ចោរប្លន់​យន្តហោះ​លីប៊ី​បាន​ចូល​សារភាព​ជាមួយ​​អាជ្ញាធរ​ម៉ាល់ត៍

ទិដ្ឋភាព​នៅ​កន្លែង​ដែល​ពួក​ចោរ​បាន​ចុះចាញ់​នៅ​ព្រលាន​យន្តហោះ ប្រទេសម៉ាល់ត៍ កាល​ពី​ថ្ងៃទី​២៣ ខែ​ធ្នូ។

ចោរ​ប្លន់យន្តហោះ​លីប៊ី​ពីរ​នាក់​បានចូល​ប្រគល់​ខ្លួន​ឲ្យប៉ូលិស​កាល​ពី​ថ្ងៃ​សុក្រ​បន្ទាប់​ពី​យន្តហោះ​បាន​ចុះ​នៅ​លើកោះម៉ាល់ត៍​ ហើយ​បាន​ដោះ​លែងចំណាប់​ខ្មាំង​ទាំងអស់​នៅលើ​យន្តហោះ​នោះ ​នេះ​តាម​ការ​បញ្ជាក់​របស់​លោក Joseph Muscat ​នាយករដ្ឋ​មន្រ្តី​នៃ​ប្រទេស​ម៉ាល់ត៍។

នៅ​ក្នុង​សារ​តាម​ប្រព័ន្ធTwitter​ ជា​បន្តបន្ទាប់ ​នាយករដ្ឋ​មន្រ្តី ​Muscat ​បាន​និយាយ​ថា​ចោរ​ប្លន់​យន្តហោះបាន​ដោះ​លែង​អាកាស​យានិក​ដែល​នៅ​សេស​សល់​មុន​ពេល​ត្រូវពួក​ចោរ​ទាំង​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​និង​ឃុំឃាំង។

កាល​ពី​ពេល​កន្លង​ទៅ ​ចោរ​ប្លន់​យន្តហោះ​បាន​គំរាម​កំហែង​បំផ្ទុះ​យន្តហោះ​ដោយ​គ្រាប់​បែក​ដៃ។ លោក​នាយករដ្ឋ​មន្រ្តី Muscat ​និយាយ​បន្ត​ទៀត​ថា ​ប៉ូលិស​បាន​រក​ឃើញ​គ្រាប់​បែក​ដៃ​មួយ​គ្រាប់​និង​កាំភ្លើង​ខ្លី​មួយ​ដើម​នៅ​នឹងខ្លួន​របស់​ចោ​រ​ប្លន់​យន្តហោះ​នៅ​ពេល​ដែល​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​ការ​ឆែកឆេរ​បន្ថែម​ទៀតនៅ​លើ​យន្តហោះ​បាន​រក​ឃើញ​កាំភ្លើង​ខ្លី​មួយ​ដើម​ទៀត។

លោក​បាន​និយាយ​ទៀត​ថា៖ «អាកាស​យានិក​និង​អ្នក​ដំណើរ​ផ្សេង​ទៀត​ក៏​បាន​ត្រូវ​សួរ​ចម្លើយ​ដើម្បី​ពិនិត្យបន្ថែម។ នៅ​ពេល​ដែល​ដំណើរការ​សួរ​ចម្លើយចប់​ក្នុងរយៈ​ពេល​៣-៤ម៉ោង​ ​ការ​រៀប​ចំ​បាន​ត្រូវ​ធ្វើឡើង​ដើម្បី​បញ្ជូន​អ្នក​ដំណើរ​និង​អាកាស​យានិក​ត្រឡប់​ទៅ​កាន់​ប្រទេស​លីប៊ី​វិញ​ តាម​យន្តហោះ​មួយ​គ្រឿង​ទៀត​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​ Afriqiyah Airways ​ដែល​ជា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​កាន់​កាប់​ដោយ​រដ្ឋ​នៅ​ក្នុង​ប្រទេស​លីប៊ី។

លោក​នាយករដ្ឋ​មន្រ្តី​ក៏​បាន​និយាយ​ដែរ​ថា ​ពួក​អាជ្ញាធរ​ម៉ាល់ត៍បាន​បញ្ជាក់​ប្រាប់​ពួក​ចោរ​ប្លន់​យន្តហោះ​យ៉ាង​ច្បាស់​ថា ​ពួក​អាជ្ញាធរ​គ្មាន​បំណង​ធ្វើ​ការ​ចរចា​ទេ ​ប្រសិន​បើ ​ចោរប្លន់​ទាំង​ពីរ​នាក់​នេះ​មិន​ចុះ​ចូល​ទេ​នោះ។

​ចោរ​ប្លន់​យន្តហោះ​បាន​ដោះ​លែង​អ្នក​ដំណើរ​១០៩​នាក់​ក្នុង​ចំណោម​អ្នក​ដំណើរ​១១៨​នាក់​នៅ​លើ​យន្តហោះ​ភ្លាមៗ​បន្ទាប់​ពី​យន្តហោះ​ចុះ​ចត​ហើយ​ក្រុម​ជួយ​សង្គ្រោះ​បន្ទាន់​បាន​ត្រូវ​ដាក់​ពង្រាយ​នៅ​ចំណត​យន្តហោះ។ បន្តិច​ក្រោយ​មក​ អ្ន​នៅ​សេស​សល់​លើ​យន្ត​ហោះ​ត្រូវ​បាន​ដោះ​លែង​ទាំង​អស់​ ខណៈ​ពេល​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​ចោរ​ទាំង​ពីរ​នាក់​ភ្លាមៗ​នៅ​នឹង​យន្តហោះ​នោះ៕