ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា សត្វដំរីទឹកមានសារៈសំខាន់ខ្លាំងណាស់ចំពោះស្ថានភាពទន្លេ និងបឹងបួនានានានៅទ្វីបអាហ្វ្រិក ពីព្រោះថា សត្វនេះផលិតសមាសធាតុសំខាន់មួយក្នុងបរិមាណដ៏ច្រើនសម្រាប់សរីរាង្គនៅក្នុងទឹក។ ក៏ប៉ុន្តែ អ្នកស្រាវជ្រាវបានព្រមានថា ចំនួនសត្វដំរីទឹកកំពុងធ្លាក់ចុះយ៉ាងខ្លាំង ហើយការធ្លាក់ចុះនេះ នឹងអាចធ្វើឲ្យខូចដល់ប្រព័ន្ធអេកូឡូស៊ី។
សត្វដំរីទឹកដែលមានកម្លាំងដ៏មហិមា គឺជាថនិកសត្វដីគោកធំជាងគេបន្ទាប់ពីសត្វដំរី និងសត្វ រមាស។ ឈ្មោះរបស់វាគឺបានមកពីភាសាក្រិកបុរាណដែលមានន័យថាសេះទន្លេ។ សត្វដំរីទឹកចំណាយពេលរហូតដល់ទៅ១៦ម៉ោងក្នុងមួយថ្ងៃនៅក្នុងទឹក និងឡើងមកលើគោកដើម្បីរកចំណីនៅពេលយប់។ ពួកវាស៊ីស្មៅត្រូពិច ហើយក្នុងមួយពេល វាស៊ីលើសពី២០០គីឡូក្រាម។ អ្វីដែលវាស៊ី នឹងត្រូវបញ្ចេញមកក្រៅវិញ។ ធាតុផ្សំដ៏ស័ក្តិសិទ្ធិសម្រាប់ប្រព័ន្ធអេកូឡូស៊ីក្នុងទឹករបស់ទ្វីបអាហ្វ្រិក គឺលាមកសត្វនេះឯង។
លោក Douglas McCauley និងក្រុមការងាររបស់លោកបានសម្រេចចិត្តសិក្សាអំពីសត្វនេះ។
«យើងបានចាប់ផ្តើមសង្កេតសត្វដំរីទឹក ហើយរកឃើញថា មួយផ្នែកធំនៃរឿងរ៉ាវដែលយើងសិក្សាគឺផ្តោតទៅលើកាកសំណល់របស់ពួកវា ព្រោះសារធាតុចិញ្ចឹម និងថាមពលក្នុងបរិមាណដ៏ច្រើន ត្រូវបានបញ្ជូនឆ្លងពីប្រព័ន្ធមួយទៅប្រព័ន្ធមួយទៀតដោយការស៊ីចំណី និងការបញ្ចេញចោលលាមករបស់ពួកវា»។
លោក McCauley គឺជាជំនួយការសាស្រ្តាចារ្យផ្នែកអេកូឡូស៊ី ការវិវត្តន៍ និងជីវៈចម្រះក្នុងសមុទ្រ នៅ សាកលវិទ្យាល័យ California Santa Barbara (University of California Santa Barbara)។ លោកបានថ្លែងថា សត្វដំរីទឹកមានទំនាក់ទំនងឆ្លងកាត់ប្រព័ន្ធអេកូឡូស៊ីជាច្រើន។
«ការឆ្លងកាត់រវាងតំបន់ពីរផ្សេងគ្នា គឺពីតំបន់ដីគោក ទៅតំបន់លិចទឹក បញ្ជាក់ឲ្យឃើញថា មានវត្តមានភ្នាក់ងារចំលងសារធាតុចិញ្ចឹមដ៏សំខាន់ទៅជាមួយ។ នេះក៏ដោយសារតែពួកវាស៊ីចំណីនៅលើគោកយ៉ាងច្រើន ហើយនាំយកចំណីទាំងនោះទៅជាមួយនៅពេលពួកវាទៅសម្រាកនៅក្នុងបឹងបួ និងទន្លេជាដើម ដែលកន្លែងទាំងនោះ ពួកវាត្រូវសម្រាករហូតដល់ពេលដែលត្រូវបញ្ចេញចោលនូវកាកសំណល់ទាំងអស់។ នៅពេលយើងគណនាចំនួនសត្វទាំងនោះ យើងឃើញថា មានវត្ថុធាតុដើមនិងថាមពលក្នុងបរិមាណដ៏ច្រើន ហើយនឹងសារធាតុចិញ្ចឹមក្នុងទម្រង់ជាជីធម្មជាតិ ដែលសារធាតុទាំងនេះត្រូវបានបញ្ជូនឆ្លងកាត់ព្រំដែននៃតំបន់ទាំងនោះ»។
