ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តំណាង​រាស្រ្ត​ខ្មែរ​ស៊ើប​អង្កេត​រឿង​មរណភាព​ពលករ​ខ្មែរ​នៅ​ម៉ាឡេស៊ី


លោកស្រី​ មួរ​ សុខហួរ ​តំណាងរាស្ត្រ​គណបក្ស​សម ​រង្ស៊ី និងលោកស្រី​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋអាមេរិក​ហ៊ីឡារី គ្លីនតុន (Hillary Clinton)។

លោក​ស្រី​ មូរ​ សុខហួរ ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ លោកស្រី​បាន​ចាប់​ប្រមូល​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​ពលករ​ស្ត្រី​បម្រើ​តាម​ផ្ទះ​កម្ពុជា​ចំនួន​១០​នាក់​ នៅ​ម៉ាឡេស៊ី​ក្នុង​ឆ្នាំ​២០១១​នេះ​សម្រាប់​ប្តឹង​ទៅ​គណៈកម្មការ​សិទ្ធិមនុស្ស​នៃ​រដ្ឋសភា​ម៉ាឡេស៊ី ​បន្ទាប់​ពី​លោកស្រី​បាន​បញ្ចប់​ទស្សនកិច្ច​ក្រៅផ្លូវការ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​ កាលពី​សប្តាហ៍​មុន។

លោកស្រី​ មួរ​ សុខហួរ ​តំណាងរាស្ត្រ​គណបក្ស​សម ​រង្ស៊ី ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​ នៅ​ទីស្នាក់ការ​គណបក្ស​ថា លោកស្រី​ បាន​ចាប់​ស្រាវជ្រាវ​រក​ព័ត៌មាន​ច្បាស់លាស់​អំពី​អ្នក​ស្លាប់​មួយ​ករណី​ម្តងៗ ​ដើម្បី​ផ្តល់​របាយការណ៍ ​និង​ពាក្យបណ្តឹង​ជូន​ទៅ​គណៈកម្មការ​សិទ្ធិ​មនុស្ស​ នៃ​រដ្ឋសភាម៉ា​ឡេស៊ី។

«យើង​ត្រូវ​តែ​យក​ឯកសារ​ឱ្យ​បាន​ច្បាស់លាស់​ពី​ឯកអគ្គ​រដ្ឋទូត​កម្ពុជា​ប្រចាំ​នៅ​ម៉ាឡេស៊ី ​ឱ្យ​បាន​ច្បាស់​លាស់​ណាស់​ ទើប​យើង​បញ្ជូន​ជា​របាយការណ៍​ ជា​ពាក្យបណ្តឹង​ទៅ​ប្រទេស​ម៉ាឡេស៊ី​ តាមរយៈ​គណៈកម្មការ​សិទ្ធិមនុស្ស​នៃ​សភា​ប្រទេស​ម៉ាឡេស៊ី»។

លោក​ អាន ​ប៊ុនហាក់ ​ប្រធាន​សមាគម​ភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា​បានស្វាគមន៍​កិច្ច​ខំ​ប្រឹងប្រែង​របស់​លោកស្រី​មូរ សុខហួរ ​ក្នុង​ការរក​យុត្តិធម៌​ដល់​ពលករ​ស្ត្រី​កម្ពុជា​បម្រើ​តាម​ផ្ទះ​នៅ​ម៉ាឡេស៊ី។

«យើង​ធ្វើការ​ជាមួយ​នីតិ​ប្រតិបត្តិ​របស់​ប្រទេស​ម៉ាឡេស៊ី ​ហើយ​លោក​ជំទាវ​បាន​ទំនាក់​ទំនង​ជាមួយ​នីតិប្បញ្ញត្តិ​ទៀត វា​រិតតែ​ល្អ​ ហើយ​ជួយ​ការពារ​ដល់​សិទ្ធិ​ជាមូលដ្ឋាន​របស់​ពលការិនី​យើង»។

