ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលជាស្ថាប័នទទួលបន្ទុកចែកចាយឧបករណ៍ធ្វើតេស្តរហ័សរកជំងឺកូវីដ១៩ បានព្រមានចាត់វិធានការអ្នកដែលទិញឧបករណ៍ធ្វើតេស្តរហ័ស (Rapid Test) ពីក្រសួង ហើយយកទៅលក់ ដើម្បីចំណេញប្រាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងចេញផ្សាយកាលពីថ្ងៃពុធ។
សេចក្តីប្រកាសឲ្យដឹងថាក្រសួងបានរឹបអូសឧបករណ៍ធ្វើតេស្តកូវីដ១៩រហ័សជាង៤ពាន់គ្រឿងពីទីតាំង៥កន្លែងនៅរាជធានីភ្នំពេញ ដែលក្រសួងអះអាងថាចែកចាយខុសពីគោលការណ៍ក្រសួង។ ក្រសួងបញ្ជាក់ថាក្រសួងនឹងបន្តសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីកំណត់មុខសញ្ញាជនឆ្លៀតឱកាសហើយចាត់វិធានការឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយមិនបណ្តោយឱ្យជនឆ្លៀតឱកាសទាំងនោះនៅបង្កបញ្ហា និងរំលោភបំពានលើគោលការណ៍កំណត់របស់ក្រសួង។
សេចក្តីប្រកាសឲ្យដឹងថា៖ «ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងបន្តសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីកំណត់មុខសញ្ញាជនឆ្លៀតឱកាស ហើយចាត់វិធានការឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយមិនបណ្តោយឲ្យជនឆ្លៀតឱកាសទាំងនោះ នៅបង្កបញ្ហានិងរំលោភបំពានលើគោលការណ៍កំណត់របស់ក្រសួង»។
ក្រសួងបន្ថែមថា៖ «ការទិញឧបករណ៍តេស្តពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍យកទៅធ្វើអាជីវកម្មបន្តនេះពុំបានផ្តល់ផលប្រយោជន៍អ្វីដល់ប្រជាពលរដ្ឋឡើយក៏ប៉ុន្តែបែរជានាំឲ្យប្រជាពលរដ្ឋខាតបង់ថវិកាស្របពេលដែលកំពុងជួបការលំបាកពីជំងឺកូវីដ១៩»។
បើតាមសេចក្តីប្រកាសព័ត៌មានបច្ចុប្បន្ននេះ ក្រសួងកំពុងបន្តនាំចូលឧបករណ៍តេស្តរហ័សនេះ មកចែកចាយក្នុងតម្លៃដើមត្រឹមតែ៣,៧ដុល្លារអាមេរិក ហើយចែកចាយបន្តពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ។ ក្រសួងបន្ថែមថាជាមធ្យមក្នុងមួយថ្ងៃចំនួន៣៥០ប្រតិបត្តិការបញ្ជាទិញរបស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័ន ដោយផ្តល់អាទិភាពលើទីតាំងដែលកំពុងជួបហានិភ័យខ្ពស់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩។
កាលពីដើមខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋជួយបង្រៀនការប្រើប្រាស់ឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ១៩ និងអនុញ្ញាតឲ្យវិស័យឯកជនប្រើប្រាស់វា ដើម្បីទប់ស្កាត់នឹងការឆ្លងរាលដាលនឹងជំងឺកូវីដ១៩នេះ។
ពលរដ្ឋមួយចំនួនក៏បានរិះគន់អំពីភាពយឺតយ៉ាវនៃការលក់របស់ក្រសួងប្រៃសណីយ៍ ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋភ្លាមៗ។
