រដ្ឋាភិបាល​បង្កើត​ច្បាប់​ថ្មី​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​អ្នក​បម្រើ​តាមផ្ទះ​ ក្រោយ​ផ្ទុះ​រឿង​ទារុណកម្ម​លើ​ក្មេង​ស្រី​ជា​អ្នក​បម្រើ

រូបឯកសារ៖ រដ្ឋមន្ត្រីក្រសួងការ​ងារ​លោក​ អ៊ិត​ សំហេង​ ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​ បន្ទាប់ពី​​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​ ១៧០ដុល្លារ​អាមេរិកក្នុង​ឆ្នាំ​ ២០១៨​ ដល់​កម្មករ​ក្នុងឧស្សាហកម្មកាត់​ដេរ កាលពីថ្ងៃ​ទី​ ៥ ខែតុលា​ ឆ្នាំ​ ២០១៧។ (ហ៊ុល រស្មី/VOA)

បន្ទាប់​ពី​មាន​សេចក្តីរាយ​ការណ៍​អំពី​ការ​ធ្វើបាប​​កូន​ឈ្នួល​បម្រើ​ការ​តាម​ផ្ទះ​បង្ក​ដោយ​ស្រ្តី​ជា​អាជីវករ​មួយរូប​នោះ​ និង​ប្រតិកម្ម​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​​ក្រសួង​ការងារ​បាន​ចេញ​ប្រកាស​ថ្មី​កំណត់​លក្ខខណ្ឌ​ការងារ​សម្រាប់​កម្មករ​ការងារ​ផ្ទះ។

កាល​ពីថ្ងៃពុធ​កន្លង​ទៅ​ ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​រាយ​ការណ៍​មក​ថា​ ត្រូវ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​ ​ហើយ​ក្រោយ​មក​ក៏​ទទួល​ការ​ចោទ​ប្រកាន់​ពីតុលាការ​រាជ​ធានីភ្នំ​ពេញ​ពីបទ​ហិង្សា​ដោយ​ចេតនា​ បន្ទាប់ពីស្ត្រីរូប​នោះ​ត្រូវ​គេ​សង្ស័យ​ថា​ ​បាន​ធ្វើ​ទារុណកម្ម​លើ​ក្មេង​ស្រី​វ័យ​១៦​ឆ្នាំ​ ដែល​ជា​អ្នក​បម្រើ​ក្នុង​ផ្ទះ​ខ្លួន។

ការ​ចាប់​ខ្លួន​ស្ត្រី​ដែល​គេ​រាយ​ការណ៍​មកថា​ជា​ជនជាតិ​វៀតណាម​កាត់​ចិន​ ​មាន​ឈ្មោះ​ម៉េង រ័ត្នពិសី​ ​វ័យ​៣៣​ឆ្នាំកើត​មានឡើង​ ​ក្រោយ​មាន​ប្រតិកម្ម​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ដែល​ត្រូវ​បានបណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​រាយ​ការណ៍​ថា​ ​លោក​ចង់​ឃើញ​ម្ចាស់​ផ្ទះ​ផ្តល់​តម្លៃ​ និង​គោរព​អ្នក​បម្រើ​ ​និង​ត្រូវ​មាន​ចិត្ត​មេត្តា​ករុណា​ដល់អ្នក​បម្រើ​ទាំង​នោះ​ផង​ ​បើ​ម្ចាស់​ផ្ទះ​មាន​លទ្ធភាព​ជួល​អ្នក​បម្រើ​មក​ធ្វើ​ការងារ​ផ្ទះ​ឲ្យ​ខ្លួន​នោះ។​

ដោយ​យោង​តាម​បំណង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​ចំពោះ​ការ​ការពារ​អ្នក​បម្រើ​តាម​ផ្ទះ​ ឬ​កម្មករ​ការងារ​ផ្ទះ​នោះ​ ​ក្រសួង​ការងារ​ នៅ​ក្នុង​សប្តាហ៍​នេះ​ ​បាន​ចេញ​សេចក្តី​ប្រកាស​ស្តីពី​លក្ខខណ្ឌ​ការងារ​ដែល​បាន​កំណត់​នូវ​គោល​ដៅ​ និយម​ន័យ​នៃ​ប្រភេទ​ការងារ​ផ្ទះ​ ​និង​ការ​កំណត់​លក្ខខណ្ឌ​នៃ​កិច្ច​សន្យាធ្វើការ​ ​ក៏​ដូច​ជា​ ​ការ​ដោះស្រាយ​វិវាទ​រវាង​និយោជក​ ​និង​កម្មករ​ការងារ​ផ្ទះ។​

