គណៈប្រតិភូរបស់អ្នកជំនាញកំពុងជួបប្រជុំនៅក្នុងរដ្ឋធានីនៃប្រទេសកាហ្សាក់ស្ថានដើម្បីពិភាក្សាកិច្ចព្រមព្រៀងឈប់បាញ់គ្នានៅក្នុងប្រទេសស៊ីរី។ តំណាងមកពីប្រទេសរុស្ស៊ី តួកគី អ៊ីរ៉ង់ និងអង្គការសហប្រជាជាតិ បានស្ថិតនៅក្នុងរដ្ឋធានីអាស្តាណា កាលពីថ្ងៃចន្ទដើម្បីចូលរួមជំនួបលើកទីមួយនៃក្រុមប្រតិបត្តិការរួមគ្នាហៅថា Joint Operational Group។
គណៈប្រតិភូកំពុងពិភាក្សាបញ្ហានានា រួមមានថាតើត្រូវឃ្លាំមើលកិច្ចព្រមព្រៀងឈប់បាញ់គ្នា និងរារាំងការរំលោភលើការឈប់បាញ់គ្នាយ៉ាងដូចម្តេច និងថាតើធ្វើយ៉ាងដូចម្តេចដើម្បីធ្វើឲ្យមានសុវត្ថិភាពដល់ការផ្គត់ផ្គង់ជំនួយមនុស្សធម៌នោះ។
កាលពីខែមុនប្រទេសតួកគី និងរុស្ស៊ី រួមជាមួយប្រទេសអ៊ីរ៉ង់ បាននាំប្រតិភូមកពីរដ្ឋាភិបាលស៊ីរី និងក្រុមឧទ្ទាមទៅកាន់ប្រទេសកាហ្សាក់ស្ថានដើម្បីចូលរួមការចរចាសន្តិភាពដែលបានបញ្ចប់ដោយប្រទេសទាំង៣នោះបានព្រមព្រៀងគ្នាជួយឃ្លាំមើលការឈប់បាញ់គ្នាមួយផ្នែក ហើយនឹងធ្វើការឆ្ពោះទៅកាន់ដំណោះស្រាយខាងនយោបាយដើម្បីបញ្ចប់ជម្លោះនៅក្នុងប្រទេសស៊ីរី។
លោក Huseyi Mufluoglu អ្នកនាំពាក្យរដ្ឋាភិបាលតួកគី បាននិយាយថា ប្រទេសរបស់លោក នឹងមិនអនុញ្ញាតឲ្យពួកអ្នកប្រយុទ្ធខ្លះធ្វើឲ្យខូចការឈប់បាញ់គ្នានេះដែលបានចូលជាធរមានកាលពីចុងខែធ្នូឆ្នាំទៅនោះទេ។ លោកក៏បាននិយាយឡើងវិញពីគោលជំហររបស់តួកគី គឺថាប្រធានាធិបតីស៊ីរី បាសា អាល់អាសាធ គ្មានទីកន្លែងនៅក្នុងរដ្ឋាភិបាលស៊ីរីនៅពេលអនាគតទេ។ តួកគីបានគាំទ្រពួកឧទ្ទាមចាប់តាំងពីជម្លោះនោះបានចាប់ផ្តើមនៅឆ្នាំ២០១១ នៅពេលដែលការតវ៉ាដោយសន្តិវិធីមុនចាប់ផ្តើមរាលដាលទៅក្នុងសង្គ្រាមស៊ីវិល។
ជោគវាសនារបស់ប្រធានាធិបតីអាសាដ ក្លាយជាចំណុចមួយនៃការខ្វែងគំនិតគ្នាក្នុងអំឡុងនៃកិច្ចខិតខំប្រឹងប្រែងជាច្រើនលើករបស់អន្តរជាតិដើម្បីធ្វើឲ្យសម្រេចសន្តិភាពនៅក្នុងប្រទេសស៊ីរី។អង្គការសហប្រជាជាតិ បានបង្កើតគម្រោងការងារមួយដែលអំពាវនាវឲ្យមានរដ្ឋធម្មនុញ្ញថ្មីហើយនឹងការបោះឆ្នោតថ្មី។ សម្ព័ន្ធមិត្តរបស់លោកអាសាដ រួមមានប្រទេសរុស្ស៊ី និង អ៊ីរ៉ង់ បាននិយាយថា លោកអាសាដនឹងកាន់អំណាចតទៅទៀត៕