អ្នកស្រាវជ្រាវ​កំពូលថា រដ្ឋាភិបាល​និង​ក្រុមហ៊ុន​គួរចំណាយ​បន្ថែម​លើ​សុវត្ថិភាព​នៃ​ប្រព័ន្ធ​បញ្ញាសិប្បនិម្មិត ឬ AI

  • ​Reuters

រូបឯកសារ៖ ក្បាល​មនុស្ស​ដែក​ធ្វើពី​គ្រឿង​បន្លាស់​ម៉ូតូ​ដែល​តំណាង​ឱ្យ​បញ្ញា​សិប្បនិម្មិត​​ ត្រូវបានដាក់បង្ហាញ​នៅ​ទីក្រុង Essen ប្រទេស​អាល្លឺម៉ង់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្រុមហ៊ុន​បញ្ញា​សិប្បនិម្មិត ឬ AI និង​រដ្ឋាភិបាល​មួយ​ចំនួនគួរ​តែបម្រុង​ទុក​ថវិកាយ៉ាង​ហោច​ណាស់ ​១ភាគ​៣​ នៃថវិកាអភិវឌ្ឍន៍​និង​ស្រាវជ្រាវបច្ចេកវិទ្យា​ AI របស់​ពួកគេ ដើម្បីធានា​ពី​សុវត្ថិភាព​និង​ការ​ប្រើប្រាស់​ប្រកប​ដោយ​ក្រម​សីលធម៌នៃ​ប្រព័ន្ធ​ទាំងនេះ​។​ នេះ​បើតាម​ការ​លើក​ឡើង​របស់​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​មួយ​ចំនួនស្តីពី​បច្ចេកវិទ្យា​បញ្ហាសិប្បនិម្មិត​ នៅ​ក្នុង​របាយការណ៍​មួយ​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា​កន្លង​ទៅ ហើយ​ដែល​ត្រូវ​បាន​ទី​ភ្នាក់ងារ​សារព័ត៌មាន Reuters ដក​ស្រង់​ផ្សាយ​បន្ត។​

របាយការណ៍​នេះ​ ដែល​ត្រូវ​បាន​ចេញផ្សាយមួយ​សប្តាហ៍​ មុន​ពេល​សន្និសីទ​កំពូល​អន្តរជាតិ​ស្តី​ពី​សុវត្ថិភាពនៃ​បញ្ញា​សិប្បនិម្មិត ឬ AI ក្នុង​ទីក្រុង​ឡុងដ៍​ចក្រភព​អង់គ្លេស​នោះ​ បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ ដែល​រដ្ឋាភិបាលនិង​ក្រុមហ៊ុន​នានា​ គួ​ប្រកាន់​យក​ដើម្បី​ដោះស្រាយពី​ហានិភ័យ​ដែល​កើត​ចេញ​ពីបច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​នេះ។

«រដ្ឋាភិបាល​ក៏​គួរដាក់​ចេញ​នូវបទ​បញ្ញតិ​ដែល​ថា​ ក្រុមហ៊ុន​នានាត្រូវ​ទទួល​ខុសត្រូវ​តាម​ផ្លូវ​ច្បាប់​ ដល់ការ​ធ្វើ​ឱ្យមានគ្រោះថ្នាក់​ ដោយ​សារ​តែ​ប្រព័ន្ធបញ្ញាសិប្បនិម្មិត​របស់ពូក​គេ​ ដែលអាច​មើល​ឃើញ​និង​រាំងខ្ទប់​បាន​ជា​មុន​នោះ»។ ​នេះ​បើ​តាមការ​លើក​បញ្ជាក់​នៃក្រុម​អ្នក​សរសេរ​របាយការណ៍​នេះ​ ដែល៣​នាក់​ជាអ្នក​ទទួល​បាន​ពានរង្វាន់​ Turing Award ​ម្នាក់​ជា​ជ័យលាភី​រង្វាន់​ណូបែល ​និងជា​ច្រើន​នាក់​ទៀត ជា​អ្នក​សិក្សាស្រាវជ្រាវ​កំពូលនៃ​បច្ចេកវិទ្យា​សិប្បនិម្មិត ឬ AI។

