អតីតពលការិនីនៅប្រទេសម៉ាឡេស៊ីបានច្រានចោលនៅថ្ងៃព្រហស្បតិ៍នេះនូវការអះអាង របស់ខ្លួនកាលពីលើកមុនថាខ្លួនបានទទួលរងការរំលោភបំពានផ្លូវភេទនៅក្នុងពេលដែលកំពុងបម្រើការនៅក្រៅប្រទេស។
ការបកស្រាយឡើងវិញបានធ្វើឲ្យមន្រ្តីឃ្លាំមើលការរំលោភសិទ្ធិមនុស្សមានការភ្ញាក់ផ្អើល ហើយមន្រ្តីគណបក្សជំទាស់ចាត់ទុកថា ពលការិនីរូបនេះទទួលរងនូវការកៀបសង្កត់។
អ្នកស្រីអ៊ុក សេង អាយុ២៧ឆ្នាំ មកពីខេត្តស្វាយរៀង ត្រូវម្តាយរបស់នាងអះអាងថាបានទទួល រងការរំលោភបំពានផ្លូវភេទចំនួនពីរដង កាលពីខែមីនាឆ្នាំ២០១១ ដោយថៅកែរបស់នាងនៅប្រទេស ម៉ាឡេស៊ី។
ម្តាយរបស់នាង គឺអ្នកស្រី ស្រី សុផល បានប្រាប់ក្រុមអ្នកកាសែតដែលរៀបចំដោយលោកស្រី មូរ សុខហួរ តំណាងរាស្រ្តគណបក្សជំទាស់សម រង្ស៊ី កាលពីដើមខែមេសា ថា កូនស្រីរបស់អ្នកស្រី បានទូរស័ព្ទមកពីប្រទេសម៉ាឡេស៊ីស្វែងរកជំនួយ លាយឡំជាមួយ នឹងការយំសោកប្រកបទៅដោយ ការភ័យខ្លាចអ្នកស្រីអះអាងថា កូនរបស់អ្នកស្រីទទួលរងការធ្វើទារុណកម្ម និងខ្វះអាហារគ្រប់គ្រាន់។
នៅក្នុងសន្និសីទកាសែត ក្នុងទីក្រុងភ្នំពេញ ដែលរៀបចំដោយប៉ូលីសក្រសួងមហាផ្ទៃ អ្នកស្រី អ៊ុក សេង ដែលទើបមកពីប្រទេសម៉ាឡេស៊ី បានច្រានចោលសេចក្តីអះអាងខាងលើទាំងស្រុង។
អ្នកស្រីនិយាយថា អ្នកស្រី និងម្តាយរបស់អ្នកស្រី បានព្រមព្រៀងគ្នាធ្វើការភូតកុហកប្រឌិតនូវព័ត៌មានអំពីការចាប់រំលោភនិងការធ្វើទារុណកម្ម ដោយសារអ្នកស្រីនឹកកូននិងចង់វិលត្រឡប់មកប្រទេសកម្ពុជាវិញ។
«ខ្ញុំសូមជម្រាបជូនថា អត់មានអ្នកណាចាប់រំលោភខ្ញុំទេ។ គឺជាពាក្យមិនពិត»។
សូមបញ្ជាក់ថាម្តាយរបស់អ្នកស្រីអ៊ុក សេង គឺអ្នកស្រី ស្រី សុផល ធ្លាប់បានប្រកាសប្រាប់ក្រុមអ្នកកាសែតយ៉ាងរឹងមំាំថា កូនរបស់អ្នកស្រីពិតជាទទួលរងនូវការរំលោភដោយថៅកែរបស់នាងមែន។ លោកស្រីបានប្រកាសនាពេលនោះថា៖
«សូមមេត្តាជួយរំដោះកូនខ្ញុំឲ្យបានមកស្រុកខ្មែរវិញក្នុងពេលឆាប់ៗពីព្រោះកូនខ្ញុំភ័យណាស់។ យំ ស្រែកមកគឺមានការលំបាកភ័យហើយខ្លាចអ្នកដែលចាប់រំលោភវាយកថ្នាំមកឲ្យលេប ថាមិនដឹង ថ្នាំអ្វីមិនស្គាល់។ ខ្លាចវាឲ្យលេបថ្នាំញៀន ថ្នាំអ្វីទៅវង្វេង វង្វាន់មិនដឹងអ្វី ភ័យឮសំឡេងកូនស្រែក ទ្រហោយំមក ខ្ញុំសឹងសន្លប់ហើយ។ ឮពេញពិភពលោកអស់ទៅហើយនៅតែក្រុមហ៊ុនពីម្សិលមិញ គំរាមខ្ញុំថាប្រយ័ត្នតែរឿងហ្នឹងមិនពិតគេប្តឹងបកវិញ»។
