តុលាការយោធាមួយក្នុងប្រទេសអ៊ីស្រាអែល (Israel) បានកាត់ទោសជនសកម្មប្រយុទ្ធ Hamas ម្នាក់ឲ្យជាប់គុកបីជីវិតនៅក្នុងការទាក់ទិនជាមួយការសម្លាប់យុវជនជំទង់អ៊ីស្រាអែលបីនាក់។
តុលាការនេះក៏បានបញ្ជាដល់ឈ្មោះ Hussam Hassan Kawasame ឲ្យបង់ប្រាក់៦ម៉ឺន៣ពាន់ដុល្លារជាការសងជំងឺចិត្តឲ្យដល់គ្រួសារនីមួយៗក្នុងបណ្តាគ្រួសារទាំងបីនោះផងដែរ នៅក្នុងការធ្វើសវនាការកាលពីថ្ងៃអង្គារនៅជិតក្រុង Ramallah ក្នុងតំបន់ត្រើយខាងលិចនៃទន្លេ Jordan។
ឈ្មោះ Kawasame ត្រូវបានកាត់ក្តីឲ្យជាប់ទោសកាលពីសប្តាហ៍មុនពីបទបានចាត់ចែងនិងផ្តល់ប្រាក់កាសក្នុងការចាប់ពង្រត់យុវជនជំទង់អ៊ីស្រាអែលទាំងបីនាក់នោះកាលពីខែមិថុនា នៅជិតក្រុង Hebron នៃតំបន់ត្រើយខាងលិចទន្លេ Jordan។ យុវជនទាំងនេះបានលើកដៃសុំទ្បានគេជិះនៅពេលនោះ ហើយនៅពេលបន្ទាប់មកបានត្រូវរកឃើញស្លាប់។
ជនរួមគំនិតពីរនាក់របស់គាត់នៅក្នុងករណីយនេះត្រូវបានបាញ់ស្លាប់ដោយកងកម្លាំង Israel នៅជិតក្រុង Hebron កាលពីខែកញ្ញា៕