អនុប្រធានាធិបតីសហរដ្ឋអាមេរិកអ្នកស្រី Kamala Harris បាននិយាយនៅថ្ងៃអង្គារថា ប្រទេសចិន «នៅតែបន្តបង្ខិតបង្ខំ បំភិតបំភ័យ និងទាមទារទឹកដីភាគច្រើននៃសមុទ្រចិនខាងត្បូង»។
ថ្លែងក្នុងដំណើរទស្សនកិច្ចនៅប្រទេសសិង្ហបុរី អ្នកស្រី Harris បាននិយាយថា សកម្មភាពរបស់ចិន «បន្តធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ [អន្តរជាតិ] ដែលផ្អែកលើច្បាប់ ហើយគំរាមកំហែងដល់អធិបតេយ្យភាពរបស់ប្រជាជាតិនានា»។
រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានយកការទប់ទល់ឥទ្ធិពលរបស់ចិន ជាផ្នែកសំខាន់មួយនៃគោលនយោបាយការបរទេសរបស់ខ្លួន។
អ្នកស្រី Harris បានមានប្រសាសន៍ថា៖ «សហរដ្ឋអាមេរិកនៅជាមួយសម្ព័ន្ធមិត្តនិងដៃគូរបស់យើងក្នុងការប្រឈមនឹងការគំរាមកំហែងទាំងនេះ។ ហើយខ្ញុំត្រូវតែបញ្ជាក់ឱ្យច្បាស់ថា ការចូលរួមរបស់យើងនៅអាស៊ីអាគ្នេយ៍ និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មិនមែនដើម្បីប្រឆាំងនឹងប្រទេសណាមួយនោះទេ ហើយក៏មិនតម្រូវឱ្យប្រទេសណាមួយត្រូវជ្រើសរើសរវាងប្រទេសនានាដែរ។ ផ្ទុយទៅវិញ ការចូលរួមរបស់យើង គឺសំដៅឆ្ពោះទៅរកចក្ខុវិស័យសុទិដ្ឋិនិយមមួយសម្រាប់ការចូលរួម និងភាពជាដៃគូរបស់យើងនៅក្នុងតំបន់នេះ»។
អ្នកស្រី Harris បាននិយាយថា អ្នកស្រីកំពុងបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសន្តិភាពនិងស្ថិរភាព នាវាចរណ៍សមុទ្រដោយសេរី ការធ្វើពាណិជ្ជកម្មដោយគ្មានការបំពាន ការជំរុញសិទ្ធិមនុស្ស និងសណ្តាប់ធ្នាប់ដោយផ្អែកលើច្បាប់អន្តរជាតិ។
អ្នកស្រីបានលើកឡើងពីមនុស្សរាប់លាននាក់ដែលពឹងផ្អែកលើផ្លូវសមុទ្រក្នុងតំបន់នេះសម្រាប់ជីវភាពរស់នៅរបស់ពួកគេ និងពាណិជ្ជកម្មរាប់ពាន់លានដុល្លារដែលឆ្លងកាត់តំបន់សមុទ្រចិនខាងត្បូងនេះ។
អ្នកនាំពាក្យក្រសួងការប្រទេសចិនលោក Wang Wenbin បានឆ្លើយតបដោយនិយាយថា សហរដ្ឋអាមេរិក បានស្វះស្វែងបង្កើតប្រព័ន្ធមួយដែលក្នុងនោះ ខ្លួនអាច «បង្ខូច សង្កត់សង្កិន បង្ខិតបង្ខំ និងសម្លុត ប្រទេសដទៃដោយចេតនា ហើយមិនរងផលវិបាកអ្វីនោះទេ»។
នៅក្នុងសុន្ទរកថារបស់អ្នកស្រីនៅសិង្ហបុរីនៅថ្ងៃអង្គារនេះដែរ អនុប្រធានាធិបតីអាមេរិក បានដាក់ចេញនូវចក្ខុវិស័យរបស់សហរដ្ឋអាមេរិកចំពោះតំបន់ដែលផ្អែកលើសិទ្ធិមនុស្សនិងច្បាប់អន្តរជាតិ និងស្វះស្វែងពង្រឹងកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក្នុងគោលនយោបាយខ្លួនងាកឆ្ពោះទៅរកអាស៊ី។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកស្រីបាននិយាយថា សហរដ្ឋអាមេរិកស្នើផ្តល់ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឆ្នាំ២០២៣ នៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC ដែលមានសមាជិក២១ប្រទេស រួមទាំងសហរដ្ឋអាមេរិក ចិន និងរុស្ស៊ីផងដែរ។
ការបង្វែរការយកចិត្តទុកដាក់ និងធនធានទៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ បានក្លាយជាគោលនយោបាយសំខាន់នៃរដ្ឋបាលលោកប្រធានាធិបតី Joe Biden ខណៈរដ្ឋបាលលោកងាកចេញពីបញ្ហាសន្តិសុខដ៏ធំៗពីមុននានា ដូចជាការដកកងកម្លាំងអាមេរិកចេញពីអាហ្វហ្គានីស្ថានជាដើម។
ផ្នែកមួយនៃភារកិច្ចរបស់អ្នកស្រីក្នុងដំណើរទស្សនកិច្ចនៅអាស៊ីនេះ គឹធ្វើឱ្យមេដឹកនាំក្នុងតំបន់ជឿជាក់ថា ការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះអាស៊ីអាគ្នេយ៍ គឺរឹងមាំ ហើយមិនដូចនៅប្រទេសអាហ្វហ្គានីស្ថានឡើយ។
បន្ទាប់ពីថ្លែងសុន្ទរកថា អ្នកស្រី Harris បានធ្វើការពិភាក្សាតុមូលជាមួយមេដឹកនាំអាជីវកម្មស្តីពីបញ្ហាសង្វាក់ផ្គត់ផ្គង់។
ក្រោយមកនៅថ្ងៃអង្គារ អ្នកស្រីមានគម្រោងធ្វើដំណើរទៅប្រទេសវៀតណាមជាកន្លែងដែលអ្នកស្រីនឹងជួបជាមួយមន្រ្តីកំពូលៗនៅថ្ងៃពុធ និងគ្រោងសម្ពោធការិយាល័យរបស់ទីភ្នាក់ងារទប់ស្កាត់និងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិកប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងទីក្រុងហាណូយ។ នេះបើយោងតាមក្រសួងការបរទេសអាមេរិក៕