ក៏ប៉ុន្តែក្រោយមកអ្នកស្រី ស្រី សុផល បានលើកឡើងថា អ្នកស្រីបានស្តាប់ច្រឡំនៅក្នុងការ និយាយទូរស័ព្ទជាមួយកូនស្រីរបស់អ្នកស្រីពីប្រទេសម៉ាឡេស៊ី។
សេចក្តីអះអាងនោះ បានធ្វើឡើងនៅក្នុងសន្និសីទកាសែត ដែលរៀបចំដោយប៉ូលីសក្រសួង មហាផ្ទៃនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ។
នៅថ្ងៃនេះដែរ អ្នកស្រី ស្រី សុផល ដែលមានវត្តមាននៅក្នុងសន្និសីទកាសែតរៀបចំដោយ ប៉ូលីសក្រសួងមហាផ្ទៃជាលើកទី២នេះដែរបាននិយាយច្រានចោលសេចក្តីអះអាងអំពីការរំលោភ ផ្លូវភេទទៅលើកូនស្រីរបស់អ្នកស្រីជាថ្មីម្តងទៀត។
លោកស្រីមូរ សុខហួរ តំណាងរាស្រ្តគណបក្សសម រង្ស៊ី ជឿថាម្តាយនិងកូនដែលជាអតីតពល ការិនីកម្ពុជានៅប្រទេសម៉ាឡេស៊ី បានទទួលរងការកៀបសង្កត់។
«ចំពោះខ្ញុំ គឺមានការរំលោភកើតឡើង ហើយមានការបង្ខំមិនឲ្យជនរងគ្រោះនិយាយការណ៍ពិត»។
ជាមួយគ្នានេះដែរ លោកអំ សំអាត ប្រធានការិយាល័យគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់ អង្គការការពារសិទ្ធិមនុស្ស LICADHO ចាត់ទុកថា ការបដិសេធរបស់អ្នកបម្រើនៅតាមផ្ទះនៅប្រទេស ម៉ាឡេស៊ី គឺជាប្រការគួរឲ្យសង្ស័យ។
«បើសិនជា មិនមានរឿងរ៉ាវកើតឡើងទេ សំណួរ ដែលឆ្ងល់ ហេតុអ្វី បានជាគេឲ្យកូនគាត់ត្រឡប់ មកវិញ»។
ដោយឡែកលោក ជាវ ផល្លី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិ ជនរបស់ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា លោកនឹងបន្តធ្វើការស៊ើបអង្កេតទៅលើករណីនេះជា បន្ថែមទៀត។
លោកប៊ុន ហាក់ ប្រធានភ្នាក់ងារសមាគមជ្រើសរើសពលករកម្ពុជា បានមានប្រសាសន៍ជំនួស ឲ្យក្រុមហ៊ុនចំប៉ាមែនផូវ័រ ដែលជាក្រុមហ៊ុនជ្រើសរើសអ្នកស្រីអ៊ុក សេង ទៅធ្វើការនៅប្រទេសម៉ាឡេ ស៊ី នោះ ថាក្រុមហ៊ុន នឹងមិនធ្វើការប្តឹងផ្តល់ប្រឆាំងទៅ និងអ្នកស្រីអ៊ុក សេង ទេ ទោះបីជាមានការអះ អាងអំពីការបំភ្លៃភូតកុហកនេះក៏ដោយ។
មានពលការិនីកម្ពុជាដែលកំពុងតែបម្រើនៅតាមផ្ទះនៅប្រទេសម៉ាឡេស៊ី យ៉ាងតិចចំនួន ៣០.០០០ នាក់នៅក្នុងពេលបច្ចុប្បន្ននេះ។
សេចក្តីរាយការណ៍ជាច្រើន បានលើកអំពីការរំលោភបំពានទៅលើពួកគេនៅទីនោះ ហើយ យ៉ាងហោចណាស់ មានពលការិនីចំនួនពីរនាក់ បានស្លាប់នៅមណ្ឌលរបស់ក្រុមហ៊ុនជ្រើសរើសពល ករនៅដើមឆ្នាំ២០១១នេះ មុននឹងពួកគេចេញដំណើរទៅប្រទេសម៉ាឡេស៊ី៕