កំណត់និពន្ធ៖ កាលពីចុងឆ្នាំ២០១៤ ចិនបានសហការបង្កើតធនាគារវិនិយោគទុនហេដ្ឋារចនាសម្ព័ន្ធតំបន់អាស៊ី (Asia Infrastructure Investment Bank)។ សេដ្ឋវិទូ ហេង ឌីណា ឲ្យដឹងថា ការទាញយកផលប្រយោជន៍ពីប្រាក់កម្ចី ឬប្រាក់ជំនួយពីធនាគារនេះទាមទារឲ្យមានភាពជាម្ចាស់ការរបស់ប្រទេសកម្ពុជា ពោលគឺភាពជាម្ចាស់ការនៃថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលពាក់ព័ន្ធ និងសមត្ថភាពស្ថាប័នក្នុងការប្រើប្រាស់ប្រាក់កម្ចី ឬប្រាក់ជំនួយឲ្យមានប្រសិទ្ធភាពខ្ពស់។ លោក ហេង ឌីណា បានសន្ទនាជាមួយ VOA ទែន សុខស្រីនិត ជុំវិញដំណើរការធនាគារ AIIB នេះ។
Your browser doesn’t support HTML5
VOA៖ កាលពីចុងឆ្នាំ២០១៤ ចិន និងប្រទេសចំនួន២១ទៀតបានចុះកិច្ចព្រមព្រៀងបានបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អាស៊ីមួយ ហៅកាត់ថា (AIIB) តើធនាគារនេះមានគោលបំណងអ្វី?
លោក ឌីណា៖ ធនាគារនេះកំពុងស្ថិតនៅក្នុងដំណាក់កាលរៀបចំនៅឡើយ ហើយគេរំពឹងថាធនាគារនោះនឹងមានរូបរាងក៏ដូចជារចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់នៅចុងឆ្នាំ២០១៥នេះ។ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នេះនឹងផ្តោតលើកម្ចីសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្តដូចជាផ្លូវ ថ្នល់ ស្ពានជាដើម។ តាមការប៉ានស្មានរបស់ធនាគារអភិវឌ្ឍអាស៊ី (ADB) បណ្តាប្រទេសក្នុងតំបន់ត្រូវការទុនប្រហែលជា៨លានលានដុល្លារ (8 trillions dollars) សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍។ ប៉ុន្តែស្ថាប័នក្នុងតំបន់ដូចជាធនាគារអភិវឌ្ឍអាស៊ី និងធនាគារពិភពលោកមានទុនសរុបប្រហែលត្រឹម ៤០០ពាន់លានដុល្លារប៉ុណ្ណោះ ដែលមិនគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ឡើយ។ ហេតុនេះ ធនាគារនេះអាចដើរតួបំពេញបន្ថែមសម្រាប់តម្រូវការហេដ្ឋារចនាសម្ព័ន្ធរបស់បណ្តាប្រទេសក្នុងតំបន់អាស៊ី។
VOA៖ តើធនាគារនេះមានលក្ខណៈខុសគ្នាដូចម្តេចខ្លះទៅនឹងធនាគារពិភពលោក និងធនាគារអភិវឌ្ឍអាស៊ី?
លោក ឌីណា៖ ធនាគារពិភពលោកផ្តល់ប្រាក់កម្ចី ប្រាក់ជំនួយ និងជំនួយបច្ចេកទេស។ បើនិយាយឲ្យស្រួល គឺផ្តល់ចំណេះដឹង និងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ ដើម្បីប្រើប្រាស់កម្ចី ឬប្រាក់ជំនួយឲ្យមានប្រសិទ្ធិភាព។ ធនាគារពិភពលោកមានសកម្មភាពក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ទូទាំងពិភពលោកលើច្រើនវិស័យ រួមទាំងវិស័យអប់រំ សុខាភិបាល អភិបាលកិច្ច និងបរិស្ថាន។ ចំណែកធនាគារអភិវឌ្ឍអាស៊ីមានគោលបំណងស្រដៀងគ្នានឹងធនាគារពិភពលោកដែរ តែមានសកម្មភាពក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី ហើយផ្តោតជាចម្បងលើវិស័យអប់រំ និងហេដ្ឋារចនាសម្ព័ន្ធ។ ចំណែក ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធតំបន់អាស៊ីដែលនឹងត្រូវបង្កើតនេះនឹងផ្តោតចម្បងលើកម្ចីសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធតែប៉ុណ្ណោះ។
VOA៖ ហេតុអ្វីបានជាចិនផ្តួចផ្តើមបង្កើតធនាគារនេះ?