ដូច្នេះ សត្វដំរីទឹកមួយក្បាលៗសុទ្ធតែបានចូលរួមបញ្ចេញលាមកលើសពី៦ម៉ឺនគីឡូក្រាមទៅក្នុងបឹងបួ និងទន្លេនៅទ្វីបអាហ្វ្រិកជារៀងរាល់ឆ្នាំ។
«វាជាសត្វដ៏ធំមួយ។ យើងកំពុងនិយាយអំពីសត្វមួយប្រភេទដែលមានទម្ងន់ចាប់ពីជាង១៨០០គីឡូក្រាម ទៅជាង៣៦០០គីឡូក្រាម។ ដូច្នេះ វាត្រូវការរបបអាហារក្នុងបរិមាណដ៏ច្រើន។ នៅពេលយើងក្រឡេកទៅមើលទ្វីបអាហ្វ្រិកទាំងមូល ហើយធ្វើការប៉ាន់ប្រមាណចំនួនសត្វដំរីទឹកដែលមាននៅក្នុងតំបន់ខាងត្បូងនៃវាលខ្សាច់សាហារ៉ាក្នុងទ្វីបអាហ្វ្រិក (sub-Saharan Africa) យើងឃើញថា សត្វទាំងនោះមានទម្ងន់សរុបរាប់លានគីឡូក្រាមឯណោះ»។
ចំនុចសំខាន់នៃលាមកសត្វដំរីទឹក គឺវាមានវត្តមាននៅក្នុងខ្សែចង្វាក់នៃការផលិតអាហារ។
«មានសារធាតុល្អៗជាច្រើននៅក្នុងលាមកសត្វនោះ។ វាមានធាតុនីត្រូហ្សែន កាបូន និងផូស្វ័រផងដែរ។ ហើយវត្តមានសារធាតុទាំងនេះប្រហែលជាមានតិចតួចប៉ុណ្ណោះក្នុងប្រព័ន្ធទន្លេ។ ក្នុងករណីខ្លះ សារធាតុទាំងនេះប្រៀបបានដូចជាគ្រឹះនៃជីវិត។ ដូច្នេះ វាពិតជាបានចាក់បញ្ចូលអាហារបែបនេះទៅក្នុងទន្លេទាំងនេះច្រើនជាងមុន។ ម្យ៉ាងទៀត សត្វជាច្រើនទៀតដែលរស់នៅក្នុងទឹកទន្លេទាំងនោះ ហាក់បីដូចជាសប្បាយរីករាយក្នុងការទទួលយកសារធាតុនោះ។ សត្វខ្លះបានស៊ីលាមកផ្ទាល់ ហើយសត្វខ្លះទៀត ដូចជាត្រីជាដើម ស៊ីសត្វល្អិតដែលបានចាប់កំណើតឡើងដោយជញ្ជក់យកសារធាតុចិញ្ចឹមពីលាមកទាំងនោះ»។
លោក McCauley បានពណ៌នាថា ដំរីទឹកជាកត្តាទ្រទ្រង់ជីវិតក្នុងទន្លេ និងបឹងបួនៃទ្វីបអាហ្វ្រិក។ ក៏ប៉ុន្តែលោកបាននិយាយថា ប្រសិនបើលំហូរទឹកនោះរាក់ពេក លាមកនឹងអាចគរផ្តុំគ្នាក្នុងប្រព័ន្ធអេកូឡូស៊ី ហើយវាក្លាយជាធាតុដែលធ្វើឲ្យទន្លេទាំងនោះកង្វក់ទៅវិញ។ ផ្ទុយទៅវិញ ប្រសិនបើទន្លេទាំងនោះមានទឹកច្រើនពេក វានឹងអាចពង្រាវគុណភាពរបស់លាមកនោះផងដែរ។