ប្រការ២​របស់​ប្រកាស​នេះបាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​«ពាក្យ​ថា ការងារ​ផ្ទះ​សំដៅ​យក​កិច្ចការ​ទាំង​ឡាយ​ ​ដែល​ត្រូវ​ប្រតិបត្តិ​នៅ​ក្នុង​រង្វង់​គ្រួសារ​មួយ​ ឬ​សម្រាប់​គ្រួសារ​មួយ​ជា​កំណត់​ ដូចជា​ការ​បោស​សំអាត​ ការ​ចំអិន​អាហារ​ ការ​បោក​គក់ ​និង​អ៊ុត​ ការ​ថែទាំ​កុមារ ការ​ថែ​ទាំ​មនុស្ស​ចាស់​ ​ការ​ថែ​ទាំ​សមាជិក​គ្រួសារ​ ការ​ថែទាំ​សួន​ ​ការ​ថែទាំ​ទ្រព្យ​សម្បត្តិ​ ការ​បើក​បរ​រថយន្ត​សម្រាប់​គ្រួសារ​ និង​ការ​ថែ​ទាំ​សត្វ​ចិញ្ចឹម​ក្នុងគ្រួសារ​ជាដើម»។​

ចំណែក​ពាក្យ​ថា​ ​«កម្មករ​ការងារ​ផ្ទះសំដៅ​យក​ជនណា​ដែល​ទទួល​ធ្វើ​កិច្ចការ​ណា​មួយ ឬ​លើស​ពី​មួយ​នៃ​ការងារ​ផ្ទះ​ដោយ​ស្ម័គ្រចិត្ត​ ​និង​ទទួល​កម្រៃ»។​

ជនណា​ម្នាក់គ្រាន់​តែ​ទទួល​ធ្វើ​កិច្ច​ការ​ណាមួយ​ ឬ​លើស​ពី​មួយ​នៃ​ការងារ​ផ្ទះ​ម្តងម្កាល​ ​ឬ​មិន​ទៀតទាត់ និង​មិន​ឈរ​លើ​មូលដ្ឋាន​នៃ​វិជ្ជាជីវៈ​ណាមួយ​ ជន​នោះ​មិន​មែន​ជា​កម្មករ​ការងារ​ផ្ទះ​ទេ។

ប្រការ​៤​របស់​សេចក្តី​ប្រកាស​នេះ​បាន​បញ្ជាក់​ថា​ កម្មករ​ការងារ​ផ្ទះ​ត្រូវ​មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង។ ​ក្មេង​អាយុ​ចាប់​ពី​១៥​ឆ្នាំ​ដល់​ក្រោម​១៨​ឆ្នាំ​អាច​អនុញ្ញាត​ឲ្យ​ធ្វើការ​ងារ​ផ្ទះ​ណា​ដែល​ស្រាលៗ​ មិន​មាន​លក្ខណៈ​ងាយ​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ ឬ​ប៉ះពាល់​សុខភាព។​

សេចក្តី​ប្រកាស​នេះ​ ដែលធ្វើ​នៅ​ថ្ងៃទី​២៩ ​ខែ​ឧសភា​ ហើយចេញ​ដោយ​លោក ​អ៊ិត​ សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ ឲ្យ​ដឹង​ថា​ ​សេចក្តី​ប្រកាស​នេះ​អនុវត្ត​ចំពោះ​កម្មករ​ការងារ​ផ្ទះ​ទាំងអស់។​ សេចក្តីប្រកាស​នេះ​មិន​អនុវត្ត​ទេ​ចំពោះ​ជន​ណា​ ​ដែល​ត្រូវ​បាន​គ្រួសារ​ណា​មួយទទួល​យក​មក​ឲ្យ​រស់​នៅ​ជាមួយ​ ​ហើយ​ត្រូវ​បាន​គ្រួសារ​នេះ​ចាត់​ចែង​ឲ្យ​ជួយ​ធ្វើការ​ការងារ​ក្នុង​ផ្ទះ​ ​ដោយ​ទទួល​បាន​សិទ្ធិ​ប្រព្រឹត្ត​កម្ម​ ការ​ការ​ពារ​ និង​ផល​ប្រយោជន៍​ដូច​គ្នា​នឹង​សមាជិក​នីមួយៗ​នៃ​គ្រួសារ។​

