ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​​នឹង​ប្រើ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ AI​ ដើម្បី​បង្កើត​ភាព​រញ៉េរញ៉ៃ​ចំពោះ​អ្នកបោះឆ្នោត​អាមេរិក


រូបឯកសារ៖ រូបភាព 3D បង្ហាញប្រអប់ដាក់សន្លឹកឆ្នោត និងយីហោហ្វេសប៊ុក នៅមុខទង់ជាតិសហរដ្ឋអាមេរិក ថតថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២០។
រូបឯកសារ៖ រូបភាព 3D បង្ហាញប្រអប់ដាក់សន្លឹកឆ្នោត និងយីហោហ្វេសប៊ុក នៅមុខទង់ជាតិសហរដ្ឋអាមេរិក ថតថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២០។

ប្រទេស​ចិន​នឹង​ងាក​ទៅ​រក​ការ​ប្រើ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ ឬ​ AI ​ដើម្បី​បង្ក​ភាពមួម៉ៅ​ដល់​អ្នក​បោះឆ្នោត​អាមេរិកនិង​បញ្ឆេះ​ឱ្យ​មាន​ការ​បែក​បាក់ក្នុង​សង្គម​អាមេរិក​ នៅ​មុន​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិកក្នុង​ឆ្នាំ​ ២០២៤​ ខាង​មុខ។​ នេះ​បើ​តាម​ការ​បង្ហាញ​ដោយរបាយការណ៍​ថ្មី​មួយ។​

​ក្រុម​អ្នកវិភាគ​ស្តី​ពី​ការ​គំរាមកំហែង​នៅ​ក្រុមហ៊ុន​ Microsoft ​ បាន​ព្រមាននៅ​ក្នុង​ប្លុក​បង្ហោះ​មួយ​កាល ពីថ្ងៃ​ព្រហស្បតិ៍​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បាន​អភិវឌ្ឍនូវ​សមត្ថភាពបច្ចេកវិទ្យា​ AI ថ្មី​មួយ ដែល​អាចបង្កើត«ខ្លឹមសារ​ចាប់​អារម្មណ៍​ខ្លាំង» និងអាច​ទំនង​ជា​មានអាច​ត្រូវ​ចែក​រំលែក​កាន់​តែ​ខ្លាំង​លើ​បណ្តាញសង្គម​ បើ​ប្រៀប​ធៀប​ទៅ​នឹងប្រតិបត្តិការ​របស់​ចិន​លើ​មតិ​សាធារណៈ​អាមេរិក​ ក្នុង​ពេល​កន្លង​ទៅ។

​បើ​យោង​ទៅ​លើ​ក្រុមហ៊ុន​ Microsoft បាន​ឱ្យ​ដឹង​ថា ការ​ប្រឹងប្រែង​អស់​ពេល​៦​ខែរបស់ចិន​នេះ​ ទំនង​ដូច​ជាមាន​ការ​ប្រើប្រាស់ ការ​ផលិត​ខ្លឹមសារ​ដោយ​ប្រើបច្ចេកវិទ្យា​ AI ដែល​អាច​ផលិតទាំង​រូបភាព​ដ៏​អស្ចារ្យ និងអាច​ធ្វើ​ឱ្យ​កាន់​តែ​ប្រសើរ​បន្តិច​ម្តងៗ។​

ក្រុមហ៊ុន Microsoft បន្ត​ទៀត​ថា៖​ «​យើង​បាន​សង្កេតឃើញ​ពី​តួអង្គ​ពាក់ព័ន្ធ​ចិន ដែល​ត្រូវបាន​ប្រើ​បច្ចេកវិទ្យា​ AI​ ដើម្បីច្នៃបង្កើត​ខ្លឹមសារ ​ដែល​មាន​រូបភាព​នៅ​ក្នុង​យុទ្ធនាការទ្រង់ទ្រាយ​ធំ​ទូលាយ​មួយ​ ដែល​ផ្តោត​លើប្រធាន​បទ​នយោបាយ​ ដែល​ធ្វើ​ឱ្យ​មាន​ការ​ឈ្លោះ​បែក​បាក់​គ្នា​ ដូច​ជាអំពើ​ហិង្សា​នៃ​ការ​ប្រើប្រាស់​អាវុធ​ ​និង​ការមើល​ងាយ​លើ​បុគ្គល​ឬ​និម្មិតសញ្ញានយោបាយ​អាមេរិកជា​ដើម។​

ក្រុមហ៊ុន​នេះបន្ថែម​ទៀត​ថា៖​ «យើង​រំពឹង​ថា​ ចិន​ នឹងបន្តធ្វើ​ឱ្យបច្ចេកវិទ្យា​នេះកាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ក្នុង​ពេល​ខាង​មុខ បើ​ទោះ​បី​ជា​គេ​នៅ​ពុំ​ដឹង​នៅ​ឡើយ​ថា​ ចិន​នឹង​ធ្វើ​វា​ដោយ​របៀប​ណា ហើយ​នឹង​ប្រើ​វា​ក្នុង​ទ្រង់ទ្រាយ​ធំនៅ​ពេលណា​នោះ​ទេ» ។

ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​បដិសេធ​នូវរបាយការណ៍​លើក​ឡើង​របស់​ក្រុមហ៊ុន Microsoft របស់​អាមេរិក​មួយ​នេះ។

​អ្នក​នាំ​ពាក្យ​ស្ថានទូត​ចិនក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ លោក​ Liu Pengyu បាន​ប្រាប់​វីអូអេ​ថា៖​ «ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​បស្ចិមប្រទេស​ និង​វិទ្យាស្ថានស្រាវជ្រាវ​មួយ​ចំនួន បាន​ចោទ​ប្រកាន់ចិន ថា​បាន​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ AI ដើម្បី​បង្កើតគណនី​បណ្ដាញ​សង្គម​ក្លែងក្លាយ​ ​ក្នុង​ការ​ផ្សព្វផ្សាយ​នូវ​អ្វី​ដែល​គេ​ហៅ​ថា​ «ជា​ព័ត៌មាន​គាំទ្រ​ចិន»នោះ។ ការ​ចោទ​ប្រកាន់​បែប​នេះ ​ពោរពេញ​ទៅ​ដោយ​ភាព​លម្អៀង​និង​ការ​សន្និដ្ឋាន​ដោយ​ការ​ព្យាបាទ​ប្រឆាំង​នឹងចិន​ ហើយ​ដែល​ចិន​សូម​ប្រឆាំង​ជា​ដាច់​ខាត»៕

XS
SM
MD
LG