបានគេចាក់លុបផ្នែកខ្លះ ចាប់តាំងពីឆ្នាំ ១៩៩០ មក។ នេះបើយោងតាមរបាយការណ៍របស់អង្គការសមាគមធាងត្នោត ក្រោមចំណងជើងថា «បឹងចុងក្រោយក្នុងរាជធានីភ្នំពេញ» ដែលបានចេញផ្សាយកាលពីខែធ្នូ ឆ្នាំ២០១៩។
របាយការណ៍ដែលមានកម្រាស់ជាង ៣០ ទំព័រនោះ បង្ហាញថា បឹងទំពុន ១ បឹងទំពុន ២ និងបឹងជើងឯក ត្រូវបានលុបដោយផ្នែក និងកំពុងលុបជាបន្តបន្ទាប់។ ចំណែកបឹងតាមោក ឬបឹងកប់ស្រូវ ក៏ត្រូវបានលុបខ្លះៗដែរ។
របាយការណ៍ដដែលបន្ថែមថា ប្រសិនបើស្ថានភាពនៃការចាក់លុបបឹងធម្មជាតិនៅតែបន្តក្នុងអត្រាដូចបច្ចុប្បន្ននេះ នោះរាជធានីភ្នំពេញនិងតំបន់ជុំវិញ នឹងរងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់ រងការបាត់បង់ជលផលត្រី និងបាត់បង់អាងប្រព្រឹត្តិកម្មទឹកកង្វក់បែបធម្មជាតិ ហើយប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋទៀតផង។
ករណីការលុបបឹងនៅរាជធានីភ្នំពេញដ៏ចម្រូងចម្រាសបំផុត គឺការលុបបឹងកក់ ដែលមានទំហំ ១៣៣ ហិកតា។ បឹងកក់ ធ្លាប់ជាបឹងធំមួយនៅរាជធានីភ្នំពេញ ដែលមនុស្សរាប់ពាន់នាក់ត្រូវបានបណ្តេញចេញពីសហគមន៍មាត់ទឹក ហើយបូមខ្សាច់មកបំពេញ បន្ទាប់ពីបឹងនេះត្រូវបានផ្តល់ឱ្យក្រុមហ៊ុនឯកជនមួយ ដែលដឹកនាំដោយអ្នកនយោបាយដ៏មានអំណាចមួយរូប កាលពីឆ្នាំ ២០០៧។
និន្នាការនៃការលុបបឹងបាននិងកំពុងបន្តរហូតដល់បច្ចុប្បន្ននេះ។ តួយ៉ាងបឹងទំពុន ឬបឹងជើងឯក ដែលមានទំហំប្រមាណជា ២,៦០០ ហិកតា ត្រូវបានចាក់លុបជាបន្តបន្ទាប់ប្រមាណជា ១,៥០០ ហិកតា ដើម្បីសាងសង់អគារអចលនទ្រព្យ ដោយក្រុមហ៊ុនអាយអិនជី ហូលឌីង (ING Holdings) ដែលមានឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ជាប្រធានក្រុមប្រឹក្សាភិបាល និងសាជីវកម្មឯកជនផ្សេងទៀត រួមមានក្រុមហ៊ុនជីបម៉ុង អ៊ីអនម៉ល អ័រគីដេវីឡា និងបុរីប៉េងហួតជាដើម។ នេះបើតាមរបាយការណ៍ដែលមានចំណងជើងថា «ការបាត់បង់បឹងទំពុន៖ ការវាយតម្លៃហេតុប៉ះពាល់សង្គម និងសិទ្ធិមនុស្សពីការបំផ្លិចបំផ្លាញតំបន់បឹងទំពុន ឬជើងឯក» ចេញកាលពីខែកក្កដា ឆ្នាំ២០២០។