ដើម្បី​បញ្ជាក់​បាន​ថា​ កម្មករ​ការងារ​ផ្ទះ​ត្រូវ​បាន​ទទួល​ខុសត្រូវ​ទាំង​ខាង​ហិរញ្ញ​វត្ថុ​ និង​សង្គម​កិច្ច​ដោយ​ចៅហ្វាយ​របស់​ខ្លួន​ សេចក្តី​ប្រកាស​របស់​ក្រសួង​ការងារ​ បាន​កំណត់​ឲ្យ​កម្មករ​ការ​ងារ​ផ្ទះ​ និង​និយោជក​នីមួយៗ​ ត្រូវ​ធ្វើ​កិច្ច​សន្យា​ការងារ​ជាលាយ​លក្ខណ៍​អក្សរ ​ដោយ​មាន​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​ជា​ច្រើន។​

លក្ខខណ្ឌ​ទាំងអស់​នោះ​ រួមមាន​ ឈ្មោះ​ ​និង​អាសយដ្ឋាន​របស់​និយោជក​ ​និង​កម្មករ​ការ​ងារ​ផ្ទះ​ ប្រាក់​ឈ្នួល​ ម៉ោង​ធ្វើការ​ ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​មាន​ប្រាក់​ឈ្នួល​ ការ​ផ្តល់​អាហារ​ និង​កន្លែង​ស្នាក់​នៅ​ (បើមាន) ​និង​លក្ខខណ្ឌ​សម្រាប់​ការ​រៀបចំ​ឲ្យ​កម្មករ​ការងារ​ផ្ទះ​ ត្រឡប់​ទៅ​ស្រុក​ ​ឬ​(ផ្ទះ)​វិញ​ និង​លក្ខ​ខណ្ឌ​ដែល​ពាក់​ព័ន្ធ​ជាមួយ​នឹង​ការ​បញ្ចប់​កិច្ច​សន្យា​ការងារ​ ​ដូចជា​រយៈ​ពេល​នៃការ​ជូន​ដំណឹង​ជាមុន​ដោយ​កម្មករ​ការងារ​ផ្ទះ​ ​ឬ​និយោជក​ជា​ដើម។​

ប្រការ​១០​នៃ​ប្រកាស​នេះបាន​សរសេរ​តាម​ន័យ​ដើម​ថា៖​ ​«និយោជក​ត្រូវ​បើក​ប្រាក់​ឈ្នួល​ជា​សាច់​ប្រាក់​ជូន​កម្មករ​ការងារ​ផ្ទះ​ ដោយ​ផ្ទាល់​ ឬតាម​ធនាគារ​ដោយ​ផ្អែក​ទៅ​លើ​ការ​ព្រមព្រៀង​គ្នា​ដោយ​ស្ម័គ្រ​ចិត្ត​រវាង​កម្មករ​ការងារ​ផ្ទះ​ និង​និយោជក។ ​ការ​បើក​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​ការងារ​ផ្ទះ​សម្រាប់​ខែ​នីមួយៗ​ ត្រូវ​ធ្វើ​ឡើង​នៅថ្ងៃ​ធ្វើ​ការ​ដោយ​ត្រូវ​មាន​ការ​ជូន​ដំណឹង​ជាមុន​អំពីថ្ងៃ​បើក​ប្រាក់​ឈ្នួល​នេះ។ ​ការ​បើកប្រាក់​ឈ្នួល​នេះអាច​ធ្វើ​ឡើង​រៀង​រាល់​១៥​ថ្ងៃ​ម្តង​ ក្នុង​ករណី​មាន​ការ​ស្នើសុំ​ពី​កម្មករ​ការងារ​ផ្ទះ​ ឬមាន​ចែង​នៅ​ក្នុង​កិច្ច​សន្យា​ការងារ»។​