ពលករ​ស្ត្រី​កម្ពុជា​បម្រើ​តាម​ផ្ទះ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ​ត្រូវ​បាន​ទទួលរង​ការធ្វើទារុកម្ម​ ការ​រំលោភ​ផ្លូវ​ភេទ ​ការ​រំលោភ​សិទ្ធិការងារ​ ការ​ផ្តល់​ប្រាក់​ខែ​មិន​បាន​ពេញ​លេញ ​និង​ការបង្អត់​ចំណី​អាហារ។

ក្នុង​កិច្ច​ខំប្រឹងប្រែង​ដើម្បី​លុប​បំបាត់​ការ​ធ្វើ​ទារុណកម្ម ​និង​ការរំលោភសិទ្ធិ​ការងារ​របស់​ពលករស្ត្រី​កម្ពុជា​បម្រើ​ការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី ​លោកស្រី​មួរ​ សុខហួរ​ បាន​បន្តថា​លោកស្រី​បាន​សហការ​ជាមួយ​គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​រដ្ឋសភា​ម៉ាឡេស៊ី ​ដើម្បី​យក​ប្រភពពិត​នៃ​ការស្លាប់​ ឬ​ ការ​ធ្វើ​ទារុណកម្ម។

លោក​ អាន ​ប៊ុនហាក់​បានថ្លែងថា ពលការិនី​កម្ពុជា​បម្រើការ​តាម​ផ្ទះ​នៅ​ម៉ាឡេស៊ី​ចំនួន​១០​នាក់​នេះ​ បាន​ស្លាប់​ដោយសារ​ជំងឺ​ និង​ការ​ធ្វើ​អត្តឃាត​ដោយ​ការផឹក​ថ្នាំ ​ឬ​ការ​លោត​ពី​លើ​អាគារ​ជាន់​ទី​៩។

«ពលការិនី​ស្លាប់​១០​នាក់​នេះ ​យើង​ស្នើសុំ​ទៅ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ ទៅ​អាជ្ញាធរ​នគរបាល ​ហើយ​បាន​ធ្វើ​កោសល្យវិច្ឆ័យ។ ​ពេល​ខ្លះ ​យើង​ធ្វើ​កោសល្យវិច្ឆ័យ​រហូត​ដល់​ពីរ​ដង​មិន​តែ​ប៉ុណ្ណោះ​ យើង​អញ្ជើញ​ឪពុក​ម្តាយ ​ឬ​សាច់​ញាត្តិ​របស់​គាត់​(សព) ទៅ​ពិនិត្យ​ផ្ទាល់ ​នៅ​ប្រទេស​ម៉ាឡេស៊ី»។

លោក​ មឿន​ តុលា ​ប្រធាន​ផ្នែក​កម្មវិធី​ពលកម្ម​0នៃ​មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍​ បាន​បញ្ជាក់​ថា​លោក​បាន​ព្យាយាម​រក​ព័ត៌មាន​លម្អិត​អំពី​ការ​ស្លាប់​ពលការិនី​កម្ពុជា​នៅ​ម៉ាឡេស៊ី ​ប៉ុន្តែ​វា​នៅ​តែ​ជា​ការស្រពិច​ស្រពិល​នៅ​ឡើយ។

វា​ហាក់បីដូចជា​មាន​ភាព​មិន​ច្បាស់​លាស់​ច្រើន​ពាក់ព័ន្ធ​នឹង​មូលហេតុ​នៃ​ការស្លាប់​នេះ​ ហើយ​នៅ​ក្នុង​ហ្នឹង​ក៏​អាច​មាន​ពលករ​ ដែល​អាច​នឹងសម្លាប់​ខ្លួន​ដោយ​ខ្លួន​ឯង។

លោក​ ហូ​ វុទ្ធី​ អនុប្រធាន​នាយកដ្ឋាន​ការងារ​ នៃ​ក្រសួងការងារ​ បាន​ថ្លែងថា​ លោក​មិនទាន់​មាន​ព័ត៌មាន​អំពី​បញ្ហា​នេះ​ទេ៕

XS
SM
MD
LG