របាយការណ៍ដែលចងក្រងរួមគ្នាដោយអង្គការការពារសិទ្ធិមនុស្សលីកាដូ បណ្តាញយុវជនកម្ពុជា អង្គការសមធម៌កម្ពុជា អង្គការសមាគមធាងត្នោតនេះបង្ហាញថា តំបន់បឹងទំពុនស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញជាប់ខេត្តកណ្តាល គឺជាតំបន់ការពារទឹកជំនន់ដ៏សំខាន់សម្រាប់រាជធានីភ្នំពេញ។ បឹងធម្មជាតិនេះ ក៏ជាប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតតែមួយគត់របស់ទីក្រុង។ ក៏ប៉ុន្តែ បច្ចុប្បន្នគម្រោងអាយ អិន ជី ស៊ីធី និងក្រុមហ៊ុនដទៃទៀត កំពុងតែចាក់ដី និងខ្សាច់បំពេញបឹង ដើម្បីបង្កើតជាតំបន់អចលនទ្រព្យ។
របាយការណ៍កម្រាស់ជាង ៧០ ទំព័រនោះ ក៏រកឃើញថា ប្រជាពលរដ្ឋជាងមួយលាននាក់នៅទីក្រុងភ្នំពេញ កំពុងប្រឈមនឹងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ អសន្តិសុខស្បៀង ការបំពុលទឹកក្នុងទន្លេមេគង្គ ទន្លេបាសាក់ដោយទឹកស្អុយដែលមិនបានចម្រោះត្រឹមត្រូវ និងជាការបំពុលដែលអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។
បច្ចុប្បន្ន បឹងធម្មជាតិធំមួយទៀតស្ថិតនៅភាគពាយព្យរាជធានីភ្នំពេញ ក៏កំពុងត្រូវបានចាក់ដីលុបជាបន្តបន្ទាប់ផងដែរ។ ប្រមាណជាពាក់កណ្តាលនៃផ្ទៃបឹងតាមោក ឬបឹងកប់ស្រូវ ដែលមានទំហំ ៣,២០០ហិកតា កំពុងត្រូវបានផ្ទេរដោយអនុក្រឹត្យនានា ទៅកាន់ភ្នាក់ងារបុគ្គលដែលមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលនិងក្រុមហ៊ុនអចលនទ្រព្យ។
តើទឹកភ្លៀងហូរទៅណា បើគ្មានអាងរំដោះទឹក?
កាលពីខែឧសភា ឆ្នាំ ២០២០ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ បានចេញលិខិតមួយច្បាប់ ព្រមានអំពីគ្រោះមហន្តរាយដោយសារទឹកជំនន់ ក្រោយពីក្រសួងមើលឃើញថា មានការចាក់ដីលុប និងការសាងសង់បិទផ្លូវទឹកនានាជាបន្តបន្ទាប់។
បើទោះបីជាមានការចេញលិខិតព្រមានពីក្រសួងធនធានទឹក និងសង្គមស៊ីវិលដែលធ្វើការងារលើសិទ្ធិ និងបរិស្ថានក្តី ក៏គេនៅមើលឃើញថា ការចាក់ដីលុបបិទផ្លូវទឹក ការរំលោភច្រាំងទន្លេ អូរ ប្រឡាយ និងបឹងធម្មជាតិ នៅតែបន្តកើតមានឡើងដដែល។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ មិនធ្វើអត្ថាធិប្បាយ ដោយប្រាប់ឱ្យសួរទៅសាលារាជធានីភ្នំពេញ។
លោក កើត ឆែ អភិបាលរងសាលារាជធានីភ្នំពេញ លើកឡើងថា ជារៀងរាល់រដូវវស្សា រាជធានីភ្នំពេញតែងរងការជន់លិចទឹក ដោយសារធ្លាក់ភ្លៀងខ្លាំង។ ប៉ុន្តែលោកមិនបកស្រាយលើការលើកឡើងរបស់អង្គការមួយចំនួនដែលថា បញ្ហាភ្លៀងលិចផ្លូវនៅរាជធានីភ្នំពេញ បណ្តាលមកពីការចាក់ដីលុបបឹងនោះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា៖