លោក ឌីណា៖ ចិនអាចមានហេតុផលច្រើន។ បើមើលពីជ្រុងសេដ្ឋកិច្ច ចិនមានទុន និងផលប្រយោជន៍ច្រើនក្នុងការបំពេញតម្រូវការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅបណ្តាប្រទេសនៅអាស៊ី។ ទីមួយ តាមទំនាក់ទំនងសេដ្ឋកិច្ច ចិនអាចចាប់យកទីផ្សារអាស៊ីសម្រាប់ទំនិញ និងសេវារបស់ប្រទេសខ្លួន។ ទីពីរ ចិនអាចឈោងចាប់ធនធានធម្មជាតិដែលមានក្នុងតំបន់នេះ។ ហើយតាមរយៈសកម្មភាពសេដ្ឋកិច្ចនេះ ចិនក៏អាចជួយពង្រឹងទំនាក់ទំនងការទូតរបស់ខ្លួនដើម្បីពង្រឹងឥទ្ធិពល និងកិត្តិនាមរបស់ខ្លួន។ យើងដឹងហើយថា អាមេរិកមានឥទ្ធិពលខ្លាំងលើធនាគារពិភពលោក ហើយប្រធានរបស់ធនាគារពិភពលោកតែងតែជាជនជាតិអាមេរិក ។ ជប៉ុនមានឥទ្ធិពលខ្លាំងលើធនាគារអភិវឌ្ឍន៍អាស៊ី ហើយប្រធានរបស់ធនាគារអភិវឌ្ឍអាស៊ីនេះតែងតែជាជនជាតិជប៉ុន។ ចិនដែលជាមហាអំណាចសេដ្ឋកិច្ចមួយដែលនោះពុំទាន់មានឥទ្ធិពលខ្លាំងលើស្ថាប័នទាំងនេះទេ។ លើសពីនេះ កំណែទម្រង់រចនាសម្ព័ន្ធនៃស្ថាប័នទាំងនេះ ដើម្បីឲ្យឆ្លុះបញ្ចាំងពីឧត្តមភាពរបស់ប្រទេសជាសមាជិកកន្លងមកមានភាពយឺតយ៉ាវ។ ដូច្នេះ តាមរយៈការផ្តួចផ្តើមបង្កើត និងជាម្ចាស់ទុនធំបំផុតនៃធនាគារនេះ ចិនអាចមានវេទិកាសម្រាប់បញ្ចេញឥទ្ធិពលរបស់ខ្លួន ក៏ដូចជាដើម្បីពញ្ញាក់ឲ្យមានកំណែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រង់ស្ថាប័នអន្តរជាតិធំៗ។ សូមជម្រាបថា ក្រៅពីផ្តួចផ្តើមបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ចិនក៏កំពុងសកម្មឲ្យមានការបង្កើតធនាគារមួយទៀតសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលដឹកនាំដោយប្រទេសប្រេស៊ីល រុស្សី ឥណ្ឌា ចិន និង អាហ្វ្រិកខាងត្បូង។
VOA៖ អ្នកជំនាញមួយចំនួន មានក្តីព្រួយបារម្ភថា ធនាគារ AIIB ដែលគ្រប់គ្រងដោយចិននេះ អាចនឹងមិនធានាឲ្យបាននូវការអនុវត្តទៅតាមក្រឹត្យក្រមនៃគម្រោងអភិវឌ្ឍដោយចិរភាពតាមបទដ្ឋានអន្តរជាតិ ដូចដែលបានអនុវត្តដោយធនាគារពិភពលោក (World Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank)។ តើលោកយល់ថា ការផ្តល់ប្រាក់កម្ចីដល់គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដោយធនាគារចិន AIIB នេះអាចនឹងនាំផលប៉ះពាល់ជាវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះដល់ប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ី?