លោក​ ​រ៉ុង ឈុន​ ​ប្រធាន​សហភាព​សហជីព​កម្ពុជា​ បាន​សំដែង​ការ​សាទរ​ចំពោះ​ប្រកាស​របស់​ក្រសួង​ការងារ​ ​ដែល​អាច​នឹង​ជួយ​ទប់ស្កាត់​ការ​កេង​ប្រវ័ញ្ច​របស់​និយោជក​មក​លើ​កម្មករ​ការងារ​ផ្ទះ ​និង​ការ​លុប​បំបាត់​ចោល​ការ​ប្រើអំពើ​ហិង្សា​មកលើ​កម្មករ​ការងារ​ផ្ទះ​ ​តួ​យ៉ាង​ដូចជាករណី​ស្ត្រី​ម៉េង រ័ត្នពិសី​ ​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​ ​បាន​ធ្វើ​បាប​រាង​កាយ​កម្មករ​របស់​ខ្លួន។​

«តាម​ការណ៍ពិត យើង​សាទរ​ចំពោះ​ប្រកាស​របស់​ក្រសួង​ការងារ​ ដើម្បី​តម្រែ​តម្រង់​ ធ្វើ​ម៉េច​កុំ​ឲ្យ​ម្ចាស់​ផ្ទះ​ដែល​ប្រើ​កម្មករ​នៅ​តាម​ផ្ទះ​ហ្នឹង​ គាត់​រំលោភ​ទៅលើ​បង​ប្អូន​កម្មករ ​ឬធ្វើ​បាប​កន្លង​មក។ ​ហើយ​ថ្មីៗ​នេះ​ យើង​បាន​ឃើញ​ហើយ​ដែល​ម្ចាស់​ផ្ទះ​បាន​ធ្វើ​ទារុណកម្ម​ ធ្វើ​បាប​ទៅ​ដល់កុមារី​ម្នាក់​ដែល​អាយុ​ជាង​១០​ឆ្នាំ។​ ​ហើយ​យើង​គិត​ថា​ ការ​ប្រកាស​ដែល​ចេញ​ដោយ​ក្រសួង​ការងារ​ទាក់​ទង​ទៅនឹង​អ្នក​បម្រើ​ការ​តាម​ផ្ទះ​ហ្នឹង​ វាជា​រឿង​មួយ​ល្អ​ ដើម្បី​ការពារ​ពួក​គាត់​បាទ»។​

រូបឯកសារ៖ លោក​រ៉ុង​ ឈុន ថ្លែង​នៅ​ក្នុង​សន្និសិទ​សារព័ត៌មាន​ស្ដីអំពី​ការ​ចុះឈ្មោះ​បោះ​ឆ្នោត​នៅ​ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​(គជប) ​នៅ​ថ្ងៃ​ពុធ ទី​១២ ខែតុលា ឆ្នាំ​២០១៦ នារាជធានី​ភ្នំពេញ។​( ឡេង ឡែន/VOA)

តាម​ប្រការ​១២​នៃ​សេចក្តី​ប្រកាស​ស្តីពី​លក្ខខណ្ឌ​របស់​កម្មករ​ការងារ​ផ្ទះ​បាន​សរសេរ​តាម​ន័យ​ដើម​ថា៖​

«រាល់​ការងារ​ផ្ទះ​ ដែល​មាន​លក្ខណៈ​ជាការងារ​ដោយ​បង្ខំ​ ឬ​ជា​កាតព្វ​កិច្ច​ ការងារ​កាត់​ជំពាក់​ ការងារ​មាន​លក្ខណៈ​ជា​ទម្រង់​ធ្ងន់​ធ្ងរ​ និង​បែប​ទាសភាព ត្រូវ​បាន​ហាម​ឃាត់»។​

រី​ឯ​ប្រការ​១៣​ ​បាន​សរសេរ​ថា៖​

«និយោជក​ត្រូវ​ទទួល​ខុសត្រូវ​លើ​គ្រោះ​ថ្នាក់​ការងារ​ទាំង​អស់​លើ​កម្មករ​ការងារ​ផ្ទះ និង​របប​សន្តិសុខ​សង្គម​ ដូច​មាន​ចែង​ក្នុងច្បាប់ និង​បទប្បញ្ញត្តិ​នានា​ដែល​ពាក់​ព័ន្ធ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដូច​កម្មករ​និយោជិត​ផ្សេងៗ​ទៀត​ដែរ»។ ​ប្រការ​១៤​នៃ​ប្រកាស​នេះ​បាន​បញ្ជាក់​ពី​ការដាក់​ទោស​ទណ្ឌ​ថា៖ ​«អ្នក​ប្រព្រឹត្ត​លើ្មស​ទៅ​នឹង​ប្រកាស​នេះ​ ត្រូវទទួល​ការ​ផាក​ពិន័យ​ ឬ​ផ្តន្ទាទោស​ ដូចមាន​ចែង​ក្នុង​ច្បាប់​ និង​បទ​បញ្ជា​ជា​ធរមាន​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា»។​