«សូមថា សង្គមស៊ីវិលណាដែលគាត់ចុះលក្ខន្តិកៈនៅក្រសួងមហាផ្ទៃ លើផ្នែកការងារលូ ផ្នែកអីនេះ គាត់អាចមកពិភាក្សាជាមួយសាលារាជធានីភ្នំពេញបាន។ យើងស្វាគមន៍ដើម្បីធ្វើកិច្ចការជាមួយគាត់។ តែយើងសំណូមពរកុំឱ្យគាត់លើកតាមអ្វីដែលអ្នកសារព័ត៌មានសួរគាត់ ដែលខុសអំពីអ្វីដែលគាត់បានចុះលក្ខន្តិកៈនៅក្រសួងមហាផ្ទៃ»។
ទោះយ៉ាងណា អភិបាលរងសាលារាជធានីភ្នំពេញរូបនេះ បញ្ជាក់ថា អាជ្ញាធរបាននិងកំពុងចាត់វិធានការក្នុងការទប់ស្កាត់ និងដោះស្រាយបញ្ហាលិចទឹកនេះជាបន្តបន្ទាប់ ដោយមានវិធានការ ៤ ចំណុច។
«ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានប្រជុំមន្រ្តីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើការងារសំខាន់ៗមួយចំនួន គឺខិតខំ អប់រំបន្តឲ្យប្រជាពលរដ្ឋកុំយកសំរាម យកស្អីទៅដាក់ក្នុងលូ ឬដាក់ក្នុងប្រឡាយដែលធ្វើឱ្យចរន្តទឹកវាហូរយឺតយ៉ាវ។ ទី ២ យើងនឹងបំពាក់បន្ថែមនូវម៉ាស៊ីនបូមទឹកមួយចំនួនថែមទៀត នៅតាមទីតាំងដែលអាចពង្រីកបាន ដើម្បីធានាបាននូវការលិចលង់»។
លោក កើត ឆែ ៖ «ទី ៣ យើងពង្រឹងនូវរាល់ប្រព័ន្ធប្រឡាយរបស់យើងទាំងអស់ដែលទទួលការរំលោភបំពាន ការចាក់ដីចាក់អីហ្នឹង យើងនឹងធ្វើការកាយឡើងវិញ ដើម្បីកុំឲ្យមានការគោករាក់ដោយការរំលោភបំពាន។ ទី ៤ គឺធ្វើទំនើបកម្មឱ្យមានគុណភាពខ្ពស់ ម៉ាស៊ីនបូមទឹកមួយចំនួន។ ឧទាហរណ៍ថា ម៉ាស៊ីនបូមទឹកមួយចំនួនដែលយើងប្រើទៅវាមានគុណភាពអន់ យើងត្រូវបំពាក់ឱ្យបានខ្លាំងជាងមុន ដើម្បីបូមឱ្យវិនាទីដូចគ្នា តែបូមទឹកបានច្រើន»។
ក៏ប៉ុន្តែសំណួរដ៏សំខាន់មួយគឺថា បើប្រព័ន្ធប្រឡាយ និងប្រព័ន្ធលូត្រូវបានកែប្រែឲ្យប្រសើរហើយនោះ តើទឹកភ្លៀងដែលហូរចូលប្រឡាយ និងលូទាំងនោះ នឹងហូរធ្លាក់ទៅណា បើអាងរំដោះទឹកធម្មជាតិ ដែលជាបឹងនានាក្នុងក្រុង ត្រូវបានលុបបំបាត់នោះ។
លោក ស៊ាង មួយឡៃ ប្រធានកម្មវិធីសិទ្ធិរស់នៅក្នុងទីក្រុងនៃអង្គការសមាគមធាងត្នោត លើកឡើងថា៖
«បើសិនជាចង់ដោះស្រាយបញ្ហាពាក់ព័ន្ធជាមួយទឹកជំនន់ក្នុងទីក្រុងនេះ ចង់ឲ្យរដ្ឋាភិបាលគិតគូរទៅលើការរក្សាបឹងធម្មជាតិក្នុងទីក្រុងឲ្យបានច្រើន រក្សាតំបន់បៃតង ឬក៏ដីលំហសាធារណៈ ដែលអាចបង្កើតសុខុមាលភាពជូនប្រជាពលរដ្ឋក្នុងទីក្រុងហើយ ហើយវាក៏ដើរតួនាទីសំខាន់ក្នុងការស្រូបយកទឹកភ្លៀងក្នុងទីក្រុងហ្នឹងដែរ»៕