នៅខែមិថុនាខាងមុខនេះ ប្រទេសកម្ពុជានឹងបញ្ជូនពលការិនីទៅធ្វើការជាស្ត្រីបម្រើតាមផ្ទះនៅប្រទេសម៉ាឡេស៊ីឡើងវិញ បន្ទាប់ពីបានបិទអស់រយៈពេល៦ឆ្នាំ ប៉ុន្តែអ្នកជំនាញខាងសិទ្ធិពលករសម្តែងការព្រួយបារម្ភដោយសារតែរដ្ឋាភិបាលកម្ពុជានៅមិនទាន់ដាក់យន្តការត្រឹមត្រូវដើម្បីការពារពលការិនីទាំងនោះនៅឡើយទេ។
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់ក្នុងកម្មវិធី Hello VOA ប្រចាំខែស្តីពី «ចំណាកស្រុក» កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា៖
«យើងនៅតែព្រួយបារម្ភរហូតពីព្រោះយើងឃើញថា វិធានការនីតិវិធីព្រមទាំងការចាត់ការទាំងឡាយនៃក្រសួងការងារយើងមិនទាន់ឃើញថាអាចទុកចិត្តបានទេ»។
ក្រសួងការងារកម្ពុជាបានប្រកាសកាលពីខែមករាថា ស្ត្រីបម្រើតាមផ្ទះក្រុមទីមួយនឹងចាកចេញនៅថ្ងៃទី១ ខែមិថុនា។
លោក ឌី ថេហូយ៉ា មន្ត្រីកម្មវិធីនៃអង្គការការពារសិទ្ធិពលករសង់ត្រាល់បានបញ្ជាក់បន្ថែមថា លោកនៅតែមិនទាន់ឃើញថា រដ្ឋាភិបាលខ្មែរបានចាត់វិធានការអ្វីជាធំកំភួនដើម្បីធានាសុវត្ថិភាពស្ត្រីដែលត្រូវទៅបម្រើនៅតាមគេហដ្ឋាននៅឡើយ។
លោក ហូយ៉ា បានបន្ថែមក្នុងកម្មវិធីពិភាក្សានោះថា៖
«យើងក្រឡេកមើលពីយន្តការនៃការការពារវិញយើងនៅឃើញថា មានការខ្វះចន្លោះខ្សោយមែនទែន ហើយនេះគឺជាអ្វីដែលកើតឡើងហើយជាការព្រួយបារម្ភដដែលហើយក៏មិនមានប្រព័ន្ធណាមួយដែលអាចធានាបាននូវសុវត្ថិភាពពួកគាត់បានដែរ»។
វិធានការបង្ការដែលលោក ហូយ៉ា ស្នើឡើង គឺត្រូវមានគណៈកម្មការដែលចុះតាមដានការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរ រក្សាទិន្នន័យជាក់លាក់ពីចំនួនស្រ្តីបម្រើតាមផ្ទះនិងកន្លែងដែលពួកគេធ្វើការ និងបង្កើតប្រព័ន្ធផ្តល់សញ្ញាណាមួយដែលពលការិនីអាចផ្តល់មកសមត្ថកិច្ចនៅពេលមានការរំលោភបំពាន។
លោកបានបន្ថែមថា៖
«ស្ត្រីដែលធ្វើការតាមផ្ទះគឺគាត់នៅពេលដែលមានបញ្ហាគាត់អត់ដឹងថាទៅរកអ្នកណាទេ»។
អង្គការសង់ត្រាល់ធ្លាប់ជួបករណីកន្លងមកដែលមានការលក់ស្ត្រីបម្រើតាមផ្ទះបន្តពីទីភ្នាក់ងារពលករមួយទៅមួយទៀតដោយពលការិនីមិនដឹងខ្លួន ហើយធ្វើការសងប្រាក់ជំពាក់មិនរួច។
សារព័ត៌មាននៅក្នុងប្រទេសម៉ាឡេស៊ីបានរាយការណ៍ថា ផ្អែកតាមអនុស្សរណៈរវាងកម្ពុជានិងម៉ាឡេស៊ីដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ គឺស្ត្រីដែលមកធ្វើការបម្រើតាមផ្ទះនឹងទទួលបានការធានារ៉ាប់រង ត្រូវមានទូរស័ព្ទដៃដើម្បីប្រើប្រាស់ និងត្រូវមានគណនីធនាគារផ្ទាល់ខ្លួន។
ម៉ាឡេស៊ីរំពឹងថានឹងទទួលយកស្ត្រីបម្រើតាមផ្ទះពីកម្ពុជាចំនួន៥០.០០០នាក់ក្នុងមួយឆ្នាំៗ។ នេះបើតាមសេចក្តីរាយការណ៍របស់ Malaysia Mail Online។
បច្ចុប្បន្ននេះមានស្ត្រីកម្ពុជាចំនួន៨.០០០នាក់កំពុងធ្វើការនៅប្រទេសម៉ាឡេស៊ី។
ការងារដែលពលករខ្មែរទៅធ្វើគឺជាប្រភេទការងារដែលគ្មានជំនាញ ដូច្នេះពួកគេទទួលបានប្រាក់ខែតិចតួចបើប្រៀបធៀបនឹងពលករដែលមកពីប្រទេសដទៃ។ លោកស្រី មូរ សុខហួរ បានលើកឧទាហរណ៍ថា ពលករមកពីប្រទេសហ្វីលីពីនមួយចំនួនគឺទៅធ្វើការងារដែលមានជំនាញខាងសុខាភិបាលដូចជាទៅមើលថែមនុស្សចាស់ជរាជាដើម។ លោកស្រីបន្ថែមទៀតថា នៅបណ្តាប្រទេសអារ៉ាប់ស្ត្រីខ្មែរប្រឈមមុខនឹងការរើសអើងដោយសារតែសាសនាខុសគ្នានិងគ្មានជំនាញដែលត្រូវចាត់ក្នុងប្រភេទទទួលបានប្រាក់ខែទាបជាងគេបំផុត។
លោកស្រីបន្ថែមថា៖
«យើងចាប់ផ្តើមពីការអប់រំរបស់យើង។ យើងយកមនុស្សចេញទៅស្ទើរតែគ្មានការអប់រំផងដូច្នេះយើងយកពលករដែលអត់មានការអប់រំខ្វះបច្ចេកទេសយកទៅលក់ក្នុងតម្លៃដ៏ថោកបំផុត»។
ប្រទេសកម្ពុជាបានដាក់បម្រាមមិនឱ្យនាំស្ត្រីបម្រើតាមផ្ទះទៅម៉ាឡេស៊ីកាលពីខែតុលាឆ្នាំ២០១១បន្ទាប់ពីមានរបាយការណ៍ពីការវាយធ្វើបាបរាងកាយនិងរំលោភច្បាប់ដោយថៅកែម៉ាឡេស៊ី៕