ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អភិបាល​ខេត្ត​ព្រះសីហនុ​ហាម​ពលរដ្ឋ​ធ្វើ​ដំណើរ​តាម​សមុទ្រ និង​ឆ្នេរ ខណៈ​អាកាសធាតុ​ប្រែប្រួល


រូបឯកសារ៖ អភិបាល​ខេត្ត​ព្រះសីហនុ​ លោក ​គួច ចំរើន​ ថ្លែងជា​មួយ​អ្នកសារព័ត៌មាន​ក្នុង​ទីក្រុង​ភ្នំពេញ​ ​អំពី​ផែនការ​គ្រប់គ្រង​ប្រព័ន្ធ​ទឹកកខ្វក់​ ក្នុង​ក្រុងព្រះសីហនុ​ ថ្ងៃ​ទី​២៣ ខែសីហា​ ឆ្នាំ​២០១៩​។ (ហ៊ុល រស្មី​/វីអូអេ)
រូបឯកសារ៖ អភិបាល​ខេត្ត​ព្រះសីហនុ​ លោក ​គួច ចំរើន​ ថ្លែងជា​មួយ​អ្នកសារព័ត៌មាន​ក្នុង​ទីក្រុង​ភ្នំពេញ​ ​អំពី​ផែនការ​គ្រប់គ្រង​ប្រព័ន្ធ​ទឹកកខ្វក់​ ក្នុង​ក្រុងព្រះសីហនុ​ ថ្ងៃ​ទី​២៣ ខែសីហា​ ឆ្នាំ​២០១៩​។ (ហ៊ុល រស្មី​/វីអូអេ)

អភិបាល​ខេត្ត​ព្រះសីហនុ​បាន​បញ្ជាអាជ្ញា​ធរ​ពាក់​ព័ន្ធ​ទាំង​អស់​ឱ្យ​ផ្សព្វផ្សាយ​ពី​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ និង​ហាម​ឃាត់​ប្រជាពលរដ្ឋ​មិន​ឱ្យធ្វើ​ដំណើរ​តាម​ផ្លូវ​សមុទ្រ និង​ទៅ​កោះ​នានា ចាប់​ពី​ថ្ងៃ​ទី​១១ ដល់​១៤ ខែ​កក្កដា​នេះ។

តាម​រយៈ​សារ​សំឡេង​ដែល​ផ្សព្វ​ផ្សាយ​នៅ​លើ​ហ្វេស​ប៊ុក​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ នា​ថ្ងៃ​ចន្ទ​នេះ អភិបាល​ខេត្ត​ព្រះ​សីហនុ លោក គួច ចំរើន បាន​ហាម​មិន​ឱ្យ​មាន​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ទៅ​តាម​ឆ្នេរ​សមុទ្រ ឬក៏​កោះ​ណាមួយ​នោះ​ទេ ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ណា​មួយ ដែល​បណ្តាល​មកពី​គ្រោះ​ធម្មជាតិ។

លោក​ថ្លែង​ថា៖ «សូម​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​អំពី​ការ​រស់​នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ដោយ​ផ្អែក​ទៅ​លើ​អាកាស​ធាតុ​ទាំង​នេះ​ និង​សូម​ឱ្យ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​តាម​ទូក​ទៅ​លំហ​សមុទ្រ កោះ​ឆ្នេរ ក្នុង​រយៈ​ពេល​នេះ ព្រោះ​ដើម្បី​បញ្ចៀស​នូវ​គ្រោះ​ថ្នាក់ ​ឬ​ការ​ជាប់​គាំង​ណា​មួយ ដែល​បង្ក​ដោយ​មហន្ដរាយ​ផ្សេងៗ»។

ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិយម​ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​នៅ​ថ្ងៃ​ចន្ទ​នេះថា ចាប់​ពី​ថ្ងៃ​ទី​១១ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​កក្កដា នៅ​សមុទ្រនឹង​មាន​«ភ្លៀងធ្លាក់​ខ្លាំង ​ខ្យល់​ខ្លាំង​ និង​រលក​សមុទ្រ​ខ្ពស់ៗ»​ ដែល​អាច​បណ្តាល​ឱ្យ​ខេត្ត​ព្រះ​សីហនុ និង​កោះ​កុង​ មាន​ការ​ជន់​លិច​ទឹក។

​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ដដែល​បញ្ជាក់​ថា៖ «ដោយ​ទទួល​រងនូវ​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប ​ITCZ ដែល​អូស​បន្លាយ​ពី​ប្រទេស​ថៃ​ភ្ជាប់​ទៅ​នឹង​សម្ពាធ​ទាប​សកម្ម​មួយនៅ​លើ​សមុទ្រ​ចិន​ខាង​ត្បូង រួម​ជាមួយ​នឹង​មូសុង​និរតី​បក់​ខ្លាំង​មក​លើ​តំបន់​មាត់​សមុទ្រ និង​ភាគ​ខាង​ក្រោម​កម្ពុជា​ផង​នោះ​បាន​ធ្វើ​ឱ្យ​បណ្តា​ខេត្ត និង​រាជ​ធានី នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ លាយ​ឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់»។

ក្រសួង​ធនធាន​ទឹក​បាន​អំពាវនាវ​ឱ្យ​ប្រជា​ពល​រដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ដើម្បី​ចៀស​ផុត​ពី​គ្រោះ​ថ្នាក់ ខណៈ​ក្រសួង​បាន​និង​កំពុង​តាម​ដាន​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​នេះ៕

XS
SM
MD
LG