លោក គុយ សិលា ពលរដ្ឋមួយរូបដែលធ្លាប់បានបញ្ជាទិញឧបករណ៍តេស្តរហ័សនេះពីក្រសួងប្រៃសណីយ៍ បានប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថាការលក់របស់ក្រសួងក្នុងតម្លៃត្រឹមតែ៣,៧ដុល្លារជារឿងល្អមួយ ខណៈនៅតាមឱសថស្ថាន ការលក់មានតម្លៃជាមធ្យម៨ដុល្លារ។ ប៉ុន្តែលោកថាការបញ្ជាទិញនេះ គឺចំណាយពេលវេលាយូរបន្តិច ហើយក្នុងករណីបើមានការសង្ស័យថាខ្លួនមានពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ ហើយចង់ធ្វើតេស្ត ពិបាករកឧបករណ៍មកធ្វើតេស្តភ្លាមៗ។
លោកថ្លែងថា៖ «កាលខ្ញុំបញ្ជាទិញដំបូង ខ្ញុំមានអារម្មណ៍ថាការបញ្ជាទិញយូរណាស់ ពីព្រោះក្រសួងថារង់ចាំ៣ទៅ៥ថ្ងៃ។ ឧទាហរណ៍ គ្នាកំពុងមានកូវីដ គ្នាកំពុងមានការសង្ស័យរង់ចាំ៣ទៅ៥ថ្ងៃ វារាងយឺត ប៉ុន្តែដល់ពេលយើងមើលលេខរៀងដែលយើងរង់ចាំ គឺយើងរង់ចាំច្រើន។ អញ្ចឹងមានគេលើយើងទៀត។ អញ្ចឹងថាអូហ៍អានេះប្រហែលជាគេដំណើរការម្តងមួយៗ។ ហើយពេលយើងទិញក៏យើងអត់ទិញម្តងតិចដែរ។ ក្រសួងលក់ឡើងយើងម្តង២៥តេស្ត[ឡើង] ហើយពេលលើកក្រោយពេលដែលយើងដឹងថារបស់យើងជិតអស់គឺយើងបញ្ជាទិញទៀត»។
លោកជំរុញឲ្យក្រសួងចែកចាយឧបករណ៍ធ្វើតេស្តកូវីដរហ័សនេះ តាមបណ្តាខេត្តនីមួយៗ ឬចែកចាយតាមមន្ទីរពេទ្យ ដែលបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទិញ ដោយមិនចាំបាច់ចំណាយពេលច្រើនមករាជធានីភ្នំពេញ និងចំណាយពេលយូរក្នុងការបញ្ជាទិញពីក្រសួង។
លោកបន្ថែមថា៖ «ធម្មតាតែយើងមានសាខាច្រើនក្នុងការបញ្ជាទិញ គឺវាលឿនហើយ មានសាខាលក់ច្រើនអញ្ចឹងអាចដល់ដៃអតិថិជនហ្នឹងវាលឿនជាងហ្នឹង ហើយក៏ទូលំទូលាយជាងដែរ។ ប្រសិនបើគាត់បែងចែកនៅតំបន់សិនចុះឧទាហរណ៍ថា តំបន់កំពត តាកែវ កំពង់សោមអីហ្នឹង ក៏វាធូរជាងភ្នំពេញដែរ។ ប្រជាជនក្នុងខេត្តគាត់អាចទិញនៅកំពតបាន វាធូរជាងឡើងទៅភ្នំពេញ»។
វីអូអេបានទាក់ទងទៅអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក មាស ប៉ូ ប៉ុន្តែលោកបានបង្វែរឲ្យទៅសួរលោកម៉ុក រ៉ាឌី ដែលជាអគ្គនាយកនៃអគ្គនាយករដ្ឋបាលក្រសួងប្រៃសណីយ៍ដែលជាអ្នកទទួលបន្ទុកកិច្ចការនេះ។
លោក ម៉ុក រ៉ាឌី បានបដិសេធមិនអត្ថាធិប្បាយដោយឲ្យអ្នកសារព័ត៌មានទៅមើលឯកសារដែលបានបង្ហោះលើបណ្តាញសង្គមរបស់ក្រសួង។
លោកថ្លែងថា៖ «បាទសុំអធ្យាស្រ័យដែរពីព្រោះអីដូចដែលបានquote(ដកស្រង់)ក្នុងសេចក្តីប្រកាសព័ត៌មានហើយ។ សុំស្រង់ខ្លឹមសារពីក្នុងហ្នឹងចុះអ្វីដែលពួកខ្ញុំអាចជម្រាបជូនបានមានបញ្ជាក់នៅក្នុងហ្នឹងហើយ»។
លោក អ៊ូច វុទ្ធី ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា បានប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថាមន្ទីរនិងក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធគួរតែផ្សព្វផ្សាយតម្លៃឧបករណ៍នេះឲ្យបានច្បាស់ និងបង្ហាញទីតាំងដែលប្រជាពលរដ្ឋងាយស្រួលក្នុងការស្វែងរកនិងប្រើប្រាស់។