លោក រ៉ុង ឈុន​ ​ប្រធាន​សហភាព​សហជីព​កម្ពុជា​ ​មាន​ប្រសាសន៍​ប្រាប់​ ​VOA​ ​បន្ថែម​ថា​ ​រដ្ឋាភិបាល​ត្រូវ​បង្កើន​ការ​ផ្សព្វផ្សាយ​អំពី​ខ្លឹមសារ​ ​និង​ការ​អនុវត្ត​ប្រកាស​នេះ​ឲ្យ​បាន​ទូលំ​ទូលាយ​ ​ហើយ​អាជ្ញាធរ​មូលដ្ឋាន​ក៏​ត្រូវ​បង្កើត​យន្តការ​ស្រង់​ស្ថិតិ​នៃ​ចំនួន​ផ្ទះ​ដែល​បាន​ជួល​កម្មករ​ការងារ​ផ្ទះ។​ ​លោក​បាន​បន្តថា​ ការណ៍​នេះ​ ​នឹង​ហុច​ប្រយោជន៍​ដល់​ការ​ទប់ស្កាត់​រាល់​ទម្រង់​នៃ​ការ​បំពារ​បំពាន​ ក្នុង​នោះ​មាន​ការ​រាំង​ខ្ទប់​កម្មករ​ការងារ​ផ្ទះ​ពី​សំណាក់​ម្ចាស់​ផ្ទះ​ មិន​ឲ្យ​រាយ​ការណ៍​ពី​សកម្ម​ភាព​រំលោភ​បំពាន​ ​ប្រាប់អាជ្ញាធរ​ជា​ដើម។​

«កន្លង​មក​វា​ ​វា​មាន​អាការណ៍​ដែល​ធ្វើ​ទណ្ឌកម្ម​ទៅដល់​អ្នក​បម្រើ​ហ្នឹង​ ជារឿយៗ​ ទម្រាំ​តែ​បែក​ធ្លាយ​រឿង​ហ្នឹង​មកខាង​ក្រៅ​ គាត់បាន​បង្ខាំងអ្នក​បម្រើហ្នឹង​ មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ​ ចេញ​អី។ ​អា​ហ្នឹង​ វាជា​រឿង​មួយ​នឹង​ពិបាក។​ អីចឹង​ឲ្យ​អាជ្ញាធរ​ ឃុំ​សង្កាត់​ហ្នឹង​ត្រូវ​តែ​ដឹង​ស្ថិតិ ឲ្យ​ធ្វើ​ស្ថិតិ​ថា​ ផ្ទះ​ហ្នឹង​មាន​អ្នក​បម្រើ​ប៉ុន្មាន​នាក់? នៅ​ក្នុង​សង្កាត់​ ឬ​ឃុំ​របស់​ខ្លួន​ហ្នឹង អាជ្ញាធរ​ត្រូវ​ដឹង​ចំនួន​កម្មករ​ធ្វើការ​នៅ​តាម​ផ្ទះ​ហ្នឹង​ ដើម្បី​យើង​ជួយ​ការពារ​នូវ​សុវត្ថិភាព​របស់​គាត់។ ​ជួន​កាល​ទៅ គាត់​ត្រូវ​បាន​គេ​រំលោភ​បំពាន​ តែគាត់​អត់​មាន​ឱកាស​ បាន​មក​ផ្តល់​ព័ត៌មាន​ ​ត្រូវ​បាន​ម្ចាស់​ផ្ទះ​ឃុំ ​អីរាប់​សិប​អាទិត្យអីចឹង​ទៅ​ រៀង​យូរ​អីចឹង​ទៅ​ ទម្រាំ​មាន​ឱកាស​ចេញ​មក​ក្រៅ​ បាន​បែក​រឿង​ហ្នឹង​ទៅ​បាទ​ ដូច​ជារឿង​ថ្មីៗ​នេះ​ក្តី​ បាទ»។​

អ្នកស្រី​ ​ធីតា ឃឹះ​ ​នាយិកា​អង្គការ​សីលកា ​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​គួរ​ពិចារណា​បង្កើត​ច្បាប់​ដាច់​ដោយ​ឡែក​មួយ​ទៀត​ ដើម្បី​ជំរុញ​ឲ្យ​ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​នូវប្រកាសស្តី​ពី​កម្មករ​ការងារ​ផ្ទះ។​

