ពិធី​រំឭក​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​នៃ​ការ​គប់​គ្រាប់​បែក​៤​ធ្វើ​ឡើង​ដោយ​មិន​ពេញ​មុខ​ពេញ​មាត់

រូបឯកសារ៖ រូប​ថត​ជន​រងគ្រោះ​នៅ​ឯ​ចេតិយ​​រំឭក​ព្រឹត្តិការណ៍​​គប់​គ្រាប់​បែក​កាល​ពី​ឆ្នាំ​ ១៩៩៧។

ចេតិយ​ជនរង​គ្រោះ​នៃ​ការ​វាយ​ប្រហារ​យ៉ាង​ព្រៃ​ផ្សៃ​ដោយ​គ្រាប់​បែក​បួនគ្រាប់ដែល​ជឿ​ថា​ ពាក់ព័ន្ធនឹងក្រុម​អង្គរក្ស​របស់លោក ហ៊ុន សែន​ នៅ​ថ្ងៃ​៣០ ​មីនា​ កាលពី​ ១៧​ឆ្នាំ​មុន​នោះ ស្ទើរ​តែ​ឯកោនៅ​ឆ្នាំ​នេះ ពីព្រោះ​មិន​មាន​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​ ពេញ​មុខ​ពេញ​មាត់​ ដូច​មុន​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តុលាការ​កំពូល​រំលាយ​តាម​សំណើ​របស់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន។

អ្វី​ដែល​គួរ​ឲ្យ​ស្រងូត​ស្រងាត់​នោះ ការ​គោរព​វិញ្ញាណក្ខន្ធ​ដល់​ព្រលឹង​ជន​រង​គ្រោះ​ ១៦ ​នាក់​នោះ​មិន​មាន​ពិធី​សូត្រមន្ត​ ពេញ​មុខ​ពេញ​មាត់​ទេ នៅ​ពេល​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ ​កើត​ចេញ​ពី​ការ​បោះឆ្នោត​ដែល​ប្រទេស​ប្រជាធិប​តេយ្យ​ភាគ​ច្រើន​មិន​ទទួល​ស្គាល់​នោះ​ បាន​បង្ក្រា​បគណបក្ស​ប្រឆាំង​ សង្គម​ស៊ីវិល​ និង​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ឯករាជ្យ​ជាដើម។

គ្រាប់​បែក​ ៤​ គ្រាប់​នោះ​មិន​ត្រឹម​តែ​ឆក់​យក​ជីវិត​មនុស្ស​ ១៦ ​នាក់​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​តិច​ជាង ​១៥០ ​នាក់​ទៀត​រង​របួស។ នេះ​គឺ​ជា​តួលេខ​នៃ​អ្នក​ដែល​ហ៊ាន​ចេញ​មុខ​ តែ​នៅ​មាន​ជន​រង​គ្រោះ​ដែល​មិន​ហ៊ាន​ចេញ​បង្ហាញ​ខ្លួន​ផ្សេង​ទៀត។

ការ​រំឭក​វិញ្ញាណក្ខន្ធ​នៅ​ឆ្នាំ​នេះ​ដឹក​នាំ​ដោយ​លោក​ គង់​ គាំ​ និង​សមាជិក​របស់​លោក​ដែល​មាន​ចំនួន​តិច​ជាង​ចំនួន​អ្នក​យកព័ត៌មាន​ទៅទៀត។​

អ្នក​ដែល​ព្យាយាម​រក​យុត្តិធម៌​សម្រាប់​អំពើ​ព្រៃ​ផ្សៃ​នេះ​បាន​ក្លាយ​ជា​ចំណាប់​ខ្មាំង​នយោបាយ​ ម្ដង​ហើយ​ម្តង​ទៀត។

លោក​ សម រង្ស៊ី​ ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តែង​តែ​រៀប​ចំពិ​ធី​គោរព​វិញ្ញាណក្ខន្ធ​អធឹក​អធម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​រៀប​ចំ​ពិធី​បុណ្យ​ទក្ខិណានុប្បទាន​ដល់​ជន​រង​គ្រោះ​ទាំង​ ១៦ ​នាក់​នៅ​វត្ត​ពោធិវង្ស​នៅ​ប្រទេស​បារាំង​ ព្រោះ​លោក​ជា​ចំណាប់​ខ្មាំង​នយោបាយ ​ដែល​មិន​អាច​ធ្វើ​ពិធី​នេះ​នៅ​ចេតិយ​ក្បែរ​កន្លែង​ជន​រង​គ្រោះ​ស្លាប់។

ឆ្លៀត​ឱកាស​នេះ លោក​ សម រង្ស៊ី​ ដែល​ជា​ជន​គ្រោះ​នៃ​ការ​បោកគ្រាប់បែក​នោះ​ ហើយនឹង​ ម៉ែន សុថាវរិន្រ្ទ ​និង ​លោក ឡុង​ បុត្តា​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​រៀប​ចំបុណ្យ​ផ្កា​ប្រាក់​សង្រ្គោះ​ជាតិ ​ក្នុង​គោល​បំណង​គាំទ្រ​គម្រោង​មាតុ​ភូមិនិវត្តន៍​របស់​លោក​ សម រង្ស៊ី​ ទៅ​ប្រទេស​កម្ពុជា​វិញ៕