ក៏ប៉ុន្តែ ពេលដែលអ្នកស្រាវជ្រាវចាប់ផ្តើមស្វែងយល់បន្ថែមពីសារៈសំខាន់របស់សត្វដំរីទឹក សត្វទាំងនោះមានចំនួនកាន់តែតិចទៅៗ។
«ចំនួនសត្វដំរីទឹកកំពុងតែធ្លាក់ចុះនៅទូទាំងតំបន់ខាងត្បូងវាលខ្សាច់សាហារ៉ាក្នុងទ្វីបអាហ្វ្រិក (sub-Saharan Africa)។ ក្នុងអំឡុងពេលមួយទសវត្សរ៍កន្លងទៅនេះ យើងឃើញមានចំនួនដំរីទឹកថយចុះពី១០ទៅ២០ភាគរយ។ ក្រៅពីការធ្លាក់ចុះចំនួនសត្វនេះ ទីជម្រករបស់ពួកវាក៏កាន់តែតិចទៅៗដែរ រហូតដល់ថ្នាក់ប្រទេសខ្លះបានបាត់បង់ដំរីទឹកទាំងស្រុងទៅហើយ។ ឧទាហរណ៍ ដូចជាប្រទេសអេហ្ស៊ីបជាដើម។ ដំរីទឹកធ្លាប់ជាអាទិទេពដែលគួរឲ្យគោរព។ នៅអេហ្ស៊ីប វាត្រូវគេជឿថាជាអាទិទេពដែលផ្តល់កំណើត។ នៅទីនោះ អ្នកនឹងឃើញអាទិទេពដំរីទឹក។ វាជាទេពធីតា ដែលបង្កើតវត្ថុស័ក្តសិទ ដំបងទិព្វ និងដាវ»។
លោក McCauley បញ្ជាក់ថា កត្តាមនុស្សជាកត្តាធំជាងគេដែលបណ្តាលឲ្យចំនួនសត្វដំរីទឹកធ្លាក់ចុះ តាមរយៈសកម្មភាពបរបាញ់ និងការបាត់បង់ទីជម្រក ដោយសារការកើនឡើងនៃចំនួនប្រជាជន។
«ពួកវាត្រូវការទឹក។ សាកគិតមើលទៅ យើងគ្រប់គ្នាក៏ត្រូវការទឹកដូចគ្នាដែរ។ វាពិតជាអកុសលបំផុត នៅពេលដែលជោគវាសនារបស់សត្វទាំងនោះត្រូវពឹងផ្អែកលើទឹក ព្រោះថាពេលពួកវាត្រូវប្រកួតប្រជែងជាមួយមនុស្សដើម្បីទឹកនោះ ជាញឹកញាប់ពួកវានឹងចាញ់មនុស្ស។ មនុស្សត្រូវការទឹកពីទន្លេ និងបឹងបួដើម្បីសាងសង់ទីក្រុង និងដើម្បីបញ្ចុះសីតុណ្ហភាពរបស់ទួរប៊ីន ឬសាងសង់ទំនប់ទឹកកាត់ទន្លេ»។
តាមការប៉ាន់ប្រមាណ សត្វដំរីទឹកសម្លាប់មនុស្សប្រហែល៣ពាន់នាក់ក្នុងមួយឆ្នាំ។ សត្វនេះអាចវាយប្រហារមនុស្ស ឧទាហរណ៍នៅពេលដែលមនុស្សទៅជិតដំរីទឹកញីដែលមានកូន។
លោក McCauley បានបន្ថែមថា គេត្រូវគិតពិចារណាឲ្យបានហ្មត់ចត់ក្នុងការគ្រប់គ្រង់ធនធានទឹក ដើម្បីជាប្រយោជន៍សម្រាប់មនុស្ស និងជីវិតសត្វទាំងអស់។ លោកបន្តថា ប្រសិនបើមានការគ្រប់គ្រងដោយភាពឆ្លាតវ័យ វានឹងមានចរន្តទឹកគ្រប់គ្រាន់ ហើយជោគវាសនារបស់មនុស្ស សត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី នឹងផ្សារភ្ជាប់គ្នាយ៉ាងស្អិតរមួត៕
ប្រែសម្រួលដោយ វិញ សុជាតា