«ត្រូវមាន​ច្បាប់​ដោយ​ឡែក​ ទប់​ស្កាត់​មួយ​ទៀត​ ដើម្បី​បង្ហាញ​អំពី​កាតព្វ​កិច្ច​ និង​សិទ្ធិ​របស់​កុមារ​ ហើយ​និង​កុមារី​ដែល​ធ្វើការ​នៅ​ផ្ទះ​ហ្នឹង។ ​ហើយ​ឥឡូវ​នេះ​ តាម​មើល​បែប​យក​ច្បាប់​ព្រហ្ម​ទណ្ឌ​ធម្មតា​យក​មក​អនុវត្ត។ ​ប៉ុន្តែបើសិន​ណា​ជាយើង​អត់​មាន​ច្បាប់​ដើម្បី​ការពារ​អ្នក​ដែល​ធ្វើ​ការ​នៅ​ផ្ទះ​ កុមារា​ ​កុមារី​ដែល​ធ្វើ​ការ​នៅ​ផ្ទះ​ និង​កាតព្វ​កិច្ច​របស់​អ្នក​ដែល​យក​មនុស្ស​ទៅ​ធ្វើការទេ​ យើង​មិន​អាច​អនុវត្ត​ច្បាប់​ហ្នឹង​បាន​ទេ។​ ​ហើយ​អ្នក​ដ​ទៃ​ក៏មិន​អាច​អនុវត្ត​ ជួយ​អនុវត្ត​បាន​ដែរ។ អីចឹង​ទៅ​ច្បាប់​ជា​រឿង​មួយ​សំខាន់​ ហើយ​យើង​អត់មាន​ទេ​ច្បាប់​ហ្នឹង​»។

រូបឯកសារ៖ អ្នកស្រី​ ធីតា ឃឹះ ​នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីលការ​ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​«លទ្ធផល​អង្កេត​នៃ​ការ​ដាក់​បេក្ខភាព​ស្ត្រី​ឈរ​ឈ្មោះ​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​អាណត្តិ​ទី៤​» ក្នុង​រាជធានីភ្នំពេញ​ នៅថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

ប្រកាស​ថ្មី​ស្តីពី​លក្ខខណ្ឌ​កម្មករ​ការងារ​ផ្ទះ​ក៏​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​ដោយ​និយោជក​ជា​ជន​បរទេស​ ដែល​ស្នាក់​នៅក្នុងប្រទេស​កម្ពុជា​ និង​ដែល​មាន​កម្មករ​ការងារ​ផ្ទះ​ជាជនជាតិ​ខ្មែរ​ធ្វើការ​ក្នុង​គ្រួសារ​ ឬ​សម្រាប់​គ្រួសារ​របស់​ខ្លួន។​

សេចក្តី​រាយ​ការណ៍​របស់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​នានា​បាន​ឲ្យ​ដឹងថា​ ​ស្ត្រី​ម៉េង រ័ត្នពិសី​ ដែល​មាន​សញ្ជាតិ​ចិនកាត់​វៀតណាម អាច​ប្រឈម​ការ​ជាប់​ពន្ធនាគារ​ពី​២ទៅ​៥​ឆ្នាំ​ ប្រសិន​បើ​ស្ត្រី​រូប​នោះ​ត្រូវបាន​រក​ឃើញ​ថា​ ​មាន​ទោស​ប្រើ​ហិង្សា​លើ​កម្មករ​ការងារ​ផ្ទះ​របស់​ខ្លួន។​

ក្មេង​ស្រី​ដែល​គេ​រាយ​ការណ៍​ថា​ បាន​ទទួល​រងការ​ប្រើ​ហិង្សា​ពីស្ត្រី​ ​ម៉េង រ័ត្នពិសី​ ​នោះ​ ​មាន​ឈ្មោះ​ថា ​ជា ស្រីនូ​ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ឧត្តរ​មានជ័យ។​ ​ក្មេង​ស្រី​រូប​នេះ​បាន​មករស់​នៅ​ជាមួយ​ស្ត្រី​ម៉េង រ័ត្នពិសី​ ​ក្នុង​នាម​ជាកូន​ឈ្នួល​អស់​រយៈ​ពេលបួន​ឆ្នាំ​មក​ហើយ៕