លោក ឌីណា៖ នេះជាក្តីកង្វល់មួយដែលគួរតែមានសម្រាប់ប្រទេសដូចជាប្រទេសកម្ពុជា ដែលនឹងទទួល និងប្រើប្រាស់កម្ចី ជាពិសេសពីស្ថាប័នថ្មី ដូចជាធនាគារដែលនឹងត្រូវបង្កើតឡើងនេះ។ ប្រទេសចិនក៏បានទទូចថា ធនាគារនេះនឹងអនុវត្តយកស្តង់ដារអន្តរជាតិល្អសម្រាប់ការប្រតិបត្តិផ្តល់កម្ចី និងវាយតម្លៃផលប៉ះពាល់នានា។ ប៉ុន្តែ បណ្តាប្រទេសទាំងនេះរួមទាំងកម្ពុជាផងនេះចាំបាច់ត្រូវការទុនបន្ថែម ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនក្នុងការបង្កើនសក្តានុពលសេដ្ឋកិច្ច។ ហេតុដូចនេះ ផលប៉ះពាល់ជាវិជ្ជមាន និងអវិជ្ជមានតិចឬច្រើនគឺអាស្រ័យលើភាពជាម្ចាស់ការ គណនេយ្យភាព ការទទួលខុសត្រូវ និងភាពដឹកនាំរបស់អ្នកធ្វើគោលនយោបាយរបស់ប្រទេសនីមួយៗ។ ជាឧទាហរណ៍ ការទទួលកម្ចីសម្រាប់សាងសង់អគារ ឬទំនប់វារីអគ្គីសនី ដោយស្តាប់តែជំនាញការបរទេស ហើយពុំមានការចូលរួមពីប្រជាជននៅមូលដ្ឋាន បញ្ញវន្តខ្មែរនោះអាចធ្វើឲ្យមានការប៉ះពាល់ដល់បរិស្ថាន និងសិទ្ធិមនុស្សធំ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធនោះក៏ពុំមានប្រយោជន៍ធំសម្រាប់សក្តានុពលសេដ្ឋកិច្ច ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។ ផ្ទុយទៅវិញ ការថ្លឹងថ្លែងម៉ត់ចត់គ្រប់ជ្រុងជ្រោយ ដោយមានការចូលរួមពីភាគីសំខាន់ៗដែលពាក់ព័ន្ធនឹងភាពជាម្ចាស់ការរបស់ថ្នាក់ដឹកនាំអាចធ្វើឲ្យមានផលចំណេញច្រើន ហើយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានបានច្រើន។
VOA៖ ជាចុងក្រោយ តើប្រទេសកម្ពុជាយើងគួរធ្វើយ៉ាងណាដើម្បីទាញយកផលប្រយោជន៍ពីធនាគារ AIIB នេះ?
លោក ឌីណា៖ នេះជាសំណួរមួយ ដែលយើងត្រូវគិតពិចារណាទាំងអស់គ្នា។ នៅក្នុងបរិបទសេដ្ឋកិច្ចក្នុងតំបន់ ទំនាក់ទំនងការទូតនៃបណ្តាប្រទេសធំៗ និងទំនោរនៃរចនាសម្ព័ន្ធស្ថាប័នអន្តរជាតិ ដូចជាការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធតំបន់អាស៊ីនេះជាដើម កម្ពុជាអាចមានកាលានុប្បវត្ថភាពច្រើនក្នុងការទាញយកផលប្រយោជន៍ ដើម្បីបង្កើនសក្តានុភាពសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ ដូចជាតាមរយៈពង្រឹង និងពង្រីកបណ្តាញហេដ្ឋារចនាសម្ព័ន្ធ ដែលជំរុញឲ្យមានចរន្តសេដ្ឋកិច្ច ការនាំចេញផលិតផលខ្មែរទៅទីផ្សារអន្តរជាតិ ទាក់ទាញវិនិយោគិនបរទេស និងជំរុញពាណិជ្ជកម្មក្នុងស្រុក។ ហើយការទាញយកផលប្រយោជន៍ពីប្រាក់កម្ចី ឬប្រាក់ជំនួយពីធនាគារទាំងនេះទាមទារឲ្យមានភាពជាម្ចាស់ការរបស់ប្រទេសកម្ពុជាយើង ពោលគឺភាពជាម្ចាស់ការនៃថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលពាក់ព័ន្ធ និងសមត្ថភាពស្ថាប័នក្នុងការប្រើប្រាស់ប្រាក់កម្ចី ឬប្រាក់ជំនួយឲ្យមានប្រសិទ្ធភាពខ្ពស់។ ការពិភាក្សាដោយមានការចូលរួមពីអ្នកបច្ចេកទេសក្នុង និងក្រៅស្រុក ការស្តាប់សម្លេងប្រជាពលរដ្ឋមូលដ្ឋាន និងការទទួលខុសត្រូវខ្ពស់របស់ស្ថាប័នដែលពាក់ព័ន្ធជាធាតុផ្សំយ៉ាងសំខាន់ក្នុងការទាយយកប្រយោជន៍ពីប្រាក់កម្ចី ឬប្រាក់ជំនួយពីធនាគារទាំងនេះ៕