បច្ចុប្បន្ននេះ​ នៅ​មិន​ទាន់​មានបទដ្ឋាន​គតិយុត្តិ​ជាមូលដ្ឋាន​ទូលំទូលាយណាមួយ​នៅឡើយ​ទេ​ ​ដែល​ផ្តោត​ទៅ​លើ​សុវត្ថិភាព​បញ្ញា​សិប្បនិម្មិត​ ហើយ​សេចក្តីព្រាង​បទ​បញ្ញតិ​មួយ​ចំនួនដំបូង​របស់​សហភាព​អឺរ៉ុបនោះ​ នៅ​មិន​ទាន់​ក្លាយ​ជា​ច្បាប់​នៅ​ឡើយ​ទេ​ ដោយសារ​សមាជិក​សភា​នៅ​មិន​បាន​ឯកភាពគ្នា​នៅ​ឡើយ​ទៅ​លើ​បញ្ហា​ជា​ច្រើននោះ។

លោក Yoshua Bengio ដែល​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​អ្នកមានចំណេះ​ដឹង​ច្រើន​បំផុតលើ​បច្ចេកវិជ្ជា​បញ្ញា​សិប្បនិម្មិតនេះ និយាយថា៖

«សមត្ថភាព​នៃ​គំរូ​បញ្ញា​សិប្បនិម្មិត​នា​ពេល​ថ្មីៗ​នេះ​ គឺខ្លាំង​ក្លា​ និង​មាន​សារៈសំខាន់​ខ្លាំង​ ដែល​ចាំបាច់ត្រូវអភិវឌ្ឍន៍​ដោយមាន​ការ​ត្រួតពិនិត្យតាម​បែប​ប្រជាធិបតេយ្យ​»។​

លោក​បន្ថែម​ទៀត​ថា៖​ «ការ​ធ្វើ​វិនិយោគលើ​សុវត្ថិភាពបញ្ញាសិប្បនិម្មិត​នេះ​ ត្រូវ​តែ​កើត​ឡើង​ឱ្យ​បាន​ឆាប់រហ័ស​ ពី​ព្រោះ​បញ្ញា​សិប្បនិម្មិត​នេះ​កំពុងវិវត្តន៍ទៅមុខលឿន​ជាង​ការ​ប្រុងប្រយ័ត្ន​ទុក​ជា​មុន​»។

អ្នក​សរសេរ​របាយការណ៍ស្តី​ពី​បញ្ញាសិប្បនិម្មិត​នេះ​ រួម​មាន​ លោក​ Geoffrey Hinton លោក​ Andrew Yao លោក​ Daniel Kahneman លោក​ Dawn Song និង​លោក Yuval Noah Harari។

ចាប់​តាំង​ពី​បើក​ឱ្យ​ប្រើប្រាស់​គំរូ​បញ្ញា​សិប្បនិម្មិតចេះ​និពន្ធរបស់​ក្រុមហ៊ុន ​OpenAI​មក​ ​ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​កំពូលជា​ច្រើន​នាក់​ និង​ប្រធាន​ក្រុមហ៊ុន​ល្បី​ឈ្មោះ​មួយ​ចំនួន ​ដូច​ជា​លោក Elon Muskជាដើម​ បានព្រមានពី​ហានិភ័យ​នៃបច្ចេក​វិទ្យា​ AI ​និង​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ផ្អាករយៈពេល​៦​ខែ​ ​ក្នុង​ការអភិវឌ្ឍប្រព័ន្ធ​បញ្ញា​សិប្បនិម្មិត​ AI ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ទាំងនេះ។

ក្រុមហ៊ុន​ខ្លះ​ទៀត​បាន​ជំទាស់​លើ​រឿង​នេះ​ ដោយ​និយាយ​ថា​ ពួក​គេ​នឹង​ប្រឈម​តម្លៃខ្ពស់​ក្នុង​ការ​អនុវត្តលើ​រឿង​នេះ​ ក៏​ដូច​ជា​ហានិភ័យ​នៃ​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ពេក​ផងដែរ។

អ្នក​វិទ្យាសាស្ត្រ​កំព្យូទ័រ​អង់គ្លេស​ លោក Stuart Russell និយាយ​ថា​ «ក្រុមហ៊ុន​មួយ​ចំនួន​ ​នឹងតវ៉ា​ថាវាពិបាក​ខ្លាំង​ណាស់ក្នុង​ការតម្រូវទៅ​តាម​ច្បាប់​កំណត់​នោះ។​ ​ ច្បាប់​នោះ​នឹងបង្អាក់​ភាព​ច្ឆៃប្រឌិតរបស់​គេ។ ការតវ៉ា​នេះ មិនត្រឹមត្រូវទេ។​ ពេលនេះ មាន​បទ​បញ្ញត្តិ​ច្រើនលើ​ហាង​ធ្វើ​នំប៉័ង​សាន់វិច​ច្រើនជាងលើ​ក្រុមហ៊ុន​បញ្ញា​សិប្បនិម្មិត»៕

ប្រែសម្រួលដោយលោក ជ្រា វណ្ណរិទ្ធ