ក្រុមជនសកម្មប្រយុទ្ធ Hamas បាននិយាយថាពួកគេ៧នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសជាមួយកងទ័ពប្រទេសអ៊ីស្រាអែលនៅក្នុងតំបន់Gaza។
បើតាមសេចក្ដីថ្លែងការណ៍មួយរបស់ពួក Hamas នៅថ្ងៃចន្ទនេះ មានមនុស្ស៤នាក់ទៀតត្រូវបានរងរបួស ហើយពួកនេះបានប្ដេជ្ញាថាប្រទេសអ៊ីស្រាអែលនឹង«បង់ខាតច្រើន» ចំពោះការវាយប្រហារទាំងនេះ។
ក្រុមយោធាប្រទេសអ៊ីស្រាអែលបាននិយាយថាពួកគេបានធ្វើការវាយប្រហារតាមអាកាសនៅពេលយប់ជាការឆ្លើយតបនឹងអ្វីដែលខ្លួននិយាយថាជាការបាញ់រ៉ុក្កែត២៥គ្រាប់ដោយពួកជនសកម្មប្រយុទ្ធពីតំបន់Gazaចូលទៅក្នុងប្រទេសខ្លួន។ក្រុមយោធាអ៊ីស្រាអែលក៏បានរាយការណ៍ដែរអំពីការប៉ះទង្គិចគ្នាកាលពីព្រឹកថ្ងៃចន្ទនេះ ក្រោយពីកងកម្លាំងសន្តិសុខបានរងការវាយប្រហារនៅជិតកំផែងសន្តិសុខមួយក្នុងតំបន់Gaza។