លោកថ្លែងថា៖ «បើសិនជាមិនមានការផ្សព្វផ្សាយ[ថា]មួយណារបស់រដ្ឋ មួយណារបស់ឯកជនហើយក្នុងតម្លៃណាមួយសម្រាប់អ្នកក្រីក្រអាហ្នឹងវាប៉ះពាល់ដល់ប្រជាជនយើងកំពុងតែខ្វះខាតសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងនេះ... អ្នកខ្លះស្រែកដាច់បាយគួរណាតែមន្ទីរជំនាញៗរបស់យើងនៅក្នុងក្រសួង មេត្តាជួយផ្សព្វផ្សាយតាមឱសថស្ថានតាមជនបទក៏ដូចជាមន្ទីរពេទ្យរដ្ឋហ្នឹង ដាក់ទៅដល់ណាខ្លះប៉ុន្មានម៉ឺនដើម ប៉ុន្មានពាន់ដើម ដើម្បីជួយដល់ប្រជាពលរដ្ឋយើង»។
លោក អ៊ូច វុទ្ធី ឲ្យដឹងទៀតថាដោយសារតែភាពមិនច្បាស់លាស់ ឬមិនទាន់មានការកំណត់តម្លៃជាក់លាក់ណាមួយលើឧបករណ៍នេះ ទើបមន្ទីរពេទ្យ ឬគ្លីនិកឯកជនមួយចំនួនបានធ្វើតេស្តរហ័សឲ្យប្រជាពលរដ្ឋ ដោយយកតម្លៃខ្ពស់។
លោកថ្លែងថា៖ «ថ្ងៃមុនខ្ញុំបាននិយាយអញ្ចឹង ធ្វើ Rapid test គឺ Test ម្តងយកគ្នា១០ម៉ឺនរៀលរហូតដល់គ្នាស្រែករកពុទ្ធោ។ ហើយសុទ្ធតែគ្នាក្រីក្រ នៅ[ធ្វើការ]រោងចក្រ នៅភ្នំពេញ។ ហើយឥឡូវនៅអង្គស្នូល យកគ្នា៦ម៉ឺន ១៥ដុល្លារ រហូតដល់២០ដុល្លារ។ គ្នាយំសុំតែ៥ដុល្លារអត់ព្រម។ តាមពិតប្រមុខរដ្ឋាភិបាលគាត់ខំដើរសុំគេបាន ពិភពលោកហ្នឹងប្រទេសណាឲ្យលោកទទួលយក ហើយលោកសប្បាយចិត្តយកមកជួយប្រជាពលរដ្ឋយើង។ ប៉ុន្តែឈ្មួញឆ្លៀតឱកាស គេហៅមន្ត្រីគ្រាប់ល្ពៅស្ងោរ ឆ្លៀតឱកាស យកអាហ្នឹងជាមុខរបរហើយឆ្លៀតគ្រប់ទាំងអស់ [ដែល]គេហៅថាត្រីងៀតឆ្លៀតពង»។
ពាក់ព័ន្ធនឹងតម្លៃឧបករណ៍តេស្តរហ័សកូវីដ១៩នេះអ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យបានថ្លែងក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាន Fresh News ដែលស្និទ្ធនឹងរដ្ឋាភិបាល កាលពីថ្ងៃអង្គារថាការបង់ថ្លៃលើសេវាឧបករណ៍ធ្វើតេស្តរហ័សតាមរយៈមន្ទីរពេទ្យរដ្ឋ គឺដោយសារតែពេទ្យរដ្ឋនីមួយៗត្រូវការចំណូលដើម្បីចំណាយលើប្រតិបត្តិការផ្សេងៗគ្នារបស់មន្ទីរពេទ្យនីមួយៗ។
អ្នកស្រីថ្លែងថា៖ «បើយើងប្រើប្រាស់សេវារដ្ឋ។ ហើយនិយាយអញ្ចឹងថាចុះមន្ទីរពេទ្យជាតិមិនមែនរដ្ឋហ្ហេ? មន្ទីរពេទ្យជាតិក៏រដ្ឋដែរ ប៉ុន្តែមន្ទីរពេទ្យជាតិមួយចំនួនគាត់ជារដ្ឋបាលសាធារណៈ។ គាត់ដើរ[តួនាទី]នៅក្នុងរដ្ឋបាលសាធារណៈហើយអញ្ចឹងគាត់ត្រូវការរកចំណូលខ្លួនគាត់ដើម្បីយកប្រាក់ហ្នឹងដើម្បីយកមកប្រតិបត្តិការក្នុងមន្ទីរពេទ្យគាត់ឡើងវិញ។ រដ្ឋឧបត្ថម្ភមួយចំណែក តែប្រតិបត្តិការក្នុងមន្ទីរពេទ្យគាត់ជាអ្នករ៉ាប់រងខ្លួនគាត់»។
គួរបញ្ជាក់ថាក្រសួងប្រៃសណីយ៍បានឲ្យប្រជាពលរដ្ឋដែលមានបំណងទិញឧបករណ៍ធ្វើតេស្តរហ័សទាក់ទងតាមលេខទូរស័ព្ទដែលក្រសួងបានដាក់ ឬតាមប្រព័ន្ធតេលេក្រាមរបស់ក្រសួង៕